ដោយលោក ទីន ហ្សាការីយ៉ា /RFA Khmer /29-5-2020

សមាជិក​ក្រុមប្រឹក្សា​​ឃ្លាំមើល​​​កម្ពុជា និង​​ក្រុម​យុវជន​ បញ្ចេញ​​ប្រតិកម្ម​​​ចំពោះ​​លោក​​បណ្ឌិត សុខ ទូច ប្រធាន​​គណៈកម្មការ​​ស្រាវ​ស្រាវជ្រាវ​​ព្រំដែន​​កម្ពុជា វៀតណាម ដែល​​​លើក​​ឡើង​​ថា បើសិន​​ជា​​​អាជ្ញាធរ​​ខ្មែរ អនុញ្ញាត​​​ឱ្យ​​ពួកគេ​​ ទៅ​​មើល​​​ខ្សែ​​បន្ទាត់​​ព្រំដែន ខ្លាច​​​វៀតណាម​ចាប់​​នោះ គឺជា​​ការ​​អះអាង​​​មិន​​ត្រឹម​​ត្រូវ​​ឡើយ​។ ផ្ទុយទៅវិញ​​ ពួក​គេ​​អះអាង​ថា រដ្ឋាភិបាល​​ រឹតត្បិត ឬ​មិន​​អនុញ្ញាត​​ពលរដ្ឋ​​របស់​ខ្លួន​​ ទៅ​​មើល​​ខ្សែ​បន្ទាត់​​ព្រំដែន​​កម្ពុជា​ ​វៀតណាម​នេះ ព្រោះ​មាន​រឿង​​អាថ៌កំបាំង​​ ទាក់ទង​​នឹង​​ការ​បោះ​បង្គោល​​ព្រំ​ដែន​​កម្ពុជា វៀតណាម​។​

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន អះអាង​ថា អាជ្ញាធរ​ខ្មែរ​ ​ហាម​ឃាត់​ពលរដ្ឋ ​មិន​​ឱ្យ​​ទៅ​មើល​​តំបន់​ព្រំដែន កម្ពុជា វៀតណាម​ កន្លង​មក​នោះ គ្រាន់តែ​ជា​លេស ដែល​​រដ្ឋាភិបាល​ មិន​​ចង់​​ឱ្យ​​ប្រជាពលរដ្ឋ​ ​បាន​​ឃើញ​ទីតាំង​​ព្រំដែន​​ជាក់ស្ដែង​ ​ចំពោះ​​ការ​បោះ​​បង្គោល​​ព្រំដែន​​ប្រទេស​​ទាំងពីរ​ ​តែប៉ុណ្ណោះ​។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា អាជ្ញាធរ​​​វៀតណាម​ ​បណ្ដុះ​​ឆន្ទៈ​​យុវជន​​ឱ្យ​ឈឺឆ្អាល​​​រឿង​​​ប្រទេស​ជាតិ ​រឿង​​​ព្រំដែន ដូច​ជា​​កាល​​ពី​ពេល​ថ្មីៗ​​នេះ អាជ្ញាធ​រ​វៀតណាម​ ​នាំ​សិស្សានុសិស្ស​ ​ទៅ​​មើល​ព្រំដែន​ ​តែ​​អាជ្ញាធរ​កម្ពុជា​​វិញ ពលរដ្ឋ​​មាន​​ឆន្ទៈ​​ដោយ​ខ្លួនឯង​ ​ចង់​​ទៅ​​មើល​ព្រំដែន​ ​បែរ​​ជា​អាជ្ញាធរ​ ​ហាម​​ឃាត់​​ទៅវិញ​។ លោក​បញ្ជាក់​ថា ការ​ហាមឃាត់​នេះ ប្រហែល​​ជា​​មាន​ភាព​​មិន​ប្រក្រតី​ ចំពោះ​​ការ​បោះ​បង្គោល​​ព្រំដែន​​កម្ពុជា​​វៀត​ណាម​៖ «រារាំង​មិន​​ឱ្យ​ពលរដ្ឋ​​ទៅ​មើល​ព្រំដែន មានន័យថា ការ​បោះ​បង្គោល​ព្រំដែន​នេះ​ មាន​ភាព​មិន​ប្រក្រតី​ច្រើន បាន​​ជា​មិន​ឱ្យ​ពលរដ្ឋ​ទៅ​មើល​ ម្ដង​ហើយ​​ម្ដងទៀត»។

ការ​លើកឡើង​​របស់​លោក រ៉ុង ឈុន នេះ នៅ​បន្ទាប់​ពី​លោក បណ្ឌិត សុខ ទូច បាន​​ថ្លែង​នៅ​​ក្នុង​​បទ​សម្ភាសន៍​​ជាមួយ​​​វិទ្យុ​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃ​ទី ​២៧ ឧសភា ថា អាជ្ញាធរ​​កម្ពុជា ​បាន​​​ហាម​ឃាត់​​​ពលរដ្ឋ និង​​​ក្រុម​យុវជន ​មិន​ឱ្យ​ទៅ​​មើល​​តំបន់​​ព្រំដែន​​កម្ពុជា​​ វៀតណាម ដោយសារ​តែ​គិត​​ពី​សុវត្ថិភាព​​ប្រជាពលរដ្ឋ។​ លោក ថ្លែងដូច្នេះថា «យុវជន​​ ពេលណា​ចង់​ទៅ​មើល​ព្រំដែន ពេល​ទៅ​មើល​ គាត់​កាន់​ផែនទី ឬ​កាន់​អី​ទៅ​មើល​នឹង​ថ្ងាស​ឬ​អី​ព្រោះថា​ឥលូវ​យួន ​បិទ​ព្រំដែន​ គេ​បិទ​ដោយ​ឯកតោភាគី»។

កាល​ពី​ពេល​ថ្មីៗ​នេះ សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ក្រុមការងារ​​ ១០០​​រាត្រី​ ដែល​​ចុះ​​ស្រា​វ​ជ្រាវ​​រឿង​​ព្រំដែន​​ បន្ត​ពី​លោក​​បណ្ឌិត កែម ឡី រួម​ទាំង​​ប្រធាន​​គណបក្ស​ឆន្ទៈ​ខ្មែរ និង​​ជា​មន្ត្រី​ប្រឹក្សា​​ពិគ្រោះ​យោបល់ ដែល​​មាន​លិខិត​​បេសកកម្ម​រដ្ឋបាល​​ត្រឹមត្រូវ​ផង បាន​​ចុះទៅ​មើល​​តំបន់​ព្រំដែន​​ នៅ​​តំបន់​​ភូមិ​​ព្រែក​ជ្រៃ ឃុំ​​ព្រែក​ជ្រៃ ស្រុក​កោះធំ ជាទី​តាំង​​ដែល​អាជ្ញាធរ​​វៀតណាម​ បាន​​បោះតង់​​ ចូល​​លើ​ទឹកដី​ខ្មែរ ប៉ុន្តែ​​អាជ្ញាធរ​ហាម​ឃាត់​។​

លោក រ៉ុង ឈុន លើកឡើង​ថា បើសិនជា​អាជ្ញាធរ​ខ្លាច ពួក​លោក ឬ​​ពលរដ្ឋ​​ ដើរ​​ឆ្លង​ចូល​​ទឹកដី​​វៀតណាម​​នោះ អាជ្ញាធរ​​ព្រំដែន​​ គួរតែ​​នាំ​ពលរដ្ឋ​​ទៅ​មើល​តំបន់​​ ដែល​វៀតណាម​ បោះបង់ ឬ​បង្គោល​​ព្រំដែន ដូចដែល​​វៀតណាម​ ​ធ្លាប់​​បាន​​ធ្វើ​លើ​ពលរដ្ឋ​គេ​ដែរ ដើម្បី​​បង្ហាញ​ពី​​តម្លាភាព​៖ «យើង​​នៅតែ​មាន​​មន្ទិល​​សង្ស័យ ​ហើយ​​អាជ្ញាធរ​ត្រូវ​សហការ​​ជាមួយ​ក្រុម​ប្រឹក្សា​កម្ពុជា ដើម្បី​ទៅ​មើល​ព្រំដែន និង​បង្ហាញ​ពី​តម្លាភាព ហើយ​រដ្ឋាភិបាល​គួរតែ​សប្បាយចិត្ត​នៅ​ពេល​ពលរដ្ឋ​ឈឺឆ្អាល​រឿង​ព្រំដែន»។

អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី២៥ ឧសភា​ថា យោធា​វៀតណាម​ បាន​​រុះរើ​តង់ ថយ​ពី​តំបន់​កៀក​​ព្រំដែន នៅ​ស្រុក​​កោះធំ និង​​ស្រុក​​លើកដែក អស់ហើយ​។ លោក​អះអាង​ថា កងទ័ព​វៀតណាម បាន​រុះរើ​​នៅ​​ចំណុច​​កៀក​​ព្រំដែន​​កម្ពុជា តាម​ការ​ស្នើ​សុំ​​របស់​អាជ្ញាធរ​​ខេត្ត​កណ្ដាល​៖ «វរៈ ៦០១ ហ្នឹង គឺ​គាត់​ថត​តាំងពី​វៀតណាម គាត់​រើ គាត់​អ្វីៗ​ហ្នឹង តង់​គាត់​ហ្នឹង ថត​យក​មក​ឱ្យ​យើង​ឃើញ ជាក់ស្ដែង​។ អ៊ីចឹង មកដល់​ម៉ោង​នេះ ចំណុច​ដែល​កៀកៗ ហ្នឹង គឺ​គាត់​បាន​រើ​ហើយ ហើយ​វា​នៅ​ដែល​ឆ្ងាយ​ពី​កន្លែង​យើង​ទៅ នៅ​ក្នុង​តំបន់​របស់​គាត់​នោះ​ទេ»។

ទោះជា​មានការ​អះអាង​​របស់​អភិបាល​ខែត្រ​​កណ្ដាល​​បែបនេះ​ក្ដី ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​​ ក្រសួង​ការបរទេស​​ប្រាប់​​ថា វៀតណាម​ មិនទាន់​រើ​តង់​ចំនួន ​២៨ ​កន្លែង ចេញ​ពី​តំបន់​​ព្រំដែន នៅ​ស្រុក​កោះធំ និង​ស្រុក​លើកដែក ក្នុង​ខេត្ត​កណ្ដាល តាម​កំណត់​​ទូត​​ របស់​​ភាគី​កម្ពុជា​​នៅឡើយ​​ទេ​។ មន្ត្រី​នាំ​​ពាក្យ​​ក្រសួងការបរទេស លោក កុយ គួង ប្រាប់​​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​ ២២ ឧសភា ថាកម្ពុជា មិន​ទាន់​​មាន​​វិធានការ​​ផ្សេង​​នៅ​ឡើយ​​ទេ ដោយ​​នៅ​​រង់ចាំ​ការ​​ឆ្លើយតប កំណត់​​ទូត​​របស់​វៀតណាម​​សិន​។ លោក​​ បញ្ជាក់​ថា ក្រសួង​​បាន​ផ្ញើ​​កំណត់​ទូត ទៅ​វៀតណាម កាលពី​ថ្ងៃ​ទី​ ១៣ ឧសភា គឺ​តំណាល​គ្នា​​នឹង​​ ខេត្ត​អានយ៉ាង (An Giang) របស់​​វៀតណាម បាន​ផ្ញើ​លិខិត​​មក​​អាជ្ញាធរ​​ខេត្ត​កណ្ដាល ពន្យល់​ថា ការ​បោះ​តង់ ដើម្បី​​ទប់ស្កាត់​​ជំងឺ​កូវីដ១៩ (Covid-19) ខ្លាច​​ពលរដ្ឋ​ទាំង​​២​ ​ប្រទេស​ ឆ្លងកាត់​ច្រក​របៀង ខណៈ​​ច្រក​អន្តរជាតិ​ បិទ​​ជា​ផ្លូវការ។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ដោយ​សារ​តែ​​ការ​អះអាង​​របស់​អាជ្ញាធរ​​ខែត្រ​កណ្ដាល និង ក្រសួង​​ការបរទេស​​ បញ្ច្រាស​​គ្នា​នេះ​ហើយ ទើប​​ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ក្រុម​យុវជន ​ចង់​​ទៅ​មើល​​តំបន់​​ទាំងនោះ​​ជាក់ស្ដែង

ក្រៅពី​ករណី​វៀតណាម ​បោះតង់​​ចូល​ទឹកដី​​ខ្មែរ​នេះ ពលរដ្ឋ​ខ្មែរ​ ​ក៏​សំដែង​​ការ​ព្រួយបារម្ភ​ ខ្លាច​​បាត់បង់​ទឹកដី ដោយសារ​តែ​រដ្ឋាភិបាល ​បាន​ជួល​ដី​​ឱ្យ​ក្រុមហ៊ុន​​វៀតណាម ​នៅ​​តំបន់​ព្រំដែន​​ ក្នុង​​រយៈពេល​ ៩០​ឆ្នាំ​ដែរ​។ លោក សុខ ទូច អះអាង​ថា សព្វថ្ងៃ​នេះ ឈប់​មាន​ករណី​​ជួល​ដី​ នៅ​​តំបន់​​ព្រំដែន​​ទៀត​​ហើយ (?)

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ នៅតែ​មាន​ករណី​ជួល​ដី​ នៅ​​តំបន់​ព្រំដែន​ ​ឱ្យ​វៀតណាម​ ​ដដែល ក៏ប៉ុន្តែ​ការជួល​នេះ គេ​ផ្លាស់ប្ដូរ​​ទម្រង់ ដោយ​​ប្ដូរ​ឈ្មោះ​​ពី​ការជួល មក​ការ​បង្វាស់​​ដី​ ឱ្យ​ជនជាតិ​វៀតណាម​វិញ​៖ «ខ្មែរ​យើង​អត់​សូវ​ធ្វើ​ចម្ការ​ទេ អត់​ចំណេញ ដោយសារ​គ្មាន​ទឹក​ហើយ​តាម​ព្រំដែន​មាន​ព្រែក​ហ្នឹង​គេ​អាច​ប្រើប្រាស់​បាន ជី​ថ្លៃ ទី​២ ស្រូវ​គេ​លក់​​បាន​​ថ្លៃ ហើយ​ជី​ថោក ខ្មែរ​យើង​ស្រូវ​​លក់​ថោក ទឹក​ទិញ​ពី​​វៀតណាម ជី​ទិញ​​ពី​វៀតណាម​ ក្នុង​​តម្លៃ​ថ្លៃ»

របាយការណ៍​​របស់​​អង្គការ​​លីកាដូ​​ ចេញ​ផ្សាយ​កាល​ពី​ខែ ​មីនា ឱ្យ​ដឹង​ថា រដ្ឋាភិបាល ​បាន​​ជួល​​ដី​ ឬ​​ផ្ដល់​ដី​សម្បទាន​​សេដ្ឋកិច្ច​ ឱ្យ​ក្រុមហ៊ុន​វៀតណាម ​សរុប​​ផ្ទៃដី​​ទាំង​អស់​មាន​​ចំនួន​ជាង ៣ ​សែន ៦ ​ម៉ឺន​ហិកតារ ដែល​​មាន​នៅ​​ក្នុង​ខែត្រ​មួយ​ចំនួន​ ដូចជាឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និង​ខែត្រ​រតនគិរី​ជាដើម៕

.

Advertisements