អត្ថបទសារព័ត៌មាន The Cambodia Daily
23-4-2026

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​សកម្មភាព​តវ៉ា​របស់​កម្ពុជា ជុំវិញ​ការ​ឈ្លានពាន​ទឹកដី​ពី​សំណាក់​ភាគី​ថៃ រហូត​មក​ដែល​គ្មាន​យន្តការ​អន្តរជាតិ គ្រាន់តែ​ជា​ការ​តវ៉ា​ដើម្បី​ស្អំ​ចិត្ត​ពលរដ្ឋ​ប៉ុណ្ណោះ ព្រោះ​មិន​អាច​ទប់ស្កាត់​ថៃ មិន​ឱ្យ​ឈ្លានពាន​ទឹកដី​ខ្មែរ​បន្ត​ទៀត​បាន​ឡើយ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ មេសា នេះ​ថា បើ​គ្មាន​សម្ពាធ​ពី​អន្តរជាតិ​ទេ ថៃ​នឹង​មិន​បោះបង់​ទឹកដី​ខ្មែរ​ ដែល​ពួកគេ​ឈ្លានពាន​យក​ទៅ​កាន់កាប់​ឡើយ ដូច្នេះ​ជម្រើស​ល្អ​បំផុត​របស់​កម្ពុជា ក្រៅពី​ប្រើ​យន្តការ​អន្តរជាតិ​ដែល​មាន​ស្រាប់ ដូចជា​យន្តការ​អាស៊ាន យន្តការ​អង្គការ​សហប្រជាជាតិ និង​យន្តការ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ជាដើម គឺ​ត្រូវតែ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ជា​ចាំបាច់។

លោក ម៉ែន ណាត លើកឡើង​ថា ទឹកដី​ខ្មែរ​នឹង​ត្រូវ​ថៃ គ្រប់គ្រង​ជា​រៀង​រហូត បើ​កម្ពុជា​នៅតែ​បន្ត​ចរចា​ទ្វេភាគី​ជាមួយ​ថៃ ដោយ​មិន​មាន​សម្ពាធ​អន្តរជាតិ​អម​ជាមួយ ព្រោះ​ថា​បើ​វិភាគ​តាម​ហេតុផល​ជាក់ស្តែង បើ​ការ​ចរចា​ទ្វេភាគី​ដោយ​សង្ឃឹម​ថា​ថៃ នឹង​ប្រគល់​ទឹកដី​ឱ្យ​ខ្មែរ​វិញ នោះ​ថៃ​ក៏​មិន​ចាំបាច់​វាយ​ដណ្តើម​ឈ្លានពាន​ទឹកដី​ខ្មែរ​ទាំង​ខុស​ច្បាប់​អន្តរជាតិ​ដែរ។

អ្នក​ឃ្លាំមើល​រូប​នេះ ​បញ្ជាក់​ថា ដោយសារ​គ្មាន​សម្ពាធ​ពី​អន្តរជាតិ​នេះ​ហើយ ទើប​ថៃ បាន​បង្ហាញ​ចរិត​មើលងាយ​កម្ពុជា ​រហូត​មក ព្រោះ​ថៃ​បាន​បដិសេធ​ចូល​តុ​ចរចា ​ជាមួយ​កម្ពុជា​ជា​បន្តបន្ទាប់ ដែល​ទង្វើ​នេះ​បង្ហាញ​ថា ពួកគេ​ចង់​ចរចា​ជាមួយ​កម្ពុជា​ក៏បាន មិន​ចង់​ចរចា​ក៏បាន ខណៈ​កម្ពុជា​គ្មាន​ឥទ្ធិពល​អ្វី​សោះ​ដើម្បី​សង្កត់​ថៃ ឱ្យ​ចូល​តុ​ចរចា​ជាមួយ​ខ្លួន​នោះ។

កាលពី​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៦ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រឆាំង​នឹង​សកម្មភាព​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ ក្នុង​ការ​ពង្រឹង​ការ​កាន់កាប់​ដោយ​ខុស​ច្បាប់​បន្ថែម​ទៀត ដែល​ជា​ការ​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ដដែល អះអាង​ថា កងកម្លាំង​ប្រដាប់​អាវុធ​ថៃ បាន​ពង្រឹង​ការ​កាន់កាប់​ដោយ​ខុស​ច្បាប់​បន្ថែម​ក្នុង​ទឹកដី​ខ្មែរ ​ចំនួន ៣​ ខេត្ត រួម​មាន​ខេត្ត​ព្រះវិហារ ស្ថិត​ក្នុង​ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ដ ដោយ​ការ​សាងសង់​ប៉ុស្តិ៍​យាម​សង្កេតការណ៍​ នៅ​ក្នុង​តំបន់​តាថាវ ដែល​ស្ថិត​នៅ​ចន្លោះ​ប្រាសាទ​ព្រះវិហារ និង​តំបន់​៥មករា។ ចំណែក​ខេត្ត​ឧត្ដរមានជ័យ គឺ​ស្ថិត​នៅ​ស្រុក​អន្លង់វែង ភាគី​ថៃ បាន​បន្ត​សាងសង់​ផ្លូវ​នៅ​ជិត​បង្គោល​ព្រំដែន​លេខ​២ សព្វថ្ងៃ​នេះ និង​នៅ​តំបន់​ដើមតាត្រាវ ស្រុក​ត្រពាំងប្រាសាទ ខណៈ​ស្រុក​បន្ទាយអំពិល ក៏​ត្រូវ​បាន​ភាគី​ថៃ ជីក​លេណដ្ឋាន​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ជប់គគីរ ដែរ។

ជាង​នេះ​ទៀត សង្កាត់​កូនក្រៀល ក្រុង​សំរោង កងកម្លាំង​ប្រដាប់​អាវុធ​ថៃ បាន​សាងសង់​ប៉ុស្តិ៍​យាម​សង្កេតការណ៍ ​នៅ​ភាគ​ខាងកើត​នៃ​តំបន់​ជប់ដើមខ្នុរ និង​បាន​បន្ត​សកម្មភាព​ឈូស​ឆាយ​ដី​ នៅ​ភាគ​ខាងជើង​នៃ​តំបន់​នេះ ខណៈ​តំបន់​ថ្មដូន ភាគី​ថៃ ក៏បាន​បន្ត​សាងសង់​ផ្លូវ​ថ្មើរជើង ព្រមទាំង​សាងសង់​លេណដ្ឋាន និង​ផ្លូវ​នៅ​តំបន់​ចូកគ្លេស​ភាគ​ខាងកើត ច្រក​ទ្វារ​អន្តរជាតិ​ថ្មដូន ថែម​ទៀត។

រីឯ​ខេត្ត​ពោធិ៍សាត់ វិញ គឺ​ស្ថិត​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ត្រូវ​បាន​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​ ដើម្បី​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​ នៅ​តំបន់​អូរភ្លុកដំរី បន្ថែម​ទៀត។

រដ្ឋាភិបាល​កម្ពុជា អំពាវនាវ​ឱ្យ​ប្រទេស​ថៃ បញ្ឈប់​រាល់​សកម្មភាព​ឯកតោភាគី​បន្ត​ទៀត​ នៅ​ក្នុង​តំបន់​ទាំង ៦ នៃ​ខេត្ត​ទាំង ៣ ដែល​ពួកគេ​កំពុង​ឈ្លានពាន​នា​ពេលនេះ រួម​ទាំង​តំបន់​ផ្សេង​ទៀត​ផង​ដែរ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង និង​ពង្រឹង​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក។

ជុំវិញ​បញ្ហា​នេះ គណបក្ស​ប្រឆាំង​បាន​អះអាង​ថា បន្ទាប់ពី​សង្គ្រាម​ខ្មែរ-ថៃ ទាំង​ពីរ​លើក ទាហាន​ថៃ បាន​គ្រប់គ្រង​ទឹកដី​ខ្មែរ​ជិត ៦០​ ទីតាំង (៥៨ ​ទីតាំង) ខណៈ​ទឹកដី​ដែល​បាត់​មុន​ការ​ផ្ទុះ​សង្គ្រាម​ទាំង​ពីរ​លើក​នេះ គឺ​មាន​រហូត​ដល់ ៨ ​ទីតាំង​ឯណោះ ដូច្នេះ​បើ​សរុប​ទាំងអស់ គឺ​មាន​ចំនួន ៦៦​ ទីតាំង។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២៦ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​ប្រវែង​ជិត ៤០​នាទី (៣៦,៥៩​នាទី) ដើម្បី​ប្រតិកម្ម​ទៅ​កាន់​ក្រុម​ប្រឆាំង​ ដោយ​អះអាង​ថា ទឹកដី​ខ្មែរ​ដែល​ភាគី​ថៃ កំពុង​កាន់កាប់​ជាច្រើន​ហិកតា​នោះ មិនមែន​បាន​ន័យ​ថា​ទឹកដី​ទាំងនោះ​ក្លាយ​ជា​ទឹកដី​របស់​ថៃ ជា​ស្ថាពរ​នោះ​ទេ។

លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​ត្រូវ​តវ៉ា​យក​ទឹកដី​ទាំងនោះ ​មក​វិញ​តាម​សន្តិវិធី មិនមែន​ដោយ​ការ​ប្រើប្រាស់​កម្លាំង ឬ​ធ្វើ​សង្គ្រាម​ឡើយ៕

Ta Krabei Temple was destroyed by Thai soldiers on 09-10 December 2025
Ta Krabei Temple was destroyed by Thai soldiers on 09-10 December 2025