
អង្គការឃ្លាំមើលការលាងលុយកខ្វក់ នឹងដាក់កម្ពុជាក្នុងបញ្ជីតាមដាន
(ដោយលោក ស៊ុន សុខេន / VOD News, 22-2-2019)
អង្គការឃ្លាំមើលការលាងលុយកខ្វក់អន្តរជាតិ នឹងបញ្ចូលប្រទេសកម្ពុជា ទៅក្នុងបញ្ជីតាមដានដោយថា ប្រទេសនេះ ងាយស្រួលក្នុងការប្រព្រឹត្តសកម្មភាពនេះ។
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់សារព័ត៌មានរ៉យទ័រ (Reuters) អង្គការក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (Financial Action Task Force) ហៅកាត់ថា FATF នឹងដាក់កម្ពុជា ក្នុងបញ្ជីពណ៌ប្រផេះរបស់ខ្លួន ដោយអាចនឹងត្រួតពិនិត្យលំហូរហិរញ្ញវត្ថុ វិនិយោគ និង ពាណិជ្ជកម្ម ចេញ និងចូលប្រទេសកម្ពុជា។
ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (Financial Action Task Force) ជាគឺជាអង្គការអន្តររដ្ឋាភិបាល ដែលមានមូលដ្ឋាននៅទីក្រុង ប៉ារីស ប្រទេសបារាំង។ អង្គការនេះ ធ្វើការលើការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងការផ្ដល់ហិរញ្ញទាន ដល់ក្រុមភេរវកម្ម។
បើតាមរ៉យទ័រ (Reuters) ដែលបានដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់កម្ពុជាម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ការដាក់កម្ពុជា ក្នុងបញ្ជីឃ្លាំមើលរបស់ FATF អាចនឹងបង្កការលំបាក ដល់ក្រុមហ៊ុន ក៏ដូចជាបុគ្គលទូទៅ ក្នុងការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។
ប្រភពដដែល ឲ្យដឹងថាកម្ពុជា ត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះរបស់ FATF កាលពីឆ្នាំ ២០១៥ កន្លងទៅ ហើយការដាក់កម្ពុជាក្នុងបញ្ជីនេះឡើងវិញ បង្ហាញថាប្រទេសនេះ ដើរថយក្រោយក្នុងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់នេះ៕
Reuters: Global watchdog to put Cambodia on its money-laundering watchlist
.