អត្ថបទលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ១៣ កុម្ភៈ ២០២០

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែង​នៅ​ខេត្តព្រៃវែង ជា​ខេត្ត​ជាប់​​ព្រំដែន​​វៀត​ណាម នៅ​ថ្ងៃទី ១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា «ពលរដ្ឋ​ខ្មែរ មិន​​​ត្រូវ​​ជួល​​ដី​ធ្លី​​​នៅ​តាម​ព្រំដែន​ ទៅ​ឲ្យ​ជន​បរទេស {វៀត​ណាម} ជា​ដាច់​ខាត»។ លោក​បញ្ជាក់​បន្ថែម​ថា «ការជួល​ដីធ្លី នៅ​តាម​ព្រំដែន​ ឲ្យ​ជន​បរទេស វា​ជា​រឿង​ខុស​ច្បាប់»

មិនសំដៅ​លើ​ជនបរទេស នៃ​ប្រទេស​ជិត​ខាង​​ណា​មួយ​ច្បាស់​លាស់​ទេ ប៉ុន្តែ​លោក ស ខេង ទំនង​ជា​ចង់​ផ្តោត​ទៅ​លើ​វៀតណាម ដែល​មាន​ប្រវត្តិ​ឈ្លានពាន​ទឹកដី​ខ្មែរ ជាប់​ជា​ប្រចាំ​រហូត​បច្ចុប្បន្ន។

ចំណែកភាគីថៃ ក៏ជា​ប្រទេស​​ជាប់​ព្រំដែន​ជាមួយ​កម្ពុជា​ដែរ ហើយ​សុទ្ធតែ​​មាន​​ប្រវត្តិ​​លួច​រំកិល​​ព្រំដែន ចូល​ក្នុង​ទឹកដី​កម្ពុជា ដែល​​នាំ​ឲ្យ​មាន​​ទំនាស់​​ព្រំដែន​​ជា​ញឹកញាប់ បើ​ទោះ​បី​កម្ពុជា និង​ថៃ មាន​ព្រំដែន​អន្តរជាតិ និង​មាន​បង្គោល​ព្រំដែន ចំនួន ៧៣ ជា​មួយ​គ្នា តាម​​សន្ធិសញ្ញា​បារាំង សៀម ឆ្នាំ​១៩០៤ និង ១៩០៧ រួច​ហើយ​ក្តី។

សម្រាប់ប្រទេសឡាវ សព្វថ្ងៃ នៅ​តែ​ជា​ប្រទេស ដែល​ស្ថិត​នៅ​ក្រោម​​អាណា​ព្យាបាល​​របស់​​វៀតណាម។ ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​របស់​ឡាវ ជាមួយ​កម្ពុជា គឺ​ពឹង​ផ្អែក​ទាំង​ស្រុង ទៅ​លើ​សន្ធិសញ្ញា​នានា ដែល​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ធ្វើ​ជាមួយ​ភាគី​វៀតណាម។ គ្រប់​សន្ធិសញ្ញាថ្មីៗ​ទាំង​អស់ ជាមួយ​វៀតណាម តាំង​ពី​ទសវត្សរ៍​ទី​៨០ មក​ដល់​ឆ្នាំ ២០០៥ និង​ឆ្នាំ ២០១៩ ហៅ​ថា «ជា​សន្ធិសញ្ញា​មិន​ស្មើភាព ដែល​ធ្វើ​ឲ្យ​​ភាគី​កម្ពុជា ជា​អ្នក​ខាត​បង់ បូរណភាព​ទឹកដី​របស់​ខ្លួន» បង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស​​យ៉ាង​ខ្លាំង ក្នុង​​ចំណោម​​អ្នក​នយោបាយ អ្នក​​ជំនាញ​ព្រំដែន និង​​អ្នក​ធ្វើ​កិច្ចការ​​ព្រំដែន​​ខ្មែរ។

ក្រុមអ្នកធ្វិកិច្ចការព្រំដែន អ្នក​ជំនាញ​ព្រំដែន និង​សកម្មជន​ព្រំដែន​ខ្មែរ បាន​​ហៅ​​ការ​ថ្លែង​សារ​​​របស់​លោក ស ខេង ក៏ដូច​ជា​​លោក ហ៊ុន សែន ស្តីអំពី​ការ​ជួល​ដីធ្លី នៅ​តាម​​ព្រំដែន ឲ្យ​ជន​​បរទេស​​នេះ​ថា «​មិន​​មែន​​​ជា​ការ​ថ្លែង​លើក​ទីមួយ​ទេ ហើយ​ក៏​គ្មាន​ចំណាត់​ការ​​តាម​​ច្បាប់​​​ណា​មួយ ​ឲ្យ​មាន​ប្រសិទ្ធភាព ជាក់​លាក់់​ដែរ។ នោះ​ជា​សេចក្តី​ព្រួយ​បារម្ភ​​ធំ​ធេង​​របស់​កម្ពុជា អាច​​បាត់​បង់​ទឹកដី​បន្ថែម​ទៀត បើ​សិន​មេ​ដឹកនាំ​ខ្មែរ នៅ​តែ​ខ្វះ​ចំណាត់​ការ​របៀប​នេះ​»

កាលពីថ្ងៃទី ១៧ វិច្ឆិកា ២០១៥ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ​មួយ ​សរសេរ​​ថា «​ហាម​ពលរដ្ឋ​ខ្មែរ ​មិន​​ឲ្យ​​លក់ ឬ​​ជួល​​ដីស្រែ​ ចម្ការ ឬ​​ដី​​លំនៅឋាន ​នៅ​​តាម​​តំបន់​​ព្រំដែន ​ឲ្យ​​​ទៅ​​ពលរដ្ឋ​ នៃ​​ប្រទេស​​ជិត​​ខាង ​​ទោះបី​​ក្នុង​​រូបភាព​​ណា​​ក៏ដោយ» ដើម្បី​​រក្សា​​ការពារ ​នូវ​​សិទ្ធិ​​កាន់​កាប់​​ដីធ្លី និង​​ផល​ប្រយោជន៍​​ស្រប​​ច្បាប់ និង​លើក​​កម្ពស់​​ជីវភាព​​រស់​នៅ​​​របស់​​ពលរដ្ឋ​​ខ្មែរ ​នៅ​តាម​បណ្តោយ​ព្រំដែន ​ព្រមទាំង​ជួយ​សម្រួល​ដល់​ការងារ​កំណត់ និង​​បោះ​បង្គោល​ខណ្ឌ​សីមា ​សំដៅ​រក្សា​ការពារ​ឲ្យ​បាន ​នូវ​បូរណភាព​ទឹកដី​ និង​អធិបតេយ្យភាព​ជាតិ។

មួយខែក្រោយមក​ កាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយ​កាល​ពីថ្ងៃទី ២៤ ធ្នូ ២០១៥ ដកស្រង់​របាយការណ៍​​​បឋម​​របស់​​មន្ត្រីជាន់​ខ្ពស់​​​ក្រសួង​មហាផ្ទៃ ថា «មាន​ប្រជាពលរដ្ឋខ្មែរ ដែល​រស់នៅ​តាម​​ព្រំដែន​វៀតណាម ជិត ១០០០ គ្រួសារ បាន​ជួល​ដី​ទំហំជិត ៧០០០​ហិកតា ទៅ​ឲ្យ​វៀតណាម។ ពលរដ្ឋជាប់ព្រំដែនទាំង​នោះ រួមមាន​នៅ ខេត្ត​តាកែវ ខេត្តស្វាយរៀង ខេត្តក្រចេះ និង ខេត្តកណ្តាល ជាដើម»។

ករណីលោក ស ខេង ថ្លែងសារជាថ្មី នៅថ្ងៃទី ១២ មីនា ឆ្នាំ​២០២០ នេះ រំលឹក​​អំពី​​ការ​ជួល​ដី​ព្រំដែន ឲ្យ​ជន​បរទេស​ជិតខាង​នេះ គឺជា​ដូច​ជា​​ការ​សារភាព​ថា រដ្ឋាភិបាល​សព្វថ្ងៃ មាន​ភាព​ទន់​ខ្សោយ ក្នុង​ការ​អនុវត្ត​ច្បាប់ ដែល​នាំ​ឲ្យ​​មាន​ការ​ជួល​ដី​ព្រំដែន ទៅ​ឲ្យ​ជន​បរទេស នៅ​តែ​បន្តកើត​មាន​ដដែល ដែល​ជា​ហានីភ័យ​​ធ្ងន់ធ្ងរ សម្រាប់​ប្រជា​ជាតិ​ខ្មែរ ទៅ​ថ្ងៃ​ក្រោយ៕