របាយការណ៍អភិវឌ្ឍរបស់អង្គការ UNDP ស្តីពីគម្របព្រៃឈើ ថាគម្របព្រៃឈើ នៅកម្ពុជា បានថយចុះពី ៧៣% នៅឆ្នាំ ១៩៧៥ ធ្លាក់មកត្រឹមប្រមាណ ៤៧% នៅឆ្នាំ ២០១៨។ ព្រៃឈើខ្មែរ មកដល់ខែមសា ២០២០ ធ្លាក់មកត្រឹមប្រមាណ ៤១%។ នេះបើតាមក្រសួងបរិស្ថានកម្ពុជា ពីថ្ងៃទី ២៤ មេសា ២០២០ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «បច្ចុប្បន្ននេះ មានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ សរុបចំនួន ៦០ កន្លែង ដែលគ្របដណ្តប់លើផ្ទៃដី ប្រមាណជាង ៧,២ លានហិកាតា ស្មើប្រមាណ ៤១% នៃផ្ទៃដីសរុបរបស់កម្ពុជា»។ (ដោយលោក ម៉ែន ណាត នៃ CWCI Cambodia)
សង្គមស៊ីវិល ស្នើបង្ហាញឱ្យតម្លាភាព ករណីឈូសឆាយព្រៃភ្នំបូកគោរាប់ពាន់ហិកតារ
(ដោយលោក ជាតិ ចំណាន / RFA Khmer /07th-6-2020)
ការឈូសឆាយព្រៃ រាប់ពាន់ហិកតារ ក្នុងឧទ្យានជាតិព្រះមុនីវង្ស ភ្នំបូកគោ ក្នុងខេត្តកំពត ក្រោមស្លាកអភិវឌ្ឍន៍ នៅមិនទាន់មានការបកស្រាយឱ្យច្បាស់លាស់ បង្ហាញឱ្យពលរដ្ឋជ្រាបនៅឡើយទេ។ មន្ត្រីសង្គមស៊ីវិលរកឃើញថា រដ្ឋាភិបាល នៅមិនទាន់ បែងចែកឱ្យច្បាស់លាស់តំបន់ណា ដែលត្រូវអភិវឌ្ឍន៍ និងតំបន់ណា ដែលត្រូវអភិរក្សធនធានធម្មជាតិនោះទេ។ ចំណែកមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ឱ្យដឹងថា គម្រោងវិនិយោគនៅតំបន់នោះ ក្រុមហ៊ុនបានសហការជាមួយក្រសួងសាមី និងអាជ្ញាធរដែនដី។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ ចង់ឃើញរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ បង្ហាញតម្លាភាព នៃគម្រោងវិនិយោគខ្នាតធំ លើរមណីយដ្ឋានព្រះមុនីវង្ស ភ្នំបូកគោ និងបង្ហាញពីទីតាំងវិនិយោគ ឱ្យច្បាស់លាស់ ជាពិសេសត្រូវបង្ហាញទំហំថវិកាជាតិ ដែលក្រុមហ៊ុន បង់ពន្ធចូលរដ្ឋ ក្នុងមួយឆ្នាំៗ។ ការលើកឡើងនេះ ក្រោយពីពួកគេសង្កេតឃើញថា រមណីយដ្ឋានភ្នំបូកគោ កំពុងទទួលរងការឈូសឆាយព្រៃ ជាច្រើនពាន់ហិកតារ ដាច់ជាកង់ៗ ធំល្វឹងល្វើយ ដាច់កន្ទុយភ្នែក ហើយសំណល់ព្រៃឈើ ដែលឈូសឆាយនោះ ត្រូវគេគរទុកលើខ្នងភ្នំបូកគោ។ តំបន់ខ្លះទៀត ដាក់ស្លាកគម្រោងវិនិយោគ ផ្ទះល្វែង កន្លែងលម្ហែកាយ និងកន្លែងបម្រើសេវាកម្មទេសចរណ៍ផ្សេងៗទៀត។
ក្រុមអ្នកទេសចរដែលទៅទស្សនាទីនោះ មានមន្ទិលថា តើសកម្មភាពឈូសឆាយព្រៃរង្គាល និងមានគ្រឿងចក្ររាប់សិបគ្រឿង មានរំសេវបំផ្ទុះរំលាយថ្ម ក្នុងតំបន់ឧទ្យានជាតិបូកគោ ធ្វើឡើងដោយត្រឹមត្រូវតាមច្បាប់ឬទេ? ខណៈពួកគេមិនទាន់ដឹងថា តំបន់ណាដែលត្រូវអភិរក្ស និងតំបន់ណាដែលត្រូវអភិវឌ្ឍន៍នៅឡើយទេ។
លោក ស ម៉ូរី ប្រធានកម្មវិធី នៃបណ្ដាញយុវជនកម្ពុជា និងជាអ្នកសិក្សាច្បាប់សិទ្ធិមនុស្សអន្តរជាតិ ឱ្យដឹងនៅថ្ងៃទី ៦ ឧសភាថា សកម្មភាពឈូសឆាយព្រៃទាំងនោះ ចៀសមិនផុត នឹងប៉ះពាល់បរិស្ថាន ជីវចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់អភិរក្សនេះ។ លោកថា រដ្ឋាភិបាលគួរតែបើកជំហរឱ្យពលរដ្ឋ និងអ្នកពាក់ព័ន្ធ ចូលរួម ផ្តល់មតិយោបល់ជុំវិញ ក្នុងកិច្ចអភិវឌ្ឍន៍ និងកិច្ចសន្យាវិនិយោគនានា ជាមួយក្រុមហ៊ុនឯកជន។ លើសពីនេះ រដ្ឋាភិបាល ត្រូវបែងចែកឱ្យដាច់ស្រឡះ តំបន់ណាសម្រាប់ក្រុមហ៊ុនវិនិយោគ និងតំបន់ណាខ្លះ សម្រាប់អភិរក្ស៖ «បច្ចុប្បន្នមានការឈូសឆាយដី រាប់រយរាប់ពាន់ហិកតារ លើភ្នំហ្នឹង ហើយយើងអត់ទាន់ច្បាស់ទេថា តើដីដែលក្រុមហ៊ុនបានឈូសឆាយ វាជាទីតាំងកន្លែងណាមួយ ឱ្យពិតប្រាកដ? អ៊ីចឹងហើយ វាបង្កើតភាពស្រពេចស្រពិល។ ភាពមិនច្បាស់លាស់ ហើយយើងមើលឃើញថា ការអភិវឌ្ឍន៍បែបនេះ វាអត់មានតម្លាភាព។ សម្រាប់យើង យើងមិនចង់ប្រឆាំងការ អភិវឌ្ឍទេ តែយើងចង់ឃើញ ការអភិវឌ្ឍមានតម្លាភាព និងការអភិវឌ្ឍបែបអភិរក្ស មិនមែនជាការអភិវឌ្ឍបែបបំផ្លាញ ធនធានធម្មជាតិ ហើយបម្រើប្រយោជន៍តែអ្នកមានលុយ មានអំណាចទេ»។
ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ មានផ្ទៃដីទំហំជាង ១៥ ម៉ឺនហិកតារ (១៥៤.៤៥៨ ហិកតារ) ស្ថិតក្នុងភូមិសាស្ត្រ ស្រុកទឹកឈូ ខេត្តកំពត ជាប់ខេត្តព្រះសីហនុ។ ក្រុមពលរដ្ឋ ឱ្យដឹងថា បើទោះបីជា មានឧក្រិដ្ឋកម្មព្រៃឈើ និងការឈូសឆាយទន្ទ្រានព្រៃរាប់ពាន់ហិកតារ ធ្វើឡើងពីសំណាក់អ្នកមានអំណាចក្តី ទំនងជាគ្មាននរណាម្នាក់ បានដឹងពីបទល្មើសឧក្រិដ្ឋនានា ដែលកើតឡើងនៅតំបន់នោះទេ។ ពួកគេអះអាងថា ការឈូសឆាយព្រៃ ក្លាយជាវាលធំល្វឹងល្វើយ លាតសន្ធឹងលើផ្ទៃដីជាច្រើនពាន់ហិកតារ គេឃើញ មានគ្រឿងចក្រជាច្រើនគ្រឿង មានកម្មករជាច្រើនក្រុម និងមានតំបន់ខ្លះ លើកស្លាកសាងសង់លំនៅឋាន និងផ្ទះល្វែងជាដើម។
ពលរដ្ឋម្នាក់រស់នៅស្រុកទឹកឈូ ខេត្តកំពត ថ្លែងសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា ឧទ្យានជាតិនេះ មាននៅសល់ព្រៃតិចតូចប៉ុណ្ណោះ ដុះតាមជម្រាលភ្នំ អមសងខាងផ្លូវឡើងលើខ្នងភ្នំ។ លោកថា រយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ ឈើហ៊ុបធំៗ ត្រូវគេកាប់ធ្វើអាជីវកម្មអស់ទាំងស្រុង នៅសល់ដើមឈើតូចៗ គ្មានតម្លៃលើទីផ្សារអាចប្រើប្រាស់បាន។
អាស៊ីសេរី (RFA) បានព្យាយាមទាក់ទង អភិបាលខេត្តកំពត លោក ជាវ តាយ ដើម្បីសុំការបំភ្លឺរឿងនេះមិនបានទេ ដោយសារតែទូរសព្ទហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី ៦ មិថុនា។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ក្រសួងបរិស្ថាន កំពុងកំណត់តំបន់ស្នូល តំបន់អភិរក្ស តំបន់អភិវឌ្ឍន៍ចិរភាព និងតំបន់សហគមន៍ ក្នុងឧទ្យានជាតិនេះ។ លោកថា បច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សចំនួន ៤០ នាក់ កំពុងឈរជើងការពារឧទ្យានជាតិនេះ និងបានបោះបង្គោលទាំងតូច ទាំងធំចំនួន ៦៦ ដើម ដើម្បីកំណត់ព្រំសម្គាល់។ លោកបញ្ជាក់ថា ការអនុវត្តគម្រោងវិនិយោគរបស់ក្រុមហ៊ុន ឋិតក្នុងរង្វង់កំណត់ មុននឹងធ្វើការអភិវឌ្ឍ ការឈូសឆាយ គឺក្រុមហ៊ុនបានសហការជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរដែនដី ដើម្បីពិនិត្យសិក្សាលើផលប៉ះពាល់នានា។
កាលពីចុងខែមិថុនា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យដាក់ឱ្យប្រើប្រាស់ប្លង់គោលនៃគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ។ ខ្លឹមសារអនុក្រឹត្យនេះ បានកំណត់ផ្នែកខ្លះ នៃរមណីយដ្ឋានភ្នំបូកគោ ជាទីក្រុងឆ្លាតវៃ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងតំបន់ពាណិជ្ជកម្ម ធុរកិច្ច និងលំនៅឋានជាដើម។ រមណីយដ្ឋានឧទ្យានជាតិ ភ្នំបូកគោ មានផ្ទៃដីសរុបជាង ១សែន ៥ ម៉ឺនហិកតារ (១៥៤.៤៥៤ ហិកតា) ក្នុងនោះ ទំហំដីអាចអភិវឌ្ឍន៍បាន មានចំនួនជាង ២ម៉ឺន ៧ពាន់ហិកតារ (២៧.៩៤៣) និងប្រភេទដីក្នុងកម្រិតការសាងសង់មានចំនួនជាង ១សែន ២ម៉ឺនហិកតារ (១២៦.៥១៥ ហិកតារ) ។ រីឯទំហំដីជិត ២ម៉ឺនហិកតារ ទៀត (១៨.៩៨៧) គ្រប់គ្រងដោយក្រុមហ៊ុន សុខា អូតែល របស់ឧកញ៉ា សុខ គង់។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ឌ្រូ ហ្កាន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ហៅកាត់ អាឡិច កត់សម្គាល់ថា រយៈពេល ២០ ឆ្នាំចុងក្រោយនេះ រមណីដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយនេះ បានថយចុះព្រៃឈើ សត្វព្រៃ និងប្រព័ន្ធជីវចម្រុះធំធេង។ លោកថា ការបាត់បង់ព្រៃឈើនៅតំបន់នោះ ដោយសារគ្មានយន្តការអភិរក្សច្បាស់លាស់ និងខ្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។ លោកបន្ថែមថា ភ្នំបូកគោបច្ចុប្បន្ននៅសល់តែទេសភាពលើខ្នងភ្នំប៉ុណ្ណោះ៖ «និយាយឱ្យចំទៅ ស្រណោះតែម្ដង កន្លែងដែលល្បីពេញអាស៊ីអាគ្នេយ៍ មានជនជាតិខ្មែរ និងបរទេសទៅលេង ស្រណោះណាស់នៅពេលដែលឃើញថា កន្លែងនោះវាអត់ថែរក្សា។ ជីវចម្រុះអត់ថែរក្សា និងប្រវត្តិសាស្ត្រ ក៏មិនថែរក្សា។ កន្លែងហ្នឹង ប្រវត្តិសាស្ត្រសម្បើមណាស់។ ប៉ុន្តែបែរជានៅខ្មែរ បំផ្លាញជីវចម្រុះខ្លួនឯង ដើម្បីលេងល្បែង ដើម្បីលាងលុយកខ្វក់ វាក្លាយជាទម្លាប់ ខ្ញុំដូចស្រណោះ»។
លោក អាឡិច បន្ថែមថា ឧទ្យានជាតិបានបាត់បង់ធនធានធម្មជាតិដ៏ធំសម្បើមនេះ បានជំនួសមកវិញដោយកន្លែងលេងល្បែង កន្លែងលាងលុយកង្វក់ កន្លែងពេស្យាចារ និងទីតាំងលម្ហែកាយរបស់ក្រុមអ្នកមានលុយ។ ចំណែកពលរដ្ឋខ្មែរក្រីក្រ ស្ទើរតែមិនបានទទួលផលទាល់តែសោះ ពីគម្រោងវិនិយោគទាំងនេះ៕
អត្ថបទទាក់ទង
– ការសិក្សាថ្មី៖ សាកលវិទ្យាល័យនៅដាណឺម៉ាក បង្ហាញថា ព្រៃឡង់ ត្រូវបានកាប់បំផ្លាញទ្រង់ទ្រាយធំ
– គម្របព្រៃឈើខ្មែរ សល់ប្រមាណ ៤៧% ឆ្នាំ២០១៨ និងថយចុះមកត្រឹម ៤១% ដល់ខែមេសា ២០២០
– ព្រៃឈើ នៅតំបន់ព្រៃឡង់ រងការកាប់បំផ្លាញថែមទៀត បើតាមរូបភាពផ្កាយរណប
– ក្រសួងបរិស្ថាន ព្រមានសកម្មជនបរិស្ថាន ប៉ុន្តែសកម្មជនបរិស្ថាន ថាត្រូវការពារព្រៃឈើរួមគ្នា ខណៈបទល្មើស មិនថមថយ
– ក្រុមគ្រួសារលោក ឈុត វុទ្ធី ថាមិនទាន់បានទទួលពន្លឺយុត្តិធម៌! តើលោកស្រី ហ៊ុន ម៉ាណា ជាអ្វីនៅក្នុងក្រុមហ៊ុន Timber Green កាលនោះ?
– គម្របព្រៃឈើខ្មែរ សល់ជាង ៤០% កំពុងរងការកាប់បំផ្លាញបន្ថែម
– ឯកសារ៖ លោក ហ៊ុន សែន «សន្យាកាត់ក» ឆ្នាំ២០០២ បរាជ័យរឿងទប់ស្កាត់ការបំផ្លាញព្រៃឈើ រួចមកប្តូរពាក្យថា កាប់បំផ្លាញព្រៃឈើ «ដូចកាប់ក្បាល ហ៊ុន សែន»
.