អត្ថបទដោយ TCD /17-6-2020

សកម្មជនការពារបរិស្ថាន បានថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ពីការលក់​ទ្រព្យ​សម្បត្តិ​ប្រទេស​ជាតិ ក្រោម​លេសស​ម្បទាន​ឲ្យទៅ​ក្រុមហ៊ុន​ឯកជនថា «នាំឲ្យមានការរំលោភរដ្ឋធម្មនុញ្ញ ត្រង់ជំពូកទី៥ មាត្រា៥៨ យ៉ាងធ្ងន់ធ្ងរ»។​

តំណាងយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ បាន​ថ្លែង​ថា «នៅ​ក្នុង​តំបន់​អាស៊ី កម្ពុជា​​កំពុង​​រង​វិនាសកម្មធនធាន​​ធម្មជាតិ​ធ្ងន់ធ្ងរ​បំផុត ក្រោម​រូបភាព​អភិវឌ្ឍ ដែល​ក្រុមហ៊ុន​ឯកជន ទទួល​បាន​សិទ្ធិ​កាន់​កាប់​ពី​រដ្ឋាភិបាល»។ ការលើក​ឡើងនេះ បាន​ធ្វើឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន ឌីខេមបូឌា ឌែលី (The Cambodia Daily) កាល​ពី​ល្ងាច​ថ្ងៃទី ០៨ ខែ​មិថុនា ឆ្នាំ​២០២០ កន្លងទៅ។

ក្នុងកម្មវិធីនេះដែរ លោក ថុន រដ្ឋា សកម្មជន​ចលនា​មាតាធម្មជាតិ បាន​អះអាង​ថា «រដ្ឋាភិបាល​​ បាន​លាក់បាំង​អំពើ​ល្មើស​ច្បាប់​របស់​ខ្លួន ជាមួយ​​ក្រុមហ៊ុន ដែល​ខ្លួន​បាន​ចូល​ដៃ​ជាមួយ ក្នុង​ការ​កេង​ផលចំណេញ​ពី​សម្បត្តិ​ជាតិ ដើម្បី​ក្រុមគ្រួសារ និង​បក្ខពួក​ខ្លួន​តែ​ប៉ុណ្ណោះ»

លើគេហទំព័រចលនា​មាតាធម្មជាតិ បាន​ចុះផ្សាយ​ថា «លោក ហ៊ុន សែន បានលួចលក់កោះកុងក្រៅ ឲ្យទៅលោកឧកញ៉ា លី យ៉ុងផាត់ ជាម្ចាស់ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត  ខូអិលធីឌី ( Koh Kong SEZ CO,LTD- Koh Kong Special Economic Zone) ដែលជាកោះធំជាងគេរបស់កម្ពុជា ក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៩»

ជុំវិញបញ្ហានេះ លោក ហ៊ុន វណ្ណៈបានបញ្ជាក់ពីភស្តុតាង តាមរយៈផ្កាយរណបថា «ក្រុមហ៊ុននេះ កំពុងធ្វើសកម្មភាពបំផ្លិចបំផ្លាញព្រៃឈើជាទ្រង់ទ្រាយធំ ក្នុងឆ្នេរទី៣ និងឆ្នេរទី៤ នៃតំបន់នោះ»។ លោកព្រមានថា «ដើម្បីរក្សាធនធានធម្មជាតិឲ្យនៅស្រស់បំព្រងដូចដើម រដ្ឋាភិបាលត្រូវតែលុបកិច្ចសន្យា ជាមួយក្រុមហ៊ុនជាបន្ទាន់ មុននឹងធនធានធម្មជាតិទាំងនោះ ត្រូវវិនាសទាំងស្រុង»

ស្ថាបនិក​អង្គការ​ចលនា​​មាតា​ធម្មជាតិ លោក អាឡិច ​(ឈ្មោះ​ពេញ៖ Alejandro Gonzalez Davidson) អះអាង​ថា «រដ្ឋាភិបាល បាន​ប្រគល់​កោះកុង​ក្រៅ​ ទៅ​​ឱ្យ​​ក្រុមហ៊ុន​​របស់​លោក លី យ៉ុងផាត់ ដើម្បី​ធ្វើការអភិវឌ្ឍន៍​នេះ»ជាង​នេះ​ទៅ​ទៀត លោក​មិន​ទុក​ចិត្ត​​ការ​អះអាង​​របស់​​ក្រសួងបរិស្ថាន ដែល​ថា​នឹង​ដាក់ «​កោះកុង​ក្រៅ​» ជា​ឧទ្យានជាតិ​សមុទ្រ​ឡើយ បើ​ពិនិត្យមើល​ប្រវត្តិ​​របស់​​ក្រុមហ៊ុន Koh Kong SEZ នេះ​កន្លង​មក។

កញ្ញា អ៊ីលាណ័រ នីកូល (Eleanor Nicole)  មន្ត្រីកម្មវិធី​សម្រាប់តំបន់​អាស៊ី នៃ​អង្គការ ​Global Witness ប្រចាំក្នុង​ទីក្រុងឡុងដ៍ ប្រទេស​អង់គ្លេស បាន​បញ្ជាក់ថា «តាមការស៊ើបអង្កេត​អំពីអំពើពុក​រលួយ​កម្រិតខ្ពស់ នៅកម្ពុជា បាន​រកឃើញថា លោក លី យ៉ុងផាត់ ដើរ​តួយ៉ាង​សំខាន់​ក្នុង​ជួររដ្ឋាភិបាល​កម្ពុជា»។

កញ្ញា Nicole បន្តបន្តថា «លោក លី យ៉ុងផាត់ មានសណ្ឋាគារជាច្រើន មានក្រុមហ៊ុនកសិ-ឧស្សាហកម្ម ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនអគ្គិសនី និងបនល្បែងស៊ីសងកាស៊ីណូ នៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃ។ កាលពីឆ្នាំ២០០៨ លោក លី យ៉ុងផាត់ បានកាន់កាប់ផ្ដាច់មុខ ក្នុងការបូមយកខ្សាច់ល្មើសច្បាប់ នៅខេត្តកោះកុង ដែលអាចរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយអ្នកភូមិនៅទីនោះ បាននាំគ្នាតវ៉ាដល់ការបូមយកខ្សាច់នោះ ដោយសារធ្វើឲ្យប៉ះពាល់ដល់មុខរបរនេសាទ ដើម្បី​ចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគេ»

ផ្អែក​តាម​គេហទំព័រ​​របស់​សភា​ពាណិជ្ជកម្ម​​កម្ពុជា ​បាន​​ចេញ​ផ្សាយ​​ថា លោក លី យ៉ុងផាត់ ជា​​អនុ​ប្រធាន​​សភា​ពាណិជ្ជកម្ម ជា​​សមាជិក​​ព្រឹទ្ធ​សភា និង​​ជា​ប្រធាន​​ក្រុមហ៊ុន​​ចំនួន ៩ ដូច​ជា​​ក្រុមហ៊ុន Hero King, ក្រុមហ៊ុន VINA, ក្រុមហ៊ុន Koh Kong plantation, ក្រុមហ៊ុន Koh Kong Sugar Industry, ក្រុមហ៊ុន Koh Kong Sugar SeaBoard, ក្រុមហ៊ុន Electricity Private, ក្រុមហ៊ុន LP Oil Co., LTD., ក្រុមហ៊ុន ក្លឹប​កម្សាន្ត​អន្តរជាតិ កោះកុង, ក្រុមហ៊ុន Duty Free Shop ដែល​បច្ចុប្បន្ន​បាន​ប្តូរមក​ជាក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត  ខូអិលធីឌី ( Koh Kong SEZ CO,LTD- Koh Kong Special Economic Zone) និង​​ជា​ម្ចាស់​​កាស៊ីណូ​​មួយ​​ចំនួន ​តាម​​ព្រំដែន​​ផង​ដែរ។

កោះកុងក្រៅ មានទំហំផ្ទៃដី ១០៣ គីឡូម៉ែត្រក្រឡា ទទឹងប្រវែង ៧ គីឡូម៉ែត្រ បណ្តោយ ១៩ គីឡូម៉ែត្រ ព្រមទាំង​មាន​ឆ្នេរខ្សាច់ ៦ កន្លែង៖ «ឆ្នេរទី១ ប្រវែង ១៨០០ ម៉ែត្រ។ ឆ្នេរទី២ ប្រវែង ២០៥០ ម៉ែត្រ។ ឆ្នេរទី៣ ប្រវែង ៧០០ ម៉ែត្រ។ ឆ្នេរទី៤ ប្រវែង ៩០០ ម៉ែត្រ។ ឆ្នេរទី៥ ប្រវែង ៧៥០ ម៉ែត្រ។ ឆ្នេរទី៦ ប្រវែង ៦៥០ ម៉ែត្រ»។ ហើយកោះនេះ មានតំបន់ទឹកធ្លាក់ ៩ កន្លែង និងកូនភ្នំជាច្រើន ស្ថិតនៅក្នុងភូមិកោះកាពិ ឃុំកាំកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយត្រឹមតែ ៣០ គីឡូ​ម៉ែត្រ​ប៉ុណ្ណោះពីក្រុងខេរភូមិន្ទ។

ក្រុមសកម្មជនការពារបរិស្ថាន បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋ ចូលរួម​ជួយ​ការពារ​សម្បត្តិ​ជាតិ ព្រោះ​ពលរដ្ឋខ្មែរ​ជាម្ចាស់​ឆ្នោត ម្ចាស់​ជោគវាសនា​លើទឹកដី​របស់​ខ្លួន។ បើ​ប្រជាពលរដ្ឋ ធ្វើមិន​ដឹងមិន​ឮទេ នោះ​ទ្រព្យសម្បត្តិជាតិ នឹង​ត្រូវ​បាត់បង់​ដោយសារ​រដ្ឋាភិបាល​ពុករលួយ​ និងក្រុម​ឈ្មួញទុច្ចរិត​ជាមិន​ខាន៕

.

Advertisements