អត្ថបទ៖ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 19-01-2021
ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស ជុំរុញឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតសារមន្ទីជាតិ នៃការបាត់បង់ទឹកដីខ្មែរ ដើម្បីបំផុសស្មារតីជាតិដល់កូនខ្មែរគ្រប់រូប ឲ្យសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន ដែលបានធ្លាក់ចុះតាមគ្រប់រូបភាព និងគ្រប់សម័យកាល។
ជាងនេះទៀត ពួកគេថា សារមន្ទីជាតិ នៃការបាត់បង់ទឹកដីនេះ មានការសារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្ហាញដល់ពលរដ្ឋ យុវជន អ្នកសិក្សាស្រាវជ្រាវ និងយុវជនជំនាន់ក្រោយ អំពីប្រវត្តិនៃការបាត់បង់ទឹកដី ដោយសារការរំលោភបំពានពីបរទេសជិតខាង។
ប្រធានប្រតិបត្តិនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនីហ្វេសប៊ុករបស់លោកថា សារមន្ទីរ ដែលចារិកអំពីការបាត់បង់ទឹកដីខ្មែរនេះ នឹងក្លាយទីកន្លែងលាតត្រដាងប្រវត្តិសាស្ត្រគ្រប់ដំណាក់កាល នៃអាណាចក្រខ្មែរដ៏អស្ចារ្យ និងការស្រុតចុះនៃអាណាចក្រខ្មែរដ៏រុងរឿងគ្រប់ជំនាន់ផងដែរ។ លោក អះអាងថា សារមន្ទីជាតិនៃការបាត់បង់ទឹកដីខ្មែរនេះ គឺជាប្រភពដ៏ចម្បងក្នុងការបណ្តុះស្មារតីជាតិ ដល់កូនខ្មែរគ្រប់រូប មិនចេះរីងស្ងួត។
លើសពីនេះ ដើម្បីឲ្យដឹងច្បាស់ពីការបាត់បង់ទឹកដី កម្ពុជាលើ កម្ពុជាក្រោម និងកម្ពុជាកណ្តាល ដោយសារនយោបាយវាតទីនិយមពីប្រទេសថៃ និងវៀតណាម ព្រមទាំងការបែកបាក់ផ្ទៃក្នុងជាតិខ្មែរខ្លួនឯងថែមទៀតផង។
លោក ទូច វិបុល បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា អាចសាងសង់«សារមន្ទីរនៃការបាត់បង់ទឹកដី»នេះ ទុកជាកេរ្តិរ៍តំណែលឲ្យអ្នកជំនាន់ក្រោយ ដើម្បីឲ្យពួកគេ អាចសិក្សាស្រាវជ្រាវពីចំនុចខ្វះខាត នៃការដឹកនាំ ក្នុងសម័យកាលនីមួយៗ ដែលធ្វើឲ្យមហាអាណាចក្រខ្មែរ ធ្លាក់ចុះអន់ថយ។ លោកថា នៅកម្ពុជាមានតែសារមន្ទីរ បង្ហាញពីការឈឺចាប់នៃប្រវត្តិសាស្ត្ររបស់ខ្លួនតែប៉ុណ្ណោះ តែមិនទាន់មានសារមន្ទីរបន្តផ្តល់ចំណេះដឹង សម្រាប់និស្សិត បញ្ញវន្តខ្មែរនៅឡើយទេ។
ការអះអាងនេះ ធ្វើឡើងស្របពេលកម្ពុជា មានសារមន្ទីរមួយចំនួន ដែលជាកន្លែងរំលឹកប្រវត្តិសាស្ត្រ និងកេរ្តិ៍មត៌កសម័យអង្គរ របស់ខ្លួន សម្រាប់កូនខ្មែរជំនាន់ក្រោយ ប៉ុន្តែសារមន្ទីរជាតិសម្រាប់ចារិក និងតម្កល់ភស្តុតាង ឬឯកសារនានា ស្តីអំពីការបាត់បង់ទឹកដីរបស់កម្ពុជានោះ មិនទាន់មាននៅឡើយទេ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោកយល់ព្រមនឹងការបង្កើតសារមន្ទីរនេះឡើង ប៉ុន្តែលោក សុំប្តូរពីសារមន្ទីរនៃការបាត់បង់ទឹកដី មកជា«សារមន្ទីរស្រាវជ្រាវផែនទីភូមិសាស្ត្រខ្មែរ» ជំនួសវិញ។
លោក បញ្ជាក់ថា សារមន្ទីរនេះ នឹងតម្កល់ឯកសារនានា និងផែនទីរបស់កម្ពុជា ដែលបង្ហាញពីការបាត់បង់ទឹកដី និងការពង្រីកទឹកដីខ្មែរ ក្នុងប្រវត្តិសាស្ត្រ តាំងពីសតវត្សទី១ មកដល់បច្ចុប្បន្ន។ លោកថា ការបង្កើតសារមន្ទីរនេះឡើង គឺក្នុងគោលបំណង លើកស្ទួយស្មារតីកូនខ្មែរឲ្យស្រឡាញ់ជាតិ និងមានគំនិតជាតិនិយមថ្លៃថ្នូរ ព្រមទាំងស្គាល់ប្រវត្តិសាស្រ្តជាតិខ្មែរខ្លួនឯងពិតប្រាកដ។
កម្ពុជាបច្ចុប្បន្ន មានសារមន្ទីរចំនួន ៣ កន្លែងប៉ុណ្ណោះ គឺទី១. សារមន្ទីរជាតិ ឬសាលារចនា ជាកន្លែងសម្រាប់តំកល់វត្ថុបុរាណផ្សេងៗ។ ទី២. សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬគុកទួលស្លែង ហើយ ទី៣. សារមន្ទីរប្រវត្តិសាស្ត្រជើងឯក ឬវាលពិឃាតបឹងជើងឯក ដែលជាបូជនីយដ្ឋាន រំលឹកអំពីរបបប្រល័យពូជសាសន៍របស់កម្ពុជា ក្នុងរបបខ្មែរក្រហម។
សារមន្ទីរជាតិ បានដំណើរការឡើងវិញ ក្នុងឆ្នាំ ១៩៩៥ ជាទីកន្លែងសម្រាប់តំកល់វត្ថុបុរាណ ដែលសល់តាំងពីសម័យមុនអង្គរ និងសម័យអង្គរ។ រីឯសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងសម្រាប់តម្លល់ឯកសារប្រត្តិសាស្ត្រអ្នកទោសក្នុងរបបខ្មែរក្រហម ដូចជាឯកសារស្តីអំពីការធ្វើទារុណកម្មសួរចម្លើយជាដើម។
ចំណែក សារមន្ទីរប្រវត្តិសាស្ត្រ ជើងឯក ជាទីតាំងសម្រាប់ថែរក្សាទុកភស្តុតាងគំនរឆ្អឹងពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ ដែលត្រូវបានកាប់សម្លាប់យ៉ាងព្រៃផ្សៃក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយទីតាំងនេះ ក៏បានចាត់ទុកជាសារមន្ទីរប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិទៀតផង។
ពាក់ព័ន្ធនឹងបញ្ហានេះ បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថា ការចេះដឹងជាកម្លាំង និងជាអំណាច ផងដែរ។ ដូច្នេះអ្នកនយោបាយជំនាន់ក្រោយ ត្រូវចេះដឹងជាងអ្នកនយោបាយជំនាន់មុន និងត្រូវស្គាល់ទឹកដីអាណាចក្រខ្មែរ ពីសម័យមុន ដែលជាប្រទេសរបស់ខ្លួន ឲ្យបានច្បាស់លាស់ផង និងស្គាល់បរទេសជិតខាងផង ជាពិសេសប្រទេសវៀតណាម តែម្តង៕


.
.