អត្ថបទសាព័ត៌មាន The Cambodia Daily / 07th-11-2020 / រូបភាព CWCI Cambodia

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅក្រៅប្រទេស បាន​ថ្កោល​ទោស​ថា ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ លើពិធីសារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក កាល​ពី​ថ្ងៃ​ទី​០២ វិច្ឆកា​នេះ គឺជា​ការធ្វើ​សម្បទាន​ទឹកដី​កម្ពុជា​ថ្មី​បន្ថែម​ទៀត ទៅ​ឲ្យ​រដ្ឋាភិបាល​វៀត​ណាម ដូច​គ្នា​ទៅ​នឹង​ការអនុម័ត​ច្បាប់​កំណត់​ព្រំដែន​រដ្ឋ កាល​ឆ្នាំ ១៩៨៥ ដូច្នោះ​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​រិះគន់​ថា «ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះគឺ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ទាំង​ស្រុង ត្បិត​សេចក្តី​សម្រេច​នេះ គឺផ្អែក​តែ​ទៅ​លើ​​{ឯកសារ​​សន្ធិសញ្ញា​ព្រំដែន​ថ្មីៗ មិន​ស្រប​ច្បាប់} និង ​ផែនទី​​ខុស​ច្បាប់​​​ថ្មី ខ្នាត ១/២៥.០០០ ដែល​បង្កើត​ចេញ​ពី​ផែនទីខ្នាត ១/១០០.០០០ ដែល​បាន​បោះពុម្ព​នៅ​វៀតណាម​ ដោយ​ខុស​ច្បាប់ និង​ផែនទី UTM ខ្នាត ១/៥០.០០០ ដែល​ទាហាន​អាមេរិក​កាំង ​ប្រើ​តែ​ក្នុង​សម័យ​សង្គ្រាម​វៀត​ណាម​តែប៉ុណ្ណោះ»

លោក ចាត់ទុកថា ការការអនុម័ត​សេចក្តី​ព្រាង​​ច្បាប់​ថ្មី​នេះ គឺជា​ការធ្វើ​ឡើង​​ដោយ​​ស្ងាត់ៗ និង​​មាន​ការ​លាក់​កំបាំង​ពី​ពលរដ្ឋខ្មែរ​ម្ចាស់​ប្រទេស ត្បិតជា​ការធ្វើ​ឡើង​ដោយ ឯកបក្ស គ្មាន​ការចូល​រួម​ដឹងឮ និង​ទទួលស្គាល់​ពី​បកុ្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន​​ឯករាជ និង​អ្នកជំនាញ​ប្រទេស​បារាំង​ ដែល​ជាម្ចាស់​ផែនទី​ដើម​របស់​កម្ពុជា​ ក្នុង​សម័យ​អណានិគម​នោះ។

ការរិះគន់​​{របស់លោក ម៉ែន ណាត​} នេះ​ ធ្វើឡើង​ក្រោយរដ្ឋសភា បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​ពិធីសារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

ជុំវិញការអនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ អនុប្រធាន​គណៈកម្មាធិការ​ព្រំដែន អ្នកស្រី កុយ ពិសី បាន​អបរសាទរ រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បញ្ចប់​ទាំងស្រុង​ក្នុង​ការបោះ​បង្គោល​​ព្រំដែន និង​ខណ្ឌសីមា​ព្រំដែន​គោក រវាង​​ព្រះរាជា​ណាចក្រ​កម្ពុជា និង​សាធារណៈ​រដ្ឋ​សង្គម​និយម​វៀតណាម ក្នុង​ខេត្ត​ចំនួន ៣ គឺខេត្ត​ព្រៃវែង ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ។

អនុប្រធាន​គណៈកម្មាធិការ​ព្រំដែន​រូប​នេះ អួតថា នេះគឺជា​សមិទ្ធិផល​​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង ​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​មាន​សិទ្ធិ និង​សមត្ថភាព​​គ្រប់​គ្រាន់​ ​ក្នុង​​ការ​កសាង​​ព្រំដែន​​ប្រទេស​​ដោយ​ខ្លួន​ឯង ដើម្បី​ទុក​ជា​មរតក​គ្រប់​ជំនាន់​តទៅ។ យ៉ាងណាក៏ដោយ អ្នកស្រី ក៏បាន​ថ្លែង​អំណរគុណ​ដល់​មន្ត្រី​ព្រំដែន ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ដែល​ខិតខំ​ទម្លុះ​ទម្លាយ​គ្រប់​ឧបសគ្គ តស៊ូ​ក្រាញ​ននៀល​ដើម្បី​សម្រេច​បាន​នូវ​ផ្លែ​ផ្កា​មួយ​នេះ។

ការអនុម័តលើ​សេចក្តី​​ព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក រវាង​កម្ពុជា​-​វៀតណាម នេះ ធ្វើឡើង​ក្រោយ​ការចុះ​ហត្ថ​លេខា​​យល់​ព្រម រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ហ៊ុន សែន {នាយក​រដ្ឋមន្រ្តី​កម្ពុជា} ទៅ​កាន់​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០១៩ កន្លង​ទៅ។

កម្ពុជា-វៀតណាម មាន​ព្រំដែនគោក​រួមគ្នាប្រវែង ១២៧០​ គីឡូ​ម៉ែត្រ ជាប់​ខេត្ត​ចំនួន ៩ ដែល​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ បាន​​បោះ​បង្គោល​​ព្រំដែន​ សម្រេច​បាន​ចំនួន ៨៤% ហើយ {ឬស្មើ ៣១៥ បង្គោល} ខណៈ ១៦% ទៀត មិន​ទាន់​ឯកភាព​គ្នា​នៅ​ឡើយ។

ពាក់ព័ន្ធ​នឹង​សេចក្តីព្រាង​ច្បាប់​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ធ្លាប់​បាន​ជំទាស់​នឹង​ការ​អនុម័ត​របស់​រដ្ឋសភាជាតិ លើ​បញ្ហា​ព្រំដែន​ ស្តីពី​ពិធីសារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក រវាង​កម្ពុជា​-​វៀតណាម ដោយ​ថា «ក្នុង​ស្ថានភាព​នយោបាយ​ដែល​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​ឯកភាពជាតិ និង​ក្នុងពេល​ដែល​សភាជាតិ គ្រប់​គ្រង​ដោយ​គណបក្ស​តែមួយ រដ្ឋសភាកម្ពុជា ពុំ​គួរ​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា ឬ​កិច្ច​ព្រម​ព្រៀង​នានា លើ​បញ្ហា​ព្រំដែន​នេះ​ឡើយ»

មន្ត្រីជាន់ខ្ពស់​របស់​សមាគម​អាដហុក លោក សឹង សែនករុណា លើក​ឡើង​លើ​គណនី​ហ្វេសប៊ុក​ថា «នៅពេល​អាន​សៀវភៅ​ប្រវត្តិសាស្ត្រ ស្រណោះ​ណាស់​នូវ វីរជន​ខ្មែរ​ណាស់ ដែល​បាន​លះបង់​សាច់ស្រស់​ឈាម​ស្រស់​ ទម្រាំ​នឹង​សល់​ទឹកដី​ប៉ុណ្ណេះ មិន​គួរ​ណា អ្នកនយោយបាយ​ជំនាន់​ក្រោយ ធ្វើ​ឲ្យ​រួញ​ទៅៗ ពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ​នោះ​ទេ»

ពិធីសារខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​កម្ពុជា​-​វៀតណាម នេះ នឹង​ចូល​ជា​ធរមាន​យកមក​អនុវត្ត ក្រោយ​រដ្ឋសភា ព្រឹទ្ធសភាជាតិ អនុម័ត​យល់​ព្រម និង​ទទួល​បាន​ការ​ឡាយ​ព្រះហស្ថ​លេខា​ពី​ព្រះមហាក្សត្រ ជា​មុន​សិន៕

.

.