Text: CWCI Cambodia

សូមអានសេចក្តីថ្លែងការណ៍ ត្រង់នេះ (Download) ឬ​អត្ថបទ​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍​
តើ​ពន្លឺ​យុត្តិធម៌​​នៅ​ឯណា​សម្រាប់​​លោក ជា វិជ្ជា រយៈ​ពេល ១៨ ឆ្នាំ​មក​នេះ?

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូម​រំលឹក​ថា​កាលពី ១៨​​ឆ្នាំ​មុន លោក ជា វិជ្ជា ជា​មេដឹកនាំ​សហជីព​សេរីកម្មករ និង​ជា​សមាជិក​​ស្ថាបនិក​នៃ​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ត្រូវ​បាន​ឃាតក បាញ់​សម្លាប់​នៅ​​​ថ្ងៃទី ២២ ខែ​មករា ឆ្នាំ​២០០៤ ជា​​ឃាតកម្ម មាន​ជាប់​ពាក់ព័ន្ធ​នឹង លោក ហុក ឡងឌី អតីត​មេប៉ូលីស​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ និង​ជា​ដន្លង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន
​​​
គួរកត់​សម្គាល់​ថា លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បច្ចុប្បន្ន​​កំពុង​ជាប់​ពន្ធនាគារ គឺ​ជា​សាក្សី​យ៉ាង​សំខាន់​បំផុត​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លោក ជា វិជ្ជា ។ ក្រៅ​ពីនេះ នៅ​មាន​​មន្រ្តី​​ប៉ូលីស​មួយ​ចំនួន​ទៀត ក៏ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​លោក ជា វិជ្ជា ដែរ នៅ​ក្រោម​អំណាច​បញ្ជា​របស់​លោក ហុក ឡងឌី កាល​នោះ។

កាលនៅរស់ លោក ជា វិជ្ជា ត្រូវបាន​គេ​គំរាម​សម្លាប់​នៅ​ខែ​កក្កដា ឆ្នាំ​​២០០៣ តាម​សារ​ជា​អក្សរ​ផ្ញើ​ចូល​​ទូរស័ព្ទ​របស់​លោក ដែល​ជា​លេខ​ទូរស័ព្ទ​របស់​មន្រ្តី​ប៉ូលីស​ជាន់​ខ្ពស់​នៃ ក្រសួង​មហាផ្ទៃ។ ពេល​នោះ​លោក ជា វិជ្ជា ក៏​ធ្លាប់​និយាយ​ប្រាប់​ពួក យើង​ខ្ញុំ​ជា​មិត្ត ជិត​ស្និទ្ធ​ផង និង​​ជា​ក្រុមការងារ​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ផង ដោយ​បញ្ជាក់​ទាំង​​ទឹក​មុខស្ងួត​ថា​ «មន្រ្តី​ជាន់​ខ្ពស់​​ពី​ក្រសួង​​​មហាផ្ទៃ នៅ​ក្រោម​បញ្ជា​មេប៉ូលីស​កំពូល គំរាម​សម្លាប់​​ខ្ញុំ»។​

សំណុំរឿង​នេះ នៅ​តែ​មិន​ទាន់​អាច​រក​ពន្លឺ​យុត្តិធម៌​បាន​នៅ​ឡើយ​មក​ទល់​សព្វថ្ងៃ។ ដោយ​​​ឡែក ការ​ធ្វើ​មិន​ដឹង​មិន​ឮ​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សំណុំ​រឿង​ឃាតកម្ម​លោក ជា វិជ្ជា នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ មាន​មន្ទិល​សង្ស័យ​ពី​ការ​រួម​គំនិត ឬ ការ​គប់គិត​ណា​មួយ ក្នុង​ផែនការ​សម្លាប់​លោក ជា វិជ្ជា ដើម្បី​ជា​ការ​ព្រមាន​ដោយ​ប្រយោល​ដល់ គណបក្ស​សម្ព័ន្ធភាព​ប្រជា​ធិបតេយ្យ ជាប់​ឆ្នោត ២ ទៀត គឺ​បក្ស​ហ៊្វុនស៊ិនប៉ិច​របស់សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ និង​បក្ស​សមរង្ស៊ី​របស់​លោក សម រង្ស៊ី ដែល​ធ្វើ​ឲ្យ​ជាប់​គាំង​នយោបាយ ជិត ១ឆ្នាំ តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ​២០០៣ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០០៤ ទើប​មាន​ដំណោះ​ស្រាយ​នយោបាយ​បាន ស្រប​តាម​រដ្ឋធម្មនុញ្ញ រូបមន្ត ២ ភាគ ៣ ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី។
​​
យើងខ្ញុំ​សូម​រំលឹក​ដែរ​ថា ក្នុង​ចំណោម​អង្គការ​ជាសមាជិក​នៃ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា (មាន ៦ អង្គការ សមាគម និង សហជីព ជាសមាជិក) ដែល​មាន​តែ​សហជីព​របស់​លោក ជា វិជ្ជា ដែល​មាន​កម្លាំង​កម្មករ​ច្រើន​ជាង​គេ​បំផុត គាំទ្រ​រាល់​ការព្រមាន​របស់ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​គណបក្ស​សម្ព័ន្ធភាព​ប្រជា​ធិបតេយ្យ នាំ​មុខ​ដឹកនាំ​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ ខែ​​កក្កដា ឆ្នាំ​​២០០៣ និង មិន​ទទួល​ស្គាល់​បេក្ខភាព​​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្រ្តី​បន្ត​នៅ​អាណត្តិ​ថ្មី​ទៀត។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូម​អំពាវនាវ​យ៉ាង​ទទូច​ថា ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​នានា និង​បំបាត់​អំពើ​នីទណ្ឌភាព រដ្ឋាភិបាល​លោក ហ៊ុន សែន និង​​តុលាការ​កម្ពុជា ត្រូវ​ជំរុញ​ការ​ស៊ើប​អង្កេត​ឲ្យ​សកម្ម រួច​ផ្តល់​យុត្តិធម៌​ជូន​សាច់ញាតិ ក្រុមគ្រួសារ និង​អ្នកគាំទ្រ លោក ជា វិជ្ជា ជា​និមិត្តរូប​នៃ​ការពង្រឹង​នូវ​ប្រព័ន្ធ​យុត្តិធម៌​ថ្លៃថ្នូរ ការ​អនុវត្ត​ច្បាប់​ជាក់​លាក់ និង​នីតិរដ្ឋ​ស្អាតស្អំ។

ក្រុងគ្រីស្ទានសាន់ (ប្រទេស​ន័រវែស) ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២

ម៉ែន ណាត (ហត្ថលេខានិងត្រា)
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា