អត្ថបទដោយ TCD / 16-6-2020

ក្រុមអ្នកវិភា​គនយោបាយសង្គម ថ្កោល​ទោស​ថា «សន្ធិសញ្ញា​បំពេញ​បន្ថែម​ ឆ្នាំ២០០៥ និង​​ឆ្នាំ​​២០១៩ រវាង​​កម្ពុជា​-​វៀតណាម​ កំពុង​គំរាម​កំហែង​ដល់​ឯករាជ្យ​ភាព និង​បូរណ​ភាព​ទឹកដី​​កម្ពុជា​យ៉ាងខ្លាំង»។ ពួក​គេបញ្ជាក់ថា លោក ហ៊ុន សែន គ្មានសមត្ថភាពធ្វើនយោបាយ តទល់​នឹង​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​​ឡើយ។

លោក គឹម សុខ អ្នកវិភាគ​នយោបាយ​សង្គមបញ្ជាក់ថា «រដ្ឋាភិបាល​កុម្មុយនិស្ត​ក្រុងហា​ណូយ​ ជា​ចៅ​ហ្វាយ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​យ៉ាងពិត​ប្រាកដ ព្រោះ​រដ្ឋាភិបាល​នេះ តែង​តែ​អនុវត្ត​តាម​ខ្សែ​ញាក់​របស់​ប្រទេស​វៀតណាម​ជានិច្ច»

ការអះអាង​របស់​លោក គឹម សុខ ធ្វើឡើង​ក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌មានឌឹ​ខេមបូឌា​ ឌែលី The Cambodia Daily កាល​ពីថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០២០ កន្លង​ទៅនេះ។ ក្នុងកម្មវិធី Idea Talk លោក ហុង លីម អតីត​តំណាងរាស្ត្រ​ប្រទេសអូស្ត្រាលី ដើមកំណើត​ខ្មែរ បាន​លើក​ឡើង​ថា សន្ធិសញ្ញា​នានា​រវាង​កម្ពុជា-វៀតណាម គឺ​ជា​ការ​ជួយ​បម្រើ​ល្បិច​កល​ឈ្លាន​ពាន​របស់​បច្ចាមិត្រ​មក​លើ​កម្ពុជា ដែល​ផ្ទុយ​ទៅ​នឹង​ស្មារតី​សន្ធិសញ្ញាសន្តិភាព​​ទីក្រុងប៉ារីស​ ឆ្នាំ១៩៩១ ទាំ​ងស្រុង។

ចំណែកលោក ម៉ក់ ហឺន អ្នកឃ្លាំមើល​សង្គម​មាន​ប្រសាសន៍ថា «រដ្ឋាភិបាល​កុម្មុយនិស្ត​វៀត​ណាម​ អាច​បន្តមហិច្ឆតា​ឈ្លាន​ពាន​កម្ពុជា ទោះ​មាន​ច្បាប់​អន្តរជាតិ​រារាំង​ក៏ដោយ ពីព្រោះ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​បាន​រៀបចំ​រដ្ឋាភិបាល​ស្របច្បាប់​មួយ​ជាយូរ​មក​ហើយ ដើម្បី​ជួយ​សម្រេច​មហិច្ឆតា​នេះ»

លើស​ពីនេះ​ទៅទៀត ក្រោយ​មាន​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុងប៉ារីស ឆ្នាំ​១៩៩១ មិន​ទាន់​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រកាស​ជាសាធារណៈ​ទាត់​ចោល​សន្ធិសញ្ញា​​កម្ពុជា-វៀតណាម​ ណាមួយនៅ​ឡើយ​ទេ ហើយ​នេះ​ក៏​ជាមូលហេតុ​ដែល​បញ្ជាក់​ថា លោក ហ៊ុន សែន នៅ​តែ​បន្ត​គាំ​ពារ​គំនិត​វៀត​ទីទឹកដី​របស់​​បរទេស​ មក​លើ​រដ្ឋ​អធិបតេយ្យ​របស់​ខ្លួន។

ជាងនេះទៅទៀត លោក ហុង លីម បាន​ថ្លែង​ថា «ការបង្កើត​ឲ្យ​មាន​សន្ធិសញ្ញា​បំពេញ​បន្ថែម​​ថ្ងៃទី​៣០ វិច្ឆិកា ២០០៥ និង​សន្ធិសញ្ញា​​បំពេញ​បន្ថែម​ ឆ្នាំ​​២០១៩ រវាង​រដ្ឋាភិបាល​លោក ហ៊ុន សែន និងរដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម គឺជាការធានា​នូវ​សុពលភាព​ឡើងវិញ ចំពោះ​សន្ធិសញ្ញា​ទាំងឡាយ​ រវាងកម្ពុជា​-វៀតណាម ឆ្នាំ​១៩៨២ ១៩៨៣ និង១៩៨៥ ដែល​​​សន្ធិសញ្ញា​​ទាំងនេះ ត្រូវ​បាន​ធ្វើ​មោក្ខភាព​ចោលទាំង​អស់​ នៅ​ថ្ងៃ​បង្កើត​ឲ្យ​មាន​សន្ធិសញ្ញា​សន្តិភាព​ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និង​​រដ្ឋធម្មនុញ្ញ​​កម្ពុ​ជា ​ឆ្នាំ១៩៩៣ មក​ម្លេះ»

កម្ពុជា និងវៀតណាម មាន​ព្រំដែន​គោក​​រួមគ្នា ១២៧០ គីឡូម៉ែត្រ និង​បង្គោល​ព្រំដែន​ ដែល​​ត្រូវបោះ​ចំនួន​ ៣១៥ បង្គោល​រួច​ហើយ ឬស្មើ ៨៤% តាម​សន្ធិសញ្ញា​ថ្មីៗ ផ្អែកលើសន្ធិសញ្ញាព្រំដែន ឆ្នាំ​១៩៨៥ ដែល​មិន​ស្រប​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែល​មិនស្រប​ច្បាប់ រវាងកម្ពុជា​-វៀតណាម​ រួមមាន សន្ធិសញ្ញា​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ ឆ្នាំ១៩៧៩, កិច្ចព្រមព្រៀង​​ស្តីពី​​តំបន់​ទឹក​​ប្រវត្តិសាស្ត្រ ឆ្នាំ​១៩៨២, កិច្ចព្រមព្រៀង​​ស្តីពី​​លក្ខន្តិកៈ​​ព្រំដែន ឆ្នាំ​១៩៨៣ និង​​សន្ធិសញ្ញា​​កំណត់​ព្រំដែន​រដ្ឋ ឆ្នាំ១៩៨៥

ប្រធាន​ក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក អ៊ុំ សំអាន ធ្លាប់​ប្រាប់​សារព័ត៌មាន  The Cambodia Daily ថា «សន្ធិសញ្ញា​​កំណត់​ព្រំដែន​​រដ្ឋ ​ឆ្នាំ​១៩៨៥ ហើយ​​​សន្ធិសញ្ញា​​បំពេញ​​បន្ថែម​ ឆ្នាំ​​២០០៥ ដែលផ្អែកលើមូលដ្ឋានសន្ធិសញ្ញា ១៩៨៥ គឺ​ជា​សន្ធិសញ្ញា​​ខុសច្បាប់»

រដ្ឋធម្មនុញ្ញ មាត្រា២ ចែងថា «បូរណភាព​ទឹកដី​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត ក្នុង​​ព្រំដែន​របស់​ខ្លួន ដែល​កំណត់ ក្នុង​ផែនទី​ខ្នាត ១/១០០​ពាន់ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ ១៩៣៣ ដល់​ឆ្នាំ ១៩៥៣ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់ ជា​អន្តរជាតិ នៅ​ចន្លោះ​ ឆ្នាំ១៩៦៣ ដល់​ឆ្នាំ​​ ១៩៦៩»។ រដ្ឋធម្មនុញ្ញ ​មាត្រា៥៥ ​ចែងថា «សន្ធិសញ្ញា និង​​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​​ជាតិ​​របស់​​កម្ពុ​ជា ត្រូវ​លុបចោល»​

អ្នកវិភាគនយោបាយសង្គម លោក គឹម សុខ ថ្លែងថា «វៀតណាម​ប្រើយុទ្ធសាស្ត្រ​ចង​សម្ព័ន្ធមិត្ត​ផង និង​គំរាមផង ក្នុងការសម្រេច​ផែនការ​ឈ្លានពាន​ប្រទេសកម្ពុជា»។ លោកបន្តថា «ការពង្រាយ​កម្លាំង​យោធា​បោះ​តង់​តាម​បណ្តោយ​ព្រំដែន​ លើ​ទឹកដី​កម្ពុជា​ ជាង ២៥៦ តង់ កាល​ពីពេលថ្មីៗ​នេះ គឺ​ជាការគម្រាម​ដល់រដ្ឋាភិបាល ដែល​កំពុង​ងាករេទៅ​រក​ប្រទេស​ចិន»។ លោក​បញ្ជាក់​ថា «លោក ហ៊ុន សែន កំពុង​ស្ថិត​ក្នុង​ការសម្រេច​ចិត្ត​ដ៏​លំបាក​​មួយ​ថា​ តើ​គួរពឹង​មិត្ត​ដែក​ថែប​ចិន ឬ​នៅ​ធ្វើជា​ខ្ញុំ​នយោបាយ​របស់​វៀតណាម​ បន្តទៀត​ ឬ​ក៏ងាក​មក​សម្រុះ​សម្រួល​ខ្មែរ​ និង​ខ្មែរ ដើម្បី​លា​ឈប់​ពីជីវិត​នយោបាយ​ខ្ញុំ​កញ្ជះនេះ»

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើល​នៅ​ក្រៅ​ប្រទេស​ទាំង​នេះ​ ជុំរុញ​ឲ្យ​លោក ហ៊ុន​ សែន ប្រើជីវិត​នយោបាយ​​ចុងក្រោយ​របស់​លោក ដើម្បី​ធ្វើ​ជាវីរៈបុរស​ជាតិ​របស់​ខ្មែរ។ ពួក​គេ​យល់ស្របគ្នាថា ពលរដ្ឋខ្មែរនឹង​សំដែង​ការសាទរ​ បើ​សិន​លោក ហ៊ុន សែន វិល​ទៅ​រក​ការបង្រួប​បង្រួម និង​ឯកភាពជាតិ​មែន​នោះ៕

.