VOD Khmer /ដោយលោក ញឹម សុខន
21-4-2026

សមាជិក​​រដ្ឋ​សភា-ព្រឹទ្ធ​សភា​ជិត​​ ២០០​​នាក់​ ​​​រង​ការ​​ស្តី​បន្ទោស​ថា បាន​​​នៅ​សម្ងំ​​ស្ងៀម​ដេក​​​ស៊ី​​ប្រាក់​​​ខែ​​រាស្ត្រ​​ បង់​​​​ពន្ធ​​ក្នុង​​ម្នាក់​​ៗ​​ប្រមាណ​ ៥ ពាន់​​ដុល្លារ​​ក្នុង​​មួយ​ខែ ដោយ​​មិន​​ឃើ​ញ​​កោះ​​ហៅ​​រដ្ឋាភិ​បាល ​​ទៅ​​សួរ​​​ពី​រឿង​ថៃ ​​​បន្ត​​​​ឈ្លា​ន​​​ពាន​​ចូល​​មក​​កាន់​​កាប់​​ទឹក​​ដី​កម្ពុជា​ ​រាប់​​សិប​​ទីតាំង ​ចាប់​តាំង​​​ពី​​មាន​បទ​ឈប់​​បាញ់​​លើក​ទី​២​ ចុះ​ថ្ងៃ​ទី​​២៧ ខែ​ធ្នូ ​ឆ្នាំ​​២០២៥ ​មក។

លើសពីនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិន​​ប្តឹង​ថៃ​ទៅ​កាន់​តុលាការយុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​កា​រ​ពារ​ទឹក​ដី​​ ទៅ​​តាម​​ការ​​សម្រេច​​របស់​​សមាជ​​រដ្ឋ​សភា-​ព្រឹទ្ធ​សភា កាល​ពី​ជាង​ ១០ ​ខែ​មក​នេះដែរ។

នៅ​ក្នុង​អង្គសមាជរដ្ឋសភា ព្រឹទ្ធសភា កាលពី​ថ្ងៃទី​២ ខែមិថុនា ​ឆ្នាំ​២០២៥ ​សមា​ជិក​​រដ្ឋសភា​​-ព្រឹទ្ធ​សភា​ ​ចំនួន​​ ១៨២ ​​នាក់ ​បាន​បោះ​ឆ្នោត​ជាឯកច្ឆន្ទ​ គាំទ្រ​ឱ្យ​រដ្ឋាភិបាល​​ នាំ​យក​បញ្ហា​​ព្រំដែនកម្ពុជា ​ថៃ​នៅ​តំបន់​មុំបី ប្រាសាទ​តាមាន់តូច ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ។

​កាល​ពីក្នុង​ខែមិថុនា ឆ្នាំ​២០២៥ ​មាន​តែប្រាសាទ​តាមាន់​តូច ​តែមួយ​ប៉ុណ្ណោះ​ ដែល​ថៃកាន់​កាប់​ទាំង​ស្រុង​ ចំណែក​​​ប្រាសាទ​តាមាន់​ធំ​ តាក្របី កងទ័ព​កម្ពុជា ​និង​ថៃ ដាក់កម្លាំងឈរជើងរួមគ្នា។ ប៉ុន្តែ​ចាប់​តាំង​ពី​ក្រោយ​​​​មាន​​បទ​​ឈប់​​​បាញ់​​លើកទី​ពីរ ​ថ្ងៃទី​២៧​ ខែ​ធ្នូ ឆ្នាំ​២០២៥ ​មក ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រ​សាទ​ខ្នា​ជាដើម ​រួម​ទាំង​ទឹកដីខ្មែរជាង ​៦០ ​ទីតាំង​ផ្សេង​​ទៀត ត្រូវថៃដណ្តើមគ្រប់គ្រងទាំងស្រុង​​។ នេះ​បើ​តាម​ ​លោក ​អ៊ុំ សំអាន​​ អ្នក​ជំនាញ​កិច្ចការព្រំដែន ​នៃរដ្ឋាភិបាល​​ក្រៅប្រទេស​២៣​តុលា។

លោក​​បាន​ប្រាប់​ វីអូឌី​ នៅថ្ងៃ​ទី​​​២១ ខែ​មេសា​ នេះ​​ថា ការ​ស្ងៀម​​ស្ងាត់​​​​របស់​​សមាជិក​​ព្រឹទ្ធ​សភា​ រដ្ឋ​​សភា ​​លើ​​បញ្ហា​​បូរណៈ​​ភាព​​ទឹក​​​ដី​ ​ដោយ​មិនកោះ​ហៅរដ្ឋាភិបាល​ ទៅ​សាក​សួរ​ជុំ​វិញ​បញ្ហា​នេះ ​គឺ​ដោយ​សារ​តែ​សមាជិក​ព្រឹទ្ធ​សភា​ រដ្ឋ​សភា​ទាំង​នោះ​ ស្ទើ​តែ​ទាំង​អស់​ គឺ​ជាសមាជិក​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​ ដោយ​មាន​តែ ​៣ នាក់​​ប៉ុណ្ណោះ​ ដែល​ជាសមាជិក​គណបក្ស​ប្រឆាំង។​ សមា​ជិក​ព្រឹទ្ធសភា ​រដ្ឋសភា​របស់​គណបក្ស​ប្រជា​ជន​​ទាំង​​អស់ ​គឺ​បម្រើ​តែ​គណបក្ស​ ​មិន​បម្រើ​ប្រទេស​​ជាតិ ​និង​ប្រជាពល​រដ្ឋ​ម្ចាស់​​ឆ្នោត​នោះទេ​​ ដោយ​សារ​​ពួក​គេ​​កើត​ឡើង​​ពី​ការ​​បោះ​​ឆ្នោត​​បង្គ្រប់​​កិច្ច​ ​ដែល​​ពុំ​មាន​​​ភាព​​សេរី​ ​និ​ង​​យុត្តិធម៌ ខណៈ​ការ​បោះ​ឆ្នោត​ទាំង​នោះ​ ​ពុំ​មាន​​គណបក្ស​ប្រឆាំង ​ចូល​រួម​ដូច​ជាគណបក្ស​សង្គ្រោះ​ជាតិ​។

លោកថា ៖ «សមាជិក​សភាភាគច្រើន​ កើតចេញពីគណបក្សកាន់​អំណាច ​ចឹង​អត់​ហ៊ាន​សួរ​ដេញ​ដោល​ ទៅ​រដ្ឋាភិ​បា​ល ​ឬក៏មេដឹកនាំកាន់​អំណាច​នោះទេ ចឹងហើយ​បាន​ជាពួកគេ​នៅ​តែស្ងៀម​ស្ងាត់ ​អត់​មាន​ធ្វើ​សកម្ម​ភា​ព​​​អី​​​ណា​មួយ ​​ដើម្បី​​ដាក់​សម្ពាធឱ្យ​រដ្ឋាភិបាល​ ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ​ឬក៏ផ្តល់​អនុសាស្ត្រណា​ ដើ​ម្បី​ដោះ​​ស្រាយ​បញ្ហា​ព្រំដែន​​ ជាមួយ​ថៃ។ ផ្ទុយ​ទៅ​វិញ​ ពួកគេ​ស្ងៀម​ស្ងាត់​​ ចុះមូលដ្ឋានពង្រឹ​ង​បក្ស ​ធ្វើ​ទៅតាម​តែ​​អ្វីដែ​ល​ត្រកូល ហ៊ុន ​ចង់បាន​ មាន​​ន័យ​​ថា​ សមាជិក​ព្រឹទ្ធសភា ​រដ្ឋសភា សព្វថ្ងៃនេះ គ្រាន់​តែជាកន្លែង​ដែល​ចាំ​​ប្រថា​ប់​ត្រា ​​ឱ្យ​ក្រកូល ហ៊ុន ​កាន់អំណាច​​តែប៉ុណ្ណោះ​ឯង ​អ៊ីចឹង​ហើយ​បានពួកគេ​ អត់មានសកម្មភាព​អ្វី​ទាំង​​អស់ ​​ជុំវិញការ​ឈ្លានពាន​របស់ថៃ»។

វីអូឌី ​មិន​អាច​ទាក់​ទង​ លោក ​ឡេង ប៉េងឡុង ​អ្នក​នាំពាក្យ​រដ្ឋសភា ​ដើម្បី​ស្នើ​សុំ​ធ្វើអត្ថាធិប្បាយ​​លើ​បញ្ហា​នេះ​បាន​​​ទេ ​នៅថ្ងៃទី​២១​ខែ​មេសា​នេះ។

ប៉ុន្តែ​នៅក្នុងសារជាសំឡេង​ កាលពីយប់ថ្ងៃទី​១៥ ខែ​​មេសា ​​លោក ​ហ៊ុន សែ​​ន​​ ប្រ​ធា​ន​​ព្រឹទ្ធសភា ​​​បាន​ធ្វើ​ការ​រិះ​​គន់​យ៉ាង​​​ខ្លាំង​ ចំពោះ​អ្នក​ដែល​តែង​​តែ​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ ធ្វើការ​បកស្រាយ​ពីបញ្ហា​ព្រំដែន ដែល​កំពុង​មាន​​វិវាទ ​ដោយ​លោក​ថ្លែងថា មាន​តែ​រដ្ឋសភាប៉ុណ្ណោះ ​ដែល​មាន​សិទ្ធិ​កោះ​ហៅ​​រដ្ឋាភិបាល ​ទៅ​បក​ស្រាយ​ ឬ​ក៏​សួរ​ដេញ​​ដោល។​

​ជាមួយគ្នា​នេះ លោក ​ហ៊ុន សែន ​ដែលមាន​អំណាច​ត្រួតត្រា​លើ​ស្ថាប័នជាតិ​ទាំង​អស់​ ​របស់​កម្ពុជា ​រួ​ម​ទាំង​ស្ថា​ប័ន​​តុលាការ​ផងនោះ ​​ក៏បាន​ចោទសួរ​ក្រុម​ប្រឆាំង​នៅក្រៅ​ប្រទេស​ ទាក់ទង​​ទៅ​នឹង​ដំណោះ​ស្រាយ​បញ្ហា​​ព្រំ​ដែ​ន​កម្ពុជា-ថៃ ថា តើ​គួរ​យក​ជម្រើសវ៉ៃគ្នា​ ឬក៏​យក​ជម្រើស​​ធ្វើការចរចា​ដោយ​សន្តិវីធី​ ដូច​ដែល​រដ្ឋាភិបាល​កំពុង​​ធ្វើ​បច្ចុប្បន្ន​​(?)។ ​លោក ហ៊ុន សែន ​​ស្នើ​ឱ្យ​ក្រុម​ប្រឆាំងផ្តល់​សេនារីយោ​​ឱ្យ​លោក​ ​ពីជម្រើស​ក្នុងការ​ដោះ​ស្រា​យ​​​បញ្ហា​ព្រំ​ដែននេះ​ បើ​ទោះ​​បីជា​អ្នក​នយោបាយ​ប្រឆាំង ​​តែង​តែទទូច​ឱ្យ​រដ្ឋាភិបាល​ ​យក​បញ្ហា​ជម្លោះ​ព្រំដែន​​កម្ពុ​ជា​​-​ថៃ​ នេះ ​ទៅ​កាន់​តុលាការ​អន្តរ​ជាតិ ​និង​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្តី។

ជា​​មួយគ្នា​នេះ ​លោក ​ម៉ែន ណាត ​ប្រធានក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ថ្លែង​​​ថា រដ្ឋសភា ព្រឹទ្ធសភា​ បច្ចុប្បន្ន​គឺ​ជា​ស្ថាប័ន​​​​រង់​ចាំ​តែ​ប្រថាប់​ត្រា​ឱ្យ​ត្រកូល​​ ហ៊ុន​ បន្ត​កាន់​អំណាច ​ដោយ​មិន​ហ៊ាន​កោះ​ហៅ​រដ្ឋា​ភិបាល ​ទៅ​សាក​សួរ​ពី​ការ​បន្ត​ឈ្លាន​ពាន​របស់​ថៃ ​​មក​លើ​ទឹក​ដីកម្ពុជា​​ជារៀង​រាល់​ថ្ងៃ​ ហើយ​ក្រសួង​ការពារ​ជាតិ ​បែរ​ជាមិនប្រើ​កម្លាំង​​ការពារ​ទឹក​​ដី​​របស់​ខ្លួន​ ​ចាប់​តាំងពីក្រោយ​បទឈប់​បាញ់​ កាលពីថ្ងៃទី​២៧ ខែ​​ធ្នូ ​ឆ្នាំ​២០២៥ ​មក​​។

​លោក​ថា ៖ «អត់មាន​អីចម្លែក​ទេ ​ករណី​រដ្ឋសភា ​ព្រឹទ្ធសភាកម្ពុជា នៅ​ស្ងាត់​ឈឹង​ ទោះ​បីសៀម​ពង្រីការ​ឈ្លាន​ពាន​​​ដល់​ណា​ ក៏មិន​មាត់​មិន​​ក ដោយសារអី? ​​ដោយសារ​ប្រទេសកម្ពុជា​​​បច្ចុប្បន្ន ​បាន​ប្រែក្លាយ​ពី​របប​ប្រជា​ធិបតេយ្យ​​សេរីពិតប្រាកដ​ ឱ្យ​ទៅ​ជារបប​ផ្តាច់ការគ្រួសារ​និយម លើក​តម្កើងសាច់ញាតិ​គ្នា​​ឯង​​ លើក​​តម្កើង​បក្ខ​ពួក​គ្នា​​ឯង​​​ឱ្យ​​កាន់​​អំណាច។ ​អ៊ីចឹង​​ហើយ​​បាន​​ពួក​​សាច់​ញាតិ​ពួក​បក្ខ​ពួក​កាន់​​អំណាច​កម្ពុជា​ហ្នឹង ​​មិន​​ហ៊ាន​មាត់​​មិន​ហ៊ាន​ក​ទេ​ ​ទោះ​បី​ថា ​​ក្នុង​ចិត្ត​​ហ្នឹង​​ឈឺ​ចាប់​យ៉ាងណា​ក៏ដោយ ​ពីព្រោះ​បញ្ហា​នៅ​ចំពោះ​មុខ​ ពួក​គេ​​បច្ចុប្បន្ន​ គឺ​អំណាច​។ ​ពួក​គេ​ខ្លាចអំណាច​ក្រុមគ្រូសារ ​លោក​ ហ៊ុន សែន ​ម្ល៉ោះ​​ហើយ​​បាន​រដ្ឋ​សភា ​ព្រឹទ្ធ​សភា​ ​ធ្វើមិន​ដឹងមិនឮ»។

សម្រាប់អ្នកឃ្លាំមើល​រូប​នេះ ក្នុងស្ថានភាពអាសន្ន​​ដូច​បច្ចុប្បន្ន​​ វាចាំបាច់ណាស់​ដែល​សមាជិក​​រដ្ឋសភា ​ព្រឹទ្ធ​សភា ​ត្រូវ​ចេញ​លិខិត​កោះ​​ហៅ​​នាយក​រដ្ឋមន្ត្រី ​​និង​រដ្ឋមន្ត្រីការ​ពារ​ជាតិ ​ទៅ​បំភ្លឺ​​ពី​ភាព​​អសមត្ថភាព​យ៉ាងខ្លាំង ក្នុង​ការ​ទប់​ទល់​ការ​នៅ​តែ​បន្ត​ឈ្លានពាន​ទឹកដីកម្ពុជា​​ឥតឈប់​ឈរ ​​ពីសំណាក់​​ភាគីថៃ ​ឬក៏ត្រូវ​ចេញ​ញតិ្ត​​ស្តី​បន្ទោស​​រដ្ឋាភិបាល​ ​ដោយ​មិន​អាចខកខាន​បាន​​ឡើយ ​ពីព្រោះ​រដ្ឋាភិបាល​ បាន​ធ្វើ​ឱ្យ​បាត់​បង់​​ទឹក​ដីកម្ពុជា ​យ៉ាង​ច្រើន ​ទៅ​​ប្រទេសថៃ។

​បន្ថែមពីនេះ លោក​ថា គ្រប់​ស្ថាប័ន​ជាតិ​ទាំងអស់ ​ក្នុងនោះ​រួម​ទាំងស្ថាប័ន​ព្រះ​មហាក្សត្រ ​និង​ប្រជាពល​រដ្ឋ​ខ្មែរ​​នៅ​គ្រប់​​ទិស​ទី​ផងដែរ ​គឺ​ត្រូវ​តែរួមគ្នា​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​​ត្រូវ​តែ​ធ្វើការ​ឱ្យ​បាន​សកម្ម​ និង​ខ្លាំងក្លាបំផុត​ នៅ​លើ​​ឆាក​​អន្តរ​ជាតិ ​ដើម្បី​​ទាម​​ទារ​​ឱ្យ​ថៃ ​ដក​កងទ័ព​ចេញពីទឹក​ដីកម្ពុជា ​និង​ត្រូវ​ប្តឹង​ថៃ ​ទៅកាន់​​តុលាការ​អន្តរ​​ជាតិ ​​មិ​ន​​​មែ​ន​ធ្វើ​ត្រឹម​​តែ​ចេញលិខិតថ្កោល​ទោស​​ថៃ​​រាប់​រយ ​និង​អង្គុយ​រង់​ចាំ​ចរចាទ្វេភាគី​ ខណៈ​ថៃ ដែល​ជា​ភាគី​ចោរ ​​​​មិន​​អើ​​ពើ ​ដូច​បច្ចុប្បន្ន​នេះ​​បាន​ទេ។

ជាមួយគ្នា​នេះ ​​លោក​ ស៊ឹង សែនករុណា ​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​​ ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អូស្ត្រា​លី​ បាន​ប្រាប់​វីអូឌី​ នៅ​ថ្ងៃទី​២១ ខែ​​មេសា នេះថា គ្រប់​គ្នា​សុទ្ធ​តែ​មើល​ឃើញ​ពី​ភាព​​អសកម្ម​ ​របស់​​រដ្ឋ​សភា​​ខ្មែរ​ ​​​​​ដែល​ពុំ​ឃើញ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង ​ក្នុងការ​ការពារ​ផល​ប្រយោជន៍​ជាតិ ​និង​ផល​ប្រយោជន៍​ របស់​​ប្រ​​ជា​ពល​​រដ្ឋ​ម្ចាស់​ឆ្នោត​នោះទេ ចាប់​តាំងពីមានការ​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​កាល​ពីចុង​ឆ្នាំ​២០១៧ ​​​​មក​។

អ្នក​ឃ្លាំមើល​រូប​នេះ ​បន្តថា ​រហូត​មក​ដល់​ពេល​នេះ ​គេមិន​ទាន់​ឃើញ​មាន​វិធានការ​ណាមួយ ​​ដែល​អាច​គួរ​ឱ្យ​​ជឿទុក​ចិត្ត​បាន​ថា ​រដ្ឋា​ភិបា​ល​បាន​ធ្វើ​ទៅ​តាម​ការសម្រេច​នៅក្នុង​សមាជ​រដ្ឋ​សភា ​ព្រឹទ្ធសភា​ ដែល​​គាំទ្រ​ឱ្យ​​រដ្ឋាភិបាល​ ​ប្តឹង​ថៃ ​​ទៅ​កាន់​​​តុលាការ​​​អន្តរ​ជាតិ​​​នៅ​ឡើយ​​ទេ​​។

លោកថា ៖ «អ៊ីចឹងមាន​ន័យ​ថា ​រដ្ឋាភិបាល​មិន​គោរពទៅ​តាមអំណាច​របស់​នីតិបញ្ញត្តិ​ ដែល​គេ​បាន​ចេញ​នូវ​សេច​ក្តី​​សម្រេច​ទាំងអស់ហ្នឹង​ទេ​។ ​ជាការ​ពិត ​តួនាទី​របស់​រដ្ឋាភិបាល​​ ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​ ក្រោយ​ពី​សភា​​សម្រេច​​អំពី​ការ​ប្តឹងហ្នឹង ​ប៉ុន្តែមក​ទល់​ពេល​នេះ​ យើង​ឃើញ​ហើយ ​អត់​ទាន់​មាន​ការ​ដាក់​​ប្តឹងណាមួយ​ទេ​ ​ជាហេតុ​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋមានការ​ខក​ចិត្ត​ ចំពោះ​រដ្ឋាភិបាល ​ក្នុង​​រឿង​ហ្នឹង ​​ពី​ព្រោះ​យើង​​ដឹង​​ទាំង​​អស់​គ្នា​ហើយ​ ​អំពី​សង្គ្រាម​នាពេល​កន្លង​មក ​ដែល​យើង​ប្រយុទ្ធគ្នា​ជាមួយថៃ ហ្នឹង​។ ​ចឹង​យើងមានការ​ចាញ់ប្រៀប​ក្នុង​ការ​​ប្រយុទ្ធ​ ដោយសារ​ទាំងសព្វាវុធ សេដ្ឋ​កិច្ច​​ផ្សេងៗ​ ការទំនាក់​ទំនង​ការទូត​ផ្សេងៗ ​គឺ​យើង​មាន​ភាព​កំសោយ​​ខ្លាំង»​។

សម្រាប់​អ្នក​ឃ្លាំមើល​រូបនេះ ក្នុង​ស្ថានភាព​ដែលកម្ពុជា​ មាន​ភាព​ទន់​ខ្សោយ​​យ៉ាងខ្លាំង ទាំង​​ខាង​យោធា ​និង​ការ​ទូត ដូច្នេះ​​​ចាំបាច់​ណាស់​ត្រូវ​ប្រើ​ប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ​ជាពិសេស​តុលាការ​​យុត្តិ​ធម៌​​អន្តរ​ជាតិ ​និង​​កិច្ច​​ព្រម​​ព្រៀង​​ក្រុង​​ប៉ារីស​ ​២៣​​តុលា​ ​ដែល​​កិច្ច​​ព្រ​ម​​ព្រៀង​​​នេះ មាន​​ភាព​រឹងមាំ​ជាច្បាប់​អន្តរជាតិ​មួយ​ ដែល​​អាច​​ជួយ​​ការពារ​នូវ បូរណភាព​ទឹក​ដី​របស់​កម្ពុជា​បាន​។

បន្ថែមពីនេះ លោក ​សួន សូរីដា អតីត​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ​ក៏បាន​ប្រាប់​វីអូឌី ​​នៅ​ថ្ងៃទី​២១ ខែ​មេសា​ ​នេះ​​ដែ​រ​​ថា ទឹកដីគឺ​ជារឿងរបស់ខ្មែរ​គ្រប់​រូប ​​មិន​មែន​ជារឿង​របស់​បុគ្គលណា ​ឬគណ​បក្ស​នយោ​បាយ​ណា​​នោះ​​ទេ​។ លោក​​ថា ​ប្រជាពលរដ្ឋខ្មែរពិតជាមានការឈឺចាប់ណាស់ ហើយ​រដ្ឋាភិបាលកម្ពុជា ក៏មានការឈឺ​ចាប់ផងដែរ។

ក្នុងគ្រា​ដែល​មាន​ឈឺចាប់ទាំងអស់គ្នា យើងមិនគួរចោទដាក់​កំហុសគ្នាទៅវិញទៅមកទេ ព្រោះវារឹតតែធ្វើឱ្យ​​មាន​​ការ​បែកបាក់ជាតិខ្មែរ​ កាន់តែខ្លាំងឡើងៗ ដែល​ពិបាក​នឹង​មានសង្ឃឹម​ក្នុងការ​ទាមទារ​យកដីទាំងនោះ មក​វិញ​បាន។

បន្ថែម​ពីនេះ ​ក្នុងនាមជាមេដឹកនាំគណបក្សប្រជាធិបតេយ្យជឿន​លឿន លោក​ សួន សូរី​ដា​​ បានអំពាវនាវដល់​​អ្នកនយោបាយ​ទាំងអស់ គួររួមគ្នាដោះស្រាយ​បញ្ហាទាំងអស់នេះ​ជាមួយគ្នា ទើបជាវិធីល្អ ​ខណៈ​រាជរដ្ឋាភិបាល​ក៏ទទួលស្គាល់​ថា រឿង​​ព្រំដែន​នេះ​មិនងាយស្រួល​ដោះស្រាយនោះ​ទេ ហើយសង្ឃឹមតិចណាស់ប្រសិន​​​បើយើងខ្សោយ។

លោកថា ៖ «រឿងនេះធំណាស់ រាជរដ្ឋាភិបាលកម្ពុជា មិនអាចឱប​ដោះស្រាយបញ្ហានេះ​តែម្នាក់ឯង​បានទេ ចុះ​​បើដោះស្រាយ​​មិនរួច ហើយដីទាំងនោះបាត់បង់ វាច្បាស់ណាស់នឹងក្លាយជាការទទួលខុសត្រូវ សម្រាប់មេដឹកនាំ​បច្ចុប្បន្ន តែម្នាក់ឯងប៉ុណ្ណោះ​​ ហើយនឹងជាប់ឈ្មោះនៅក្នុងប្រវត្តិសាស្ត្រ​ ទៅជំនាន់ក្រោយៗទៀត​។ ជា​ជំហាន​ដំបូង​បន្ទាន់ ​រាជរដ្ឋាភិ​បាល​កម្ពុជា ត្រូវធ្វើឱ្យខ្មែរខ្លាំងជាមុនសិន ​តាមរយៈ​​សាមគ្គីជាតិ ឯកភាពជាតិ​ខ្មែរពិតប្រាកដ ដោយការផ្សះ​ផ្សា​ស្នាម​​របួសនយោ​បាយ គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យឡើងវិញ ដោយ​ចិត្តស្មោះ កុំប្រជាពិថុតិ»។

បន្ថែមពីនេះ ​លោក សូរីដា ​​បញ្ជាក់ថា​ បើកម្ពុជា​ខ្សោយ​កុំសង្ឃឹមថា ការចរចាទ្វេភាគីរវាងកម្ពុជា-ថៃ បានលទ្ធផល​តាមចិត្តរបស់យើងនោះ។

សម្រាប់​ លោក ​អ៊ុំ សំអាន​ ការ​ដែល​ទាំង​លោក ​ហ៊ុន សែន ​និង​លោក ​ហ៊ុន ម៉ាណែត​ ប្រកាស​ពី​ការ​​បន្ត​ធ្វើ​កា​រ​ចរចា​ទ្វេភាគី​ជាមួយ​ថៃ​ ​​​ដែល​ជាភាគីចោរ ​បើទោះបីជាមានសង្ឃឹម​ត្រឹម ​១ ភាគរយ (១​%) ​ក៏ដោយ​នោះ គឺ​ដោយ​សារ​រដ្ឋា​ភិបាល​​លោក ​ហ៊ុន ម៉ាណែត ​មិន​ហ៊ាន​ប្តឹង​ថៃ ​ទៅកាន់​តុលាការ​អន្តរជាតិ ​នោះ​ទេ​ ពីព្រោះ​ខ្លាចថៃ ​ខឹង​នឹង​ធ្វើ​​​សង្គ្រាម​ម្តង​ទៀត ​ទម្លាក់​ត្រកូល ​ហ៊ុន ​​ពីអំណាច ​​និង​ខ្លាច​ប៉ះពាល់​ទៅ​ដល់​វៀតណាម​ ​​ដែល​ជាចៅ​ហ្វាយ​របស់​​លោក ​ហ៊ុន សែន

លោក​ថា ​បើកម្ពុជា​​ប្តឹង​ថៃ​​ វាអាច​ប៉ះពាល់​ទៅ​ដល់ ​កោះត្រល់ ​​និង​ ចង្កោម​កោះ​ក្រចក​សេះ ​រួម​ទាំង​ដែន​សមុទ្រ​​រាប់​​ម៉ឺន​​គីឡូម៉ែត្រការ៉េ​​ ដែល​​លោក ​ហ៊ុន សែន ​ចុះ​ហត្ថលេខា​កាត់​ឱ្យ​វៀតណាម​ តាម​រយៈ​សន្ធិ​សញ្ញា​ខុ​ស​​ច្បាប់​​ឆ្នាំ​១៩៨២ ​និង​សន្ធិសញ្ញាបំពេញ​បន្ថែម ​ឆ្នាំ​២០០៥៕​

រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។
រូបភាពឆ្នាំ២០២៣ (ពីឆ្វេង) ៖ លោក អ៊ុំ សំអាន លោក ម៉ែន ណាត និងលោក ហ៊ុន ម៉ាណែត។