អត្ថបទវិទ្យុអាស៊ីសេរី RFA / ដោយលោក ទីន ហ្សាការីយ៉ា / 15-12-2020
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ចេញសេចក្ដីថ្លែងការណ៍ ជំរុញឱ្យរដ្ឋាភិបាល ដកខ្លួនជាបន្ទាន់ ចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដើម្បីបញ្ចៀសការឈ្លានពានទឹកដីកម្ពុជាបន្ថែមទៀត ពីសំណាក់រដ្ឋាភិបាលវៀតណាម។ ការលើកឡើងនេះ ក្រោយពីប្រមុខដឹកនាំរដ្ឋ កម្ពុជា វៀតណាម និងឡាវ ថ្មីៗនេះ បានព្រមព្រៀងគ្នា ក្នុងកិច្ចប្រជុំកំពូលលើកទី១១ តាមវីដេអូខនហ្វឺរិន (Video Conference) ក្រោមប្រធានបទលើគម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម។
សេចក្កីថ្លែងការណ៍ ២ទំព័រ របស់ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បង្ហាញពីគ្រោះអាសន្នធំធេង បង្កហានិភ័យខ្ពស់ដល់អនាគតទឹកដីកម្ពុជា ចំនួនបួន (៤) ខេត្ត នាភាគឦសាន ប្រសិនបើរដ្ឋាភិបាល មិនងាកចេញ ពីគម្រោងអភិវឌ្ឍន៍ត្រីក្រោណដ៏គ្រោះថ្នាក់នេះទេ។
ខ្លឹមសារសេចក្ដីថ្លែងការណ៍ ដែលចេញពីផ្សាយ កាលពីថ្ងៃទី១៤ ខែធ្នូ បានបង្ហាញពីចំណុចស្នូល ៥ ចំណុច រុញឱ្យរដ្ឋាភិបាល ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារទឹកដីកម្ពុជា គឺទី១ ទប់ទល់ ការហូរចូលប្រជាជនវៀតណាម ក្រោមលេសគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណនេះ។ ២. បញ្ចៀសគ្រោះនៃការបាត់បង់បូរណភាពទឹកដីខ្មែរបន្ថែមទៀត ពីនយោបាយឈ្លានពានរបស់វៀតណាម។ ៣. បញ្ចៀសគ្រោះនៃការបំបែកខេត្តខ្មែរតូចៗ បន្ថែមទៀត ក្រោមលេសបង្កើតរដ្ឋបាលមូលដ្ឋាន ដើម្បីងាយគ្រប់គ្រងតំបន់ត្រីកោណអភិវឌ្ឍន៍។ ៤. បញ្ចៀសអសន្តិសុខសង្គម បង្កឡើងដោយប្រជាជនជាតិវៀតណាម ប៉ះពាល់ដល់ពលរដ្ឋខ្មែរម្ចាស់ប្រទេស និងទី៥. បញ្ចៀសភាពហិនហោចព្រៃឈើ រ៉ែ និងបរិស្ថាន ជាដើម។
ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលកំពុងរស់នៅប្រទេសន័រវេ៉ (Norway) លោក ម៉ែន ណាត បារម្ភថា ផែនការអភិវឌ្ឍន៍នេះ មានន័យស្មើនឹងរៀបក្បួនឲ្យ វៀតណាម គ្រប់គ្រងទឹកដីខេត្ត នាខេត្តភាគឦសាន ដោយជៀសមិនផុតនោះទេ ប្រសិនបើរដ្ឋាភិបាល មិនដកខ្លួនចេញ។ លោក សង្កេតឃើញថា រដ្ឋាភិបាលហាក់ផ្តល់ព័ត៌មានតិចតួចបំផុត ពីគម្រោងអភិឌ្ឍន៍នេះ៖ «រឿងអស់នេះ យើងបារម្ភ ព្រោះវាមិនមែនជាបញ្ហាគណបក្សនយោបាយ ហើយវាមិនមែនជាបញ្ហារបស់រដ្ឋាភិបាល លោក ហ៊ុន សែន តែម្នាក់ឯងនោះទេ វាជាបញ្ហាជាតិទាំងអស់គ្នា ហើយវានាំគ្រោះថ្នាក់ណាស់។ សរុបសេចក្តីមក {យើង}អំពាវនាវហើយអំពាវនាវទៀត ឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែដកខ្លួនចេញ ពីគម្រោងអភិវឌ្ឍន៍ហ្នឹង ព្រោះវាអត់មានផលចំណេញមកកម្ពុជាទេ»។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ព្រួយបារម្ភខ្លាំង ប្រសិនបើគម្រោងអភិវឌ្ឍន៍នេះ ធ្វើឡើងដោយជោគជ័យ គឺវៀតណាម នឹងគ្រប់គ្រងខេត្តខ្មែរទាំងបួន យ៉ាងណែន តាមរយៈគោលនយោបាយប្រជាសាស្ត្រ ប្រើសិទ្ធិចូលធ្វើការ និងសិទ្ធិបង្កើតជំនួញក្នុងតំបន់ខេត្តខ្មែរទាំង ៤ ពីព្រោះវៀតណាម មានប្រជាជនច្រើនជាងកម្ពុជា ហូរចូលមករស់នៅលើទឹកដីកម្ពុជា កាន់តែច្រើន។
អាស៊ីសេរី បានព្យាយាមទាក់ទង អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួល នៅថ្ងៃទី១៥ ធ្នូ។
តែយ៉ាងណាលោក ផៃ ស៊ីផាន ធ្លាប់លើកឡើងថា ផែនការអភិវឌ្ឍតំបន់ត្រីកោណពិសេសនេះ មានច្រើនផ្នែក។ លោកទទួលស្គាល់ថា តំបន់ខ្លះ មិនទាន់អភិវឌ្ឍ ពលរដ្ឋមិនទាន់ទទួលបានផលពីកិច្ចព្រមព្រៀងនេះក៏ពិតមែន ដោយសារតំបន់នោះ កំពុងស្ថិត ក្នុងកិច្ចពិភាក្សាជាមួយក្រុមការងារនៃប្រទេស ពាក់ព័ន្ធក្នុងការរៀបចំបង្គោលព្រំដែន។
សមាជិកក្រុមការងារ ១០០រាត្រី និងជាសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ លោក ឃីម សុខុម គាំទ្រសេចក្តីថ្លែងការណ៍នេះ ដោយចាត់ទុកថា គម្រោងអភិវឌ្ឍន៍ត្រីកោណនេះ បង្កប់អាថ៍កំបាំងជាច្រើន ដែលរដ្ឋាភិបាលហាក់លាក់លៀម។ លោក គ្មានសង្ឃឹមទាល់តែសោះថា កម្ពុជានឹងទាញប្រយោជន៍ ពីគម្រោងអភិវឌ្ឍន៍នេះប្រកបដោយតម្លាភាព ពីព្រោះវៀតណាម គ្មានភាពស្មោះត្រង់ ក្នុងការអនុវត្តផែនការនេះទេ៖ «អត់សង្ឃឹមទាល់តែសោះហ្មង សម្រាប់ខ្ញុំ ថាការដាក់តំបន់ត្រីកោណហ្នឹង វាបានផលចំណេញមកលើប្រជាជនកម្ពុជាគឺ យើងអត់សង្ឃឹមថា បានទេ ដូច្នេះយើងបារម្ភខ្លាចតែបាត់ទៅវិញទេ។ ខ្លាចបំផុត ខ្លាចបាត់តំបន់ខេត្តយើងប៉ុន្មានទៀត។ ភាពកម្សោយច្រើនណាស់ កម្ពុជាយើងទៅលេងល្បែងហ្នឹងជាមួយវៀតណាម អត់ចំណេញទេគឺ ខាត»។
តំបន់អភិវឌ្ឍន៍ត្រីកោណពិសេស ឬហៅថា (CLV – [Cambodia-Laos-Vietnam]) បានព្រមព្រៀងបង្កើតឡើង កាលពីឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។ តំបន់អភិវឌ្ឍន៍ត្រីកោណរួមគ្នានេះ មានខេត្តចំនួន ១៣ ជាចំណុះ។ ភាគីកម្ពុជា បានដាក់បញ្ចូលខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ជាដើមទុន ដែលមានពលរដ្ឋប្រហែលជាង ៥ សែននាក់។ រីឯប្រទេសឡាវ ក៏បានដាក់បញ្ចូលទឹកដីរបស់ខ្លួនចំនួន ៤ ខេត្តដែរ មានខេត្ត អាតាពើ (Attapeus) ចំប៉ាសាក់ (Champasak) សាលាវ៉ាន់ (Salavan) សេកុង (Sekong) ដែលមានមនុស្សប្រមាណ ៧ សែននាក់។ ចំណែកភាគីវៀតណាម បានដាក់បញ្ចូលទឹកដីរបស់ខ្លួន ចំនួន ៥ គឺខេត្ត យ៉ាឡាយ (Gia Lai) កនតុម (Kon Tum) ដាក់ឡាក់ (Dak Lak) ដាណាង (Da Nang) ប៊ិញភឿក (Binh Phuoc) ដែលខេត្តទាំងនេះមានមនុស្សជាង ៧ លាននាក់៕


.
.