បន្ទាប់ពី​ឈ្នះ​ការបោះឆ្នោត​ជាតិ​​ជា​លើកទី២ កាល​ពីថ្ងៃទី០៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi​) និង​​អ្នក​នយោបាយ​​មួយ​​​ចំនួន ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន តាម​​រយៈ​​ការធ្វើរដ្ឋប្រហារ​របស់ក្រុមយោធា នៅ​ព្រឹក​ថ្ងៃទី០១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ពេលនេះ ក្រុមយោធា ដែលដឹកនាំដោយលោក មិន អ៊ុងឡាង (Min Aung Hlaing) ប្រកាសឡើង​កាន់​អំណាច​ និង​​​​ដាក់​ប្រទេស​​ក្នុង​គ្រា​មាន​អាសន្ន ១​ឆ្នាំ។

ការបោះឆ្នោតកាលពីខែ វិច្ឆិកា គណបក្ស​សម័្ពន​ប្រជា​ធិបតេយ្យ របស់​លោកស្រី អ៊ុងសាន ស៊ូជី បាន​​ឈ្នះ​​អាសនៈ​​រដ្ឋសភា ចំនួន ៣៩៧ លើ​ពួក​យោធា ក្នុង​ចំណោម​អាសនៈសរុប ៤៧៦។

បណ្តាញផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ​នានា បាន​ឲ្យ​ដឹង​​ថា ក្រុម​មេដឹកនាំ​ពិភពលោក រួម​​ទាំង​អង្គការ​សហ​ប្រជា​ជាតិ (អ.ស.ប.) និង​ចិន​ផង មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ចំពោះ​ព្រឹត្តិការណ៍​នៅ​ប្រទេស​ភូមា ដោយ​បាន​អំពាវនាវ​ឲ្យ​ក្រុម​មេដឹកនាំ​យោធា ដោះ​លែង​លោកស្រី អ៊ុងសាន ស៊ូជី និង​អ្នកនយោបាយ ដើម្បី​ស្តារ​ស្ថានការណ៍​វិល​ទៅ​រក​ប្រក្រតីភាព​ឡើង​វិញ។

អត្ថបទបន្ថែមដោយលោក ម៉ែន ណាត

VOA News / 02-2-2021 / ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

ជីវប្រវត្តិ​​សង្ខេប​របស់​លោកស្រី Aung San Suu Kyi

នេះ​​គឺ​ជា​ជីវប្រវត្តិ​​សង្ខេប​របស់​​លោកស្រី Aung San Suu Kyi​ មេដឹកនាំ​​នៃ​​ប្រទេស​​មីយ៉ាន់ម៉ា។

លោកស្រី​ Aung San Suu Kyi ​មាន​អាយុ​ ៧៥​​ឆ្នាំ បាន​​ឡើង​កាន់​​អំណាច​​ បន្ទាប់​​ពី​ទទួល​​បាន​​ជ័យ​​ជម្នះ​​ភ្លូក​ទឹក​ភ្លូក​​ដី​​​ពី​ការ​បោះ​ឆ្នោត​​ក្នុង​​ឆ្នាំ​ ២០១៥ ​ដែល​​បាន​​បង្កើត​​រដ្ឋាភិបាល​​ស៊ីវិល​​លើក​ទីមួយ ​ក្នុង​​រយៈ​ពេល​​កន្លះ​​សតវត្សរ៍​កន្លង​​ទៅ​​នេះ។

លោកស្រី​ Aung San Suu Kyi គឺ​ជា​កូន​របស់​លោក Aung San ដែល​​ជា​វីរជន​​ដណ្តើម​​ឯករាជ្យ​​ពី​​ចក្រ​ភព​​អង់គ្លេស​។ លោកស្រី​បាន​​ចំណាយ​​ពេល​​វេលា​​យុវវ័យ​​របស់​​លោកស្រី​​ ភាគ​ច្រើន​​នៅ​​បរទេស។

នៅ​ឆ្នាំ​ ១៩៨៨ លោក​ស្រី​ Aung San Suu Kyi បាន​​វិល​ត្រឡប់​​ទៅ​កាន់​​ទីក្រុងរ៉ង់ហ្គូន ដែល​​កាល​​ពី​ពេល​​នោះ​​ជា​រដ្ឋធានី​​នៃ​ប្រទេស​​មីយ៉ាន់ម៉ា ដើម្បី​​មើល​​ថែ​ទាំ​​ម្តាយ​​របស់​​លោកស្រី​ ហើយ​​លោកស្រី​​ ត្រូវ​​បាន​​ជ្រើសរើស​​ឲ្យ​ដឹកនាំ​​ការ​តវ៉ា​​ប្រឆាំង​ ដែល​ដឹកនាំ​​ដោយ​​ពួក​និស្សិត​​ប្រឆាំង​​នឹង​​ពួក​យោធា​ ដែល​​បាន​​គ្រប់គ្រង​​ប្រទេស​​ចាប់​តាំង​​ពី​​រដ្ឋប្រហារ ​នៅ​ឆ្នាំ​ ១៩៦២​ មក។

ក្នុង​នាម​ជាវាគ្មិន​​សាធារណៈ​​ដ៏​ពូកែ​​ម្នាក់ លោកស្រី​ បាន​​ក្លាយ​​ជា​បេក្ខជន​​ម្នាក់ ​ដែល​​អាច​​ដឹកនាំ​​ចលនា​នោះ ប៉ុន្តែ​​ការ​​តវ៉ា​​ប្រឆាំង​​នោះ ត្រូវ​​បាន​បង្ក្រាប ហើយ​​បណ្ដា​​មេដឹកនាំ​​របស់​​ចលនា​​នោះ ត្រូវ​បាន​​គេ​​សម្លាប់​ និង​​ចាប់​​ដាក់​​ពន្ធនាគារ។​ លោកស្រី​ Aung San Suu Kyi ភ្លាម​ៗ​​នោះ​ ក៏ត្រូវ​​បាន​​គេ​​ដាក់​​ឲ្យ​​ស្នាក់​​នៅ​​តែ​​ក្នុង​​ផ្ទះ​​របស់​​លោកស្រី ​ក្បែរ​​មាត់បឹង​​ដែល​​លោក​ស្រី ​បាន​​ស្ថិត​​នៅ​​ទីនោះ​​រហូត​​ដល់​​ឆ្នាំ ២០១០។

លោកស្រី​បាន ​ទទួល​​រង្វាន់​​ណូបែល​​សន្តិភាព ​នៅ​​ឆ្នាំ​ ១៩៩១ ដែល​​កូនប្រុស​​របស់​​លោកស្រី​​ ឈ្មោះ Alexander បាន​​ទទួល​​រង្វាន់​​នោះ​​ជំនួស​​លោកស្រី។

នៅ​ខែ​សីហា ឆ្នាំ ២០១១ លោកស្រី​ Aung San Suu Kyi បាន​​ជួប​ជា​​លើក​ទី១​ ជាមួយ​​នឹង​​លោក Thein Sein ដែល​​កាល​​ពី​​ពេល​នោះ ​គឺ​​ជា​ប្រធានាធិបតី​ មីយ៉ាន់ម៉ា ដែល​​នោះ​​គឺ​​ជា​​ការ​​ចាប់ផ្ដើម​​នៃ​​អំឡុង​​ពេល​ទំនាក់ទំនង​​ជាមួយ​​នឹង​​រដ្ឋាភិបាល​​របស់​​អតីត​យោធា។ លោក Thein Sein គឺ​ជា​អតីត​​ឧត្ដមសេនីយ៍​ និង​​ជា​​ប្រធាន​រដ្ឋបាល​​ស៊ីវិល​។

នៅ​ឆ្នាំ​ ២០១៥ លោកស្រី Aung San Suu Kyi បាន​​ឡើង​​កាន់​អំណាច​​នៅ​​ក្នុង​​តួនាទី​​មួយ​ ដើម្បី​​បញ្ចប់​​សង្គ្រាម​​ស៊ីវិល បង្កើន​ការ​វិនិយោគ​ទុន​​បរទេស ហើយ​​និង​​កាត់​​បន្ថយ​​តួនាទី​​យោធា​ នៅ​​ក្នុង​​នយោបាយ។ លោក​ស្រី ​ក៏​បាន​​សន្យា​​ជាមួយ​​សម្ព័ន្ធ​មិត្ត​​លោក​ខាង​​លិច​​ថា លោកស្រី​​នឹង​​ដោះស្រាយ​​បញ្ហា​​ជន​ជាតិ​​ភាគតិច​​រ៉ូហ៊ីងយ៉ា​ កាន់​​សាសនា​​ឥស្លាម​​ផង​​ដែរ។

កងជីវពល​ជន​ជាតិ​​ភាគតិច​​រ៉ូហ៊ីងយ៉ា បាន​​វាយ​​ប្រហារ​​កងកម្លាំង​​សន្តិសុខ​​ នៅ​​ក្នុង​រដ្ឋ Rakhine នៅ​​ខែ​​សីហា ឆ្នាំ​ ២០១៧។ យោធា​​បាន​​ឆ្លើយ​តប​វិញ​​ដោយ​​យុទ្ធនាការ​ ដែល​​រួមមាន​​ការ​ដុត​​បំផ្លាញ​ភូមិ​​រាប់​រយ ​និង​​សម្លាប់​​មនុស្ស​​ផង​ដែរ។ លោកស្រី ​Aung San Suu Kyi បាន​ស្តី​បន្ទោស​ «ភេរវជន» ចំពោះ​​ព័ត៌មាន​​ក្លែងក្លាយ​​អំពី​​វិបត្តិ​នេះ​ ហើយ​​បាន​​និយាយ​​ថា ពួក​យោធា​​បាន​​អនុវត្ត​​តាម «នីតិរដ្ឋ»។

លោកស្រី ​បាន​​ទៅ​ទីក្រុង​​ឡាអេ​ នៅ​ឆ្នាំ ​២០១៩​ ដើម្បី​​ប្រឈម​នឹង​​ការចោទ​​ប្រកាន់​​ពី​​ការ​​ប្រល័យ​​ពូជសាសន៍ ​ប្រឆាំង​​នឹង​​មីយ៉ាន់ម៉ា​ នៅ​​ឯ​តុលាការ​​ព្រហ្មទណ្ឌ​​អន្តរជាតិ ​ក្រុង​ឡាអេ។ លោក​ស្រី​ បាន​​ទទួល​​ស្គាល់​​ពី​​លទ្ធភាព​​នៃ​​ឧក្រិដ្ឋកម្ម​​សង្គ្រាម​ ដែល​បាន​​ធ្វើ​ឡើង ក៏ប៉ុន្តែ ចាត់​​ទុក​​ការ​បង្ក្រាប​​នោះ​​ថា ​ជា​កិច្ច​ប្រតិបត្តិការ​​យោធា​​ស្រប​ច្បាប់ ​ប្រឆាំង​​នឹង​​ពួក​​ភេរវជន។

លទ្ធផល​​នៃ​ការបោះឆ្នោត​​សភា ​ខែ​​វិច្ឆិកា ឆ្នាំ​ ២០២០ បាន​​បង្ហាញ​ថា គណបក្ស​​សម្ព័ន្ធភាព​​ជាតិ​​ដើម្បី​​លទ្ធិ​​ប្រជា​ធិបតេយ្យ​ របស់​​លោក​ស្រី បាន​ឈ្នះ​​អាសនៈ​​សភា​​គ្រប់​គ្រាន់ ​ដើម្បី​​បង្កើត​​រដ្ឋបាល​ថ្មី។ គណបក្ស​​សម្ព័ន្ធភាព​​ជាតិ​​ដើម្បី​​លទ្ធិ​​ប្រជា​ធិបតេយ្យ បាន​​បញ្ជាក់​​ថា ខ្លួន​​នឹង​​ស្វះស្វែង​​បង្កើត​​រដ្ឋាភិបាល​ឯកភាព​​ជាតិ​​មួយ

បន្ទាប់ពី​​ការ​តវ៉ា​​អស់​​រយៈពេល​​ប៉ុន្មាន​​សប្តាហ៍​ អំពី​​លទ្ធផល​​នៃ​​ការ​បោះឆ្នោត ​ដែល​​ទាក់​ទិន​​ជាមួយ​​យោធា ​មក កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​០១ ខែ​​កុម្ភៈនេះ លោក​ស្រី ​Aung San Suu Kyi លោក​ប្រធានាធិបតី Win Myint និង​​ឥស្សរជន​​ជាន់​ខ្ពស់​​ផ្សេង​​ទៀត​ មក​​ពី​​គណបក្ស​​កាន់​​អំណាច​ ​ត្រូវ​បាន​​ចាប់​ឃុំ​ខ្លួន​ ​នៅ​​ក្នុង​​ការ​​វាយ​​ឆ្មក់​មួយ ​កាល​ពី​​ពេល​​ព្រឹក​​ថ្ងៃ​ច័ន្ទ៕

.

.