បច្ចុប្បន្នភាព (Update)៖ តួលេខថ្មីនៃអ្នកឆ្លងមេរោគកូរ៉ូណា (Covid-19) នៅប្រទេស​​ន័រវេស៍ (Norway) កើន​ឡើង​ដល់ ១២០៥ នាក់​ហើយ ((VG -live)) និងស្លាប់មនុស្សវ័យចំណាស់ ៣ នាក់ ក្នុងនោះមានម្នាក់ស្លាប់នៅអាយុ ៨០ ឆ្នាំ បើគិតមក​ត្រឹមម៉ោង ១:៤៥ នាទី​រសៀល (ម៉ោងក្នុងតំបន់) ត្រូវនឹងម៉ោងប្រមាណ ៧:៤៥ នាទី​ល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃទី ១៥ ខែមីនា​ ឆ្នាំ ២០២០។ នេះបើតាមទំព័រកាសែតវេហ្គេ (VG) របស់ន័រវេស៍។

នាយករដ្ឋមន្រ្តីន័វេស៍ លោកស្រី អ៊ែណា ស៊ុលប៊ែក (Erna Solberg) បាន​ប្រកាស​ប្រទេស​ក្នុង​ភាពអាសន្ន ហើយ​បិទប្រទេស ២ សប្តាហ៍ ចាប់ពីម៉ោង ០៦ ល្ងាច កាលពី​​ថ្ងៃទៅ ១២ ខែ​មីនា នេះ ជាការសាកល្បង​ជំហាន​​ដំបូង ក្នុងវិធានការ​ទប់ស្លាត់​មេរោគ Covid-19 ដែល​រីករាលដាល​យ៉ាងគំហុក។

លោកស្រី អ៊ែណា បញ្ជាក់ថា ន័រវេស៍ ត្រូវផ្អាកទទួលអ្នកដំណើរន្តរជាតិ ទាំងជើងហោះហើរ ទាំងផ្លូវ និងផ្លូវគោគទាំងអស់ លើកលែងតែ​ក្រុមប្រទេស​អឺរ៉ុប​ខាងជើង (ដាណាម៉ាក ស៊ុយអែត អ៊ីសឡង់ដ៍ ហ្វាំងឡង់ដ៍) ដែលមាន​ប្រព័ន្ធ​ដឹកនាំ​ប្រទេស ប្រព័ន្ធអប់រំ និង ប្រព័ន្ធសុខាភិបាល​ ​​ប្រហាក់ប្រហែលគ្នា ប៉ុន្តែគ្រប់គ្នា ត្រូវតែពិនិត្យ​សុខាភាព​ឲ្យបាន​ហ្មតចត់។

ក្នុងភាពអាសន្ននេះ សាលារៀនទូទាំងប្រទេស ត្រូវបានបិទទ្វារ ប៉ុន្តែសិស្ស និស្សិត ត្រូវ​រៀនសូត្រ​​​តាម​ផ្ទះ​រៀងៗ​ខ្លួន តាមកម្មវិធីសិក្សា ដែលបាន​ដាក់នៅក្នុងប្រព័ន្ធវែបសាយ ឬ​អ៊ីន​ទែ​ណិត​​របស់​សាលា។

មណ្ឌលកំសាន្ត ការជួបប្រជុំជាក្រុម ឬកម្មវិធីជួបជុំនានា ត្រូវបានផ្អាកមួយ​រយៈសិន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូរ៉ូណា ឬ Covid-19 នេះ។

មណ្ឌលខុសភាព ស្ថានប័នរាជការ និង ទីផ្សារលក់ម្ហូបអាហារ នៅដំណើរការធម្មតា។ ចំពោះ​ស្ថាប័ន​រាជការ និងទីផ្សារលក់ដូរ ត្រូវ​បាន​កាត់បន្ថយ​ពេលវេលាធ្វើការ​តិច​ជាងមុន ប៉ន្តែផ្នែកខ្លះ ក៏ត្រូវឲ្យបិទ្ធារ ឬបិទការិយាល័យបណ្តោះអាសន្នដែរ។

ពីរដ្ឋាភិបាល​ន័រវេស៍ ប្រកាស​ពីការឆ្លងមរោគ Covid-19 ត្រឹមតែ ១​ ករណី​ដំបូង កាលពីថ្ងៃទី ២៦ ខែកុម្ភៈ។

បណ្តាញព័ត៌មានក្នុងស្រុក បានផ្សាយថា អ្នកឆ្លងមេរោគកូរ់ូណាទាំងនោះ ត្រូវ​បាន​រកឃើញ​ក្រោយ​ពីពួកគេ ត្រឡប់​ពីសម្រាកលំហែរកាយ និង​ធ្វើការ​នៅក្រៅប្រទេស ដូចជាពី​អ៊ីតាលី អ៊ីរ៉ង់ កូរ៉េខាងត្បូង និង ចិន ដែលជា​ក្រុមប្រទេស មាន​ការរីករាលដាល​ខ្ពស់។ ក្រុមមន្រ្តីសុខាភិបាល បានឲ្យដឹង​តាមរយៈបណ្តាញ​សារព័ត៌មានថា ចំពោះអ្នកត្រឡប់ពីក្រៅប្រទេស ដែលមិនទាន់ឆ្លង​មេរោគនេះ ពួកគេត្រូវបាន​ធ្វើរោគវិនិច្ឆ័យ និងដាក់ឲ្យនៅកន្លែង​តាមដានជំងឺដោយឡែក ១៤ ថ្ងៃ ដើម្បីតាមដាន​អាការៈរោគ។

ប្រទេសន័រវេស៍ (Norway) ស្ថិតនៅអឺរ៉ុបខាងជើង មាន​ពលរដ្ឋជាង ៥,៣ លាន​​នាក់ ក្នុង​នោះ​​មានពលរដ្ឋខ្មែរ រស់នៅជាង ៦០០ នាក់ ពលរដ្ឋខ្មែរ​ប្រមាណ ៨២% រស់នៅ​ភាគខាងត្បូង​នៃប្រទេស ដូចជា​នៅ​ទីក្រុងគ្រីស្ទានសាន់ (Kristiansand City) ក្រុងម៉ាន់ដាល (Mandal Town) សង្កាត់វេណេស្លា (Vennesla) និងសង្កាត់​លីឡេសាន់ (Lillesand)។

គួរបញ្ជាក់ថា ពលរដ្ឋខ្មែរ រស់នៅ​ប្រទេស​ន័រវេស៍​នេះ ភាគច្រើន​ជា​​ជន​ភៀស​​ខ្លួន​​ដោយ​«សង្គ្រាម» ក្នុង​ទសវត្សរ៍​ទី៨០ និងដើម​ទសវត្សរ៍​ទី៩០។ ហើយ​ជនភៀសខ្លួន​ខ្មែរ រស់នៅ​ចាប់ពីឆ្នាំ​២០០០ ដល់ ២០១០ គឺជា​ជនភៀសខ្លួន​ខាង «នយោបាយ»។ លុះក្រោយមក ជាអ្នក​មក​​រស់នៅ​​តាមរយៈ «អាពាហ៍ពិពាហ៍»៕
(អត្ថបទដោយ ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅ​ន័រវេស៍)

Photo 2018: Khmer Buddhist Center in Norway
Photo 2018: Khmer Buddhist Center in Norway

.

Advertisements