អត្ថបទ The Cambodia Daily
21-10-2022

បុរស​ខ្លាំង លោក ហ៊ុន សែន មេដឹកនាំ​ខ្មែរ​​ដែល​គេ​ដឹង​ថា ​ធ្លាប់​បាន​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម ព្រមាន​ថា កុំ​ថា​ឡើយ​​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ដែល​មិន​កាន់​អំណាច ​ហ៊ាន​កាត់​ទឹកដី​ឱ្យ​បរទេស ​ត្រូវ​ទទួល​ទោស​ចំពោះ​​មុខ​ច្បាប់ សូម្បីតែ​លោក​ខ្លួនឯង ​ដែល​កំពុងតែ​កាន់​អំណាច ក៏​នឹង​ជាប់​ទោស​ធ្ងន់ធ្ងរ​ដូច​គ្នា បើ​ហ៊ាន​ចុះ​ហត្ថលេខា​​កាត់​ទឹកដី​ ឱ្យ​ទៅ​ប្រទេស​ណា​មួយ​នោះ។

មេដឹកនាំ​ខ្មែរ​ដែល​គេ​ដឹង​ថា ​ធ្លាប់​បាន​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម​​រូប​នេះ បាន​អះអាង​នៅ​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា លោក​បាន​ចាត់ទុក​សាលក្រម ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ កាត់​ទោស​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៉ី ដាក់​គុក​មួយ​ជីវិត គឺជា​រឿង​ត្រឹមត្រូវ​ជាទីបំផុត ព្រោះ​ថា ​លោក​ធ្លាប់​បាន​អនុគ្រោះ​ឱ្យ​លោក សម រង្ស៊ី ជាច្រើន​លើក​ច្រើនសា​រួច​មក​ហើយ តែ​អតីត​មេដឹកនាំ​ប្រឆាំង​រូប​នេះ​ មិន​ត្រឹមតែ​មិន​កែប្រែ​នោះ​ទេ បែរ​ជា​នៅតែ​បន្ត​បំផ្លិចបំផ្លាញ​កម្ពុជា ​ឥត​ឈប់​ទៅវិញ។

លោក ហ៊ុន សែន សន្យា​ថា លោក​មិន​ត្រឹមតែ​មិន​លើក​ដៃ​ចុះ​ហត្ថលេខា​​លើក​លែង​ទោស ​ឱ្យ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​កំពុងតែ​បំផុស​ចលនា ​ដើម្បី​នឹង​កម្ចាត់​ចោល​ នូវ​មនោគមន៍វិជ្ជា​ជ្រុល​និយម​របស់​លោក សម រង្ស៊ី ថែម​ទៀត។

បុរស​ខ្លាំង​ដែល​ឧស្សាហ៍​ ប្រើ​កណ្ដាប់ដៃ​ដែក​រូប​នេះ​ បញ្ជាក់​ថា ដើម្បី​ធានា​សន្តិភាព និង​ស្ថិរភាព​យូរ​អង្វែង ចាំ​បាច់​​ត្រូវតែ​បំផ្លាញ​ចោល​នូវ ​មនោគមន៍វិជ្ជា​ជ្រុល​និយម​នេះ ​ឱ្យ​អស់​ពី​ទឹកដី​កម្ពុជា។ លោក ហ៊ុន សែន គូស​បញ្ជាក់​​ថា លោក សម រង្ស៊ី នឹង​ចោល​ឆ្អឹង​នៅ​ក្រៅ​ស្រុក ​យ៉ាង​ពិតប្រាកដ។

កាលពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​សាលក្រម​​ កាត់​ទោស​អតីត​មេ​ដឹកនាំ​​ប្រឆាំង លោក សម រង្ស៉ី ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ ទាំង​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត និង​សិទ្ធិ​ធ្វើ​នយោបាយ​ផ្សេង​ទៀត ក្រោម​បទ​ចោទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​ នូវ​ដែនដី​មួយ​ផ្នែក​ កាលពី​ពេល​កន្លងទៅ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​​២០ តុលា នេះ​​ថា ការ​ចោទប្រកាន់​របស់​លោក ហ៊ុន សែន លើ​លោក សម រង្ស៊ី ថា​ប៉ុនប៉ង​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ​នូវ​ដែនដី​មួយ​ផ្នែក​បែប​នេះ គ្រាន់តែ​ជា​ការ​មួលបង្កាច់​លោក សម រង្ស៊ី ប៉ុណ្ណោះ ប៉ុន្តែ​លោក​បញ្ជាក់​ថា ជម្លោះ​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី នៅ​ពេលនេះ មិនមែន​ដើម្បី​ប្រយោជន៍​ជាតិ​ទេ គឺជា​រឿង​គំនុំ​សងសឹក​បុគ្គល​ប៉ុណ្ណោះ ព្រោះ​ថា​លោក សម រង្ស៊ី ក៏​រិះគន់​ពី​ពូជ​អំបូរ​របស់​លោក ហ៊ុន សែន ចំណែក​លោក ហ៊ុន សែន ក៏​ដៀល​ត្មះ​​ពី​​ពូជ​​អំបូរ​​របស់​លោក សម រង្ស៊ី វិញ​ដែរ។

លោក ម៉ែន ណាត លើកឡើង​ថា លោក ហ៊ុន សែន គួរ​មើល​ប្រវត្តិ​​នៃ​​ការ​ដឹកនាំ​របស់​គាត់​ឡើងវិញ​ ជុំវិញ​ទំនាក់​ទំនង​​ជាមួយ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ឆ្លុះបញ្ចាំង​ការ​អួតអាង​របស់​គាត់ ថា​បើ​គាត់​ហ៊ាន​កាត់​ទឹកដី​ខ្មែរ​ឱ្យ​បរទេស​​ក៏​​មាន​ទោស​ដែរ​នោះ ត្បិត​លោក ហ៊ុន សែន ក្រោយ​ការ​លើក​បន្តុប​របស់​វៀតណាម គាត់​បាន​ចុះ​ហត្ថលេខា​​ខុស​​ច្បាប់​​ច្រើន​ណាស់ ​ជាមួយ​វៀតណាម ដែល​ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ផង និង​រំលោភ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ផង​ដែរ។

អនុប្រធាន​​វេទិកា​ពលរដ្ឋ​​រូប​នេះ ​រៀបរាប់​ថា សារាចរ​បើក​ផ្លូវ​ឱ្យ​អន្តោប្រវេសន៍​វៀតណាម​​ខុស​ច្បាប់ ​ទៅ​​រស់នៅ​លើ​ទឹកដី​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦, ការ​ចុះហត្ថលេខា​​លើ​​ការ​​កំណត់​​ព្រំដែន​​ទឹក​ ឆ្នាំ​១៩៨២, ការ​ចុះ​ហត្ថលេខា​​កំណត់​ព្រំដែន​រដ្ឋ​ ដោយ​ខុស​ច្បាប់​​ឆ្នាំ​១​៩៨៥ និង​ ការ​ចុះហត្ថលេខា​​ទទួល​ស្គាល់​​សន្ធិ​សញ្ញា​​បំពេញ​​បន្ថែម​​​ឆ្នាំ​​២០០៥ ដើម្បី​ធានា​សុពលភាព​​កិច្ច​ព្រមព្រៀង​​ខុស​​ច្បាប់​​នានា សុទ្ធសឹងតែ​ជា​ស្នាដៃ​របស់​លោក ហ៊ុន សែន ដែល​សហការ​ដោយ​លួច​លាក់​ជាមួយ​វៀតណាម​ ទាំងអស់។

លោក ម៉ែន ណាត គូស​បញ្ជាក់​ថា ក្រោម​​កិច្ច​ព្រម​ព្រៀង​​ខុស​​ច្បាប់​​ទាំង​អស់​ ដែល​លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​​យល់ព្រម ​ជាមួយ​វៀតណាម​បែប​នេះ​ហើយ ទើប​​កម្ពុជា​ បាត់បង់​ដែនទឹក​របស់​ខ្លួន ​ដូចជា​ កោះត្រល់ និង ​ចង្កោម​កោះ​ក្រចកសេះ ក្នុង​នោះ ​ដែន​គោក​របស់​កម្ពុជា ​ក៏​បាន​បាត់បង់​ទៅ​ខាង​​វៀតណាម ផង​ដែរ។ ដោយ​ឡែក​​ ផែនទី​​កំណត់​​ព្រំដែន​​ប្រទេស​​កម្ពុជា ក៏​ត្រូវ​លោក ហ៊ុន សែន កែប្រែ​ដោយ​ខុស​ច្បាប់​ពី​ខ្នាត ១/១០០.០០០ មក​ជា​​ខ្នាត​លើ ១/២៥.០០០ ទៅវិញ ដូច្នេះ​បើ​ផ្អែក​លើ​ភស្តុតាង​ទាំងនេះ អាច​បញ្ជាក់​បាន​ថា លោក ហ៊ុន សែន គឺ​ជា​​មេ​ដឹកនាំ​​ដែល​ក្បត់​ជាតិ​ឯង ​យ៉ាង​ពិតប្រាកដ៕

.