The Cambodia Daily
23-3-2022

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ឯកភាព​នូវ​គោលការណ៍​ផ្លាស់​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ ដែល​កំពុង​រស់នៅ​លើ​ទូក​ក្នុង​បឹង​ទន្លេសាប មក​រស់នៅ​លើ​គោក ប៉ុន្តែ​ត្រូវ​ដោះស្រាយ​ស្រប​តាម​គោលការណ៍​សកល​ ស្ដីពី​សិទ្ធិ​​ជន​​អន្តោ​ប្រវេសន៍។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD – the People Movement for Democracy) លោក ទូច វិបុល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២២ មីនា ថា ការ​ផ្លាស់​ឱ្យ​ជន​អន្តោ​ប្រវេសន៍​​វៀតណាម ​ដែល​កំពុង​រស់នៅ​លើ​ទឹក​ក្នុង​បឹង​ទន្លេសាប មក​រស់​នៅ​លើ​គោក គឺជា​គោលការណ៍​ល្អ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​បញ្ជូន​​ពួកគេ​ ទៅ​ប្រទេស​វៀតណាម​វិញ ឬ​ផ្តល់​សិទ្ធិ​ឱ្យ​អ្នក​ទាំងនោះ ​រស់នៅ​ដោយ​ស្រប​ច្បាប់ ​នៅ​កម្ពុជា​បន្ត​ទៀត ឬ​ត្រូវ​បញ្ជូន​ពួកគេ​ទៅកាន់​ប្រទេស​ទី​បី។ នេះ គឺជា​បញ្ហា​ដែល​កម្ពុជា ​ត្រូវ​ដោះស្រាយ​ជាបន្ទាន់។

លោក ទូច វិបុល លើក​ជា​សំណួរ​ថា ប្រសិនបើ​រដ្ឋាភិបាល​វៀតណាម ​មិនព្រម​ទទួល​យក​ជន​អន្តោប្រវេសន៍​វៀតណាម​ទាំងនោះ តើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា? ហើយ​បើ​សិន​ជន​អន្តោប្រវេសន៍​ទាំងនោះ​ មាន​កូន​ចៅ​កើត​នៅ​លើ​ទឹកដី​ខ្មែរ តើ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​ដោះស្រាយ​ដូចម្តេច?

លោក​សួរ​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​ជន​អន្តោប្រវេសន៍​វៀតណាម​ទាំងនោះ ​មក​រស់នៅ​លើ​ទឹកដី​ខ្មែរ​ជាង ៣០​-​៤០​ ឆ្នាំ​ហើយ រដ្ឋាភិបាល​កម្ពុជា​រក​ឃើញ​ថា ​ពួកគាត់​ពុំ​មាន​ឯកសារ​ស្រប​ច្បាប់ តើ​រដ្ឋាភិបាល​កម្ពុជា​គួរ​អនុវត្ត​ច្បាប់​មួយ​ណា?

បញ្ហា​នេះ តើ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​អន្តោប្រវេសន៍ អាច​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ទទួល​ពួក​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ ​ទៅកាន់​ប្រទេស​ទី​បី​បាន​ដែរ​ឬ​ទេ?

លោក​បន្ថែម​ថា ជាង​នេះ​ទៀត ប្រសិនបើ​គ្មាន​ជម្រើស​អ្វី​ទាំងអស់ តើ​រដ្ឋាភិបាល​កម្ពុជា ​គួរ​យក​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ​ ឱ្យ​រស់នៅ​ទីណា​ នៅ​ពេល​ដែល​រដ្ឋាភិបាល​វៀតណាម ​ក៏​មិន​ទទួល​យក ចំណែក​ប្រទេស​ទី​បី​ក៏​បដិសេធ​ដែរ​នោះ?

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​រូប​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ​ដោះ​ស្រាយ​​បញ្ហា​​ជន​​អន្តោ​ប្រវេសន៍​​ទាំង​នោះ​​​ស្រប​​តាម​​ច្បាប់​​ជាតិ និង​​គោល​ការណ៍​​សកល​​ស្ដីពី​​សិទ្ធិមនុស្ស និង​​ច្បាប់​​​អន្តោប្រវេសន៍ ព្រោះ​​ថា​​នេះ​​ជា​​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​កម្ពុជា។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​ កំពុង​ហូរ​ចូល​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ ​មក​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន ខណៈ​អាជ្ញាធរ​ខ្មែរ​មិន​បាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន ​ឱ្យ​បាន​ហ្មត់ចត់​នៅឡើយ។

កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​ជម្លៀស​ជន​អន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​ ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ តាម​ដងទន្លេ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ឱ្យ​ទៅ​រស់នៅ​ខណ្ឌ​ព្រែកព្នៅ វិញ។ ប៉ុន្តែ​អំឡុង​ពេល​ជម្លៀស​នោះ ក៏​មាន​ពលរដ្ឋ​វៀតណាម​ខ្លះ​ បាន​នាំគ្នា​ឡើង​លើ​គោក ហើយ​នាំគ្នា​ទិញ​ដី ទិញ​ផ្ទះ​សម្រាប់​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែម្តង ដោយ​មាន​អាជ្ញាធរ​កម្ពុជា​ជួយ​សម្រួល ខណៈ​អ្នក​ខ្លះ​បន្ត​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​បន្ត​ទៀត។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ អគ្គ​​លេខា​​ធិការ​​​នៃ​​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ លោក ប៉ោ ភក្តិ លើកឡើង​ថា អាជ្ញាធរ​វៀតណាម ​មិនព្រម​ទទួល​យក​ជន​អន្តោប្រវេសន៍​វៀតណាម ​ដែល​រឹងរូស និង​ជនជាតិ​វៀតណាម ​ដែល​មាន​បំណង​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ឡើយ ដែល​ករណី​នេះ​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា។

លោក ប៉ោ ភក្តិ ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ពន្លឿន​​ការ​​ធ្វើ​​វិសោធនកម្ម​​ច្បាប់​​អន្តោប្រវេសន៍ ​ឆ្នាំ​​១៩៩៤ ដើម្បី​​ធានា​​អំពី​ប្រសិទ្ធភាព​​នៃ​​ការ​​គ្រប់​គ្រង​​ជន​​អន្តោប្រវេសន៍​ខុសច្បាប់ ​នៅ​កម្ពុជា។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​បណ្ដោយ​ឲ្យ​វៀតណាម​បំពាន​កម្ពុជា​តាម​ចិត្ត​នេះ ក៏​អាច​ជា​យុទ្ធសាស្ត្រ​បន្ត​បម្រើ​វៀតណាម​របស់​លោក ហ៊ុន សែន បន្ត​ទៅ​លោក ហ៊ុន ម៉ាណែត ដែរ ដើម្បី​ពឹងពាក់​វៀតណាម ​ឲ្យ​ជួយ​គាំទ្រ​ផែនការ​ផ្ទេរ​អំណាច​របស់​ខ្លួន ព្រោះ​ថា​ផែនការ​ផ្ទេរ​អំណាច​នេះ ​អាច​មាន​ផ្លូវ​ជោគជ័យ​ទៅ​បាន លុះត្រាតែ​មាន​វៀតណាម​ជា​អ្នក​គាំទ្រ។

កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​ស្ដីពី​ការ​អនុវត្ត​គោល​នយោបាយ​ ចំពោះ​អណិកជន​វៀតណាម​នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ផ្តល់​ដីធ្លី ទីជម្រក ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​សារាចរ​នេះ ​នៅតែ​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ៕