អត្ថបទ CWCI Cambodia / 14-6-2020

ចលនានិស្សិតខ្មែរ ចេញ​សេចក្តីថ្លែងការណ៍​មួយ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន លើក​យក​ករណី​​ជម្លោះ​ព្រំដែន​កម្ពុជា ជាមួយ​វៀតណាម ទៅ​ដោះស្រាយ​នៅ​​តុលាការ​​អន្តរជាតិ និង​ភាគី​​ហត្ថលេខី​ នៃ​​សន្ធិសញ្ញា​​សន្តិភាព​​ទីក្រុង​​ប៉ា​រីស ឆ្នាំ​១៩៩១ ​ដើម្បី​ធានា​បាន​នូវ​​​យុត្តិធម៌។

សេច​ក្ដី​ថ្លៃ​ងការណ៍នេះ ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ១២ ខែ​មិថុនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ចលនា​​និស្សិត​​​ដើម្បី​​លទ្ធិ​ប្រជា​ធិបតេយ្យ ឬ​«ចលនា​និស្សិត​ខ្មែរ» ទាមទារ​ឲ្យ​ភាគី​យោធា​វៀតណាម រុះ​រើ​ជំរំ ​និង​តង់​  ចំនួន ២៥៦ កន្លែង​ ចេញ​ពី​តំបន់​​ព្រំដែន​ខ្មែរ ដែល​ជា «តំបន់​មិន​ទាន់​ឯកភាព​គ្នា ឬ​តំបន់ស» ដែល​បង្កើត​ឡើង​ដោយ​​សេចក្តីប្រកាសរួម​ នៃ​ប្រទេសទាំងពីរ កាល​ពីថ្ងៃទី ១៧ មករា ១៩៩៥។ ចលនានិស្សិត បាន​ហៅ​សេចេក្តី​ប្រកាស​រួម​នោះ​ថា «ធ្វើឡើង​ក្នុង​ទឹកដី​ខ្មែរ និង​ហាមប្រាម​ពលរដ្ឋ​ខ្មែរ មិន​ឲ្យ​ធ្វើស្រែ​ចំការ​របស់​ខ្លួន»

លោក ទូច វិបុល ប្រធាន​ប្រតិបត្តិ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ​ដែល​​ទើប​នឹង​​​ប្រកាស​​ដំណើរ​ការ​​ឡើង​វិញ​ ក្នុង​​សហ​រដ្ឋ​អាមេរិក ​កាល​​ពី​​ពេល​ថ្មីៗ​​នេះ បាន​​មាន​ប្រសាសន៍​​​ប្រាប់​​​វីអូអេ​ (VOA) នៅ​​ថ្ងៃ​សុក្រ​នេះ​ (ថ្ងៃទី១២ មិថុនា) ថា​​ការ​បោះ​តង់​​​របស់​​​ភាគី​​​វៀតណាម គឺ​ជា​​ការ​រំលោភ​​បំពាន​​អធិប​តេយ្យ​ភាព​របស់​​កម្ពុជា។ លោក​ថ្លែង​ថា​ «ទោះបី​វៀតណាម ​យក​​ហេតុ​ផល​​រឿង​​កូវីដ​១៩ ឬ​ក៏​ថា ​ជា​តំបន់​​ដែល​​មិន​ទាន់​ឯកភាព​​គ្នា ហើយ​​ថា​វៀតណាម​ ​កំពុង​​តែ​​បោះ​តង់​​ នៅ​​លើ​​ដែន​ដី​​របស់​ខ្លួន​​​យ៉ាង​​ណា​ក៏ដោយ​ គឺ​មតិ​ជាតិ ​និង​អន្តរជាតិ​ ជាពិសេស​​ប្រជា​ពលរដ្ឋ​​ខ្មែរ​ មិន​​អាច​​ទទួល​​យក​​បាន​​ទេ»។​

ក្នុងសេចក្តីថ្លែង​ការណ៍​​របស់​ចលនា​និស្សិត បាន​ចោទ​ប្រកាន់​ប្រទេស​​​វៀតណាម​​ថា «​បាន​​រំលោភ​​​​ឈ្លាន​​ពាន​​​បូរណភាព​​ទឹកដី​​កម្ពុជា និង​​​ធ្វើ​​ឱ្យ​​ប៉ះពាល់​​ធ្ងន់​ធ្ងរ​​ដល់​​ស្ថិរភាព ហើយ​និង​​​សន្តិភាព​​ ​នៅ​ក្នុង​​តំបន់​​អាស៊ាន»។ សេច​ក្ដី​ថ្លែងការណ៍ បន្តថា «សកម្មភាព​បោះតង់​ របស់​យោធា​វៀតណាម នៅ​​តាម​​បណ្តា​យ​ព្រំដែន​​កម្ពុជា គឺជា​​ការ​គំរាម​កំហែង​​ដោយ​ផ្ទាល់ និង​​ដោយ​ប្រយោល​​ដល់​កម្ពុជា ព្រមទាំង​​បង្ក​​ការភ័យខ្លាច​ ដល់​ពលរដ្ឋខ្មែរ​ ដែល​រស់នៅ​​​តាម​បណ្តោយ​​ព្រំដែន»

ចលនា​និស្សិត បាន​​ស្នើឲ្យ​​រដ្ឋាភិបាល លោក ហ៊ុន សែន ថា «​ត្រូវ​លុបចោល​ ឬដាក់មោក្ខ​ភាព នូវ​កិច្ច​​ព្រម​ព្រៀង​ និង​​សន្ធិសញ្ញា​​​មិន​​ស្មើភាព​​គ្នា រវាង​​កម្ពុជា​​-​វៀតណាម ​ដូចជា​សន្ធិសញ្ញា​​ព្រំដែន​​បំពេញបន្ថែម ឆ្នាំ ២០០៥ និង​​ឆ្នាំ ២០១៩ រួម​ទាំង​​សេចក្តី​ប្រកាស​រួម ឆ្នាំ ១៩៩៥ និង​​ឯកសារ​ខុសច្បាប់​ ក្នុង​​ទសវត្សរ៍​​ទី​៨០ ដើម្បី​​ឱ្យ​​ស្រប​​នឹង​កិច្ច​ព្រមព្រៀង​​សន្តិភាព​​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​​រដ្ឋធម្មនុញ្ញ​​កម្ពុជា ​មាត្រា២ និង​មាត្រា​៥៥»។ សេច​ក្ដី​ថ្លែងការណ៍​របស់​ចលនានិស្សិត​នេះ បញ្ជាក់​ថា «រដ្ឋាភិបាល​កម្ពុជា ត្រូវ​​លើ​ក​​យក​បញ្ហា​​ជម្លោះ​​ព្រំដែន​​នេះ ទៅកាន់​​សហប្រធាន​​នៃ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ហើយ​​ករណី​​មួយចំនួន​​ទៀត ដូចជា​ ចង្កោម​កោះត្រល់​ ជាដើម ទៅកាន់​​តុលាការ​​យុត្តិធម៌​​អន្តរជាតិ»

លោក ម៉ែន ណាត សមាជិក​​ក្រុមប្រឹក្សា​ភិបាល នៃ​​ចលនា​និស្សិតនេះ បាន​ប្រាប់​វិទ្យុ​វីអូឌី (VOD)​ ​ថា «ចលនា​​​និស្សិត​​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​ប្ដឹង​ប្រទេ​ស​វៀតណាម ​ទៅ​កាន់តុលាការ​​អន្តរជាតិ និង​​​​ភាគី​​ហត្ថលេខី​ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​»។ លោក​​បន្ត​ថា «ស្ថាប័ន​អន្តរជាតិ​​ទាំង​ពីរ ​មាន​សិទ្ធិ​អំណាច​​កោះ​ហៅ​​ប្រទេស​​វៀតណាម ​ទៅ​​ឆ្លើយ​​បំភ្លឺ ករណី​វៀតណាម ​​បាន​​រំលោភ​ចូល​​អធិបតេយ្យភាព​​​កម្ពុជា»។

វិទ្យុវីអូឌី (VOD ដដែល បាន​​ដក​ស្រង់​សំដី​លោក ម៉ែន ណាត យ៉ាង​ដូច្នេះ​​ថា «រដ្ឋ​ទាំងឡាយ​ណា​ដែល​​​មាន​​ភូមិ​ផង​​របង​​ជាមួយ មិន​​អាច​​រំលោភ​បំពាន ទោះបី​​ក្នុង​​ស្ថាន​សភាព​ណា​​ក៏ដោយ។ មាត្រា២ {ឯកសារ​ទី២} នៃ​​​កិច្ច​ព្រមព្រៀង​​​ទីក្រុង​​ប៉ារីស​ ក៏បាន​​សរសេរ​ដែរ​​ថា រដ្ឋ​​ដែល​​​មាន​​​ភូមិផង​របង​ជាមួយ ​ត្រូវ​​គោរព​បូរណភាព​ទឹកដី​​របស់​​ប្រទេស​នី​មួយ​ៗ​ហ្នឹង ហើយ​​គោរព​ទៅ​តាម​​គោល​បំណង​របស់ ​អង្គការ​សហប្រជាជាតិ ព្រោះ​​អង្គការ​សហប្រជាជាតិ​ ឲ្យ​គោរព​​អធិបតេយ្យ​​គ្នា​​ទៅវិញ​ទៅ​មក។ យើង​​ផ្អែក​​តាម​​ឯកសារ​​ហ្នឹង​ ទើប​យើង​​ជំ​រុ​ញ​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា ត្រូវ​​តែ​​លុប​ឯកសារ​​មិន​​ស្របច្បាប់​ ហើយ​​ត្រូវតែ​ប្ដឹង​ ដើម្បី​​ធានា​​នូវ​​យុត្តិធម៌​ ទាំង​​ភាគី​​យើង​ ទាំង​ភាគី​​វៀតណាម»

ចំណែក​លោក វ៉ា គឹ​មហុង ប្រធាន​​គណៈកម្មាធិការ​​កិច្ចការ​ព្រំដែន​ នៃ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់វិទ្យុ​វីអូឌី ថ្ងៃទី១២ មិថុនា ដោយ​ច្រាន​ចោល​​សេច​ក្ដី​ថ្លែងការណ៍​ របស់ចលនា​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​ចាត់​ទុក​ថា «ការ​ប្ដឹង​​ទៅ​​អង្គការសហប្រជាជាតិ​ មិន​បាន​​ផល​​អ្វី​នោះ​​ទេ»។ លោក​​បញ្ជាក់​ថា «ភាគី​​កម្ពុជា និង​វៀតណាម​ សម្រេច​​ជ្រើសរើស​​យក​​វិធីសាស្ត្រ​​ចរចាទ្វេភាគី»។ លោក​ថ្លែងដូច្នេះថា «ភាគី​ទាំងពីរ​ ធ្វើការ​ចរចា​​ដើម្បី​រក​ដំណោះស្រាយ​ទៅ​តែ​ប៉ុណ្ណឹង ហើយ​​ចាំបាច់​​ទៅ​​រក​តុលាការ​​ធ្វើ​អី​ ខ្ញុំ​សួរ​​អា​តុលាការ​ ចេះ​ធ្វើ​អី»។ 

លោក អ៊ុំ​ សំអាន ប្រធាន​ក្រុមប្រឹក្សាភិបាល នៃចលនា​និស្សិត​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ ត្រូវ​បាន​សារព័ត៌មាន​ឌីខេបូឌា ដេលី (The Cambodia Daily) ដក​ស្រង់​សំដីថា «របប​លោក ហ៊ុន សែន ជំពាក់​គុណ​យួន។ យុទ្ធសាស្រ្ត​របស់​យួន គឺដណ្តើម​កាន់កាប់​ទឹកដីខ្មែរ​តាម​ព្រំដែន ឲ្យ​បាន​ច្រើន រួច​ទើប​ធ្វើ​ការចរចាព្រំដែន​ជាក្រោយ»។ លោក សំអាន បន្តថា «តំបន់ខ្លះ យួន​ដណ្តើម​កាន់កាប់​ដីខ្មែរ​បានប៉ុន្មាន កំណត់ព្រំដែន​ត្រឹម​នោះ។ តំបន់ខ្លះ យួនឲ្យដី​មក​ខ្មែរ​ខ្លះវិញ និង​តំបន់ខ្លះ​ទៀត យួន​ឲ្យមក​វិញ ដោយ​យក​ដីខ្មែរនៅ​តំបន់​ផ្សេង ដូរ​ឲ្យ​ទៅ​យួន​វិញ (ដូរដីខ្មែរ និងដីខ្មែរ) នេះ​ក៏ដោយសារ​សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ ២០០៥»

ឯកសារពិគ្រោះ
– សេចក្តីថ្លែងការណ៍របស់ ចនានិស្សិត SMD 
– វិទ្យុវីអូឌី (VOD)
– សារព័ត៌មាន ឌីខេមបូឌា ដេលី The Cambodia Daily
– វិទ្យុ​​​​វីអូអេ​ (VOA)

photo SMD2 leaders 2020

.