សម្រួល និងបញ្ចូលអត្ថបទដោយ ម៉ែន ណាត / ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

ឯកសារកោះត្រល់របស់លោក ឌី ការ៉េត នៃគណៈកម្មាធិការព្រំដែន បាន​ពន្យល់​ក្បោះ​ក្បាយ​​អំពី​ដំណើរ​ដើមទង​នៃ​ប្រវត្តិថា «កោះត្រល់ ស្ថិត​​នៅ​ជាកម្មសិទ្ធិ​របស់​កម្ពុជា បើផ្អែក​លើ​ទិដ្ឋភាព​ផ្លូវច្បាប់»។ សូម​ទាញយក អត្ថបទត្រង់នេះ (Download) ឬអាច​ខ្លឹម​សារ​ទាំង​ស្រុង​ខាង​ក្រោម។


ស្ថានភាពយុទ្ធសាស្រ្តនៃ «កោះត្រល់» និងខ្សែបន្ទាត់ «ប្រេវីយេ (Brévié)»

(ដោយបណ្ឌិតច្បាប់ ឌី ការ៉េត)

នាកណ្តាលសតវត្សទី១៩ កម្ពុជាឋីតក្នុងស្ថានភាពទន់ខ្សោយជាខ្លាំង ថ្វីត្បឹតតែ​បាន​​រំដោះ​ខ្លួន ចេញពី​នឹម​អាណា​និគម​​យួន (វៀតណាម) ​ក្តី។ តាំងពីដើម​សតវត្សហ្នឹងមក ពួក​ស្តេច​រាជា​ធិរាជ​យួន តែង​ចាត់ទុក​កោះ​ខ្មែរ  «ត្រល់» (យួនហៅថា  «ភូកុក») ថា​ជាទឹកដីនៃ​ចក្រភព​​អាណ្ណាម (យៀកណាម សព្វថ្ងៃ) ប៉ុន្តែ​ខ្មែរ​ក៏​តែង​តែ​បាន​ជំទាស់ ជាដាច់ខាត ជានិច្ច​កាល​ដែរ។ លុះបារាំង​អាណានិគម ចូល​មក​ត្រួតត្រា​ឥណ្ឌូចិន ពី ពាក់កណ្តាល​សតវត្ស​រ៍ទី១៩ មក បារាំង​មិន​ហ៊ាន​ដោះស្រាយ អំពី​បញ្ហា​កម្មសិទ្ធិ នៃ​កោះនេះ​ទេ។ ទាល់​តែ​ជិត ១០០​ ឆ្នាំបន្ទាប់មក ទើប​លោក ហ៊្សុល ប្រេវិយេ (Jules Brévié) ជា​អគ្គទេសាភិបាលនៃឥណ្ឌូចិន បានសម្រេច​ម្នាក់ឯង នាថ្ងៃទី ៣១ មករា ១៩៣៩ ដាក់កោះត្រល់ នៅក្រោមរដ្ឋបាល នៃដែនកូសាំងស៊ីន ដែលជាអាណានិគមរបស់បារាំង ដោយលោក​បានបញ្ជាក់ដែរថា នេះជាការសម្រេច លើផ្ទៃរដ្ឋបាល ប៉ុណ្ណោះ​ទេ មិន​មែន​ជាការសម្រេច លើបញ្ហាអធិបតេយភាព នៃកោះត្រល់ទេ។ (សូមអាន លិខិតរបស់ Brévié)

កោះត្រល់ នាសតវត្សទី១៩

 ឈ្មោះ«កោះត្រល់» គឺជាឈ្មោះដែលខ្មែរ បានស្គាល់ជាយូរយាមកហើយ។ គេបានឃើញពាក្យ «កោះ» សរសេរ​លើ​ផ្ទាំង​ថ្ម តាំង​ពីសម័យអង្គរ។ នៅសតវត្យទី១៩ ពួកសៀម (ថៃ) ក៏ស្គាល់​តែឈ្មោះ​«កោះត្រល់» ដែល​ជា​កោះ​របស់ខ្មែរ​ដែរ។ ពាក្យយួន​​«ភូកុក» ប្រហែល​ជាកើត​មាន កាល​ពេលស្តេចយួនឈ្មោះ «ង្វៀង ភុក អាន់» ឬ «ង្វៀង អាន់» (អនាគត​រាជាធិរាជ យ៉ា​ឡុង) ដែល​បាន​មក​ជ្រក​នៅ​លើ​កោះត្រល់ហ្នឹង ពីឆ្នាំ​១៧៨២ ទៅ ១៧៨៦ ដោយ​ត្រូវបាន​ពួក​តៃសឹង វាយ​កំចាត់​ពី​អាណ្ណាម ហើយ​ភៀសខ្លួន​​ទៅស្រុក​​សៀម មុននិង​មកសុំ​ជ្រក​កោន នៅ​ស្រុក​ខ្មែរ។ ស្តេចយួន ង្វៀង ភុក អាន់ នេះ បាន​ទាំង​សុំជំនួយ​​កងទ័ពខ្មែរ​ធំ​មួយ ​ពី​​ស្តេច​ខ្មែរ ព្រះអង្គ​អេង ដើម្បី​វឹលទៅ​ច្បាំង​ដណ្តើម​រាជ្យ ពីពួក​តៃសឹង​វិញ​ផង។ ប៉ុន្តែ ទម្លាប់​​របស់​ពួក​យួន គឺ​គេ​ផ្លាស់​ឈ្មោះ​ដើម នៃ​ស្រុកទេស​របស់អ្នកជិតខាង​ទាំងអស់ និង​ដាក់​​ឈ្មោះ​​យួន​វិញ ទោះ​ជាគេ​បាន​ទៅនៅ​ទីនោះ ជាជន​មក​ជ្រក​កោន​ក្តី និង​មួយ​រយ:កាលក្តី។

នាខែមិថុនា ១៨៥៦ អ្នកការទូត​បារំាង ឈ្មោះ សាល ដឹ ម៉ុងទីញី (Charles de Montigny) បាន​​មក​ដល់ស្រុក​សៀម ហើយ​បានចុះ​សន្ធិសញ្ញា​មួយ នា​ខែសីហា ជាមួយ​សៀម ស្តីពី​ពាណិជកម្ម​ផង ពី​សេរីភាពផ្សព្វ​ផ្សាយ​សាសនា (កាតូលីក) ផង ពីការ​បើក​ផ្លូវ​​ឲ្យ​កុប៉ាល់​ចំបាំងបារាំង ចូល​ទៅ​ដល់​ទីក្រុង​បឹង​​កក​ផង។ ខាង​សៀម ក៏គេ​ត្រូវ​ការវត្តមាន​បារាំង មក​នៅ​ជិតខាង​គេ​ដែរ ដើម្បី​ជាការទប់ទល់​​និង​​ពួក​អង់គ្លេស ​ដែល​កំពុង​វាតទី​អានុភាព​ខ្លាំង​ក្លាណាស់ មក​លើដែន​ដីសៀម។ ជា​បន្ទាប់មក រដ្ឋមន្រ្តីសៀម ក្រសួង​​ទ័ពជើងទឹក និង​ក្រសួង​ការបរទេស បាន​យកផែនទី​នៃ​ឆ្នេរសមុទ្រ​សៀម និង​ស្រុកខ្មែរ និង​ដែន​កូសាំងស៊ីន ទៅ​ពី​គ្រោះ​ជាមួយ លោក ម៉ុងទីញី ឲ្យ ម៉ុងទីញី យល់អំពីប្រយោជន៍សេដ្ឋកិច្ច នៃ«កូត្រូល» ​(កោះ​ត្រល់) ហើយ​​ឲ្យ​យក​កោះ​នេះ ជាកម្មសិទ្ធិ​របស់​បារាំង​ទៅ។ លុះ ម៉ុងទីញី មកដល់​ខែ​ត្រកំពត គាត់​បាន ឃើញ​ថា​ កោះត្រល់ «អាចរៀបចំ ជាផែរសមុទ្រមួយ យ៉ាងប្រសើរ និងជាទីតាំង​ពាណិជ្ជកម្ម​មួយ​យ៉ាងធំ នៅកណ្តាល​ដែន​ឥណ្ឌូចិន​ផង»។ ប៉ុន្តែ ម៉ុងទីញី មិន​ចង់​ធ្វើដំណើរ (ដោយ​លេស​ថា​ផ្លូវពីបាក) ទៅជួប ព្រះបាទ​អង្គឌួង ឯក្រុង​ឧត្តុង្គ​ទេ ហើយ​គាត់ចាត់ឲ្យ លោក​សង្ឃ​កាតូលីក ឈ្មោះ អារសែន អេសត្រេស (Arsène Hestrest) នាំយក​ទៅ​ថ្វាយ​ព្រះអង្គឌួង នូវ​សំបុត្រមួយ ដែលគាត់​ស្នើឲ្យ​កម្ពុជា ប្រគល់​ «កោះត្រល់» ឲ្យបារាំង ជាថ្នូរ​នឹង​គំរូ​សន្ធិសញ្ញា ដែល​បារាំង​ បាន​ធ្វើជាមួយ​សៀម ពីខែសីហា មុន​នោះ។ ព្រះបាទ អង្គឌួង មិន​ព្រម​ទទួល​សេចក្តីស្នើ​នេះទេ ដោយ​លោកយល់​ថា សន្ធិសញ្ញា​បែបហ្នឹង មិន​បាន​ធានា​ច្បាស់ លាស់ ចំពោះ​«សន្តិសុខ» (ការរស់រាន​ជានិច្ច) នៃ​កម្ពុជា​ទេ…។

ដោយឡែក នាសម័យនោះដែរ ពួកអង់គ្លេសក៏បាន មក​ពិនិត្យ​មើល​ «កោះត្រល់» ​ដែរ (គេ​ហៅ​ថា «កោះ​ឌូត – Koh Doot») ហើយ​និយាយថា ជា«កោះមួយ​មាន​សារ:សំខាន់​ណាស់ សំរាប់​ការប្រើប្រាស់ នៃ​កងនាវា​សមុទ្រ» នៅ​តាម​ផ្លូវដំណើរ ទៅក្រុងស៊ីង​កាពួរ (Singapour)។ ការពីត កោះត្រល់​នេះ ជា​កោះធំជាង​គេ​បំផុត មាន​ទំហ៊ំប្រមាណ ៥៨០ គ.ម.ក្រឡា នៅ​ក្នុង​ឈូង​សមុទ្រ​សៀម និង​នៅ​មាត់​ផ្លូវ​ចូល នៃ​ឈូង​សមុទ្រ​ហ្នឹង​ផង។ 

ការដណ្តើមគ្នា​គ្រប់គ្រង «កោះត្រល់» 

នៅខាងខ្មែរ​វិញ កោះត្រល់ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់កម្ពុជា ដូច​​ការ​បញ្ជាក់​ពី​ទេសា​ភិបាល​​បារាំង នៃ​ដែន​កូសាំងស៊ីន ដែល​សរសេរ​ទៅ​រដ្ឋមន្រ្តី​របស់គាត់ នាឆ្នាំ ១៨៦៧ ថា​អភិបាល​​យួន (វៀតណាម) នៃខែត្រ​ហាទៀង «មិន​ដែល​បាន ចុះ​ទៅ​មើល​ការងារ​អ្វី នៅ​កោះត្រល់​ទេ»។ នាថ្ងៃទី០៣ មករា ១៩១៣ គឺ ៣៦ ឆ្នាំបន្ទាប់មក អភិបាលបារាំង នៃខែត្រ​ហាទៀង​ឈ្មោះ ហ្វួរនីយេ (Fournier) បាន​ធ្វើ​របាយការណ៍ ទៅ​ទេសា ភិបាល​បារាំង នៃ​កូសាំងស៊ីនថា «បន្ទាប់ពី​ការស្រាវជ្រាវ​យ៉ាង​ល្អឹតល្អន់​មក ខ្ញុំមិន​បាន​រក​ឃើញទេ នៅ ក្នុង​កំណប់​ឯកសារ នៃ​អធិការដ្ឋាន​យើង នូវ​ឯកសារ​ជា​ផ្លូវការ​ណាមួយ ទោះ​មាន​ទ្រង់ទ្រាយ​យ៉ាង​ណា​ក្តី ដែល​បង្ហាញថា តើ​កោះណា​ខ្លះ ជា​ចំណុះ​នៃ​ខែត្រ​ហាទៀង គឺថា តើកោះណាខ្លះ ជារបស់​កូសាំងស៊ីន ហើយ​កោះ​​ណា​ខ្លះទៀត ជា​របស់​កម្ពុជា»។ ចាប់ពីឆ្នាំ ១៩១៣ នោះដែរ គេ​បាន​ផ្អើល​ម្តងទៀត អំពីប្រយោជន៍សេដ្ឋកិច្ច នៃកោះ​នៅ​តាម​ឆ្នេរសមុទ្រ​ខ្មែរ មាន​កោះត្រល់​ជាអាទិ៍។ លោកទេសាភិបាល នៃ​កូសាំងស៊ីន បាន​​​​សរសេរ​សំបុត្រមួយ ចុះ​ថ្ងៃទី០២ មករា ១៩១៤ ប្រាប់មក អ្នកតំណាង​ជាន់ខ្ពស់​បារាំង នៅ​កម្ពុជា (le Résident supérieur du Cambodge) ថាលោក​បាន​ទទួល​ពាក្យ​ស្នើជា​ច្រើន សុំ​សម្បទាន​ដីធ្លី ដើម្បី​ការរុករករ៉ែ (នៅ​​លើ​​កោះ​​ទាំង​​នោះ) ជាមួយ​នឹង​ការ​រកឃើញ​ទៀត​ថា «ទឹក ដែល​នៅ​ជុំវិញ​កោះ​ទាំង​នោះ មាន​ត្រីរស់នៅ​សន្ធឹកសន្ធាប់​ណាស់… (តែ)​គ្មាន​នរណា​ទាញ​យក​ផល អំពី​ធនធាន​ទាំងនេះ ដែល​ជាមូលធន​មួយ​សំខាន់​ណាស់ និងជា​ប្រយោជន៍​ពិតប្រាកដ សម្រាប់អាណានិគម (បារាំង)»រីឯ​អ្នកតំណាងបារាំង នៅ​ខែត្រកំពត ក៏​បាន​ទទួល​ពាក្យស្នើ​ជា​ច្រើន សុំសម្បទានដីធ្លី ដើម្បី​ការរុករករ៉ែ នៅ​លើ​កោះ ដែល​នៅ​ក្រោម​ការគ្រប់គ្រង របស់គាត់ដែរ។ ហេតុនេះ នាឆ្នាំ ១៩១៣ និង ១៩១៤ នោះ អ្នក​ទទួល​ការខុសត្រូវ​បារាំង នៅ​កូសាំងស៊ីន និង​នៅកម្ពុជា បាន​ប្តូរសំបុត្រ​ទៅវិញ​ទៅ​មក ទាមទារ​កម្មសិទ្ធិ នៃ​កោះ​ផ្សេងៗនោះ តែ​លោក​អគ្គទេសាភិបាល​នៃ​ឥណ្ឌូចិន ជាបន្តបន្ទាប់ ដែល​ជា «ចៅហ្វាយ​ធំបំផុត» មិន​បាន​សម្រេច​អ្វី​ឡើយ ដោយ​ពិត​ជាខ្លាច​ទាស់នឹង​សន្ធិសញ្ញា​នានា រវាង​បារាំង និងកម្ពុជា។ ទាល់តែ ២៥ ឆ្នាំ​បន្ទាប់មកទៀត ទើបលោក ហ៊្សុល ប្រេវិយេ (ដែល​មក​​កាន់ការ​ឥណ្ឌូចិន តាំងពី ខែកញ្ញា ១៩៣៦) សម្រេច​ចិត្ត អំពីបញ្ហា​ហ្នឹង ដោយ​ចេញសារាចរ ធ្វើ​ខ្សែ​បន្ទាត់​មួយ ចែក «កិច្ចរដ្ឋបាល» នៃ​កោះ​នានា ចុះថ្ងៃទី ៣១ មករា ១៩៣៩ ប្រាប់​ទៅ​លោកទេសាភិបាល នៃកូសាំងស៊ីន

ការសំរេចរបស់ ប្រេវិយេ អំពីបញ្ហានេះ នៅឆ្នាំ ១៩៣៩ ពិតជា​ទាក់ទិន​នឹងស្ថានភាព នៃ​ប្រទេស​បារាំង នាសម័យ​នោះ​ដែរ។ ចាប់ពីឆ្នាំ ១៩៣០ មក ប្រទេសបារាំង បាន​រងគ្រោះ​ធ្ងន់ធ្ងរ និង​វិបត្តិសេដ្ឋកិច្ច នៃ បស្ចិម​​ប្រទេស ដែល​ជំរុញ​ឲ្យ​មាន​ការបះបោរ ជាបន្ត​បន្ទាប់​ក្នុង​សង្គម​ នាឆ្នាំ ១៩៣៤ និង​បណ្តាល​ឲ្យកើត វិបត្តិ​នយោបាយ ដែល​ធ្វើឲប្រទេស​ទាំងមូល ចុះទន់​ខ្សោយ ហើយ​រលំទាំងស្រុង​យ៉ាងរហ័ស នៅ​មុខការ វាយ​រាត​ត្បាត នៃ​ទ័ព​អាល្លឺម៉ាញ (អាល្លឺម៉ង់) របស់​ហ៊ីត្លែរ នា​ខែ​ឧសភា ឆ្នាំ ១៩៤០។ ក្នុងរយ:​កាល​នោះ នៅ​ឯឥណ្ឌូចិន ក៏ដូច​នៅ​ប្រទេសបារាំង​ដែរ ពួកបារាំង គ្រាន់​តែ​ខំទប់​ខ្លួន ឲ្យ​បាន​នៅ​ឈរជើង ដោយ​គ្មានគម្រោង​ការ​អ្វី​ធំដុំទេ ក្នុង​ការរង់​ចាំមើល ការវិវត្តិន៍​នៃ​ព្រឹត្តការណ៍ នៅ​ទ្វីបអឺរ៉ុប និង​នៅ​ក្នុង​ពិភពលោក។

ព្រឹត្តការណ៍ធំមួយ គឺនាថ្ងៃទី ៧ កក្កដា ១៩៣៧ កងទ័ព​ជប៉ុន ចូល​វាយ​លុកប្រទេស​ចិន ផ្នែក​ខាង​កើត ហើយ​បាន​​កាន់​កាប់​ទីក្រុង​ស៊ាងហៃ នា​ខែវិច្ឆិកា រួច​វាយ​យក​បាន រដ្ឋធានីណាន់​គីង (ណានជីង) ​ទៀត។

នៅ​​ក្នុង​ឯកសារ​បារាំង​​មួយ នៃ​នាយកដ្ឋាន​កិច្ចការ​នយោបាយ ចុះលេខ ៣៦៧-អាប៉េអ៊ី ស្តីពី​កោះ​​នានា ​នៅ​​ក្នុង​ឈូង​សមុទ្រ​​សៀម គេ​បាន​សរសេរថា «សារាចរ​ របស់​លោក​អគ្គទេសាភិបាល ប្រេវិយេ ចុះថ្ងៃទី ៣១ មករា ១៩៣៩ បាន​ធ្វើឡើង ស្របតាម​ការចាំបាច់ នៃ​កិច្ចការពារ​ឥណ្ឌូចិន​ដែរ ដោយ​ហេតុ​ថា នា​ពេលនោះ ជប៉ុន​ បានកាន់កាប់ប្រទេសចិន ផ្នែក​ខាង​កើត​ហើយ ហើយ​ជាពេល​ដែល​សង្គ្រាម នៅ​មហាសាគរ​ប៉ាស៊ីហ្វីក បាន​ចាប់ផ្តើម​ហើយ​ផង»។ នាពេលនោះទៀត កងទាហាន​ជើងទឹក​បារាំង (នៅឥណ្ឌូចិន) ក៏​បាន​ទទួល​បញ្ជា​ឲ្យ «ត្រួតពិនិត្យទូក​-​កុប៉ាល់​ទាំងអស់ កុំឲ្យ​មាន​ការដឹកជញ្ជូន​គ្រឿង​សព្វាវុធ ទៅ​ឲ្យ​ពួកបះបោរ ឬ ឲ្យពួកចូលដៃនឹង​កងកម្លាំង​ជប៉ុន​ឡើយ» ។ ប៉ន្តែនៅក្នុង​ «សារាចរ» របស់គាត់ ប្រេវិយេ មិនបាន​​លើក​អំពីបញ្ហានយោបាយ និង​យោធាទាំងនេះ ធ្វើជា​ការសំអាង​អ្វីទេ។

ភាពច្របូកច្របល់ក្នុងសារាចរ «ប្រេវីយេ»

យើង​បាន​ឃើញ​ថា ដោយ​ហេតុមាន​ការទាមទារ​ជាយូរមកហើយ ពី​ព្រះបាទ​ អង្គឌួង ពួក​បារាំង​ បាន​ទុក​កោះ​នានា នៃ​ឆ្នេរសមុទ្រ គឺទាំង «កោះត្រល់» រហូត​ដល់​ប្រជុំកោះ​ក្រចកសេះ (ពូឡូប៉ង់យ៉ង) ឲ្យ​នៅ​​ក្រោមអំណាច​នៃ​កម្ពុជា។ រីឯ «សារាចរ» របស់លោក ប្រេវិយេ គឺជាការសម្រេច​ចិត្ត​ម្នាក់​ឯង – «ខ្ញុំសម្រច…» – នៃអគ្គទេសាភិបាល​នៃ​ឥណ្ឌូចិន ដោយ​គ្មាន​ការយល់ព្រម​ពី​អាជ្ញាធរ​ខ្មែរ​ (ភាគី​កម្ពុជា) ទេ ហើយ​នេះ​ជាការបំពាន​​យ៉ាង​​ជាក់ស្តែង លើ​សន្ធិសញ្ញា​នានា រវាង​បារាំង និងកម្ពុជា នាទសវត្សរ៍ ១៨៧០។ ហេតុនេះ ដើម្បី​បិទ​បាំង ការ​រំលោភ​អំណាច​របស់​គាត់ និង​ដើម្បី​ដាក់​កម្រិត​ដល់​ការអនុវត្ត នៃ​សេចក្តីសម្រេច​ចិត្ត​នោះ​ផង លោក ប្រេវិយេ​ បាន​​ទទួល​ស្គាល់​ជាបឋម​បំផុត​ថា «កោះ​ទាំងនោះ នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រកម្ពុជា» និងថា «តាមការសមហេតុផល និងតាមស្ថានភាពភូមិសាស្ត្រ» កោះទាំងនោះ ត្រូវនៅក្រោមការគ្រប់គ្រង នៃប្រទេសកម្ពុជា។ បន្ទាប់គាត់បញ្ជាក់ថា សេចក្តីសម្រេចចិត្តហ្នឹង គ្រាន់តែបែងចែក «អំណាច​រដ្ឋបាល និងប៉ូលីស នៅលើកោះ រវាងកូសាំងស៊ីន និងកម្ពុជាប៉ុណ្ណោះ» តែ​គាត់​មិន​អារ​កាត់ លើបញ្ហា​កម្មសិទ្ធិ​នៃ​កោះទេ ដែល​ថា «ត្រូវបម្រុងង​ទុក​ទាំង​ស្រុង​ដដែល» – ប្រហែល​ដើម្បី​សំរន់​ចិត្ត របស់ពួក​កូសាំង​ស៊ីន ជាគ្នីគ្នា​របស់គាត់។

យើងឃើញថា សេចក្តីសម្រេច​ចិត្ត​ហ្នឹង វាប្លែកខុស​ពីសេចក្តីសម្រេច​ចិត្ត​នានា នៃ​អគ្គទេសាភិបាល​ដ្ឋាននៃ​ឥណ្ឌូចិន ដោយសារ​ការច្របូក​ចូល​គ្នា នួវ​ជំនឿ​ច្បាស់លាស់​ផង នូវ​ការសំអាង​កំប៉ិចកំប៉ុក​ផង («ការសម្រួល​ដំណើរ» នៃ​អ្នក​ចង់​ទាក់ទង និង​រដ្ឋការ​កូសាំងស៊ីន) ជាមួយ​នឹង​ការទុក​ប្រចាំ នៃ​ម្ចាស់​សេចក្តី​ផង ដែល​ជាលក្ខណ:​នៃ​ការសម្រេចចិត្ត ជា​បណ្ណោះ​អាសន្ន​ប៉ុណ្ណោះ ឲ្យ​ស្រប​តាមទេស: កាល:​អសន្តិសុខ នៅ​ក្នុងតំបន់។

ម៉្យាងទៀត ខ្សែបន្ទាត់​នៃ​ការបែង​ចែក​សោត គឺ​ជាការបង្កើត​ថ្មី​មួយ ក្នុង​រឿង​ដែន​សមុទ្រ៖ គឺ​​មិន​មែន​​ជាខ្សែ​​បន្ទាត់​ត្រង់​រហូតទេ តែជាខ្សែ​ដែល​ចេញ​ពីដែន​ដី យ៉ាង​ត្រង់​មក រួចបត់​ដូចជា​ផ្លែ​កណ្ឌៀវ ទៅ​ព័ទ្ធចាប់​យក​កោះត្រល់ ឲ្យ​ទៅ​កូសាំងស៊ីន ហើយ​ឈប់​ត្រឹម​ហ្នឹង។ តាម​​ធម្មតា គឺគ្មាន​អ្នកនីតិសាស្រ្ត​ហ្មត់ចត់​ណាម្នាក់ យល់ថា ការសម្រេចិត្តបែបនេះ មាន​តម្លៃអ្វីទេ។​ ហេតុនេះ សារាចរ «ប្រេវិយេ» ត្រូវ​​បាន​​កម្ពុជា​ ច្រាន​ចោល​​ជានិច្ច បន្ទាប់​ពី​កម្ពុជា​បាន​ឯករាជ្យ នាឆ្នាំ ១៩៥៣។ រហូត​​មក​​ដល់​ឆ្នាំ ១៩៧៩ (ដែល​យួន ចូល​កាន់កាប់​កម្ពុជា) រដ្ឋាភិបាលខ្មែរ​ជាបន្តបន្ទាប់​ទាំងអស់ តែង​តែ​ចាត់​​ទុក​ «​កោះត្រល់» ប្រជុំកោះក្រចកសេះ (ពូឡូប៉ង់យ៉ង) និង​កោះវ៉ៃ (ពូឡូវ៉ៃ) នៅ​ក្នុងដែនសមុទ្រកម្ពុជា ជានិច្ច។

បន្ទាប់ពីបារាំង រំលាយ​អាណានិគម នាឆ្នាំ ១៩៤៩ និង​បន្ទាប់ពីបាន​ឯករាជ្យ មកដល់ឆ្នាំ ១៩៧៥ ទោះ​​បី​​គេ​បាន​ធ្វើការបម្រុង​ទុក (des réserves) និង​ការទាមទារ​តាមផ្លូវទូត ជាច្រើន​សន្ធឹក​ក្តី ក៏កម្ពុជា​ មិន​ដែល​​ប្រើ​កម្លាំងទ័ព ដើម្បី​ទៅ​ដណ្តើម​យក «កោះត្រល់» មក​កាន់កាប់​ផ្ទាល់​ដៃ​វិញ​ទេ។ ការទាមទារ​ តាមផ្លូវ​​​តុលាការ​​អន្តរជាតិ ដូច​ក្នុង​រឿង​ប្រាសាទព្រះវិហារ ក៏​គ្មាន​ដែរ។ ប៉ុន្តែសម័យ ប៉ុល ពត ដែល​យល់អំពី​សារ:សំខាន់​នៃ​ស្ថានភាព​យុទ្ធសាស្រ្ត នៃ​កោះត្រល់ និង​កោះជិតខាង​ឯទៀត​នោះ បាន​ឲ្យ​កងទ័ព​ ចូល​ទៅ ប្រយុទ្ធនឹង​កងទ័ពយួន នាដើមខែ ឧសភា ១៩៧៥ ដោយ​បាន​កាន់កាប់​ «កោះត្រល់» មួយ​ភាគ​ធំ និង​កោះក្រចកសេះ។ ការចរចាគ្នា រវាង ប៉ុល ពត និងយួន នៅ​ក្រុងហាណូយ នាខែ មិថុនា ១៩៧៥ បាន​បន្ធូរ បរិយាកាស​ខ្លះ​ដែរ តែ​ដល់ថ្ងៃទី ៤ មករា ១៩៧៦ ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​មួយ​ទៀត បាន​ផ្ទុះ​ឡើង រវាង កង​ទ័ព​ខ្មែរ​ក្រហម នៅ​កោះត្រល់ ជាមួយ​កងទ័ព​ជើងទឹក និង​ជើងអាកាស​យួន​។ ពួកខ្មែរក្រហម ត្រូវ​ដក​​ខ្លួន​ទាំងអស់ ចេញ​ពី​កោះត្រល់ ប៉ុន្តែ​ការបរាជ័យ​នេះ មិន​មាន​ន័យ​ថា កម្ពុជា ត្រូវ​បាត់បង់​សិទ្ធិ​ដ៏​ត្រឹមត្រូវ របស់ខ្លួន ទៅ​លើ​កោះត្រល់ និង​កោះក្រចកសេះ ទាំងនោះដែរទេ

យៀកណាម បាន​កាន់​កាប់​កោះ​ទាំង​​នោះ ដោយ​កម្លាំង​រហូតដល់​ខែ ធ្នូ ១៩៧៨ ដែល​គេ​បាន​សម្រេចចិត្ត ចូលវាយប្រហារកម្ពុជា​ទាំងមូល។ ក្នុង​ពេល​គេកាន់កាប់​កម្ពុជា យួន​បានសម្រេចកាត់យក​ «កោះត្រល់ និង ក្រុមកោះក្រចកសេះ» បញ្ចូល​ទៅ​​ក្នុង​​យៀកណាម ដោយ​គ្មានសំអាង​លើ​កត្តាអ្វីទេ ក្រៅពី​យោង​តាម «សភាពការជាក់ស្តែង» (គឺ​ការកាន់កាប់​របស់​គេ ជា​ស្រេច​ហើយ) តាម​រយ:​កិច្ចព្រមព្រៀង​មួយ ចុះ​ថ្ងៃទី ០៧ កក្កដា ១៩៨២ ជាមួយ​បុគ្គលម្នាក់ ឈ្មោះ ហ៊ុន សែន {រដ្ឋម​ន្រ្តីការបរទេស​នៃ រដ្ឋបាល​ក្រុងភ្នំពេញ ដែល​យៀកណាម លើកបន្តុបឲ្យកាន់អំណាច}។ ក្នុង​កិច្ចព្រមព្រៀងនោះ​ គេ​បាន​បង្កើត​នៅមុខ «កោះត្រល់» នូវ «សមុទ្រផ្ទៃក្នុងរួមគ្នា» រវាងយៀកណាម-កម្ពុជា មានទំហ៊ំប្រមាណ ១០.០០០ គ.ម.ក្រឡា (មួយម៉ឺន) ដែល​គេហៅ​ថា «តំបន់ទឹកប្រវត្តិសាស្ត្រ» ដែល​មាន​លទ្ធផល​ជា​ការពង្រីក​អធិបតេយ្យ​យួន ចូល​មកជ្រៅ​ទៀត ក្នុង​ដែន​សមុទ្រខ្មែរ ក្នុងនាម​នៃការចាំបាច់ នៃ«កិច្ចការពារជាតិ នៃប្រទេសទាំងពីរ»។ នេះគឺ​ជា​ការជាក់ស្តែង​ដែរ នៃកិច្ចព្រមព្រៀងមួយ មិនស្មើរភាពគ្នា និងខុសច្បាប់អន្តរជាតិទាំងស្រុង ដែល​ត្រូវបាន​អង្គការ​សហប្រជាជាតិ (អ.ស.ប.) បានបរិហារ {មិន​ទទួល​ស្គាល់} នាឆ្នាំ ១៩៨៦ ហើយ​ត្រូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ស្តីពីកម្ពុជា នាឆ្នាំ ១៩៩១ បញ្ជា​ឲ្យលុបចោល

ខ្មែរត្រូវយកកោះត្រល់ មកវិញ

យើង​បាន​ឃើញថា យៀកណាម​កុម្មុយនីស្ត ដែល​បាន​ក្លាយ​ជាមហាអំណាច​យោធា មិន​​ទទួល​ស្គាល់ សារ:​សំខាន់ នៃ​ខ្សែបន្ទាត់​ «ប្រេវិយេ» ទេ។ ប៉ុន្តែ ការមិនទទួលស្គាល់​ខ្សែ​បន្ទាត់នេះ ពីខាង​កម្ពុជា​វិញ ក៏​ជាការ​សមស្រប និង​គោលការណ៍​ច្បាប់ ដែល​កើត​ពី​ការសម្រេច​របស់​បារាំង រំលាយ​អាណានិគម កូសាំងស៊ីន របស់​​គេ នាឆ្នាំ ១៩៤៩ ដែរ។ យើង​បាន​ឃើញ​ខាង​លើនេះ​ថា ពួកអាណានិគម​និយមបារាំង រួមទាំង​លោក ប្រេវិយេ នោះផង បាន​ដឹងច្បាស់ថា «កោះត្រល់»ជាពិសេស មិនមែន​ជាកោះ​ធម្មតា​ទេ តែ​វា​មាន​លក្ខណ: តាម​ភូគព្ភសាស្រ្ត ដូច​ជាទៀប​កោះ ដែល​មាន​មួយ​ភាគ​លិច​ទឹក ព្រោះ​វា​ជាដី​​បណ្តរ ចុះ​មក​ពី​ជួរភ្នំ​ក្រវ៉ាញ នៃ​កម្ពុជា

អាស្រ័យ​ហេតុនេះ​ហើយ ទើបបារាំង​ទាំងនោះ មិន​ហ៊ាន​សម្រេចយក «កោះត្រល់» ទៅ​បញ្ចូល​ក្នុង​ដែន​កូសាំង​ស៊ីន ទោះបី​គេមាន​អំណាច​ធំធេង លើ​កម្ពុជា តាំងពីឆ្នាំ ១៨៦៣ មកក្តី។ ម៉្យាង​ទៀត សារាចរ​«ប្រេវិយេ» ដែល​គ្រាន់​តែ​ជាការសម្រេច​ចិត្ត នៃ​កិច្ចការ​រដ្ឋបាល​ផ្ទៃក្នុង មិន​មាន​កម្លាំង​ដូច​សន្ធិសញ្ញា ​អន្តរជាតិ ឬ​ដូចច្បាប់​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ ពីព្រោះកម្ពុជា​ មិនមៃន​ជាអាណានិគម​របស់បារាំង​ទេ តែ​ជារដ្ឋ​មួយ ដែល​បារាំង ធ្វើ​ជា​អ្នក​​អាណាព្យាបាល (អ្នកការពារ ក្នុង​កិច្ចការ​ក្រៅ​ប្រទេស)។ ជាពិសេស ខ្សែបន្ទាត់​«ប្រេវិយេ» មាន​លក្ខណ:​ច្បាស់ថា ជាខ្សែបន្ទាត់ នៃ​ការរំលោភ​អំណាច និង​ជាការកំណត់ បណ្តោះអាសន្ន ដែល​​ត្រូវ​រលាយ​បាត់ ជាស្វ័យប្រវត្តិ នាពេល​​ដែល​​បារាំង រំលាយ​អាណានិគម កូសាំងស៊ីន របស់​ខ្លួនដែរ។ ហេតុនេះ ខ្សែបន្ទាត់ «ប្រេវិយេ» មិន​អាចចាត់​ទុកថា​ជា ខ្សែបន្ទាត់​ព្រំដែន​សមុទ្រ រវាង​កម្ពុជានិង​យៀកណាម​ទេ ហើយ​គេមិន​ត្រូវចាត់ទុក​វា យ៉ាងហ្នឹងឡើយ។ ការពិត កោះត្រល់ និងកោះ​ឯទៀត នៅ​ជិតឆ្នេរ​សមុទ្រ​ខ្មែរ សុទ្ធ​ជាដី​ដែលដុះបន្ត​តាម​ធម្មជាតិ​របស់​កម្ពុជា គឺថា​ជា​របស់​ប្រជាជាតិ ដែល​នៅ​ជិតកោះ​ទាំង​នេះ ហើយ​វាកំណត់​ដែនទឹក​សមុទ្រ និង​ព្រំដែន​អធិបតេយ្យ នៃ​ប្រជាជាតិ​ហ្នឹង​តែម្តង។ សារ:សំខាន់បំផុត នៃ​កោះទាំង​នោះ មិន​នៅ​ក្នុងរឿង​ប្រយោជន៍​សេដ្ឋកិច្ច​ទេ (ដូច​ជាធនធាន​ជលផល និងធនធាន​រ៉ែ ឬ ប្រេងកាត ជាយថាហេតុ) តែ​នៅ​ក្នុង​រឿង​យុទ្ធសាស្ត្រ​យោធា ត្បឹតកោះ​ទាំង​នោះ សុទ្ធសឹង​ជាប៉ុស្តិ៍​ជួរមុខ នៃ​កិច្ចការពារ​ជាតិ​របស់​កម្ពុជា​។ ខ្មែរ​ ត្រូវតែ​ខំប្រឹងប្រែង​រកគ្រប់មធ្យោ​បាយ យក​កោះត្រល់ និង​កោះ​ឯទៀត​ទាំងនោះ មកគ្រប់គ្រងវិញ​ជាចាំបាច់។

ទីក្រុងប៉ារីស ថ្ងៃទី១ តុលា ២០១២

ឌី ការ៉េត អនុប្រធាន 
ជ. គណៈកម្មាធិការ ព្រំដែនកម្ពុជា​ប្រចាំប្រទេសបារាំង និងក្នុពិភពលោក