អត្ថបទដោយ ចលនានិស្សិត (SMD) / 15-7-2020

ចលនានិស្សិត​ដើម្បីលទ្ធិប្រជាធិបតេយ្យ ដែល​ហៅកាត់​ជាភាសា​អង់គ្លេស​ថា SMD (Student Movement for Democracy) ដែល​មានមូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បាន​ផ្ញើលិខិត​ផ្លូរការ​ទៅ​នាយករដ្ឋមន្រ្តី​វៀតណាម ឲ្យ​គោរព​ច្បាប់​អន្តរជាតិ បញ្ឈប់​ការឈ្លានពាន​កម្ពុជា ទាំង​ដែន​សមុទ្រ (កោះត្រល់ និង​ដែន​សមុទ្រ​ខ្មែរ) និង​ព្រំដែន​គោក។

សូមទាញយក៖ ភាសាខ្មែរ និង ភាសាអង់គ្លេស (English) ឬអាន​ខ្លឹមសារ​ទាំង​ស្រុង​ជាភាសា​ខ្មែរ ដូច​ខាង​ក្រោម៖

សូមគោរពជូន
លោក ង្វៀង សួន ហ្វ៊ុក (Nguyen Xuan Phuc)
នាយករដ្ឋមន្រ្តី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម

លោកនាយករដ្ឋមន្រ្តីជាទីគោរពរាប់អាន

យើងខ្ញុំ ចលនានិស្សិត​ដើម្បីលទ្ធិប្រជាធិបតេយ្យ បានតាម​ដានយ៉ាង​យកចិត្តទុក​ដាក់ នូវ​​សេចក្ដី​ថ្លែង​របស់​លោក ង្វៀង សួន ហ្វ៊ុក នាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋ​​​សង្គម​​​​និយម​​​​​វៀត​ណាម ក្នុង​​នាម​​ជា​ប្រធាន​ប្តូរវេន​​នៃ​​សមាគម អាស៊ាន (ASEAN) ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើកទី​៣៦ កាល​ពីថ្ងៃទី​២៦ ខែ​មិថុនា ថ្មីៗនេះ។

លោកនាយករដ្ឋមន្ត្រី បាន អះអាងថា៖ «សមាគមប្រទេសអាស៊ាន​តាមឃ្លាំមើល និង​លើកស្ទួយ​ការ​អនុវត្ត​ដ៏​តឹង​រ៉ឹង​ និង​ពេញលេញ តាមសេចក្តី​ប្រកាស​នៃ​ក្រមប្រតិបត្តិ (DOC) របស់​ភាគី​នានា ក្នុង​តំបន់សមុទ្រ​ចិន​ខាងត្បូង និង​ក៏កំពុង​តែប្រឹងប្រែង​ធ្វើគ្រប់​មធ្យោបាយ ដើម្បី​បង្កើតក្រម សីលធម៌​ប្រសិទ្ធ​មួយ (COC) ស្រប​តាម​ច្បាប់​អន្តរជាតិ រួមមាន​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីអំពី​ច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS)»

សេចក្ដីថ្លែងអះអាងរបស់លោកនាយករដ្ឋមន្ត្រី គឺជាការប្តេជ្ញាចិត្តរបស់វៀតណាម ដើម្បីដោះស្រាយ​ជម្លោះ​សមុទ្រ​​ចិន​​ខាង​ត្បូង ក្នុងចំណោមប្រទេសនានាក្នុងសមាគមនអាស៊ានជាមួយចិន ដោយ​ឈរ​លើគោល​ការណ៍ និង​​យន្តកា​រស្រប​តាមខ្លឹម​សារច្បាប់​អន្តរជាតិ។ ដោយសារកម្ពុជា និងវៀតណាម មាន​វិវាទ​ព្រំដែន​ដ៏​ស្មុគស្មាញ​ច្រើន​សតវត្សរ៍​មក​ហើយ និង នៅតែបន្តមានវិបត្តិដ៏ចម្រូងចម្រាសលើបញ្ហាផ្លូវច្បាប់នោះ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ សូមរំឭកលោក​នាយករដ្ឋមន្ត្រីថា យើងខ្ញុំក៏ទាមទារ​​ឲ្យ​ភាគី​​វៀត​ណាម​ ងាក​មក​ដោះស្រាយ​ទំនាស់​ព្រំដែន​ ជាមួយភាគីកម្ពុជា តាមច្បាប់អន្តរជាតិ។

ក្នុងស្មារតីលើកកម្ពស់ការគោរពច្បាប់អន្តរជាតិតាមស្តង់ដាតែមួយ ដើម្បីដោះស្រាយជម្លោះព្រំដែន​វៀត​ណាម​-​កម្ពុជា ប្រទេសវៀតណាម​ ក៏ត្រូវគោរព និងអនុវត្តកាតព្វកិច្ច​ តាម​ច្បាប់អន្តរជាតិ​ជាធរមាន ដូចខាងក្រោម៖

១- អនុសញ្ញានៃអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS 1982)

អនុសញ្ញាស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ ផ្នែក២ ជំពូក២ មាត្រា៣ ចែងថា «រដ្ឋទាំងអស់មានសិទ្ធិ​បង្កើត​ប្រវែង​នៃ ដែនសមុទ្ររបស់ខ្លូន​រហូតដល់ដែនកំណត់មិនលើសពីចម្ងាយ ១២ ម៉ាយល៍ ឬស្មេី ២២,២២៤ គីឡូម៉ែត្រ (1 nautical miles=1,852 meters) ដែលវាស់ពីខ្សែបន្ទាត់មូលដ្ឋានដែនកំណត់អនុលោម តាមអនុសញ្ញានេះ»

យោងតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ នេះ និងតាម​លក្ខខណ្ឌ ​ភូមិសាស្ត្រ កោះត្រល់ (ដែលវៀតណាមហៅថា Phú Quốc) គឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា ពីព្រោះ​កោះត្រល់​ មានរយៈចម្ងាយត្រឹម តែ ១៥ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រខេត្តកំពត ប្រទេសកម្ពុជា ក្នុងរង្វង់ដែន ២២,២២៤ គីឡូម៉ែត្រ ដែលកំណត់ដោយច្បាប់ សមុទ្រ ប៉ុន្តែកោះត្រល់នេះ មានរយៈចម្ងាយរហូតដល់ ៤៥ គីឡូ​ម៉ែត្រ ពីតំបន់ហាទៀង ខេត្តកៀនយ៉ាង ប្រទេសវៀតណាម ដែលស្ថិតនៅផ្ទៃខាងក្រៅរង្វង់ដែន ២២,២២៤ គីឡូ​ម៉ែត្រ កំណត់ដោយច្បាប់សមុទ្រនេះ។

២- កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ (PPA 1991)

ឯកសារទី២ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ មាត្រា១ ចំណុច២-ឃ ចែងថា «បញ្ចប់សន្ធិសញ្ញា និង​កិច្ច​ព្រមព្រៀង​ទាំង​​ឡាយ ដែល​មិន​ស្រប​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាពមិន​អាច​រំលោភ​បាន នៃ​ដែនដី អព្យា​ក្រឹតភាព និង ឯកភាពជាតិ​របស់​ខ្លួន»

សន្ធិសញ្ញា និងកិច្ចព្រមព្រៀងឆ្នាំ​១៩៧៩ ១៩៨២ ១៩៨៣ និង​ឆ្នាំ​១៩៨៥ រវាង​វៀត​ណាម​-​កម្ពុជា ក្រោម​ស្ថានភាព ដែល​កម្ពុជា​ត្រួតត្រា​ដោយ​កងទ័ព​វៀតណាម បាន​ក្លាយ​ជាមោឃភាព​អស់​ហើយ ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស​ឆ្នាំ១៩៩១ ប៉ុន្តែ​រដ្ឋាភិបាល​វៀត​ណាម និង​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​​យក​​មក​ធ្វើជាមូលដ្ឋាន​ដោះ​ស្រាយ​​ជម្លោះ​ព្រំដែន ​វៀតណាម​-​កម្ពុជា។ រីឯសន្ធិសញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០០៥ និង​ឆ្នាំ​២០១៩ ដែល​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​ប្រើជា​បង្អែក​ដែរ​នោះ ក៏មាន​ខ្លឹមសារ​បំពាន​ទាំងស្រុង លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស៍​នេះ​ដែរ។

កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស៍​ឆ្នាំ​១៩៩១ គឺជាលិខិតូបរណ៍​អន្តរជាតិ ឬ​មាន​តម្លៃ​ជាច្បាប់​អន្តរជាតិ ដែល​ប្រទេស​ហត្ថលេខី​ទាំងអស់ ត្រូវ​អនុវត្ត​ឲ្យ​ត្រូវ​ខ្លឹមសារ ដោយ​ការ​គោរព​គ្នា​ជា​ចាំបាច់។ វៀតណាម និង​សមាជិក​នៃ​អាស៊ាន ភាគច្រើន គឺជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស៍​នេះ។

៣- គោលការណ៍អាស៊ាន (ASEAN Principles)

ធម្មនុញ្ញអាស៊ាន មាត្រា២ ចំណុច​ ២ ចែង​ថា «អាស៊ាន និងរដ្ឋសមាជិក ត្រូវ​អនុវត្ត​ឲ្យ​សម​ស្រប​តាម​គោលការណ៍៖
ក. គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាព​ទឹកដី និង​អត្ត​សញ្ញាណ​ជាតិ នៃរដ្ឋ​សមាជិក​អាស៊ាន ទាំងអស់។
ខ. ចូលរួមការប្ដេជ្ញាចិត្ត និងការទទួល​ខុសត្រូវ​រួមគ្នា ក្នុង​ការលើកកម្ពស់​សន្តិភាព សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់។
គ. បដិសេធនូវអំពើ​ឈ្លានពាន និង​ការគំរាម​គំហែង ឬការប្រើប្រាស់​កំលាំង ឬ​សកម្មភាព​ទាំងឡាយ​ណា ក្នុង​លក្ខណៈ​ដែល​មិនសម​ស្រប​តាមច្បាប់​អន្តរជាតិ។»

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូម​អំពាវនាវ​លោក​នាយករដ្ឋមន្ត្រី ង្វៀង សួន ហ្វ៊ុក ប្រមុខ​នៃ​រដ្ឋាភិបាល​​វៀតណាម ត្រូវគោរព និង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ តាម​ខ្លឹមសារ​នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្ដី​ពី​​ច្បាប់​​សមុទ្រ​ ឆ្នាំ​១៩៨២, កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និង​ធម្មនុញ្ញ​អាស៊ាន ដោយ​ឈរលើ​គោលការណ៍ ​និង​យន្តការ​ស្ដង់ដា​តែ​មួយ​ចំពោះ​ប្រជាជាតិ​ទាំងអស់។ យើងខ្ញុំ ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀត​ណាម អនុវត្ត​ករណី​ជម្លោះព្រំដែន​វៀតណាម​-​កម្ពុជា ដូច​លោក​នាយក​រដ្ឋមន្ត្រី បាន​ជម្រុញ​លក្ខខណ្ឌ​​ប្រតិបត្តិ​ជា​អន្តរជាតិ ជុំវិញ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ជាមួយ​ភាគី​ពាក់ព័ន្ធ​ផង​ដែរ។

សូមលោកនាយករដ្ឋមន្រ្តី ទទួលនូវ​ការគោរព​រាប់អាន​អំពី​យើង​ខ្ញុំ។

រដ្ឋធានីវ៉ាស៊ីនតុន ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០

(ហត្ថលេខា)
ទូច វិបុល
ប្រធានប្រតិបត្តិ

 

.