អត្ថបទដោយ កញ្ញា ខាន់ លក្ខិណា
សារព័ត៌មាន VOD / 02nd-3-2022

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អ្នកណា​ខ្លាំង​​ពូកែ​ទៅ​យក​កម្ពុជា​ក្រោម​ខ្លួន​ឯង​ទៅ​ ហើយ​លោក​នឹង​ជួយ​ធ្វើ​ក្ដារ​មឈូស​ និង​​ជួយ​កប់​សព​ឱ្យ ដោយ​ថា កម្ពុជា​ក្រោម​ មិន​មែន​បាត់បង់​ក្នុង​ជំនាន់​លោក​ដឹកនាំ​នោះ​ទេ​ ពោល​គឺ​​បាន​បាត់​បង់​តាំង​ពី​មុន​ឪពុក រួម​ទាំង​រូប​លោក​មិន​ទាន់​កើត​មក​ម្ល៉េះ។

ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៣ ភ្នំពេញ​-​កំពត នា​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដោយ​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​ចង់​ឱ្យ​លោក​ ទៅ​យក​កម្ពុជា​ក្រោម​វិញ​នោះ? ព្រោះ​អី​ទឹក​ដីក​ម្ពុជា​ក្រោម បាន​បាត់​បង់​តាំង​ពី​​លោក​ មិន​ទាន់​កើត​មក​ម្ល៉េះ។ លោក​បន្ត​ថា បើ​អ្នក​ណា​ពូកែ​ចង់​បាន​កម្ពុជា​ក្រោម​មក​វិញ​​នោះ សូម​ឱ្យ​ពួក​គេ​ ទៅ​យក​ខ្លួន​ឯង​ទៅ រូប​លោក​នឹង​ «ជួយ​ធ្វើក្ដារមឈូស និង​កប់​សព​ឱ្យ​» ផង​ដែរ។

លោកថា «មួយ​មក​ឆ្កុយ​ហ្មង សម្ដេច​សុំ​លើ​កទ័ព​​វាយ​យក​កម្ពុជា​ក្រោម។ ​ខ្ញុំ​ឆ្លើយ​តប​[ខមិន]​ទៅ​វិញ​ ទៅ​វាយ​យក​ខ្លួន​ឯង​ទៅ ខ្ញុំ​ប្រុង​ថែម​ទៅ​វាយ​យក​ខ្លួន​ឯង​ទៅ ខ្ញុំ​ជួយ​ធ្វើ​ក្ដារ​មឈូស និង​កប់​ខ្មោច​ឱ្យ។ កម្ពុជា​ក្រោម​ បាត់​តាំង​ពី​ខ្ញុំ​មិន​ទាន់​កើត ឪពុក​ខ្ញុំ​មិន​ទាន់​កើត រឿង​អី​មក​ឱ្យ​ខ្ញុំ​ទៅ​យក​។ អ្នកណា​ពូកែ​ សូម​អញ្ជើញ​ទៅ ហើយ​ខ្ញុំ​នឹង​​ជួយ​ក្នុង​ការ​ធ្វើ​ក្ដារ​មឈូស និង​កប់​ខ្មោច​ឱ្យ។ ហើយ​រឿង​ហ្នឹង ខ្ញុំ​បាន​និយាយ​តាំង​ពី​ឆ្នាំ​១៩៩៥ និង​ ៩៦ នៅ​ពេល​នោះ មាន​ការ​ព្យាយាម​ចង់​ធ្វើ​ខ្ញុំ​ប្រកាស​​ត្រង់ៗ​តែ​ម្ដង»

លោក ហ៊ុន សែន បន្តថា រឿង​ទឹកដី​កម្ពុជា​ក្រោម ជា​រឿង​អតីតកាល​ដែល​បាន​កន្លង​មក​ផុត​យូរ​ណាស់​មក​ហើយ​ ខណៈ​ពិភពលោក​ បាន​គូស​ផែនទី​រួច​ទៅ​ហើយ​ដែរ​ សូម្បី​តែ​ការ​ហោះហើរ​លើ​អាកាស​ក៏​បាន​កំណត់​ត្រឹម​ត្រូវ​ថែម​ទៀត​ផង។

លោកថា«សូម្បី​តែ​នៅ​លើ​យន្តហោះ គេ​ដាក់​ផែនទី​ឱ្យ​យើង​មើល​ ​ហោះ​ដល់​កន្លែង​ណា​អី កន្លែង​ណា ព្រំដែន​យើង​នៅ​ប៉ុន​រាល់ថ្ងៃ​ហ្នឹង​តើ! មាន​ទៅ​នៅ​វៀតណាម មាន​ទៅ​នៅ​ថៃ​ប៉ុន្មាន ខេត្ត​នៅ​ថៃ នៅ​វៀតណាម​នេះ​ទៀត​ មាន​ទៅ​ផុត​ផែនទី​ហ្នឹង​ណា»

អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា បើ​និយាយ​ផ្លូវ​ច្បាប់​ កម្ពុជា​នៅ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ទាមទារ​មក​វិញ ដោយសារ​ការ​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម ទៅ​ឱ្យ​វៀតណាម​គ្រប់​គ្រង​នោះ មិន​មាន​ឯកសារ​បញ្ជាក់​ណា​មួយ ដែល​កម្ពុជា​កាត់​ទៅ​ឱ្យ​ប្រទេស​វៀតណាម​ឡើយ ដោយ​ថា ការកាត់​ និង​ផ្ទេរ​នេះ ធ្វើ​ឡើង​ដោយ​បារាំង​ ជាមួយ​វៀតណាម តែ​ប៉ុណ្ណោះ។

លោកបន្តថា ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​មិន​ទាន់​បាន​ដឹង​ឮ ឬ​ទទួល​ស្គាល់​អំពី​រឿង​កាត់​ទឹកដី​ខ្មែរ​ប្រគល់​ទៅ​ឱ្យ​វៀតណាម ពី​សំណាក់​បារាំង នៅ​ឡើយ។

លោកថា«គាត់គិតថា គាត់ [កម្ពុជាក្រោម] ជា​ផ្នែក​មួយ​នៃ​ទឹកដី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ព្រោះ​គាត់​ជា​ខ្មែរ​ គាត់ [ខ្មែរ​កម្ពុជា​ក្រោម] ចង់​រស់​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ខ្មែរ​យើង ​មិន​ទាន់​មាន​ការផ្ដាច់ខ្លួន​ឯករាជ្យ​ឬ​យ៉ាង​ណា​មួយ​នៅ​ឡើយ​ទេ។ តាំង​ពី​ដើម​មក ពួកគាត់​នៅ​តែ​តាំង​​ខ្លួន​ជា​ខ្មែរ ព្រះមហាក្សត្រ ជា​ព្រះមហាក្សត្រ​ខ្មែរ​ទាំង​អស់​គ្នា កម្ពុជា​ជា​ទឹកដី​រួម​របស់​គាត់​តាំង​ពី​ដើម​មក»

ប្រធាន​ចលនា​ពលរដ្ឋ​ដើម្បី​​ប្រជាធិបតេយ្យ (PMD – People Movement for Democracy, Cambodia) លោក ទូច វិបុល ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា លោក ហ៊ុន សែន មិន​មាន​ស្មារតី​ជាតិ​និយម​ពិត​ប្រាកដ​ និង​មិន​យល់​ចំពោះ​ការ​តស៊ូ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​ធ្វើ​នៅ​លើ​ឆាក​អន្តរជាតិ​ នា​ពេល​កន្លង​មក​រហូត​ដល់​បច្ចុប្បន្ន។ លោក​បន្ត​ថា ការ​តស៊ូ​របស់​ពលរដ្ឋ​ខ្មែរក្រោម ដើម្បី​បាន​សិទ្ធិ​រស់​នៅ​កម្ពុជា​ក្រោម​នោះ ក៏​ត្រូវ​បាន​អង្គការ​សហ​ប្រជា​ជាតិ​ ទទួល​ស្គាល់​ផង​ដែរ។

លោក ទូច វិបុល បន្ត​ថា ការ​លើក​ឡើង​ និង​តស៊ូ​ទាមទារ​កម្ពុជា​ក្រោម​មក​វិញ មិន​មែន​ជា​ការ​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​វៀតណាម​ឡើយ ប៉ុន្តែ​ជា​ការ​តស៊ូ​មតិ​តាម​ផ្លូវ​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ទៅ​វិញ​ទេ។

លោកថា៖ «ប្រសាសន៍​របស់​គាត់​មិន​មាន​អ្វី​ចម្លែក​ទេ ដោយសារ​ទំនៀម​ទម្លាប់​របស់​គាត់ និយាយ ការ​ប្រើ​ប្រាស់​ភាសា​ហិង្សា ដូច​ខ្ញុំ​បញ្ជាក់​សារដើម​ វា​មិន​ឆ្លុះ​បញ្ចាំង​អំពី​មេដឹកនាំ​ដែល​មនសិការ​ជាតិ​ពិត​ប្រាកដ​របស់​ខ្លួន។ ជាថ្មី​ម្ដង​ទៀត ការ​តស៊ូ​មតិ ការ​លើក​ឡើង​របស់​អ្នកវិភាគ​ក្ដី របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​ក្ដី ឬ​អ្នកណា​ក៏ដោយ ដែល​លើក​ឡើង​ពី​បញ្ហា​កម្ពុជា កោះត្រល់ ចង្កោម​កោះ​ច្រកសេះ​ទាំង​អស់​នេះ មិន​មែន​មាន​ន័យ​ថា គេ​ទៅ​លី​កាំភ្លើង​ទៅ​ច្បាំង​ជាមួយ​ប្រទេស​វៀតណាម​នោះ​ទេ គឺ​គេ​និយាយ​អំពី​ការ​តស៊ូ​មតិ​អំពី​ច្បាប់​ជាតិ និង​អន្តរជាតិ ហើយ​ឈរ​ស្មើ​មុខ​គ្នា នៅ​តុលាការ​អន្តរជាតិ»

ទឹកដីកម្ពុជាក្រោម ដែល​បារាំង​​ហៅ​ថា ដែនដី​កូសាំងស៊ីន (Cochinchine) មាន​ចំនួន ២១ ខេត្ត​-​ក្រុង ត្រូវ​បាន​បារាំង​កាត់​ទៅ​ឱ្យ​វៀតណាម កាល​ពី​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ នៅ​ក្នុង​អំឡុង​ពេល​ដែល​បារាំង​ដាក់​អាណានិគម​លើ​កម្ពុជា ដែល​​ចុះ​​ហត្ថលេខា​​​​ដោយ​​ប្រធានាធិបតី​​បារាំង លោក វាំងសង់ អូរីយូល (Vincent Auriol)

.