វិទ្យុអាស៊ីសេរី (RFA Khmer) / ដោយ មាន ឫទ្ធិ / 12th-2-2021

ប្រពន្ធ​​ប្រធាន​​គណបក្ស​​ខ្មែរ​​ឈ្នះ​ លោក សួង សុភ័ណ្ឌ សោក​ស្ដាយ​​​ដែល​​​តុលាការ​​​ផ្ដន្ទា​ទោស និង​​​បង្គាប់​​​ឱ្យ​​​ប្ដី​​​លោក​ស្រី​ សង​​​កន្លះ​​​លាន​​​ដុល្លារ​ ទៅ​​​គណៈ​​កម្មាធិការ​​​ចម្រុះ​​​កិច្ច​​ការ​​​ព្រំដែន​​​កម្ពុជា។ អ្នក​ឃ្លាំ​មើល​​ព្រំដែន​ ​ចាត់​​ទុក​​សំណុំ​រឿង​​នេះ ជា​​ការ​​កាច់​​បំបាក់​​ទស្សនៈ​​ជាតិ​និយម​​របស់​​ពលរដ្ឋ​​យ៉ាង​​អយុត្តិធម៌។

ប្រពន្ធ​​ប្រធាន​​គណបក្ស​​ខ្មែរ​​ឈ្នះ លោក សួង សុភ័ណ្ឌ គឺ​​លោកស្រី ហង្ស ផាវី ប្រាប់​​អាស៊ី​សេរី នៅ​​ថ្ងៃ​ទី ១២ កុម្ភៈ​​ ថា​គ្រួសារ​​លោក​ស្រី​ ពុំ​​មាន​​លទ្ធភាព​​ផ្តល់​​សំណង ៥ សែន​ដុល្លារ​អាមេរិក ​ជូន​​ទៅ​​គណៈ​កម្មាធិការ​​ចម្រុះ​​កិច្ចការ​​ព្រំដែន​​កម្ពុជា ដែល​​មាន​​លោក វ៉ា គឹមហុង ជា​​ប្រធាន​​នោះ​​ទេ។ លោក​ស្រី​​ចាត់​​ទុក​​សេចក្ដី​​សម្រេច​​របស់​​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ គឺ​ជា​​រឿង​​អយុត្តិធម៌​ និង​​ធ្វើ​បាប​​គ្រួសារ​​លោក​ស្រី ព្រោះ​​ប្ដី​​របស់​​លោក​ស្រី​ មិន​បាន​​ប្រព្រឹត្ត​​កំហុស​​ដូច​​ការ​ចោទប្រកាន់​​នោះ​​ទេ៖ «ទោះ​បី​​ជា​​អ្នក​​នយោបាយ​​វ័យ​​ក្មេង អត់​​មាន​​បាន​​ទៅ​​រកស៊ី​​អ្វី​​ឱ្យ​​មាន​​ប្រាក់​​រាប់​​លាន ដើម្បី​​ទៅ​​សង​​ជំងឺ​​ចិត្ត​​អ៊ីចឹង​​ទេ ខ្ញុំ​​អត់​មាន​​ទេ។ ខ្ញុំ​​សូម​​ឱ្យ​​លោក វ៉ា គឹមហុង និង​​តុលាការ ទម្លាក់​​ចោល​​ការ​​ចោទ​​ប្រកាន់​​នេះ និង​​ទម្លាក់​​ចោល​​ផាក​ពិន័យ​ ​សង​ជំងឺ​ចិត្ត​​នេះ ព្រោះ​​គាត់​​អត់​​បាន​​ទៅ​​បង្ក​​ចលាចល​​​ឱ្យ​​ប្រទេស​​មាន​​បញ្ហា​​អី​​ទេ»

សាលាដំបូង​​រាជធានី​​ភ្នំពេញ កាល​ពី​ថ្ងៃ​​ទី ១០ ខែ​​កុម្ភៈ បាន​កាត់​ទោស​​ប្រធាន​​គណបក្ស​​ខ្មែរ​​ឈ្នះ លោក សួង សុភ័ណ្ឌ ឱ្យ​​ជាប់​​ពន្ធនាគារ​​រយៈ​​ពេល ១ ឆ្នាំ ៨ ខែ (២០​ខែ) និង​​បង្គាប់​​ឱ្យ​​សង​ជំងឺ​ចិត្ត​​គណៈ​កម្មាធិការ​​ចម្រុះ​​កិច្ចការ​​ព្រំដែន​​កម្ពុជា ដែល​​ជា​ដើម​​បណ្ដឹង​​ចំនួន ២​​ពាន់​​លាន​​រៀល ឬ​​ស្មើ​​នឹង ៥​សែន​​ដុល្លារ ក្រោម​​បទ​​ញុះញង់​​បង្ក​​ឱ្យ​​មាន​​ភាព​​វឹកវ​រ​ធ្ងន់ធ្ងរ​​ដល់​​សន្តិសុខ​​សង្គម។

អាស៊ី​សេរី​ បាន​​ព្យាយាម​​សុំ​​ការ​​បក​ស្រាយ​​រឿង​​នេះ ​ពី​​ប្រធាន​​គណៈ​កម្មាធិការ​​ចម្រុះ​​កិច្ចការ​​ព្រំដែន​​កម្ពុជា លោក វ៉ា គឹម​ហុង ក៏​​ប៉ុន្តែ​​ទូរស័ព្ទ​​ហៅ​​ចូល​​ច្រើន​​ដង​គ្មាន​​អ្នក​​លើក​​នៅ​​ថ្ងៃ​ទី​១២ កុម្ភៈ។

ប៉ុន្តែ​​អនុ​ប្រធាន​​គណៈ​​កម្មាធិការ​​ចម្រុះ​​កិច្ចការ​​ព្រំដែន​​កម្ពុជា អ្នកស្រី កុយ ពិសី បាន​​ប្រាប់​​កាសែត​​ក្នុង​​ស្រុក​​ថា អ្នក​ស្រី​​មិន​​ធ្វើ​​អត្ថាធិប្បាយ​​ជុំវិញ​​សេចក្ដី​​សម្រេច​​របស់​​តុលាការ​​​ក្នុង​​សំណុំរឿង​​នេះ​​ទេ ដោយ​​ស្ថាប័ន​​ជំនាញ​​មួយ​​នេះ​ ផ្ដោត​​តែ​​​លើ​​ការងារ​​បម្រើ​​ជាតិ។

ទោះ​ជា​​យ៉ាង​ណា មុន​​ពេល​​ចាប់​ខ្លួន​​លោក រ៉ុង ឈុន និង​​លោក សួង សោភ័ណ្ឌ លោក​​នាយ​ក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​​ថ្លែង​​សារ​​ព្រមាន​​ជា​​សាធារណៈ​​ថា នឹង​​ចាប់​ខ្លួន​​នរណា ​ដែល​​ហ៊ាន​​ចេញ​មុខ​​រិះគន់​​រដ្ឋាភិបាល​​ក្នុង​​រឿង​​បញ្ហា​​ព្រំដែន។ លោក​​ថា កុំ​យក​​រឿង​​ព្រំដែន​​ទៅ​​និយាយ​​ញុះញង់ ព្រោះ​​អាច​​នឹង​​កើត​​សង្គ្រាម​​ជាមួយ​​ប្រទេស​​ជិត​ខាង។

មន្ត្រី​​សង្គម​​ស៊ីវិល ​ចាត់​ទុក​​សេចក្ដី​​សម្រេច​​របស់​​តុលាការ​​បែប​នេះ គឺ​​ធ្វើឡើង​​តាម​​បញ្ជា​​របស់​​លោក​​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន

ប្រធាន​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា ដែល​​កំពុង​​រស់​នៅ​​ប្រទេស​​​ន័រវេ (Norway)​ លោក​ ម៉ែន ណាត ជំរុញ​​​ឱ្យ​​​រដ្ឋាភិបាល​​​បញ្ឈប់​​​ការ​​​យក​​​បញ្ហា​​​បូរណភាព​​​ទឹក​ដី ដើម្បី​​គំរាម​​កំហែង និង​​​ចាប់​​ចង​​​អ្នក​រិះគន់៖ «សាល​ក្រម​​​របស់​​​តុលាការ​​​កម្ពុជា​​​ទីក្រុង​​​ភ្នំពេញ​​​នេះ គឺ​​​ជា​​​ការ​​​សម្រេច​​​ចិត្ត​​​មួយ ​ដ៏​​​វង្វេង​​​ចំពោះ​​​ស្មារតី​​​ជាតិ គឺ​​​ជា​​​ការ​​​បង្ក្រាប​​ទស្សនៈ​​​ជាតិ​​​និយម​​​របស់​​​ពលរដ្ឋ។ ​យើង​អំពាវនាវ​​​​ឱ្យ​​​តុលាការ​​​ទម្លាក់​​​បទ​​​ចោទ​ និង​​​សើរើ​​​បញ្ហា​​នេះ​​ឡើង​​វិញ ផ្តល់​​យុត្តិធម៌​​ឱ្យ​​លោក សួង សោភ័ណ្ឌ លោក រ៉ុង ឈុន ព្រម​​ទាំង​​យុវជន​​ទាំង​​អស់»

សំណុំរឿង​​ទាក់ទង​​នឹង​​បញ្ហា​​ព្រំដែន​ ​រវាង​​កម្ពុជា និង​​វៀតណាម​​នេះ អាជ្ញាធរ​​បាន​​ចាប់​​ខ្លួន​ប្រធាន​​សហភាព​​សហជីព​​កម្ពុជា និង​​ជា​​សមាជិក​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា លោក រ៉ុង ឈុន កាល​​ពី​ថ្ងៃ​ទី ៣១ ខែ​​កក្កដា ឆ្នាំ​២០២០ បន្ទាប់​​មក​​បាន​​ចាប់​​ខ្លួន​​ប្រធាន​​គណបក្ស​​ខ្មែរ​​​ឈ្នះ លោក សួង សុភ័ណ្ឌ

ចាប់​​តាំង​​ពី​ដើម​​ឆ្នាំ ២០២០ មក​​ដល់​​ថ្ងៃ​ទី ១០ កុម្ភៈ អាជ្ញាធរ​​បាន​​ចាប់​​ខ្លួន​​សកម្មជន​​នយោបាយ សកម្មជន​​សង្គម​​ព្រះសង្ឃ​​ខ្មែរ​​ថាវរៈ សកម្មជន​​បរិស្ថាន និង​​ក្រុម​យុវជន ជិត ៧០ នាក់ ដាក់​​ពន្ធនាគារ។ តុលាការ​​បាន​​ចោទ​​ប្រកាន់​​ពួក​​គេ​ ពី​​បទ​​រួម​​គំនិត​​ក្បត់ ​​ញុះញង់ និង​​ប្រមាថ​​ថ្នាក់​​ដឹក​នាំ​​រដ្ឋាភិបាល​​ ជា​ដើម។

ប្រទេស​​ប្រជា​ធិបតេយ្យ សង្គម​​ស៊ីវិល​​ជាតិ-អន្តរជាតិ និង​​ក្រុម​​អ្នក​​ជំនាញ​​សិទ្ធិ​​មនុស្ស​​អង្គការ​​សហ​ប្រជាជាតិ (អ.ស.ប.)​ បាន​​ស្នើ​​យ៉ាង​​ទទូច​​ឱ្យ​​របប​​លោក ហ៊ុន សែន ដោះ​​លែង​​អ្នក​ទោស​​មនសិការ​​ទាំង​​នេះ ហើយ​​ងាក​​មក​​គោរព​​សិទ្ធិ​​ពលរដ្ឋ​​វិញ ព្រោះ​​មាន​តែ​​ធ្វើ​​​បែប​​នេះ ទើប​​កម្ពុជា​​អាច​​ចៀស​​ផុត​​ពី​​ទណ្ឌកម្ម​​របស់​​សហគមន៍​​អន្តរជាតិ៕

.