បច្ចុប្បន្នភាព (Update)៖ តួលេខថ្មីនៃអ្នកឆ្លងមេរោគកូរ៉ូណា (Covid-19) នៅប្រទេសន័រវេស៍ (Norway) កើនឡើងដល់ ១២០៥ នាក់ហើយ ((VG -live)) និងស្លាប់មនុស្សវ័យចំណាស់ ៣ នាក់ ក្នុងនោះមានម្នាក់ស្លាប់នៅអាយុ ៨០ ឆ្នាំ បើគិតមកត្រឹមម៉ោង ១:៤៥ នាទីរសៀល (ម៉ោងក្នុងតំបន់) ត្រូវនឹងម៉ោងប្រមាណ ៧:៤៥ នាទីល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០។ នេះបើតាមទំព័រកាសែតវេហ្គេ (VG) របស់ន័រវេស៍។
នាយករដ្ឋមន្រ្តីន័វេស៍ លោកស្រី អ៊ែណា ស៊ុលប៊ែក (Erna Solberg) បានប្រកាសប្រទេសក្នុងភាពអាសន្ន ហើយបិទប្រទេស ២ សប្តាហ៍ ចាប់ពីម៉ោង ០៦ ល្ងាច កាលពីថ្ងៃទៅ ១២ ខែមីនា នេះ ជាការសាកល្បងជំហានដំបូង ក្នុងវិធានការទប់ស្លាត់មេរោគ Covid-19 ដែលរីករាលដាលយ៉ាងគំហុក។
លោកស្រី អ៊ែណា បញ្ជាក់ថា ន័រវេស៍ ត្រូវផ្អាកទទួលអ្នកដំណើរន្តរជាតិ ទាំងជើងហោះហើរ ទាំងផ្លូវ និងផ្លូវគោគទាំងអស់ លើកលែងតែក្រុមប្រទេសអឺរ៉ុបខាងជើង (ដាណាម៉ាក ស៊ុយអែត អ៊ីសឡង់ដ៍ ហ្វាំងឡង់ដ៍) ដែលមានប្រព័ន្ធដឹកនាំប្រទេស ប្រព័ន្ធអប់រំ និង ប្រព័ន្ធសុខាភិបាល ប្រហាក់ប្រហែលគ្នា ប៉ុន្តែគ្រប់គ្នា ត្រូវតែពិនិត្យសុខាភាពឲ្យបានហ្មតចត់។
ក្នុងភាពអាសន្ននេះ សាលារៀនទូទាំងប្រទេស ត្រូវបានបិទទ្វារ ប៉ុន្តែសិស្ស និស្សិត ត្រូវរៀនសូត្រតាមផ្ទះរៀងៗខ្លួន តាមកម្មវិធីសិក្សា ដែលបានដាក់នៅក្នុងប្រព័ន្ធវែបសាយ ឬអ៊ីនទែណិតរបស់សាលា។
មណ្ឌលកំសាន្ត ការជួបប្រជុំជាក្រុម ឬកម្មវិធីជួបជុំនានា ត្រូវបានផ្អាកមួយរយៈសិន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូរ៉ូណា ឬ Covid-19 នេះ។
មណ្ឌលខុសភាព ស្ថានប័នរាជការ និង ទីផ្សារលក់ម្ហូបអាហារ នៅដំណើរការធម្មតា។ ចំពោះស្ថាប័នរាជការ និងទីផ្សារលក់ដូរ ត្រូវបានកាត់បន្ថយពេលវេលាធ្វើការតិចជាងមុន ប៉ន្តែផ្នែកខ្លះ ក៏ត្រូវឲ្យបិទ្ធារ ឬបិទការិយាល័យបណ្តោះអាសន្នដែរ។
ពីរដ្ឋាភិបាលន័រវេស៍ ប្រកាសពីការឆ្លងមរោគ Covid-19 ត្រឹមតែ ១ ករណីដំបូង កាលពីថ្ងៃទី ២៦ ខែកុម្ភៈ។
បណ្តាញព័ត៌មានក្នុងស្រុក បានផ្សាយថា អ្នកឆ្លងមេរោគកូរ់ូណាទាំងនោះ ត្រូវបានរកឃើញក្រោយពីពួកគេ ត្រឡប់ពីសម្រាកលំហែរកាយ និងធ្វើការនៅក្រៅប្រទេស ដូចជាពីអ៊ីតាលី អ៊ីរ៉ង់ កូរ៉េខាងត្បូង និង ចិន ដែលជាក្រុមប្រទេស មានការរីករាលដាលខ្ពស់។ ក្រុមមន្រ្តីសុខាភិបាល បានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មានថា ចំពោះអ្នកត្រឡប់ពីក្រៅប្រទេស ដែលមិនទាន់ឆ្លងមេរោគនេះ ពួកគេត្រូវបានធ្វើរោគវិនិច្ឆ័យ និងដាក់ឲ្យនៅកន្លែងតាមដានជំងឺដោយឡែក ១៤ ថ្ងៃ ដើម្បីតាមដានអាការៈរោគ។
ប្រទេសន័រវេស៍ (Norway) ស្ថិតនៅអឺរ៉ុបខាងជើង មានពលរដ្ឋជាង ៥,៣ លាននាក់ ក្នុងនោះមានពលរដ្ឋខ្មែរ រស់នៅជាង ៦០០ នាក់។ ពលរដ្ឋខ្មែរប្រមាណ ៨២% រស់នៅភាគខាងត្បូងនៃប្រទេស ដូចជានៅទីក្រុងគ្រីស្ទានសាន់ (Kristiansand City) ក្រុងម៉ាន់ដាល (Mandal Town) សង្កាត់វេណេស្លា (Vennesla) និងសង្កាត់លីឡេសាន់ (Lillesand)។
គួរបញ្ជាក់ថា ពលរដ្ឋខ្មែរ រស់នៅប្រទេសន័រវេស៍នេះ ភាគច្រើនជាជនភៀសខ្លួនដោយ«សង្គ្រាម» ក្នុងទសវត្សរ៍ទី៨០ និងដើមទសវត្សរ៍ទី៩០។ ហើយជនភៀសខ្លួនខ្មែរ រស់នៅចាប់ពីឆ្នាំ២០០០ ដល់ ២០១០ គឺជាជនភៀសខ្លួនខាង «នយោបាយ»។ លុះក្រោយមក ជាអ្នកមករស់នៅតាមរយៈ «អាពាហ៍ពិពាហ៍»៕
(អត្ថបទដោយ ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅន័រវេស៍)


.