អត្ថបទ The Cambodia daily
28-7-2021

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា មេដឹកនាំ​កម្ពុជា​ តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមានចិត្ត​ល្អ​ ក្នុង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កុម្មុយនីស្ត ជាជាង​ប្រទេស​លោកសេរី​ ដែល​តែង​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​​លទ្ធិ​ប្រជា​ធិបតេយ្យ ​ជាដើម។

ប្រធាន​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​​ជា​ប្រធាន​​ក្រុមប្រឹក្សាភិបាល​នៃ ​ចលនា​​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​​ប្រាប់​​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​២៧ កក្កដា ថា​ការ​ផ្តល់​គ្រឿង​ឥស្សរិយយស​​ពី​​ប្រធានា​ធិបតី​​​រុស្ស៊ី ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​គ្រាន់តែ​បង្ហាញ​ពី​ការ​រឹតចំណង​ការទូត​ល្អ​​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​​នឹង​​ឥទ្ធិពល​​នយោបាយ​នោះ​ទេ។

លោក​អះអាង​ថា ទំនាក់ទំនង​រវាង​មេដឹកនាំ​កុម្មុយនីស្ត និង​មេដឹកនាំ​ផ្ដាច់ការ តែង​ផ្សារភ្ជាប់​បាន​ល្អ​ជានិច្ច ព្រោះ​ថា​មេដឹកនាំ​កុម្មុយនីស្ត ​មិន​មាន​សម្ពាធ​ណា​មួយ​​លើ​រដ្ឋាភិបាល​​ផ្ដាច់ការ​ ឲ្យ​គោរព​​សិទ្ធិមនុស្ស ឬ​គោរព​​គោលការណ៍​​ប្រជា​ធិបតេយ្យ​ ដូច​ប្រទេស​​លោកសេរី​ ដែល​តែង​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​គោរព​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូច​ពេល​កន្លងមក​នោះ​ទេ។

លោក ម៉ែន ណាត បញ្ជាក់​ថា កម្ពុជា​ត្រូវតែ​មាន​ទំនាក់ទំនង​ការទូត​ឲ្យ​បាន​ល្អ​ ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត មិន​ថា​ប្រទេស​កុម្មុយនីស្ត ឬ​​ប្រទេស​លោកសេរី​នោះ​ទេ ដើម្បី​រក្សា​​អធិបតេយ្យភាព​​របស់​ខ្លួន ដោយ​ចៀស​វាង​ដាច់ខាត​ការ​ផ្ដួល​ខ្លួន​ពឹង​ ផ្អែក​​​តែ​​​មហាអំណាច​ណាមួយ ​ដូច​កម្ពុជា​កំពុង​បង្ហាញ​ជំហរ​ទំនាក់ទំនង​ល្អ​ ជាមួយ​មហាអំណាច​កុម្មុយនីស្ត​ចិន តែ​ហាក់​មិន​ចុះ​​សម្រុង​ជាមួយ​មហាអំណាច​លោកសេរី​ ដូច​សព្វថ្ងៃ​នេះ។

ស្ថានទូត​រុស្ស៊ី ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ ថា ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បាន​ចុះហត្ថលេខា​​លើ​អនុក្រឹត្យ​​លេខ ​៤៣៤ ស្ដីពី​ការ​​បំពាក់​​គ្រឿង​ឥស្សរិយយស​​ថ្នាក់​មិត្តភាព ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​​ការចូលរួម​ចំណែក​​ដ៏​សំខាន់​​ក្នុង​​ការ​ពង្រឹង​​មិត្តភាព​រវាង​​ប្រជាជន​រុស្ស៊ី និង​​កម្ពុជា បន្ទាប់ពី​កម្ពុជា និង​សហព័ន្ធ​រុស្ស៊ី បាន​បង្កើត​ចំណង​ការទូត​អស់​រយៈពេល​ជាង ៦០​ឆ្នាំ​មក​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ដើម្បី​ឲ្យ​កម្ពុជា​​មាន​ឯករាជភាព​​ដោយ​ខ្លួនឯង​​ពិតប្រាកដ លែង​​ផ្ដេកផ្ដួល​​លើ​បរទេស​ខាងក្រៅ កម្ពុជា​ត្រូវតែ​រក្សា​ចំណង​​ការទូត​ ឲ្យ​ល្អ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ទាំង​ប្រទេស​លោកសេរី និង​​ប្រទេស​កុម្មុយនីស្ត ដោយ​​ការ​អនុវត្ត​ច្បាប់​​អន្តរជាតិ ​ដែល​ខ្លួន​បាន​ផ្តល់​សច្ចាប័ន ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​​១៩៩១ ជាដើម។

បែប​នេះ​ក្តី ការ​ដឹកនាំ​នយោបាយ​របស់​មេដឹកនាំ​កម្ពុជា​កន្លងមក ត្រូវ​​គេ​​មើល​ឃើញ​​ថា​​ហាក់​​មាន​​ភាព​​រកាំរកូស​​ចំណង​​ការទូត​​ជាមួយ​​​បណ្តា​​ប្រទេស​​លោក​សេរី​ ដែល​​ប្រកាន់​​របប​​លទ្ធិ​ប្រជាធិបតេយ្យ ក្រោយ​​មាន​​ការ​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា​ ​គោរព​​គោល​​ការណ៍​​សិទ្ធិ​មនុស្ស និង​​ស្ដារ​​លទ្ធិ​ប្រជា​ធិបតេយ្យ​​ឡើងវិញ​​ ឲ្យ​​ស្រប​​ទៅ​​នឹង​​កិច្ចព្រមព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស ឆ្នាំ​​​១៩៩១ និង​រដ្ឋធម្មនុញ្ញ​​​របស់​​ខ្លួន។

យ៉ាងណាក៏ដោយ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​បង្ហាញ​ជំហរ​របស់​ខ្លួន​ពឹងផ្អែក​លើ​មហាអំណាច​កុម្មុយនីស្ត ជា​ជាង​​​ការ​ចង​សម្ព័ន្ធមិត្ត​ល្អ​ជាមួយ​ប្រទេស​លោកសេរី។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​លើកឡើង​នៅ​​ក្នុង​កិច្ចប្រជុំ​កំពូល​​ថ្នាក់​ដឹកនាំ​​បក្ស​កុម្មុយនីស្ត​ចិន និង​​បក្ស​នយោបាយ​​លើ​ពិភព​លោក​​ថា ជំនួយ​ចិន មិន​ត្រឹមតែ​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កាត់បន្ថយ​ភាព​ក្រីក្រ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​​ក៏​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ពង្រឹង​​នូវ​ឯករាជភាព​ខាង​នយោបាយ​របស់​ខ្លួន​ថែមទៀត

យ៉ាងណាក៏ដោយ ឧបការី​សហរដ្ឋ​អាមេរិក អ្នកស្រី វីនឌី ហ្សឺមែន (Wendy Sherman) រដ្ឋមន្ត្រី​ការបរទេស​​អង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) និង​​រដ្ឋមន្ត្រី​ក្រសួង​​ការបរទេស​អូស្ត្រាលី អ្នកស្រី Marise Payne កាលពី​ពេល​ថ្មីៗ​នេះ បាន​ក្រើន​​រំឭក​​ដល់​រដ្ឋាភិបាល​កម្ពុជា ថា​បើ​កម្ពុជា​មិន​រក្សា​ជំហរ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​ទេ​នោះ គឺ​មានន័យ​ថា កម្ពុជា​កំពុង​មើលស្រាល​​អធិបតេយ្យភាព និង​ឯករាជភាព​របស់​ខ្លួនឯង ហើយ​ក៏​ជា​ការ​បង្ក​​​ឲ្យ​មាន​ការ​គំរាមកំហែង​​ដល់​សន្តិសុខ​​ក្នុង​តំបន់​ផង​ដែរ៕

.