អត្ថបទ CWCI Cambodia / 12th-6-2020

ក្រុមចលនានិស្សិតខ្មែរ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចុះហត្ថលេខាដោយលោក ទូច វិបុល ប្រធានប្រតិបត្តិនៃចលនានេះ បានចេញសេចក្តីថ្លែងការណ៍មួយ មានខ្លឹមសារ ៣ ចំណុច ទាមទារឲ្យរដ្ឋាភិបាលវៀតណាម រុះរើជំរំ និងតង់ ដែលបោះនៅតាមព្រំដែនខ្មែរ និងជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ប្តឹងតវ៉ាករណីវៀតណាមឈ្លានពានកម្ពុជា។ សូមទាញយកត្រង់នេះ

សូមអានខ្លឹមសារសេចក្តីថ្លែងការណ៍ទាំងស្រុង ដូចខាងក្រោម៖

សេចក្តីថ្លែងការណ៍
ទាហានវៀតណាម ត្រូវរុះរើជំរំ និងតង់ទាំងអស់ចេញពីព្រំដែនកម្ពុជា

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ យល់ឃើញថា កាបោះតង់របស់យោធាវៀតណាម កើន​ឡើង​ចំនួន ២៥៦ នៅ​តាម​​ព្រំដែន​​កម្ពុជា គឺ​ជា​ការ​រំលោភ​ឈ្លានពាន​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ខ្មែរ ព្រម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថេរភាព និង​សន្តិភាព​ក្នុង​តំបន់​អាស៊ាន។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្ សូម​កោតសរសើរ លោក ហ៊ូ សាគុណ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​ព្រំដែន​កម្ពុជា ដែល​មាន​សេចក្តី​ក្លាហាន​ហ៊ាន​រាយការណ៍ អំពី​ករណី​យោធា​វៀតណាម ចូល​មក​បោះ​តង់ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា «ជាឯកតោភាគីចំនួន ២៥៦ កន្លែង» នៅក្នុង «តំបន់មិនទាន់ឯកភាពគ្នា ឬតំបន់ស» ដែល​ធ្វើ​ឡើង​ក្នុង​ទឹកដី​ខ្មែរ ដោយ​វៀតណាម​ប្រើ​ពាក្យ​ថា ជា​តំបន់​គ្មាន​ខ្សែ​បន្ទាត់​ព្រំដែន​ច្បាស់លាស់ រួច​បាន​បញ្ជាក់​ក្នុង​សេចក្តីប្រកាសរួម ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ដើម្បី​ឲ្យភាគី​កម្ពុជា ត្រូវ​តែ​គោរព និង​អនុវត្តតាម ហើយ​ហាមប្រាម​ពលរដ្ឋខ្មែរ មិន​ឲ្យ​ចូល​ទៅ​ធ្វើស្រែ​ចម្ការ​របស់ខ្លួន​នៅតំបន់​ទាំងនោះ មុន​ពេល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដោះ​ស្រាយ។

ជាក់ស្តែងយោធា​វៀតណាម បាន​ប្រើប្រាស់​តំបន់​ទាំងនេះ ដើម្បី​បោះជំរំ ឬបោះតង់​កើន​ឡើង​រហូត​ដល់ ២៥៦ កន្លែង បើ​ធៀប​ទៅ​នឹង​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០ ក្រុមយោធា​វៀតណាម បាន​បោះតង់​តែ ​១១៤ កន្លែង។ សកម្មភាព​បោះតង់​របស់​យោធា​វៀតណាម នៅ​តាម​បណ្តាយ​ព្រំដែន​កម្ពុជា គឺជា​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ដល់​កម្ពុជា ព្រម​ទាំង​បង្កការភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ខ្មែរ រស់​នៅ​តាមបណ្តោយ​ព្រំដែន។ សកម្មភាព​ទាំង​នេះ រំលោភ​យ៉ាង​ធ្ងន់ធ្ងរ លើ​មាត្រា១ ចំណុច ២.គ នៃ​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ ដែល​ចែង​ថា «ជៀសវាង​ការជ្រៀតជ្រែក​របស់​រដ្ឋដទៃៗ​ទៀត ដោយផ្ទាល់ ឬដោយប្រយោល ទោះតាម​រូបភាព​ណា​ក៏ដោយ»។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា យ៉ាង​ទទូច៖
. ត្រូវបន្តការងារបស់ខ្លួន ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យវៀតណាម រុះរើជំរំ ឬតង់ ចេញ​ឲ្យផុត​​ពី​ព្រំដែន​​កម្ពុជា។
២. ត្រូវពិចារណា​ឡើងវិញ ជំរុញការ​ដាក់​«មោក្ខភាព» នូវកិច្ចព្រមព្រៀង និងសន្ធិសញ្ញា​មិន​ស្មើ​ភាព​គ្នា រវាង​កម្ពុជា​-​វៀតណាម ដូចជាសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ និងឆ្នាំ២០១៩ រួម​ទាំង​សេចក្តីប្រកាស​រួម ឆ្នាំ​១៩៩៥ និង​ឯកសារខុសច្បាប់​ក្នុង​ទសវត្សរ៍ទី៨០ ដើម្បី​ឲ្យស្រប​នឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា២ និងមាត្រា៥៥។
៣. ត្រូវលើកយកបញ្ហា​ជម្លោះព្រំដែន​នេះ ទៅកាន់​សហប្រធាន​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយក​រណីមួយ​ចំនួន​ទៀត ដូចជា​ចង្កោម​កោះត្រល់​ ជាដើម ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ។

រដ្ឋធានីវ៉ាស៊ីងតោន ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០

(ហត្ថលេខា)
ទូច វិបុល ប្រធានប្រតិបត្តិ

.

.

Advertisements