សហរដ្ឋអាមេរិក បាន​ចោទប្រកាន់​ប្រទេស​ចិន ថាបានកេងចំណេញ​ពី​ការផ្ទុះ​ឡើង​ជំងឺ​កូរ៉ូណា ឬ​កូវីដ​-​១៩ ហើយ​បាន​បង្កើន​សកម្មភាព​យោធា​របស់​ខ្លួន នៅ​ជិត​កោះ​តៃវ៉ាន់ និង​ក្នុង​សមុទ្រចិន​ខាង​ត្បូង។ នេះ​បើតាម​ការផ្សាយ​របស់​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក (VOA) នៅ​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០។

វិទ្យុ VOA ដដែល បាន​ដកស្រង់​សំដី ​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Mike Pompeo ថ្លែង​នៅ​ថ្ងៃ​ទី ២២ ខែ​មេសា មុន​ពេល​ជំនួប រវាង​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក និង​រដ្ឋមន្រ្តី​ការបរទេ​សសមាគម​ប្រជា​​​ជាតិ​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន នៅ​រសៀល​ថ្ងៃទី ២៣ ខែ​មេសា​នេះ។ លោក Pompeo និយាយ​ក្នុងសន្និសីទ​​កាសែត នៅ​មុន​ជំនួប​ជាមួយរដ្ឋ​មន្រ្តី​ការបរទេស អាស៊ានថា «យើង​ក៏​បាន​ឃើញ​ដែរ​ថា គណៈបក្ស​​កុម្មុយនិស្ត​ចិន កំពុង​ដាក់​សម្ពាធ​ខាង​យោធា លើ​កោះ​តៃវ៉ាន់ និង​បង្ខំ​បណ្តាប្រទេស ដែល​ជាប់​ដែន​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ថែម​ទាំង​ពន្លិចនា​វានេសាទ​វៀតណាមទៀត។ យើងសង្ឃឹមថា ប្រទេស​ផ្សេងៗ​ទៀ​ត​ នឹង​ធ្វើ​ឲ្យ​ចិន​ទទួលខុស​ត្រូវ អំពីបញ្ហានេះ»

វានាចម្បាំង​របស់​សហរដ្ឋអាមេរិក កំពុង​ប្រតិបត្តិការ​នៅលើ​ដែនសមុទ្រ​ចិន​ខាង​ត្បូង ក្បែរៗ​តំបន់​ជម្លោះ។ នាវា​​ចម្បាំ​ង​របស់​​ប្រទេស​អូស្ត្រាលី ​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ សមយុទ្ធ​យោធា​លើ​ដែនសមុទ្រ ជាមួយ​សហរដ្ឋ​​អាមេរិក​ផង​ដែរ តាំងពីថ្ងៃទី ២០ មេសា។ នេះ​បើ​​តាម​​សារព័ត៌​មាន​រយទ័រ (Reuters) ផ្សាយ​នៅ​ថ្ងៃទី ២២ ខែមេសា។ នាវាចម្បាំង មាន​ចំនួន ៤ គ្រឿង​យ៉ាងតិច នៅ​ទី​នោះ។

រដ្ឋាភិបាលចិន បាន​ព្រមាន​ថា «ការរំលោភ​ដែនទឹក​របស់​ប្រទេស​ចិន តែង​តែ​ទទួល​បរាជ័យ»។

ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៣ ខែមេសានេះ បាន​​អំពាវនាវ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​​ប្រឈម​​នានា នៅ​​​​ឈូង​សមុទ្រ​​ចិន​​​​ខាង​​ត្បូង ដោយ​​សន្តិវិធី។ នេះបើ​តាម​ការចុះផ្សាយ​​របស់​​សារព័ត៌មាន ស៊ីអិនអេ (CNA) របស់​​ប្រទេស​​ម៉ាឡេស៊ី។

សមាជិកអាស៊ាន ដែលរងប៉ះពាល់ផ្ទាល់ ពី​ជម្លោះ​នៅ​ឈូង​សមុទ្រ​នេះ មាន​ប្រទេស​វៀតណា ហ្វ៊ីលីពីន និង​ប្រ៊ុយណេ។ ប្រទេស​ម៉ាឡេស៊ី រង​ផលប៉ះពាល់​ដោយ​ប្រយោល ពីជម្លោះ​នេះ។

នៅក្នុងចំណោមសមាជិក អាស៊ាន ត្រូវបាន​គេ​មើលឃើញ​ថា ប្រទេសកម្ពុជា {របស់លោក ហ៊ុន សែន} ដែល​​មានទំនាក់​ទំនង​ចាក់ទឹក​មិនលិច ជាមួយ​ប្រទេស​ចិននោះ គឺ​ជា​កត្តា​រាំង​ស្ទះ​ដ​ល់​សេចក្តី​​សម្រេច​នានា ក្នុ​ងកិច្ច​ប្រជុំកំពូល​របស់​អាស៊ាន ដើម្បី​ដោះស្រាយ​ជម្លោះ​ឈូង​សមុទ្រ​ចិន​ខាង​ត្បូង។

ទោះបីយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក នៅ​តែ​ព្យាយាម​​ពង្រីង​​ឥទ្ធិពល​​របស់​​ខ្លួន នៅ​​ក្នុង​​ចំណោម​ប្រទេស​សមាជិក​អាស៊ាន ខណៈ​ដែល​ ចិន ក៏ខំ​ពង្រីក​ឥទ្ធិពល​រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បស់ខ្លួន នៅ​តំបន់​នេះ។

ក្រសួងការបរទេស​សហរដ្ឋអាមេរិក បាន​ឲ្យដឹងថា ចាប់​​តាំង​​ពី​ការផ្ទុះ​​ឡើង​​មេរោគ​កូរ៉ូណា ឬ​កូវីដ-១៩ មក រដ្ឋាភិបាល​​​ក្រុង​ប៉េកាំង បាន​​ប្រកាស​​ពី​​ស្ថានីយស្រាវជ្រាវថ្មី នៅ​លើ​ប្រជុំ​កោះ នៅ​ក្នុង​​​ដែន​ទឹក​​​ដែល​​​មាន​ជម្លោះ រួម​​មាន​​ការស្ថាបនា​​ទីតាំង​​យោធា នៅ​​លើ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Fiery Cross និង Subi ព្រមទាំង​កន្លែង​ចុះយន្តហោះ​យោធាពិសេស នៅតំ​បន់​ថ្មប៉ប្រះទឹក Fiery Cross ផង។ នេះបើ​តាម​វិទ្យុ​វីអូអេ (VOA) នៅ​ថ្ងៃទី ២៣ ខែ​មេសា​នេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទដោយលោក ម៉ែន ណាត /២៣ មេសា ២០២០

អត្ថបទទាក់ទង៖
វៀតណាម ទាម​ទារ​ឲ្យ​ចិន គោរព​អធិប​តេយ្យ​ភាព​ដែន​សមុទ្រ​ ចំណែក​កម្ពុជា មិន​ទាន់​មាន​យោបល់​ថ្មី​
ជំហរ​​លោក ហ៊ុន សែន ក្នុង​​ជម្លោះ​​រវាង​​ចិន និង​វៀត​ណាម នៅ​ឈូង​សមុទ្រ​ចិន​ខាង​ត្បូង

.