ដោយលោក ទីន ហ្សាការីយ៉ា /RFA Khmer /29-5-2020
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងក្រុមយុវជន បញ្ចេញប្រតិកម្មចំពោះលោកបណ្ឌិត សុខ ទូច ប្រធានគណៈកម្មការស្រាវស្រាវជ្រាវព្រំដែនកម្ពុជា វៀតណាម ដែលលើកឡើងថា បើសិនជាអាជ្ញាធរខ្មែរ អនុញ្ញាតឱ្យពួកគេ ទៅមើលខ្សែបន្ទាត់ព្រំដែន ខ្លាចវៀតណាមចាប់នោះ គឺជាការអះអាងមិនត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញ ពួកគេអះអាងថា រដ្ឋាភិបាល រឹតត្បិត ឬមិនអនុញ្ញាតពលរដ្ឋរបស់ខ្លួន ទៅមើលខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាមនេះ ព្រោះមានរឿងអាថ៌កំបាំង ទាក់ទងនឹងការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន អះអាងថា អាជ្ញាធរខ្មែរ ហាមឃាត់ពលរដ្ឋ មិនឱ្យទៅមើលតំបន់ព្រំដែន កម្ពុជា វៀតណាម កន្លងមកនោះ គ្រាន់តែជាលេស ដែលរដ្ឋាភិបាល មិនចង់ឱ្យប្រជាពលរដ្ឋ បានឃើញទីតាំងព្រំដែនជាក់ស្ដែង ចំពោះការបោះបង្គោលព្រំដែនប្រទេសទាំងពីរ តែប៉ុណ្ណោះ។
លោក រ៉ុង ឈុន មានប្រសាសន៍ថា អាជ្ញាធរវៀតណាម បណ្ដុះឆន្ទៈយុវជនឱ្យឈឺឆ្អាលរឿងប្រទេសជាតិ រឿងព្រំដែន ដូចជាកាលពីពេលថ្មីៗនេះ អាជ្ញាធរវៀតណាម នាំសិស្សានុសិស្ស ទៅមើលព្រំដែន តែអាជ្ញាធរកម្ពុជាវិញ ពលរដ្ឋមានឆន្ទៈដោយខ្លួនឯង ចង់ទៅមើលព្រំដែន បែរជាអាជ្ញាធរ ហាមឃាត់ទៅវិញ។ លោកបញ្ជាក់ថា ការហាមឃាត់នេះ ប្រហែលជាមានភាពមិនប្រក្រតី ចំពោះការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម៖ «រារាំងមិនឱ្យពលរដ្ឋទៅមើលព្រំដែន មានន័យថា ការបោះបង្គោលព្រំដែននេះ មានភាពមិនប្រក្រតីច្រើន បានជាមិនឱ្យពលរដ្ឋទៅមើល ម្ដងហើយម្ដងទៀត»។
ការលើកឡើងរបស់លោក រ៉ុង ឈុន នេះ នៅបន្ទាប់ពីលោក បណ្ឌិត សុខ ទូច បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី ២៧ ឧសភា ថា អាជ្ញាធរកម្ពុជា បានហាមឃាត់ពលរដ្ឋ និងក្រុមយុវជន មិនឱ្យទៅមើលតំបន់ព្រំដែនកម្ពុជា វៀតណាម ដោយសារតែគិតពីសុវត្ថិភាពប្រជាពលរដ្ឋ។ លោក ថ្លែងដូច្នេះថា «យុវជន ពេលណាចង់ទៅមើលព្រំដែន ពេលទៅមើល គាត់កាន់ផែនទី ឬកាន់អី? ទៅមើលនឹងថ្ងាសឬអី? ព្រោះថាឥលូវយួន បិទព្រំដែន គេបិទដោយឯកតោភាគី»។
កាលពីពេលថ្មីៗនេះ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងក្រុមការងារ ១០០រាត្រី ដែលចុះស្រាវជ្រាវរឿងព្រំដែន បន្តពីលោកបណ្ឌិត កែម ឡី រួមទាំងប្រធានគណបក្សឆន្ទៈខ្មែរ និងជាមន្ត្រីប្រឹក្សាពិគ្រោះយោបល់ ដែលមានលិខិតបេសកកម្មរដ្ឋបាលត្រឹមត្រូវផង បានចុះទៅមើលតំបន់ព្រំដែន នៅតំបន់ភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ជាទីតាំងដែលអាជ្ញាធរវៀតណាម បានបោះតង់ ចូលលើទឹកដីខ្មែរ ប៉ុន្តែអាជ្ញាធរហាមឃាត់។
លោក រ៉ុង ឈុន លើកឡើងថា បើសិនជាអាជ្ញាធរខ្លាច ពួកលោក ឬពលរដ្ឋ ដើរឆ្លងចូលទឹកដីវៀតណាមនោះ អាជ្ញាធរព្រំដែន គួរតែនាំពលរដ្ឋទៅមើលតំបន់ ដែលវៀតណាម បោះបង់ ឬបង្គោលព្រំដែន ដូចដែលវៀតណាម ធ្លាប់បានធ្វើលើពលរដ្ឋគេដែរ ដើម្បីបង្ហាញពីតម្លាភាព៖ «យើងនៅតែមានមន្ទិលសង្ស័យ ហើយអាជ្ញាធរត្រូវសហការជាមួយក្រុមប្រឹក្សាកម្ពុជា ដើម្បីទៅមើលព្រំដែន និងបង្ហាញពីតម្លាភាព ហើយរដ្ឋាភិបាលគួរតែសប្បាយចិត្តនៅពេលពលរដ្ឋឈឺឆ្អាលរឿងព្រំដែន»។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ឱ្យដឹងកាលពីថ្ងៃទី២៥ ឧសភាថា យោធាវៀតណាម បានរុះរើតង់ ថយពីតំបន់កៀកព្រំដែន នៅស្រុកកោះធំ និងស្រុកលើកដែក អស់ហើយ។ លោកអះអាងថា កងទ័ពវៀតណាម បានរុះរើនៅចំណុចកៀកព្រំដែនកម្ពុជា តាមការស្នើសុំរបស់អាជ្ញាធរខេត្តកណ្ដាល៖ «វរៈ ៦០១ ហ្នឹង គឺគាត់ថតតាំងពីវៀតណាម គាត់រើ គាត់អ្វីៗហ្នឹង តង់គាត់ហ្នឹង ថតយកមកឱ្យយើងឃើញ ជាក់ស្ដែង។ អ៊ីចឹង មកដល់ម៉ោងនេះ ចំណុចដែលកៀកៗ ហ្នឹង គឺគាត់បានរើហើយ ហើយវានៅដែលឆ្ងាយពីកន្លែងយើងទៅ នៅក្នុងតំបន់របស់គាត់នោះទេ»។
ទោះជាមានការអះអាងរបស់អភិបាលខែត្រកណ្ដាលបែបនេះក្ដី ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសប្រាប់ថា វៀតណាម មិនទាន់រើតង់ចំនួន ២៨ កន្លែង ចេញពីតំបន់ព្រំដែន នៅស្រុកកោះធំ និងស្រុកលើកដែក ក្នុងខេត្តកណ្ដាល តាមកំណត់ទូត របស់ភាគីកម្ពុជានៅឡើយទេ។ មន្ត្រីនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ២២ ឧសភា ថាកម្ពុជា មិនទាន់មានវិធានការផ្សេងនៅឡើយទេ ដោយនៅរង់ចាំការឆ្លើយតប កំណត់ទូតរបស់វៀតណាមសិន។ លោក បញ្ជាក់ថា ក្រសួងបានផ្ញើកំណត់ទូត ទៅវៀតណាម កាលពីថ្ងៃទី ១៣ ឧសភា គឺតំណាលគ្នានឹង ខេត្តអានយ៉ាង (An Giang) របស់វៀតណាម បានផ្ញើលិខិតមកអាជ្ញាធរខេត្តកណ្ដាល ពន្យល់ថា ការបោះតង់ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ (Covid-19) ខ្លាចពលរដ្ឋទាំង២ ប្រទេស ឆ្លងកាត់ច្រករបៀង ខណៈច្រកអន្តរជាតិ បិទជាផ្លូវការ។
លោក រ៉ុង ឈុន មានប្រសាសន៍ថា ដោយសារតែការអះអាងរបស់អាជ្ញាធរខែត្រកណ្ដាល និង ក្រសួងការបរទេស បញ្ច្រាសគ្នានេះហើយ ទើប ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងក្រុមយុវជន ចង់ទៅមើលតំបន់ទាំងនោះជាក់ស្ដែង។
ក្រៅពីករណីវៀតណាម បោះតង់ចូលទឹកដីខ្មែរនេះ ពលរដ្ឋខ្មែរ ក៏សំដែងការព្រួយបារម្ភ ខ្លាចបាត់បង់ទឹកដី ដោយសារតែរដ្ឋាភិបាល បានជួលដីឱ្យក្រុមហ៊ុនវៀតណាម នៅតំបន់ព្រំដែន ក្នុងរយៈពេល ៩០ឆ្នាំដែរ។ លោក សុខ ទូច អះអាងថា សព្វថ្ងៃនេះ ឈប់មានករណីជួលដី នៅតំបន់ព្រំដែនទៀតហើយ (?)។
ទាក់ទងនឹងបញ្ហានេះ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី មានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅតែមានករណីជួលដី នៅតំបន់ព្រំដែន ឱ្យវៀតណាម ដដែល ក៏ប៉ុន្តែការជួលនេះ គេផ្លាស់ប្ដូរទម្រង់ ដោយប្ដូរឈ្មោះពីការជួល មកការបង្វាស់ដី ឱ្យជនជាតិវៀតណាមវិញ៖ «ខ្មែរយើងអត់សូវធ្វើចម្ការទេ អត់ចំណេញ ដោយសារគ្មានទឹកហើយតាមព្រំដែនមានព្រែកហ្នឹងគេអាចប្រើប្រាស់បាន ជីថ្លៃ ទី២ ស្រូវគេលក់បានថ្លៃ ហើយជីថោក ខ្មែរយើងស្រូវលក់ថោក ទឹកទិញពីវៀតណាម ជីទិញពីវៀតណាម ក្នុងតម្លៃថ្លៃ»។
របាយការណ៍របស់អង្គការលីកាដូ ចេញផ្សាយកាលពីខែ មីនា ឱ្យដឹងថា រដ្ឋាភិបាល បានជួលដី ឬផ្ដល់ដីសម្បទានសេដ្ឋកិច្ច ឱ្យក្រុមហ៊ុនវៀតណាម សរុបផ្ទៃដីទាំងអស់មានចំនួនជាង ៣ សែន ៦ ម៉ឺនហិកតារ ដែលមាននៅក្នុងខែត្រមួយចំនួន ដូចជាឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខែត្ររតនគិរីជាដើម៕
.