អត្ថបទ៖ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / ដោយលោក ហាស់ សាន / 28-12-2020

ទិដ្ឋភាព និងរូបភាព​នៃ​សកម្មភាព​កាប់​ឈើ អារ​ឈើ ដឹក​ឈើ​ចេញ​ពី​ព្រៃ​ស្រុក​ខ្មែរ ទៅ​កាន់​រោងចក្រ​ក្នុង​ស្រុក​ខ្មែរ ឬ ដឹក​ចេញ​បន្ត​តម្រង់​ទៅ​កាន់​រោងចក្រ​នៅ​ស្រុក​យួន មិន​មែន​ជា​ទិដ្ឋភាព ឬរូបភាព​ពី​សកម្មភាព បង្ក​ឡើង​ដោយ​ប្រជា​ពលរដ្ឋខ្មែរ​សាមញ្ញ ​តូច​តាច លួច​ចូល​ព្រៃ កាប់​ឈើ​លក់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នោះ​ទេ។

ទំហំផ្ទៃដី​ធ្វើ​អាជីវកម្ម បរិមាណ​ឈើ គុណភាព​ឈើ​ដែល​កាប់​ទាំង​អស់ ទាំង​ក្នុង​អតីតកាល ទាំង​ក្នុង​បច្ចុប្បន្ន​កាល​នេះ បង្ហាញ​ឲ្យ​​ឃើញ​ថា ជា​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ​ខ្មែរ​ ខ្នាត​ពាណិជ្ជកម្ម​អន្តរជាតិ​ឆ្លង​ដែន មាន​​ទឹក​ប្រាក់​ក្នុង​ទីផ្សារ​ បើ​គ្មាន​ការ​លួច​បន្លំ កែ​វិក្កយបត្រ​នោះ មាន​ចំនួន​រាប់ពាន់​លាន​ដុល្លារ។ បញ្ហា​ធំ​គឺ​នៅ​ត្រង់​ឃ្លាំង​រដ្ឋ មិន​បាន​ទទួល​ផល ជា​ចំនួន​ទឹកប្រាក់​ពិតៗ​តាម​តម្លៃ​នៃ​ទំហំ បរិមាណ និង​គុណភាព​ឈើ​ខ្មែរ​ទាំង​នោះ​ទេ។

ឈើខ្លឹម​ខ្មែរ​ដែល​ក្រសួង​កសិកម្ម បាន​​ចាត់​ថ្នាក់​ជាប្រភេទ​ឈើ​ប្រណីត (deluxe), ឈើ​លេខ​១, ឈើ​លេខ​២ ឬ ឈើ​លេខ​៣ ហើយ​ដែល​ឈ្មួញ​ត្រូវ​ការ​ជាង​គេ​នោះ​មាន គ្រញូង​ដែក គ្រញូង​ឈាមមាន់ ធ្នង់ បេង នាងនួន គ្រើល ទ្រាស គគី កកោះ ឈើ​ទៀល ស្រឡៅ ផ្តៀក ជាដើម។ល។

ដើមឈើ​ពេញ​តម្រូវការ​ទាំង​នេះ បើ​គេ​កាប់​រំលំ មាន​បន្ទាត់​ផ្ចិត ឬ​មុខ​កាត់​ប្រវែង​ជាង ៥០​ស.ម. ឬ​ជាង ៥​តឹក ត្រូវ​ការ​ពេល​ដុះ​លូត​លាស់​ប្រមាណ ២០០−៣​០០​​ឆ្នាំ ទើប​មាន​ដើម​ទំហំ​ធំ​ប៉ុណ្ណឹង។

ការស្រាវជ្រាវ​ពី​អង្គការ​សង្គម​ស៊ីវិល ពី​ឆ្នាំ​២០១៨−២០១៩ ឈើ​ខ្មែរ​ភាគ​ច្រើន​ដឹក​ចេញ​ទៅ​ស្រុក​យួន។ ឈើ​ពី​តំបន់​ភ្នំក្រវាញ​ ខេត្ត​ពោធិ៍សាត់ ពួក​ដង្ខៅ ថៅកែ​ក្រុមហ៊ុន ឈើ​ដឹក​ចុះ​តាម​ផែ​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​​ក្រុង​ហុងកុង។

ផ្លូវទឹក​ដឹក​ឈើ​នេះ ទំនង​ជា​ឈ្មួញ​ប្រើ​ប្រាស់​ ដើម្បី​ចៀស​​ពី​ឈ្មួញ​កណ្តាល​យួន ដែល​ធ្វើ​ឲ្យ​​បាត់​បង់​ចំណេញ​ពី​តម្លៃ​ពិត​ គិត​ជា​គីឡូ​ក្រាម។ ឈើ​ពី​តំបន់​ព្រៃឡង់ ដង្ខៅ ថៅកែ​ក្រុមហ៊ុន ប្រើ​បណ្តាញ​ផ្លូវ​គោក ដឹក​កាត់​ខេត្ត​ក្រចេះ ខេត្ត​​កំពង់ធំ កំពង់ចាម ឬ ត្បូងឃ្មុំ ឆ្ពោះ​ទៅ​កាន់​ព្រំដែន​យួន តាម​ច្រក ដូនរ័ត្ន ស្នួល និង ហ័លូ ជិត​ស្វាយរៀង។

ក្រុមហ៊ុន​យួន ដឹក​បន្ត​ទៅ​កាន់​ផែ​ ក្រុង​ព្រៃនគរ ទៅ​កាន់​ផែ​ ខេត្ត​ដាណាង ខេត្ត​គ្វាងទ្រី មុន​នឹង​ចេញ​បន្ត​ទៅ​ហុងកុង ឬ​ផែ ខេត្ត ស្ហិនហ្ស្ហ៊ិន (Shenzhen) ប្រទេស​ចិន។ ពី​រោងចក្រ​ឈើ Angkor Plywood នៅ​ព្រែក​ទម័ក (ឬ​ព្រែក​តាមាក់) ក្នុង​​ខេត្ត​​កណ្តាល ឈើ​ខ្មែរ​ដឹក​ចេញ​តាម​ផ្លូវ​ទន្លេ​ធំ (មេគង្គ) ទៅ​កាន់​ច្រក​ព្រំដែន ធួង​ភួក (Thuong Phuoc)។ ឈើ​ខ្មែរ​ពី​ភាគ​ឦសាន ដឹក​ចេញ​ទៅ​ស្រុក​យួន តាម​ច្រក អូរយ៉ាដាវ ខាង​ខ្មែរ និង​ឡេថាញ់ ខាង​យួន។ ឈើ​ខ្លឹម​ក្រហមៗ ចិន​ហៅ​ថា ហុង​មូ (Hongmu = rosewood​ /​red wood)។

ក្នុង​សេចក្តីរាយ​ការណ៍​ពី​អង្គការ​ឈ្មោះ Forest Trends ខែ​តុលា ឆ្នាំ​២០១៩ ព្រោះ​តែ​ជំនួញ​ឈើ​ខ្មែរ កាប់​ដឹក ទិញ​ដោយ​ខុស​ច្បាប់​ ចូល​ទៅ​ប្រទេស​យៀក​ណាម។ ប្រទេស​សង្គម​និយម​នេះ ក្លាយ​ជា​ប្រទេស​ដឹក​ចេញ​ឈើ ទៅ​បរទេស​ទី២​ នៅ​តំបន់​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន និង​ជា​ប្រទេស​លំដាប់​ទី​៥ ក្នុង​ពិភពលោក ក្នុង​អាជីវកម្ម​នាំ​ឈើ​ចេញ។

របៀប​ច្នៃ​ឈើ​ មាន​សហ​គ្រាស​ចំនួន ៤,៥០០ ហើយ ផ្តល់​ការងារ​ធ្វើ​ឲ្យ​ពលរដ្ឋ​យួន ចំនួន​កន្លះ​លាន​នាក់ (៥​ សែន) នៅ​ឆ្នាំ​២០១៩។ ការ​ធ្វើ​អាជីវកម្ម​ជាមួយ​នឹង​ឈើ​ខ្មែរ ធ្វើ​ឲ្យ​ប្រទេស​យៀកណាម បាន​ចំណូល​ចំនួន ៩០០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨។ តាម​សេចក្តី​រាយការណ៍​នេះ គេ​ប៉ាន់​ស្មាន​ថា ឈើ​ខ្មែរ ដឹក​ចេញ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​យួន មួយ​ឆ្នាំៗ​មាន​បរិមាណ​ប្រមាណ ៥ សែន​ម៉ែត្រ​គីប

សេចក្តីរាយការណ៍​ក្នុង​ខែ​សីហា ឆ្នាំ​២០២០ នេះ ដោយ​អង្គការ​ឈ្មោះ Inclusive Development International ប្រមាណ​ជាង​ ១០​​ឆ្នាំ​​មុន ឈើ​ស្រឡៅ ជា​ប្រភេទ​ឈើ​លេខ​១ ក្នុង​មួយ​ម៉ែត្រគីប តម្លៃ​ទីផ្សារ ២៥០ ដុល្លារ ប៉ុន្តែ​ឈ្មួញ ឬ អាជីវករ​ឈើ​នៅ​ភ្នំពេញ អាច​ទិញ​ក្នុងពី ៥០០ ដុល្លារ ទៅ ៦៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គីបក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ចិន​សង់​នៅ​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្ត​ក្រចេះ ក្រុមហ៊ុន​ក្តារ​បន្ទះ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ដែល​គ្រប់គ្រង​ក្រុមហ៊ុន Lim Royal Joint Stock សាខា​ក្រុមហ៊ុន​ចិន Zhongqi Overseas Group ដែល​សង់​តំបន់​សេដ្ឋកិច្ច​ពិសេស (Special Economic Zone) ចម្ងាយ ១​៥០០ ម៉ែត្រ​ពី​ព្រំដែន​យៀក​ណាម នោះ។

តាម​ឯកសារ​ផ្លូវការ​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ផ្នែក​រដ្ឋបាល​ព្រៃឈើ នៅ​ក្រុង​សែន​មនោរម្យ ចុះ​ហត្ថលេខា​ដោយ​ប្រធាន​មន្ទីរ លោក សុខ ឃាង និង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ លោក ជ័យ សុខា ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឈើ​ប្រភេទ​លេខ​១ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Lim Royal Joint Stock ដឹក​ចេញ​ទៅ​រោងចក្រ តាម​សេចក្តី​សម្រេច​ពី​នាយ​ក្រសួង​កសិកម្ម លោក វេង សាខុន មួយ​ឆ្នាំ​មុន បរិមាណ​ជិត ១៨ ម៉ែត្រ​គីប មាន​ទឹកប្រាក់​ស្មើ​នឹង​ជិត ៤ សែន​ដុល្លារ។ នេះ​បង្ហាញ​ឲ្យ​ដឹង​ថា ឈើ​លេខ​១ មាន​តម្លៃ ១ ម៉ែត្រ​គីប ជាង ២០០០​ដុល្លារ ស.រ.អា.។

អាជីវកម្ម​ទុច្ចរិត​លើ​ព្រៃឈើ​ខ្មែរ ដែល​ស្មើ​នឹង​ឧក្រិដ្ឋកម្ម​លើ​ធនធាន​ធម្មជាតិ​មួយ ក្នុង​ប្រទេស​កម្ពុជា ពួក​ដង្ខៅ ថៅកែ​ក្រុមហ៊ុន​ ប្រទាក់​ក្រឡា​គ្នា​ជា​ប្រព័ន្ធ ចង​ក្រង​សម្ព័ន្ធភាព ក្រឡឹង​ជុំវិញ​មាត្រា​ច្បាប់ តាម​របៀប​ស៊ី​សំណូក​សូក​ប៉ាន់ ស៊ុម​គ្រលុំ បិទ​ភ្នែក បិទ​ត្រចៀក ធ្វើ​មិន​ដឹង​មិន​ឃើញ មិន​ឮ ចាំ​តែ​ទទួល​លុយ​ពី​មេការ ឬ​តំណាង​ក្រុមហ៊ុន ឬ​តាម​របៀប​បន្លំ បំភ័ន្ត​ភ្នែក​សាធា​រណជន។

ឧទាហរណ៍ថា បើ​គេ​មិន​ចង់​ដឹក​ឈើ ទៅ​ដាក់​នៅ​ដេប៉ូតិ៍​ឈើ​របស់​គេ​ផ្ទាល់ ដូចជា​ដេប៉ូតិ៍​របស់​ក្រុមហ៊ុន ទ្រី ភាព គ្រុប នៅ​ឧដុង្គ ឬ​ដេប៉ូតិ៍​របស់​ក្រុមហ៊ុន Lim Royal Joint Stock ឈើ​នៅ​ស្នួល គេ​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​បង្កើត​រោង សន្និធិ ឬ កន្លែង​សន្សំ​ទុក​លក់​ចែក​ចាយ​ផល អនុផល​ព្រៃ​ឈើ មាន​ដូច​ជា​រោង សន្និធិ របស់​ឈ្មោះ ទា កែវមុនី នៅ​ជាប់​ព្រំដែន​យួន កាល​ពី​ឆ្នាំ​២០១៩ ជា​ដើម។

ពួកដង្ខៅ ថៅកែ ជាប់​សែ​ត្រកូល ហ៊ុន ផ្ទាល់​ក្តី ជាប់​ខ្សែ​នឹង​សាច់​ញាតិ​ត្រកូល ហ៊ុន ក្តី ឬ​ក៏​គ្រាន់​តែ​ជា​មិត្ត​ភក្តិ ក្លើ​ម្រាក់​ក្តី គេ​រៀប​បណ្តាញ​របស់​គេ​ដូច​សម្បុក​ពីង​ពាង បង្វែង​ដាន​មិន​ឲ្យ​ដឹង មិន​ឲ្យ​ស្គាល់​ប្រភព​ជា​ខ្នង​បង្អែក​សម្រាប់​មុខ​របរ​របស់​គេ។ ការ​បាត់​បង់​ព្រៃ​ឈើ​រាប់ពាន់​ហិកតា នៅ​តំបន់​ព្រៃឡង់ ពី​​ស្រុក​​ឆែប ខេត្ត​​ព្រះវិហារ មក​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ មាន​ជាប់​ទាក់​ទង​នឹង​ក្រុមហ៊ុន ព្រម​ទាំង​បុគ្គល​មួយ​ចំនួន។

ឧកញ៉ា ឌី ឌុក ជិត​ស្និទ្ធ​នឹង​លោក ហ៊ុន ណេង បង​ប្រុស​លោក ហ៊ុន សែន រកស៊ី​ជាមួយ​ឧកញ៉ា អ៊ឹម សំអឿន និង ហង់ សូវ៉ាន់ ក្នុង​​ក្រុម​ហ៊ុន​​អារឈើ សំអឿន សូវ៉ាន់ ដែល​មាន​ឧកញ៉ា ហូឡា សុភ័ណ ជា​ម្ចាស់​ក្រុមហ៊ុន Iron Wood។ ក្រុមហ៊ុន​ចំការ​​​អំពៅ​​ចិន រុយ​ហ្វេង (Rui Feng Sugar Plantation) ផ្ទេរ​​ដី​សម្បទាន​ទៅ​ឲ្យ​ឈ្មោះ អ៊ឹម សំអឿន និង ហូឡា សុភ័ណ ចូល​​​​ហ៊ុន​​​​ដោយ​​​ឈ្មោះ ហ៊ុន សុភ័គ ការពារ​ដោយ​លោក ហ៊ុន ណេង។ បណ្តាញ​​ឈ្មួញ​រក​ស៊ី​ឈើ​ទាំង​នេះ ដឹក​ឈើ គិត​ជា​ទឹក​ប្រាក់​មាន​ប្រមាណ ៣០​លាន​ដុល្លារ។

បណ្តាញឈ្មួញ​​រកស៊ី​​ឈើ​មួ​យ​​ទៀត គឺ​​​ក្រុមហ៊ុន ឡេង រិទ្ធី។ ឧកញ៉ា ឡេង រិទ្ធី ទីប្រឹក្សា​​ក្លឹប​​អាជីវកម្ម​​យួន ជា​​ប្រធាន​សាជីវកម្ម​​កៅ​ស៊ូ​​​យួន (VRG = Vietnam Rubber Group) មាន​​ក្រុម​ហ៊ុន​​​កាន់​កាប់​​ដី​​សម្បទាន​​សេដ្ឋកិច្ច ភីអិនធី (PNT) និង ធី ង៉ាអភិវឌ្ឍន៍ និង វិនិយោគ (Thy Nga Development and Investment) ទំហំ ១​ម៉ឺន ៦ ពាន់​ហិកតារ ក្នុង​តំបន់​ព្រៃឡង់ ​ដើម្បី​ដឹកឈើ។

ឧកញ៉ា ឡេង រិទ្ធី ផ្ទេរ​សិទ្ធិ​ឲ្យ​ទៅ​ក្រុមហ៊ុន ដួង ស្រួច គ្រុប ជា​ប្តី​អ្នកស្រី សេង គាង ថៅ​កែ​ក្រុមហ៊ុន​អារឈើ ភីអិនធី និង ធី ង៉ា តែ​មាន​ភាគ​ហ៊ុន​ជាមួយ​អ្នកស្រី សេង គាង

អ្នកស្រី សេង គាង មនុស្ស​ជិត​ស្និទ្ធ​នឹង​លោក ហ៊ុន ណេង ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន ម៉ាឃល ឡូ​ជី​ស្ទីក (MACLE LOGISTICS) គ្រប់​គ្រង​ដោយ​ឈ្មោះ សយ សុផល ដែល​ផ្គត់ផ្គង់​ឈើ​ទៅ ឲ្យ​ក្រុម​ហ៊ុន​ក្តារ​បន្ទះ Angkor Plywood របស់​ឧកញ៉ា ជា ពៅ

បណ្តាញឈ្មួញរកស៊ី​ឈើ​ទាំងនេះ រួមនឹងជំនួយពីបង ប្អូន​ប្រុស​អ្នកស្រី សេង គាង ឈ្មោះ សេង កុកហ៊ាង នាយ​​ទាហាន​​នៃ​​កង​ពល​តូច​​​​​​អង្គ​ភាព​​​អង្គរក្ស​​​នាយក​​រដ្ឋមន្រ្តី​ លេខ​៧០ ព្រមទាំង​​​រោង​​​អារ​​ឈើ​ ម្ចាស់​​ឈ្មោះ សេង សារ៉ាវុធ ដឹក​​ឈើ​​ក្នុង​រយៈ​ពេល ២០​ខែ ពី​ឆ្នាំ ២០១៧ ដល់ ឆ្នាំ​២០១៩ គិត​​ជា​​ទឹកប្រាក់​ប្រមាណ ៨០០​លាន​ដុល្លារ ស.រ.អា៕

.

.