Text: CWCI Cambodia

សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុង ត្រង់នេះ (Download) ឬ​អត្ថបទ​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សំដែង​ការព្រួយ​បារម្ភ​ចំពោះ​ការរីក​រាល​ដាល​ជំងឺ​កូវីដ​១៩ ប្រភេទ​ថ្មី​«អូមីក្រុង» ដែល​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ព្រៃស និង​ពន្ធនាគារ​នានា​នៅ​ទូទាំង​ប្រទេស ដោយ​មិន​បាន​ប្រតិបត្តិ​ត្រឹមត្រូវ តាម​វិធាន​សុខាភិបាល នៃ​ក្រសួង​សុខាភិបាល។ ដោយ​ហេតុថា ក្នុង​បន្ទប់​ពន្ធនាគារ​នីមួយៗ មាន​សមាសភាព​ច្រើន​ជាង ២០​នាក់ ដែល​ជា​កត្តា​ងាយ​រង​គ្រោះ​បំផុត បើសិន​មេរោគ​អូមីក្រុង ឆ្លង​ចូល​ក្នុង​ពន្ធនាគារ ជា​យថាហេតុ​ណា​មួយ។

ជាងនេះទៀត យើង​ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា សកម្មជន​សង្គម សកម្មជន​នយោបាយ និង​អ្នកទោស​មនសិការ​ភាគ​ច្រើន ត្រូវ​បាន​ឃុំខ្លួន​លើស​នីតិវិធី​កំណត់ (លើស ១៨​ខែ) ដោយ​គ្មាន​ការ​ជំនុំ​ជម្រះ​ត្រឹម​ត្រូវ និង​មិន​បាន​ទទួល​យុត្តិធម៌។ ករណី​ឃុំខ្លួន លើស​នីតិវិធី​នេះ គួរ​តែ​ត្រូវ​បាន​ពិនិត្យ​ដោះ​ស្រាយ​តាម​យន្តការ​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​រងគ្រោះ​​ពិត​ប្រាកដ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា សូម​អំពាវនាវ​ដល់​ក្រសួង​សុខាភិបាល និង​មន្ត្រី​ពន្ធនាគារ យក​ចិត្ត​ទុកដាក់​ផ្តល់​សេវា​សុខភាព តាម​វិធាន​សុខាភិបាល ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាការ​បង្ការ​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ប្រភេទ​អូមីក្រុង​ថ្មី។

សូមអំពាវនាវដល់តុលាការ និង​រាជរដ្ឋាភិបាល ទម្លាក់​ចោល​បទចោទ​ប្រកាន់​នានា, ផ្តល់​យុត្តិធម៌ និង​ដោះលែង​ក្រុម​សកម្មជនសង្គម សកម្មជន​នយោបាយ និង​អ្នកទោស​មនសិការ ឲ្យ​មាន​សេរីភាព​ឡើង​វិញ ស្រប​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា តាម​គោលការណ៍​ច្បាប់​គតិយុត្តិ និង​សេចក្តី​ប្រកាស​ជាសកល​ស្តីពី​សិទ្ធិមនុស្ស សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២
តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា

រ៉ុង ឈុន (ហត្ថលេខានិងត្រា)
ប្រធានសហភាពសហជីពកម្ពុជា