អត្ថបទសារព័ត៌មាន The Cambodia Daily / 31-12-2020

អ្នកតាម​ដាន​បញ្ហា​សង្គម​កម្ពុជា មើល​ឃើញ​ថា ការ​លើក​ឡើង​ពី​ការ​បញ្ចប់​សង្រ្គាម ឬ​និយាយ​ពី​សន្តិភាព​របស់​ខ្លួន​ដដែលៗ ពី​សំណាក់​លោក ហ៊ុន សែន គឺ​ជា​ការ​បន្លំ​ភ្នែក​យុវជន​ជំនាន់​ថ្មី មិន​ឱ្យ​ឃើញ​ពី​ទិដ្ឋភាព​ជាក់​ស្តែង​ ដែល​មាន​បញ្ហា​យ៉ាង​ច្រើន​តែ​ប៉ុណ្ណោះ។

ប្រធាន​ប្រតិបត្តិ​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ លោក ទូច វិបុល សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ នេះថា លោក ហ៊ុន សែន លើក​ទ្បើង​នូវ​សមិទ្ធិផល​នៃការ​បញ្ចប់​សង្គ្រាម​ដដែលៗ ក្នុង​គោល​បំណង​បន្លំ​ភ្នែក​យុវជន​ជំនាន់​ថ្មី​ ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​បន្លំ​ភ្នែក​យុវជន​ជំនាន់​ថ្មី គឺ​ដើម្បី​កុំ​ឱ្យ​មជ្ឈដ្ឋាន​នានា យក​ចិត្ត​ទុក​ដាក់ ​មើល​​ភាព​ជាក់​ស្តែង​នៃ​ជីវភាព​​រស់​នៅ​ របស់​ពលរដ្ឋ​ខ្មែរ​ ជាង ៨ លាន​នាក់ ដែល​កំពុង​រស់​នៅ​ក្បែរ​បន្ទាត់​ភាព​ក្រីក្រ

លើស​ពីនេះ ការ​បាត់​បង់​ធនធាន​ធម្មជាតិ ការ​បាត់​បង់​ទឹកដី​ព្រំដែន អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ជាពិសេស​ការ​ធ្វើ​មាន​ធ្វើ​បាន​សម្រាប់​ក្រុម​គ្រួសារ​ខ្លួន និង​បក្ស​ពួក​របស់​ខ្លួន។ លើស​នេះ​ទៅ​ទៀត​ ការ​បំបិទ​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​ជា​ដើម។

លោក ទូច វិបុល យល់​ឃើញ​ថា មោទនភាព​នៃ​សន្តិភាព​របស់​លោក ហ៊ុន សែន ពេល​នេះ «ជា​មោទនភាព ​នៅ​ខ្វះ​ភាព​ថ្លៃ​ថ្នូរ»។ ការ​អះអាង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ នេះ បាន​ប្រកាស​ពី​សមិទ្ធិផល នៃ​ការ​បញ្ចប់​សង្គ្រាម​ក្រោម​ស្នាដៃ​ដឹកនាំ​របស់​លោក និង​ដោយ​សារ​សន្តិភាព​នា​ពេល​បច្ចុប្បន្ន ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​ការ​រីក​ចម្រើន។ លោក​ថា ដោយ​សារ​សន្តិភាព ពី​យុទ្ធសាស្រ្ត​ឈ្នះៗ​របស់​លោក បាន​ធ្វើ​ឱ្យ​តំណក់​ប្រេង​លើក​ដំបូង​នៅ​កម្ពុជា ត្រូវ​បាន​ប្រកាស​ទទួល​បាន​​នៅ​ថ្ងៃនេះ​ផង​ដែរ។

បុរស​​{លោក ហ៊ុន សែន} ដែល​តែង​និយាយ​ថា «ស្អប់​សង្រ្គាម» ប៉ុន្តែ​ចូល​ចិត្ត​ប្រកាស​ថា «នឹង​មាន​សង្គ្រាម​នៅ​ពេល​លោក​ចាញ់​ឆ្នោត​» បន្ត​​ថា​ ការ​ដែល​​លោក​​កំណត់​​យក​​ថ្ងៃទី​​២៩ ខែ​​ធ្នូ ឆ្នាំ​២០២០​ នេះ ជា​ថ្ងៃ​កម្ពុជា​ទទួល​បាន​ដំណក់​ប្រេង​ជា​លើក​ដំបូង​នោះ ព្រោះ​វា​ចំថ្ងៃ​ខួប​លើក​ទី​២២ ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា។ លោក​អះអាង​ថា ប្រសិន​បើ​គ្មាន​បញ្ចប់​សង្គ្រាម វា​ក៏​គ្មាន​ឯកភាព​ជាតិ ហើយ​ក៏​គ្មាន​ព្រឹត្តិការណ៍​ដំណក់​ប្រេ​ងលើក​ដំបូង លើ​ទឹកដី​ដ៏​កម្សត់​នេះ​ឡើយ។

នេះ​មិន​មែន​ជា​លើក​ទី១ ទេ ដែល​ប្រមុខ​រដ្ឋាភិបាល​រូប​នេះ ប្រកាស​ពី​សមិទ្ធផល​នៃ​ការ​បញ្ចប់​សង្គ្រាម​របស់​លោក ពោល​គឺ​លោក​តែង​និយាយ​ជា​រឿយៗ ពិសេស​នៅ​ពេល​ជិត​ដល់​រដូវ​កាល​បោះឆ្នោត​ ចូល​មក​ដល់។

ក្រុម​សង្គមស៊ីវិល​ក្នុង​ស្រុក និង​ក្រៅស្រុក​មួយ​ចំនួន ធ្លាប់​លើក​ឡើង​ថា កម្ពុជា​មិន​មាន​សង្រ្គាម​ក៏​ពិត​មែន ​ប៉ុន្តែ​នៅ​មាន​បញ្ហា​ជា​ច្រើន​ ដែល​បង្ក​ការ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ។ បញ្ហា​ទាំង​នោះ ដូច​ជា​ចោរកម្ម គ្រឿង​ញៀន គ្រោះ​ថ្នាក់​ចរាចរណ៍ បញ្ហា​សីលធម៌​ធ្លាក់​ចុះ​ខ្លាំង។ ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ ក្រោយ​ស្លាក​នៃ​ការ​អភិវឌ្ឍន៍ ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បំ​បិទ​សិទ្ធិ​សេរីភាព ជា​ពិសេស​ការ​បំបាត់​សំឡេង​ប្រឆាំង​ ក្នុង​សង្គម​លទ្ធិ​ប្រជា​ធិបតេយ្យ ជាដើម។

កាល​ពីខែ​កញ្ញា អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស នៅ​កម្ពុជា បាន​ធ្វើ​របាយការណ៍​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ នៃ​អង្គការ​សហ​ប្រជា​ជាតិ ដោយ​សង្កត់​ធ្ងន់​ថា សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋខ្មែរ​បន្ត​ធ្លាក់​ចុះ។ លើស​ពី​នេះ ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ ក៏​កាន់​តែ​ដើរ​ថយ​​ក្រោយ ព្រោះ​អំណាច​ទាំង​ស្រុង​ ត្រូវ​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្តាច់​មុខ​ទាំង​ស្រុង​នា​ពេល​បច្ចុប្បន្ន៕

.

.