Text: CWCI Cambodia
សូមអានសេចក្តីថ្លែងការណ៍ ត្រង់នេះ (Download) ឬអត្ថបទខាងក្រោម។
សេចក្តីថ្លែងការណ៍
តើពន្លឺយុត្តិធម៌នៅឯណាសម្រាប់លោក ជា វិជ្ជា រយៈពេល ១៨ ឆ្នាំមកនេះ?
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមរំលឹកថាកាលពី ១៨ឆ្នាំមុន លោក ជា វិជ្ជា ជាមេដឹកនាំសហជីពសេរីកម្មករ និងជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ត្រូវបានឃាតក បាញ់សម្លាប់នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៤ ជាឃាតកម្ម មានជាប់ពាក់ព័ន្ធនឹង លោក ហុក ឡងឌី អតីតមេប៉ូលីសជាតិនៃក្រសួងមហាផ្ទៃ និងជាដន្លងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
គួរកត់សម្គាល់ថា លោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ គឺជាសាក្សីយ៉ាងសំខាន់បំផុតក្នុងសំណុំរឿងឃាតកម្មលោក ជា វិជ្ជា ។ ក្រៅពីនេះ នៅមានមន្រ្តីប៉ូលីសមួយចំនួនទៀត ក៏ពាក់ព័ន្ធក្នុងសំណុំរឿងលោក ជា វិជ្ជា ដែរ នៅក្រោមអំណាចបញ្ជារបស់លោក ហុក ឡងឌី កាលនោះ។
កាលនៅរស់ លោក ជា វិជ្ជា ត្រូវបានគេគំរាមសម្លាប់នៅខែកក្កដា ឆ្នាំ២០០៣ តាមសារជាអក្សរផ្ញើចូលទូរស័ព្ទរបស់លោក ដែលជាលេខទូរស័ព្ទរបស់មន្រ្តីប៉ូលីសជាន់ខ្ពស់នៃ ក្រសួងមហាផ្ទៃ។ ពេលនោះលោក ជា វិជ្ជា ក៏ធ្លាប់និយាយប្រាប់ពួក យើងខ្ញុំជាមិត្ត ជិតស្និទ្ធផង និងជាក្រុមការងារនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាផង ដោយបញ្ជាក់ទាំងទឹកមុខស្ងួតថា «មន្រ្តីជាន់ខ្ពស់ពីក្រសួងមហាផ្ទៃ នៅក្រោមបញ្ជាមេប៉ូលីសកំពូល គំរាមសម្លាប់ខ្ញុំ»។
សំណុំរឿងនេះ នៅតែមិនទាន់អាចរកពន្លឺយុត្តិធម៌បាននៅឡើយមកទល់សព្វថ្ងៃ។ ដោយឡែក ការធ្វើមិនដឹងមិនឮរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសំណុំរឿងឃាតកម្មលោក ជា វិជ្ជា នេះ បានធ្វើឲ្យពលរដ្ឋខ្មែរ មានមន្ទិលសង្ស័យពីការរួមគំនិត ឬ ការគប់គិតណាមួយ ក្នុងផែនការសម្លាប់លោក ជា វិជ្ជា ដើម្បីជាការព្រមានដោយប្រយោលដល់ គណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ ជាប់ឆ្នោត ២ ទៀត គឺបក្សហ៊្វុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ និងបក្សសមរង្ស៊ីរបស់លោក សម រង្ស៊ី ដែលធ្វើឲ្យជាប់គាំងនយោបាយ ជិត ១ឆ្នាំ តាំងពីក្រោយការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០០៣ រហូតដល់ខែឧសភា ឆ្នាំ២០០៤ ទើបមានដំណោះស្រាយនយោបាយបាន ស្របតាមរដ្ឋធម្មនុញ្ញ រូបមន្ត ២ ភាគ ៣ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។
យើងខ្ញុំសូមរំលឹកដែរថា ក្នុងចំណោមអង្គការជាសមាជិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (មាន ៦ អង្គការ សមាគម និង សហជីព ជាសមាជិក) ដែលមានតែសហជីពរបស់លោក ជា វិជ្ជា ដែលមានកម្លាំងកម្មករច្រើនជាងគេបំផុត គាំទ្ររាល់ការព្រមានរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងគណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ នាំមុខដឹកនាំមហាបាតុកម្មប្រឆាំងលទ្ធផលនៃការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០០៣ និង មិនទទួលស្គាល់បេក្ខភាពលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តនៅអាណត្តិថ្មីទៀត។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវយ៉ាងទទូចថា ដើម្បីជម្រះមន្ទិលសង្ស័យនានា និងបំបាត់អំពើនីទណ្ឌភាព រដ្ឋាភិបាលលោក ហ៊ុន សែន និងតុលាការកម្ពុជា ត្រូវជំរុញការស៊ើបអង្កេតឲ្យសកម្ម រួចផ្តល់យុត្តិធម៌ជូនសាច់ញាតិ ក្រុមគ្រួសារ និងអ្នកគាំទ្រ លោក ជា វិជ្ជា ជានិមិត្តរូបនៃការពង្រឹងនូវប្រព័ន្ធយុត្តិធម៌ថ្លៃថ្នូរ ការអនុវត្តច្បាប់ជាក់លាក់ និងនីតិរដ្ឋស្អាតស្អំ។
ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវែស) ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២
ម៉ែន ណាត (ហត្ថលេខានិងត្រា)
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
…