The Cambodia Daily
20-10-2022

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​ស្រឡាញ់​សង្គម​ជាតិ​ពិតប្រាកដ ត្រូវ​ចេញ​មុខ​ជួយ​គ្នា​តតាំង​ ជាមួយ​ក្រុម​ជន​ទុច្ចរិត​ ដែល​កេងប្រវ័ញ្ច​ញើស​ឈាម​របស់​ពលរដ្ឋ ដើម្បី​ជួយ​លុប​បំបាត់​បញ្ហា​សង្គម បើ​មិន​ដូច្នេះ​ទេ ជន​ទុច្ចរិត​នឹង​មាន​ឱកាស​បំផ្លាញ​សង្គម​ជាតិ​ទាំងមូល​ ទៅ​ថ្ងៃ​មុខ​កាន់តែ​ខ្លាំង។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ​នៅ​ថ្ងៃទី​១៩ តុលា នេះ​ថា អ្នក​មាន​គំនិត​ទុច្ចរិត​ បំផ្លាញ​ផលប្រយោជន៍​របស់​សង្គម ច្រើន​តែ​ចូលចិត្ត​ប្រើ​វិធីសាស្ត្រ​ហិង្សា​ជា​មធ្យោបាយ ដើម្បី​សម្រេច​គោលដៅ​ទុច្ចរិត​របស់​ខ្លួន និង​ក្រុម​ខ្លួន​ជាទីបំផុត ដើម្បី​បង្ខំ​ឱ្យ​អ្នក​ដទៃ ​អនុវត្ត​តាម​ចេតនា​អាក្រក់​របស់​ពួកគេ។ លើស​ពី​នេះ ពួកគេ​នឹង​ប្រើ​ទណ្ឌកម្ម ឬ​វិធីសាស្ត្រ​ឃោរឃៅ​ផ្សេងៗ ប្រសិនបើ​អ្នក​ទាំងឡាយ​ណា​ អនុវត្ត​ផ្ទុយ​ពី​ការ​ចង់​បាន​របស់​ខ្លួន​ថែម​ទៀត។

លោក សេក សុជាតិ លើកឡើង​ថា ដើម្បី​លុប​បំបាត់​នូវ​ទង្វើ​របស់​ជន​អគតិ​ទាំងនោះ កិច្ចការ​ជួយ​សង្គម​លុប​បំបាត់​​អំពើ​ទុច្ចរិត​ទាំងនោះ គឺ​មាន​តែ​អ្នក​ដែល​ស្រឡាញ់​សង្គម​ជាតិ​ពិតប្រាកដ ត្រូវ​ចេញ​មុខ​ជួយ​គ្នា​ប៉ុណ្ណោះ ទើប​ជន​ដែល​មាន​បំណង​អាក្រក់​ កេងប្រវ័ញ្ច​ញើស​ឈាម​របស់​ពលរដ្ឋ​ស្លូតត្រង់ មិន​ហ៊ាន​ប្រើ​អំណាច​លើស​ដែន​កំណត់​ ដែល​មាន​ចែង​ក្នុង​ច្បាប់។

លោក​បន្ត​ថា ការងារ​បែប​នេះ​ នឹង​ត្រូវ​ប្រឈមមុខ​ ជាមួយ​ជន​អគតិ​ទាំងនោះ​យ៉ាង​ខ្លាំង ដែល​អាច​នឹង​រង​នូវ​ការ​គំរាមកំហែង​ផង​ដែរ ប៉ុន្តែ​ប្រសិនបើ​ពលរដ្ឋ​ម្នាក់ៗ​ មិន​ជួយ​លុប​បំបាត់​បញ្ហា​សង្គម​ទាំងអស់​នេះ​ទេ ជន​ទុច្ចរិត​ទាំងនោះ ​នឹង​មាន​ឱកាស​បំផ្លាញ​សង្គម​ជាតិ​ទាំងមូល ​ទៅ​ថ្ងៃ​មុខ​កាន់តែ​ខ្លាំង​ឡើងៗ​ជាមិនខាន។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ ​បញ្ជាក់​ថា កិច្ចការ​ជួយ​ការពារ​សង្គម គឺជា​ការងារ​មួយ​ដែល​ពលរដ្ឋ​គ្រប់​​គ្នា​ ត្រូវតែ​ចូលរួម​ទាំងអស់​គ្នា ព្រោះ​ថា ​ពួកគេ​មិនមែន​ជា​មនុស្ស​ដែល​រស់នៅ​ក្រៅ​សង្គម​នោះ​ឡើយ ហើយ​បញ្ហា​ដែល​កើតមាន​ក្នុង​សង្គម គឺជា​បញ្ហា​របស់​ពលរដ្ឋ​គ្រប់ៗ​គ្នា​ទាំងអស់ ប៉ុន្តែ​បើ​ពួកគេ​បណ្ដោយ​ឲ្យ​សង្គម​ជាតិ​ កាន់តែ​ទទួល​នូវ​ភាព​អយុត្តិធម៌​កាន់តែ​ខ្លាំង​ឡើងៗ ទីបំផុត​ពួកគេ​ ក៏​នឹង​ក្លាយ​ជា​អ្នកទោស​ ចូលរួម​បំផ្លាញ​សង្គម​ដូច​ជន​ទុច្ចរិត​ទាំងនោះ​ដែរ។

លោក សេក សុជាតិ បន្ត​ថា ការ​ចូលរួម​ជួយ​សង្គម អាច​ធ្វើ​ឡើង​តាម​គ្រប់​រូបភាព ប៉ុន្តែ​ពលរដ្ឋ​គ្រប់​រូប ​មិន​ត្រូវ​ជ្រើស​​រើស​យក​ការ​ជួយ​សង្គម​ តាម​អំពើ​ហិង្សា​ណា​មួយ​នោះ​ទេ គឺ​ត្រូវ​ធ្វើ​សកម្មភាព​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ដែល​មាន​ចែង មក​ធ្វើជា​មូលដ្ឋាន​គ្រឹះ ​ក្នុង​កិច្ច​ការ​​របស់​ខ្លួន នោះ​ទើប​សង្គម​ជាតិ​ទាំងមូល​របស់​ពួកគេ​ទទួល​បាន​ការ​ការពារ​ដោយ​ពេញលេញ​ពិតប្រាកដ​ពី​ពលរដ្ឋ​​នៃ​សង្គម​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ច្បាប់​កំពូល​របស់​កម្ពុជា គឺ​រដ្ឋធម្មនុញ្ញ និង​កិច្ចសន្យា​អន្តរជាតិ គឺ​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស សព្វថ្ងៃ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ​បាន​រង​នូវ​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ ពី​សំណាក់​​​អ្នក​មាន​អំណាច ​ក្នុង​ជួរ​រដ្ឋាភិបាល​ឯក​បក្ស ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ពេលនេះ។

កម្ពុជា​​ ដែល​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ចាប់​តាំង​ពី​​ឡើង​​កាន់​​តំណែង​​ជា​នាយក​រដ្ឋមន្ត្រី​​ឆ្នាំ​១៩៨៥ មក ត្រូវ​គេ​មើល​ឃើញ​ថា បុរស​ខ្លាំង​ដែល​ត្រូវ​កងទ័ព​វៀតណាម​ លើក​បន្តុប​ក្រាញ​អំណាច​ត​ត្រកូល​​រូប​នេះ បាន​ប្រើ​អំណាច​ហួស​ដែន​កំណត់ រំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ បំពាន​រដ្ឋធម្មនុញ្ញ រំលោភ​ព្រះរាជ​តួនាទី​ព្រះមហាក្សត្រ និង​រំលោភ​លើ​ច្បាប់​អន្តរជាតិ​នានា ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​​ទីក្រុង​​ប៉ារីស​​ឆ្នាំ​១៩៩១ ជាដើម។

ជាក់ស្តែង រដ្ឋធម្មនុញ្ញ​កម្ពុជា​ ត្រូវ​បាន​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន រំលោភ​បំពាន​ជា​ញឹកញាប់​ តាំងពី​ឆ្នាំ​១៩៩៤ មក ក្នុង​នោះ ឆ្នាំ​២០០៥ លោក ហ៊ុន សែន បាន​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​កែប្រែ​មាត្រា​២ ដែល​បាន​ចែង​ពី​ការ​ប្រើប្រាស់​ផែនទី​បោន ​ខ្នាត ១/១០០០០០ {១​លើ​ ១០០​ពាន់} ទៅ​ជា​ផែនទី​ខុស​ច្បាប់​ថ្មី​ខ្នាត ១/២៥០០០ (១​លើ ២៥​ពាន់) តាម​ការ​ចង់​បាន​របស់​វៀតណាម។

បន្ថែម​ពី​នេះ មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ​ ដែល​បាន​ចែង​ពី​ការ​លុប​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​ ជាមួយ​បរទេស​ជិតខាង ក៏​ត្រូវ​លោក ហ៊ុន សែន រំលោភ​បំពាន​ថែម​ទៀត ដោយ​ការ​បង្កើត​សន្ធិសញ្ញា​បំពេញ​បន្ថែម​​ឆ្នាំ​​២០០៥ ដើម្បី​ធានា​សុពលភាព​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​ ដែល​បាន​ចុះហត្ថលេខា​កាត់​ទឹកដី​ ឱ្យ​ប្រទេស​វៀតណាម​តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​​៨០ មក។

ដោយឡែក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១ ក៏​ត្រូវ​លោក ហ៊ុន សែន បដិសេធ​ចោល​ទាំងស្រុង ក្រោម​​ហេតុផល​ថា កិច្ចព្រមព្រៀង​នេះ​អស់​សុពលភាព​ ក្រោយ​អ៊ុនតាក់​ (UNTAC) ដក​ចេញ​ពី​កម្ពុជា​កាលពី ៣០​​ឆ្នាំ​មុន​មក​ម្ល៉េះ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន គំរាម​ថា ក្រុម​ណា​ក៏ដោយ ​ដែល​ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ កងកម្លាំង​ប្រដាប់​អាវុធ​ មាន​តួនាទី​ជា​ចាំបាច់​ ត្រូវតែ​កម្ទេច​ក្រុម​នោះ​ចោល​ជាបន្ទាន់ ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត៕

.