អត្ថបទដោយ CWCI Cambodia / 13-7-2020

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅអាមេរិក បាន​ចេញលិខិត​ចំហ ទៅ​កាន់​​លោក ហ៊ុន សែន មេដឹកនាំ​កម្ពុជា ដោយ​ប្រតិកម្ម​ជំទាស់​នឹង​ការ​លើកឡើង​របស់មេដឹកនាំ​វៀតណាម លោក ង្វៀង ភូ ត្រុង ដែល​​ស្នើឲ្យកម្ពុជា ជួយ​សម្រួល​របស់​ពលរដ្ឋ​របស់​ខ្លួន បន្ត​រស់​នៅ​​កម្ពុជា​​​មានសិទ្ធិស្របច្បាប់។ ក្នុងលិខិតចំហ​នេះ ​ចុះហត្ថលេខា​​ដោយ​​លោក ទូច វិបុល ប្រធាន​ប្រតិបត្តិ នៅ​ថ្ងៃទី​១៣​ ខែ​កក្កដា ឆ្នាំ​២០២០ នេះ បានរំលឹក​លោក ហ៊ុន សែន ឲ្យចេះ​យកចិត្ត​ទុក​ដាក់​ពលរដ្ឋ​ខ្មែរ​របស់​ខ្លួន ជាជាង​ជាតិសាសន៍​ដទៃ​​ដែល​រស់​នៅ​​ខុសច្បាប់​នៅ​កម្ពុជា ហើយ​បាន​ជំរុញ​ឲ្យលោក ហ៊ុន សែន ហ៊ាន​ស្នើទៅ​វៀតណាម ឲ្យ​គោរព​សិទ្ធិ​​សេរីភាព​​របស់​ពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម ដែល​ម្ចាស់​ទឹកដី​នៅ​កម្ពុជា​ក្រោម។ សូម​ទាញ​យក​ លិខិត​ចំហ (Download) ឬ​អាន​លំអិត​ខាង​ក្រោម៖

លិខិតចំហ
ចំពោះលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា  

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ យល់ឃើញថា កិច្ចសន្ទនា​តាមទូរស័ព្ទ​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និ​ង​​ជា​ប្រធាន​​គណបក្ស​​ប្រជាជន​​កម្ពុជា ជាមួយ​លោក ង្វៀន ភូ ត្រុង អគ្គ​លេខាធិការ​មជ្ឈឹម​បក្ស​នៃ​គណបក្ស​សង្គម​​និយម​វៀតណាម​ និង​ជាប្រធាន​រដ្ឋ​វៀតណាម កាល​ពីអំឡុង​កណ្ដាល​សប្ដាហ៍​មុន មាន​តម្លៃ​ត្រឹមតែ​ជាអត្ថន័យ​នៃ​ប្រវត្តិសាស្ត្រ រត់​តាម​ពីក្រោយ​មហិច្ឆតា​ប្រយោជន៍​វៀតណាម ដើម្បី​បង្កើតសមិទ្ធផល​ដ៏ធំធេង​​ឲ្យ​វៀតណាម ពីកិច្ច​សហប្រតិបត្តិ​ការស៊ី​ជម្រៅ លើ គ្រប់​វិស័យ​ជាមួយកម្ពុជា​ប៉ុណ្ណោះ។

យើងខ្ញុំកត់​សម្គាល់​ឃើញថា ក្រៅតែ​ពីសារ​រីករាយ​នឹង​ការសន្ទនា, ការអបអរសាទរ​ចំពោះ​​សមិទ្ធផល​នៃ​ទំនាក់​ទំនង, ការ​សរសើរ​អំពី​ជោគជ័យ​របស់​វៀតណាម, ការសម្ដែង​ការជឿជាក់​លើ​វៀតណាម, និង​ការវាយតម្លៃ​ខ្ពស់​នៃ​កិច្ចសហប្រតិបត្តិការ​នោះ លោក ហ៊ុន សែន មិន​បាន​ធ្វើសំណូមពរ​អ្វីសោះ ទៅ​កាន់​លោក ង្វៀន ភូ ត្រុង ខណៈ​ពេលកងទ័ព​វៀតណាម បន្តបោះតង់ យ៉ាងតិច ៣០០​តង់ នៅ​តាម​ព្រំដែន រំលោភ​អធិបតេយ្យភាព​កម្ពុជា និង​ស្របពេល​វៀតណាម​ កំពុងបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិបង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម។ រីឯលោក ង្វៀន ភូ ត្រុង ក្រៅតែពាក្យ​បញ្ជោរ និង​ការអរគុណ​លោក ហ៊ុន សែន នោះ ប្រធាន​​រដ្ឋ វៀតណាម បាន​ជំរុញ​លោក ហ៊ុន សែន ឲ្យ​បន្តអនុវត្តន៍​កិច្ចសន្យា​រវាងគ្នា ឲ្យបាន​ល្អ និង​​បានលើក​សំណើ​ឲ្យលោក ហ៊ុន សែន ជួយមើល​ថែ​ជន​ជាតិវៀតណាម​នៅកម្ពុជា ទាំង​មិននិយាយ​ដល់​ពាក្យ«ខុសច្បាប់ ឬស្របច្បាប់»ផង ហើយលោក ហ៊ុន សែន បានសន្យា​បន្ត​សម្រួល​តាមបំណង​របស់​វៀតណាម  

លោក ង្វៀន ភូ ត្រុង បានសម្តែងសេចក្តីប្រាថ្នា «សូមឲ្យភាគីកម្ពុជា បន្តការ​ជួយ​សម្រួល​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល ដើម្បី​បងប្អូន​មាន​ដើមកំណើត​វៀតណាម អាច​​មាន​ជីវភាព​​រស់​នៅ​​ប្រកប​ដោយ​​ស្ថិរភាព បាន​រៀន​សូត្រ​ និង​ប្រកបមុខ​របរ​យូរ​អង្វែង នៅ​ប្រទេស​កម្ពុជា … » ហើយ​លោក ហ៊ុន សែន បាន​អះអាង​ថា «កម្ពុជា​នឹង​បន្តការ​ជួយ​សម្រួល​ ​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល ដល់​បងប្អូន​មាន​ដើមកំណើត​វៀត​ណាម ដើម្បី​បងប្អូន​មានលំនឹង​​ចិត្ត​ បន្ត​ការរស់នៅ​ក្នុង​ប្រទេស​កម្ពុជា»។ នេះពុំមែន​ជាលើក​ទី​មួយ​ ទេ ដែល​ពួកមេដឹកនាំ​វៀតណាម បាន​លើក​សំណើ​បែបនេះ និង​កន្លង​មក រហូត​ដល់​ធ្វើសំណូមពរ​របៀប​បង្គាប់​ឲ្យ​ក្រុម​មេដឹនាំ​រដ្ឋាភិបាល និង​រដ្ឋសភា​កម្ពុជា មាន​លោក ទៀ បាញ់, លោក ស ខេង, លោក ហេង សំរិន … ផ្តល់​សញ្ជាតិ​ខ្មែរ​ងាយៗ ដល់​ជនជាតិ​វៀតណាម​នៅ​កម្ពុជា ហើយ​ក្រុមប្រមុខ​រដ្ឋ​អំណាច​កម្ពុជា ​សុទ្ធ​តែ​ស្ម័គ្រ​ទទួល​យកមក​អនុវត្តន៍​ សម្រួល​តាម​សេចក្ដីប្រាថ្នា របស់​វៀតណាម។ 

ចលនានិស្សិត​ដើម្បីលទ្ធិប្រជាធិបតេយ្យ វាយតម្លៃថា នៅចំពោះមុខ​លោក ង្វៀន ភូ ត្រុង ដែល​បាន​ដើរ​តួ​នាទី​យ៉ាង​ស្វាហាប់​ ក្នុង​ការបម្រើ​ប្រយោជន៍​ជាតិ​វៀតណាម​នោះ លោក ហ៊ុន សែន ពុំបាន​បំពេញ​កាត្វកិច្ច​ស្រប​តាម​រដ្ឋធម្មនុញ្ញ ដើម្បី​ការពារ​ប្រយោជន៍​ប្រជាជាតិ​ខ្មែរ​ទេ។ រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា៣៣ ចែងថា «ប្រជាពល​រដ្ឋខ្មែរ ដែល​កំពុង​រស់នៅ​បរទេស ត្រូវបាន​រដ្ឋ​គាំពារ» និង​មាត្រា៣៥ ចែង​ថា «សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវបាន​ទទួល​ពិនិត្យ និងដោះស្រាយ​យ៉ាង​ហ្មត់ចត់ ពីអង្គការ​រដ្ឋ»។ 

យើងខ្ញុំបានធ្វើសម្ភាសន៍​ដោយផ្ទាល់ ជាមួយ​បងប្អូនខ្មែរ​កម្ពុជា​ក្រោម អំពីស្ថានភាព​រស់នៅ​​របស់​ពួកគាត់​​ក្រោម​សម្ពាធ​ដ៏​តឹងរ៉ឹង​របស់​វៀតណាម។ ពួកគាត់​បាន​រៀបរាប់​​អំពីយុទ្ធនាការ​​នៃ​ការធ្វើទុក្ខ​បុក​ម្នេញដោយ​វៀតណាម តាំង​ពីការចាប់​ខ្លួន និង​បន្ត​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម ដោយ​គ្មាន​មូលហេតុ​ច្បាស់​លាស់, ការបិទ​ទំនាក់​ទំនង​ប្រជាពលរដ្ឋ​ខ្មែរក្រោម ជាមួយ​បងប្អូន​សាច់ញាតិ នៅ​ក្រៅ​ប្រទេស, ការរឹត​បន្តឹង​ពលរដ្ឋ​ខ្មែរ​ក្រោម​ មិន​ឲ្យជួប​ជុំ​គ្នា​លើស​ពី ៣​នាក់…។ សារពត៌មានព្រៃនគរ បាន​ផ្សាយថា តាំង​ពីឆ្នាំ​ ២០១៧​ មក កម្មករ​ខ្មែរក្រោម​ជាង ២០០​នាក់ នៅ​ខេត្ត​វាលប្រើស (ដុងណាយ ជាភាសា​វៀតណាម) ត្រូវ​សួនឧស្សាហកម្ម​វៀតណាម ដេញ​ចេញ​ពី​ការងារ ដោយ​ហេតុផល​នយោបាយ​រើសអើង​ពូជសាសន៍ និង​ប៉ះពាល់ សណ្ដាប់​ធ្លាប់​សា​ធារណៈ។ 

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ចាត់ទុកថា កាយវិការ​ការទូត​របស់​លោក ហ៊ុន សែន ចំពោះ​មេដឹកនាំ​វៀតណាម គឺជា​ទង្វើ​រំលោភ​ខ្លឹមសារ​ដ្ឋធម្មនុញ្ញ​កម្ពុជា និង​មិនបម្រើ​ប្រយោជន៍​ជនជាតិ​ខ្មែរ​ទូទៅ ​ជាពិសេស​ពលរដ្ឋខ្មែរ នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​សព្វថ្ងៃ ប្រសិន​បើ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់លោក ព្រមទាំង​រដ្ឋសភា​កម្ពុជា នៅតែ​ធ្វើព្រងើយ​កន្តើយ ចំពោះ​រឿង​ទាំង​អស់​នេះ ពុំព្រម​លើក​យក​ទៅនិយាយ​រកដំណោះស្រាយ​ ជាមួយ​មេដឹកនាំ​វៀតណាម។ 

យើង ក៏ចាត់ទុក​ករណី​បន្ត​ព្រងើយ​កន្តើយ​របស់រដ្ឋាភិបាល​លោក ហ៊ុន សែន និង​​រដ្ឋសភា​​កម្ពុជា ថា ជា​ផែនការ​ជួយ​ជ្រោម​ជ្រែង​យុទ្ធសាស្ត្រ​​ឈ្លាន​ពាន​របស់​វៀតណាម មក​លើ​បូរណភាព​​ទឹកដី​​កម្ពុជា, ការ​បន្តបង្ហូរ​ជនជាតិ​វៀតណាម​ខុសច្បាប់​ចូល​កម្ពុជា ហើយ​លេងល្បែង​បំភ័ន្តភ្នែក ដេញ​ចេញ​តិច​តួច​តាម​ផ្លូវ​ធំ និង​ឲ្យចូល​វិញតាម​ផ្លូវ​តូច, និង​រឿង​វៀតណាម​​រំលោភ​សិទ្ធិ​ពលរដ្ឋ​​ខ្មែរ​​កម្ពុជា​ក្រោម ដែ​លកំពុង​រស់នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ដូនតា​ខ្មែរ ក្រោមការ​ត្រួតត្រា​ដោយវៀតណាម​សព្វថ្ងៃ។

រដ្ឋធានីវ៉ាសុីនតុន ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០

 ប្រធានប្រតិបត្តិ
(ហត្ថលេខា)
ទូច វិបុល

SMD to Hun Sen on Vietnames immigrants 13-7-20

.