អត្ថបទ The Cambodia daily
28-7-2021
បញ្ញវន្តខ្មែរនៅក្រៅស្រុក លើកឡើងថា មេដឹកនាំកម្ពុជា តែងបង្ហាញឲ្យឃើញពីសមានចិត្តល្អ ក្នុងទំនាក់ទំនងការទូតជាមួយប្រទេសកុម្មុយនីស្ត ជាជាងប្រទេសលោកសេរី ដែលតែងជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាដើម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃទី២៧ កក្កដា ថាការផ្តល់គ្រឿងឥស្សរិយយសពីប្រធានាធិបតីរុស្ស៊ី ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគ្រាន់តែបង្ហាញពីការរឹតចំណងការទូតល្អប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងឥទ្ធិពលនយោបាយនោះទេ។
លោកអះអាងថា ទំនាក់ទំនងរវាងមេដឹកនាំកុម្មុយនីស្ត និងមេដឹកនាំផ្ដាច់ការ តែងផ្សារភ្ជាប់បានល្អជានិច្ច ព្រោះថាមេដឹកនាំកុម្មុយនីស្ត មិនមានសម្ពាធណាមួយលើរដ្ឋាភិបាលផ្ដាច់ការ ឲ្យគោរពសិទ្ធិមនុស្ស ឬគោរពគោលការណ៍ប្រជាធិបតេយ្យ ដូចប្រទេសលោកសេរី ដែលតែងជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យគោរពរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូចពេលកន្លងមកនោះទេ។
លោក ម៉ែន ណាត បញ្ជាក់ថា កម្ពុជាត្រូវតែមានទំនាក់ទំនងការទូតឲ្យបានល្អ ជាមួយបណ្តាប្រទេសជាមិត្ត មិនថាប្រទេសកុម្មុយនីស្ត ឬប្រទេសលោកសេរីនោះទេ ដើម្បីរក្សាអធិបតេយ្យភាពរបស់ខ្លួន ដោយចៀសវាងដាច់ខាតការផ្ដួលខ្លួនពឹង ផ្អែកតែមហាអំណាចណាមួយ ដូចកម្ពុជាកំពុងបង្ហាញជំហរទំនាក់ទំនងល្អ ជាមួយមហាអំណាចកុម្មុយនីស្តចិន តែហាក់មិនចុះសម្រុងជាមួយមហាអំណាចលោកសេរី ដូចសព្វថ្ងៃនេះ។
ស្ថានទូតរុស្ស៊ី ប្រចាំនៅកម្ពុជា បានសរសេរលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ថា ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានចុះហត្ថលេខាលើអនុក្រឹត្យលេខ ៤៣៤ ស្ដីពីការបំពាក់គ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ី និងកម្ពុជា បន្ទាប់ពីកម្ពុជា និងសហព័ន្ធរុស្ស៊ី បានបង្កើតចំណងការទូតអស់រយៈពេលជាង ៦០ឆ្នាំមកនេះ។
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ដើម្បីឲ្យកម្ពុជាមានឯករាជភាពដោយខ្លួនឯងពិតប្រាកដ លែងផ្ដេកផ្ដួលលើបរទេសខាងក្រៅ កម្ពុជាត្រូវតែរក្សាចំណងការទូត ឲ្យល្អជាមួយបណ្តាប្រទេសជាមិត្ត ទាំងប្រទេសលោកសេរី និងប្រទេសកុម្មុយនីស្ត ដោយការអនុវត្តច្បាប់អន្តរជាតិ ដែលខ្លួនបានផ្តល់សច្ចាប័ន ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ជាដើម។
បែបនេះក្តី ការដឹកនាំនយោបាយរបស់មេដឹកនាំកម្ពុជាកន្លងមក ត្រូវគេមើលឃើញថាហាក់មានភាពរកាំរកូសចំណងការទូតជាមួយបណ្តាប្រទេសលោកសេរី ដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ក្រោយមានការជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គោរពគោលការណ៍សិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ឲ្យស្របទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។
យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ហាក់បង្ហាញជំហររបស់ខ្លួនពឹងផ្អែកលើមហាអំណាចកុម្មុយនីស្ត ជាជាងការចងសម្ព័ន្ធមិត្តល្អជាមួយប្រទេសលោកសេរី។
ជាក់ស្តែងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ លោក ហ៊ុន សែន បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន និងបក្សនយោបាយលើពិភពលោកថា ជំនួយចិន មិនត្រឹមតែជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានជួយកម្ពុជាក្នុងការពង្រឹងនូវឯករាជភាពខាងនយោបាយរបស់ខ្លួនថែមទៀត។
យ៉ាងណាក៏ដោយ ឧបការីសហរដ្ឋអាមេរិក អ្នកស្រី វីនឌី ហ្សឺមែន (Wendy Sherman) រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) និងរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី Marise Payne កាលពីពេលថ្មីៗនេះ បានក្រើនរំឭកដល់រដ្ឋាភិបាលកម្ពុជា ថាបើកម្ពុជាមិនរក្សាជំហររបស់ខ្លួនឲ្យបានច្បាស់លាស់ទេនោះ គឺមានន័យថា កម្ពុជាកំពុងមើលស្រាលអធិបតេយ្យភាព និងឯករាជភាពរបស់ខ្លួនឯង ហើយក៏ជាការបង្កឲ្យមានការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ផងដែរ៕

.