The Cambodia Daily
05th-2-2021

មន្ត្រីខ្ពស់​គណបក្ស​ប្រជា​ធិបេតយ្យ​មូលដ្ឋាន (GDP) ប្រតិកម្ម​ថា ហានិភ័យ​ធំ​សម្រាប់​កម្ពុជា គឺ​ការ​អាច​បាត់​បង់​អធិបតេយ្យភាព​ជាតិ ដែល​​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម ឬ​ក្លាយ​ជា​ប្រទេស អាយ៉ង​របស់​ចិន។ ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​វៀត​ណាម និង​ចិន បង្ក​ឲ្យ​មាន​ទាំង​ហានិភ័យ និង​ឱកាស​សម្រាប់​កម្ពុជា។

គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន បណ្ឌិត សាម អ៊ីន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​​ថា «ប្រទេស​វៀតណាម មាន​​មហិ​ច្ឆិតា​ចង់​គ្រប់គ្រង ហើយ​បើ​អាច គឺ​លេប​ត្របាក់​កម្ពុជា​តែម្តង»។ ដោយ​ឡែក​ ប្រទេស​ចិន​ មាន​នយោបាយ​ច្បាស់​លាស់​ចំពោះ​កម្ពុជា គឺ​ទប់ទល់​កុំ​ឲ្យ​វៀតណាម​ យក​កម្ពុជា​បាន ​ពីព្រោះ ​កម្ពុជា​មាន​ផល​ប្រយោជន៍​សម្រាប់​ភូមិ​សាស្រ្ត​​នយោបាយ​​របស់​​ពួក​គេ»

លោក អះអាង​ថា ការប្រកួតប្រជែង​រវាង​ចិន និង​វៀតណាម ក៏​ផ្តល់​ឱកាស​​ឲ្យ​​កម្ពុជា​​ផង​​​ដែរ ក្នុង​ការ​កាច់​ចង្កូត​ប្រទេស​ទៅ​កសាង​អធិបតេយ្យភាព​របស់​ខ្លួន​ជាមួយ​ភាព​រុងរឿង​សម្បូរ​សប្បាយ ដោយ​អាច​ចង​សម្ព័ន្ធភាព​ជាមួយ​ចិន ជាមិត្ត​ល្អ ដែល​ចិន គោរព​ស្រឡាញ់ និង​ឲ្យ​តម្លៃ ហើយ​ពុំ​មាន​នយោបាយ​ចង​អាឃាត​ជាមួយ​កម្ពុជា។

បណ្ឌិត សាម អ៊ីន បញ្ជាក់​ថា «កម្ពុជា​អាច​រក្សា​អធិបតេយ្យ​ខ្លួន​បាន ​លុះត្រា​តែ​កម្ពុជា​មាន​គោល​នយោបាយ​​បង្រួប​បង្រួម​ផ្ទៃក្នុង​ជាតិ តាម​គោលការណ៍​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស ដោយ​មាន​ការ​ចូលរួម​គាំទ្រ ពី​មហា​អំណាច​លោក​សេរី និង​អនុវត្ត​នយោបាយ​ការបរទេស ទាំង​​មហា​អំណាច​​ក្នុង​តំបន់ និង​​មហា​អំណាច​​ពិភពលោក អាច​​ទទួល​​យក​​បាន»

ការអះអាងនេះ ធ្វើ​ឡើង​ស្រប​ពេល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ញើ​លិខិត​អបអរសាទរ​អគ្គលេខា​ធិការ​មជ្ឈឹម​បក្ស នៃ​គណៈ​កម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយនិស្ត​​វៀតណាម លោក ង្វៀន ហ្វូចុង (Nguyen Phu Trong) ដែល​បាន​ជាប់​ឆ្នោត​សា​ជា​ថ្មី ជា​អគ្គ​លេខា​ធិការ​មជ្ឈឹម​បក្ស​ នៃបក្សកុម្មុយនិស្ត​​វៀតណាម សម្រាប់​អាណត្តិ​ទី​១៣ នេះ។

កាលពីថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ផ្ញើលិខិត​លោក ង្វៀន ហ្វូចុង ដែល​ត្រូវ​បាន​ជ្រើស​តាំង​សា​ជា​ថ្មី ឲ្យ​ដឹកនាំ​បក្ស​កុម្មុយនិស្ត​វៀតណាម។ ក្នុង​សារ​លិខិត​នោះ លោក ហ៊ុន សែន បាន​អះអាង​ថា ​«ចំណង​មិត្ត​ភាព​​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនិស្ត​វៀតណាម នឹង​ត្រូវ​បាន​បន្ត​ពង្រឹង​ឲ្យ​បាន​កាន់​តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ផល​​ប្រយោជន៍​​ប្រជាជន និង​ប្រទេស​ជាតិ​ទាំងពីរ»

គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពីថ្ងៃទី០៣ ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​អំ​ពីការ​ឆ្លើយ​ឆ្លង​គ្នា រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន និង​អគ្គលេខា​ធិការ​​បក្ស​កុម្មយនិស្ត​វៀតណាម លោក ង្វៀន ហ្វូចុង តាម​ទូរស័ព្ទ ដែល​បាន​ប្តេជ្ញា​ពី​ការ​រឹត​ចំណង​មិត្តភាព​កាន់​តែ​ខ្លាំង​ក្លា។

ពួកគេ អះអាងថា ការ​ភ្ជាប់​ចំណង​មិត្តភាព​ជា​ប្រវត្តិសាស្ត្រ បាន​កត់​សម្គាល់​ឲ្យ​ឃើញ​នូវ​ការ​ពង្រឹង​ភាព​ខ្លាំង​ក្លា នៃ​​ភាព​ជា​ដៃគូ និង​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ ដែល​បាន​បង្កើត​ឡើង​ដោយ​គណបក្ស​គ្រប់គ្រង​ប្រទេស​ប្រទេស​ទាំង​ពីរ ដែល​រុញ​ឲ្យ​មាន​ភាព​រីក​ចម្រើន​​លើ​គ្រប់​វិស័យ ដែល​នាំ​មក​នូវ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ជា​អ្នកវិភាគ​នយោបាយ​សង្គម លោក គឹម សុខ បាន​ប្រាប់​សារព័រ៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា «ការ​ចូលរួម​អបរសាទរ​របស់​លោក ហ៊ុន សែន ចំពោះ​​មេ​ដឹកនាំ​​វៀត​ណាម ក្នុង​នាម​ជា​មេដឹកនាំ​បក្ស​ប្រជាជន អបអរ​សាទរ​អគ្គលេខា​ធិការ​បក្ស​កុម្មុយនិស្ដ​វៀតណាម​ បង្កប់​អត្ថន័យ​នៃ​សម្ព័ន្ធ​ភាព​​បម្រើ​ប្រយោជន៍​បក្ស​ប្រជាជន និង​បក្ស​កុម្មុយនិស្ដ​វៀតណាម ឈរ​លើ​គោលការណ៍​ផ្ដល់​ប្រយោជន៍ និង​អំណាច​ឲ្យ​គ្នា​ជា​យុទ្ធសាស្ត្រ»

លោក ព្រមានថា សូម​កុំភ្លេច​ថា បរិបទ​របស់​វៀតណាម បក្ស​និង​រដ្ឋ គឺតែមួយ កាល​​ណា​​លោក ហ៊ុន សែន ជួយ​បម្រើ​ប្រយោជន៍​បក្ស​កុម្មុយនិស្ដ​វៀតណាម មាន​ន័យ​ស្មើ​បម្រើ​ប្រយោជន៍​ជាតិ​សាសន៍​វៀតណាម។ ដោយ​ឡែក​នៅ​កម្ពុជា បក្ស​និង​រដ្ឋ គឺ​ចែក​ដាច់​ពី​គ្នា ប៉ុន្តែ​ខ្លឹមសារ​បក្ស​ប្រជាជន​សព្វថ្ងៃ​ទៀត មិន​ខុស​អ្វី​ពី​គោលការណ៍​បម្រើ​គ្រួសារ ហ៊ុន ឡើយ។

លោក គឹម សុខ សង្កត់​ធ្កន់​ថា «លិខិត​អបអរ​សាទរ​របស់​លោក ហ៊ុន សែន ក៏​បង្កប់​​ន័យ​​ជ្រាល​​ជ្រៅ​​ថា គ្រួសារ ហ៊ុន ព្រម​បន្ត​បម្រើ​មហិច្ឆតា​របស់​វៀតណាម ជា​ថ្នូរ​នឹង​វៀតណាម ជួយ​ការពារ​អំណាច​គ្រួសារ ហ៊ុន នៃ​គណបក្ស​ប្រជាជន​តទៅ​ទៀត»

ឯកសារ​ប្រវត្តិសាស្រ្ត​ជា​ច្រើន​បង្ហាញ​ថា លោក ហ៊ុន សែន ទទួល​​បាន​​តំណែង​​ជា​​នាយក​រដ្ឋមន្ត្រី តាម​​រយៈ​​ការ​​លើក​​បន្ទុប​​ដោយ​​រដ្ឋការ​ក្រុង​ហាណូយ កាល​ពី​ឆ្នាំ ១៩៨៥ ក្រោយ​មាន​ការ​ចាប់​ខ្លួន លោក ប៉ែន សុវណ្ណ ក្នុង​ឆ្នាំ​ ១៩៨២ ដោយសារ​​លោក មិន​​យល់​​ព្រម​​តាម​​ផែន​ការ​​សម្លាប់​​ខ្មែរ​ ដោយ​ផែនការ«ក៥» និង​​ការ​​អនុញ្ញាត​​ឲ្យ​​ជនជាតិ​​វៀតណាម មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ការ​ស្លាប់​ដ៏​អាថ៌​កំបាំង​របស់​លោក​{នាយក​រដ្ឋមន្រ្តី} ចាន់ ស៊ី

.