The Cambodia Daily
03-3-2022

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា «បើ​អ្នក​ណា​ពូកែ​ទៅ​យក​កម្ពុជាក្រោម​​ដោយ​​ខ្លួន​ឯង លោក​នឹង​ជួយ​ធ្វើ​ក្ដារមឈូស និង​កប់​សព​ឱ្យ» ព្រោះ​កម្ពុជាក្រោម​ មិនមែន​បាត់បង់​នៅ​ក្នុង​ជំនាន់​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នោះ​ទេ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ កំណាត់​ផ្លូវ​ជាតិ​លេខ​៣ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២២ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ដោយ​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​ចង់​ឱ្យ​លោក​ទៅ​យក​កម្ពុជា​ក្រោម​​វិញ​នោះ? ព្រោះ​អី​ទឹកដី​កម្ពុជាក្រោម ​បាន​បាត់បង់​តាំងពី​លោក​មិន​ទាន់​កើត​ម្ល៉េះ។

លោក​បន្ត​ថា «បើ​អ្នក​ណា​ពូកែ​ចង់​បាន​កម្ពុជាក្រោម​មកវិញ​នោះ លោក​សូម​ឱ្យ​ពួកគេ​ទៅ​យក​ខ្លួនឯង​ទៅ រូប​លោក​​នឹង​ជួយ​ធ្វើ​ក្ដារមឈូស និង​កប់​សព​ឱ្យ​» ផង​ដែរ ដោយ​ថា​រឿង​កម្ពុជាក្រោម​នេះ លោក​បាន​និយាយ​តាំងពី​ឆ្នាំ​១៩៩៥ និង​ឆ្នាំ​១៩៩៦។

ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ ទី​២ មីនា នេះ ធ្វើ​ឡើង​​បន្ទាប់​ពី​​មាន​​អ្នក​ចូល Comment លើ​ហ្វេសប៊ុក​របស់​លោក ដោយ​ស្នើ​ឱ្យ​លោក​លើក​ទ័ព​ទៅ​យក​ទឹកដី​កម្ពុជាក្រាម​មកវិញ។

លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​លើក​បន្តុប​ដោយ​វៀតណាម បាន​លើកឡើង​ទៀត​ថា រឿង​ទឹកដី​កម្ពុជាក្រោម​ជា​រឿង​អតីតកាល ​ដែល​បាន​កន្លងទៅ​ផុត​យូរ​ណាស់​មក​ហើយ សូម្បីតែ​ពិភពលោក​ក៏​បាន​គូស​ផែនទី​ រួច​ទៅ​ហើយ​​ដែរ ពាក់ព័ន្ធ​នឹង​ការ​ហោះហើរ​យន្តហោះ​នៅ​លើ​អាកាស ​ក៏​បាន​កំណត់​ត្រឹមត្រូវ ហើយ​ថា​ ព្រំដែន​កម្ពុជា​មាន​​តែ​នៅ​ប៉ុណ្ណឹង​ទេ។

អ្នកវិភាគ​នយោបាយ សង្គម និង​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD – People Movement for Democracy) លោក គឹម សុខ លើកឡើង​ថា «តាម​ពិត មេដឹកនាំ​រដ្ឋាភិបាល​ គួរ​ណាស់​យល់​អំពី​នយោបាយ​ប្រតិបត្តិ ដែល​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ជាតិ ចំពោះ​ពលរដ្ឋ និង​ចំពោះ​ប្រវត្តិសាស្ត្រ​ជាតិ ប៉ុន្តែ​បែរជា​បាចសាច​សារ​អសីលធម៌ ធ្វើ​ក្ដារមឈូស ​ផ្ដល់​ឱ្យ​ពលរដ្ឋ​ជាតិ​ឯង គំរាម​បំបាក់​ស្មារតី​ពលរដ្ឋ​» ដូច្នេះ​ទេ។

លោក​ចាត់ទុក​ភាសា​នយោបាយ​នេះ «ក៏​មិន​ខុស​អ្វី​ពី​លោក ហ៊ុន សែន បង្ហាញ​អំពី​ទឹកចិត្ត​របស់​គាត់ ​ធ្វើ​ក្ដារ​មឈូស​​ចិត្តសាស្ត្រ​នយោបាយ​ កប់​វាសនា​ជាតិ​ខ្មែរ​នោះ​ដែរ»។ លោក​ថា «ទស្សនៈ​របស់​ពលរដ្ឋ​ ប្រាប់​ឱ្យ​លោក ហ៊ុន សែន ធ្វើ​សង្គ្រាម​យក​កម្ពុជាក្រោម​មកវិញ​នោះ គឺជា​បង្ហាញ​ទឹកចិត្ត​ស្រឡាញ់​ទឹកដី និង​ស្រឡាញ់​ជាតិ​​របស់​ពលរដ្ឋ​ខ្មែរ ដែល​នៅតែ​ស្ដាយ​ស្រណោះ​ទឹកដី​ជាតិ​ខ្មែរ»

ទោះបីជា​ការ​ប្រើ​ពាក្យ «ធ្វើ​សង្គ្រាម» របស់​ពលរដ្ឋ ដូចជា​ខុស​កាលៈទេសៈ​ត្រូវ​និយាយ តែ​គ្មាន​ការ​សង្ស័យ​ទេ គឺ​ពលរដ្ឋ​ខ្មែរ​មាន​ស្មារតី​រឹងមាំ​ណាស់​ ក្នុង​ការ​ការពារ​ទឹកដី​ជាតិ។

ទឹកដី​កម្ពុជាក្រោមដែល​បារាំង​ហៅថា​ ដែនដី​កូសាំងស៊ីន (Cochinchine) មាន​ចំនួន ២១ ​ខេត្ត-ក្រុង ត្រូវ​បាន​បារាំង​កាត់​ទៅ​ឱ្យ​វៀតណាម កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ នៅ​ក្នុង​អំឡុង​ពេល​ដែល​បារាំង​ ដាក់​អាណានិគម​លើ​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​បារាំង លោក វាំងសង់ អូរីយូល (Vincent Auriol)

ទោះបីជា​ទឹកដី​ខ្មែរ​កម្ពុជាក្រោម ​ស្ថិត​ក្រោម​អាណានិគម​វៀតណាម ​គ្រប់គ្រង​ក៏ដោយ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរក្រោម​នៅតែ​ចាត់ទុក​ខ្លួនឯង​ជា​ខ្មែរ​ដដែល ហើយ​ពួកគេ​តែងតែ​នាំគ្នា ​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ខ្មែរក្រោម​ផង​ដែរ៕