(អត្ថបទដោយលោក ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលម្ពុជា / ៣០ សីហា ២០១៩)
លោក អ៊ុំ សំអាន អតីតសមាជិកសភាពីគណបក្សសង្គ្រោះជាតិ បានប្រតិកម្មតបទៅលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ក្នុងជម្លោះព្រំដែនខ្មែរ ជាមយួយឡាវ ដែលបានថ្លែងប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៩ ថា «កម្ពុជា បាននិងកំពុងប្រើប្រាស់ផែនទី ដែលគូសដោយបារាំង ប៉ុន្តែតម្កល់នៅប្រទេសវៀតណាម»។ លោក ផៃ ស៊ីផាន បន្ថែមថា៖ «យើងបានឯកភាពគ្នា អំពីអញ្ជើញខាងប្រទេសបារាំង អ្នកជំនាញខាងផែនទី ឲ្យលោកចុះមកជួយ។ ដូច្នេះកម្ពុជា ក៏ដូចជាឡាវ យើងអត់មានត្រូវការប្រើប្រាស់កម្លាំង ដើម្បីដណ្តើមទឹកដីគ្នា ឬការបញ្ជាក់អត្តនោម័តិនៃភាគីណាមួយ»។ ការលើកឡើងនេះ បន្ទាប់ពីមានភាពតានតឹងជាមួយ ឡាវ នៅតំបន់ «មុំបី» ខេត្តព្រះវិហារ។
លោក អ៊ុំ សំអាន ចោទសួរថា ហេតុអី រដ្ឋាភិបាលកម្ពុជា មិនទៅយកផែនទី គូសដោយបារាំង ដែលតំកល់នៅប្រទេសបារាំង ឬផែនទី តំកល់នៅអង្គការសហប្រជាជាតិ (អ.ស.ប) មកប្រើ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយឡាវ? ហេតុអ្វីរដ្ឋាភិបាលកម្ពុជា បែរជាទុកចិត្តទៅលើផែនទីតម្កល់នៅវៀតណាម ទៅវិញ?
ទោះយ៉ាងណាក្តីលោក ផៃ ស៊ីផាន មិនទាន់មានប្រតិកម្មយ៉ាណានោះទេ តបទៅការចោទសួររបស់លោក អ៊ុំ សំអាន។ គួសបញ្ជាក់ថាសព្វថ្ងៃ ប្រទេសឡាវ នៅតែស្ថិតក្រោមឥទ្ធិពលអំណាចគ្រប់គ្រងរដ្ឋបាល និងនយោបាយ ពីសំណាក់ប្រទេសវៀតណាម។
លោក អ៊ុំ សំអាន បន្តលើកឡើងអំពីរឿងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម មកបញ្ជាក់ដែរថា «ព្រំដែនជាមួយយួន {វៀតណាម}វិញ ក៏រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ផែនទី ដែលតម្កល់នៅប្រទេសយួន ដែរ។ ហើយផែនទីទាំងនោះ រៀបចំដោយយួន ភ្ជាប់នឹងសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ ១៩៨៥ សម័យយួនគ្រប់គ្រងកម្ពុជា។ ផែនទីទាំងនោះ មានមួយចំនួន មានត្រាយួន គ្មានត្រាខ្មែរទេ។ ផែនទីទាំងនោះ ត្រូវបានគេចម្លង នៅប្រទេសវៀតណាម ពីផែនទីបោន (Bonne) ខ្នាត 1/100.000 ទៅផែនទី UTM ខ្នាត 1/50.000 ស្របតាមសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ ២០០៥ ។ ផែនទីបោន គូសដោយបារាំង កំណត់ព្រំដែនជាមួយយួន មានតម្កល់នៅប្រទេសបារាំង និងអង្គការសហប្រជាជាតិ»។
លោក សំអាន ដាក់សំណួររឿងព្រំដែនជាមួយវៀតណាម ដូចគ្នានឹងរឿងរ៉ាវព្រំដែនជាមួយឡាវថា «ហេតុអ្វីរដ្ឋាភិបាលកម្ពុជា មិនទៅយកផែនទីនៅបា៉រាំង និង នៅ អ.ស.ប មកប្រើ បែរជាប្រើផែនទី ដែលតម្កល់នៅយួនទៅវិញ?»
លោក អ៊ុំ សំអាន សំដែងការព្រួយបារម្ភថា «មូលហេតុទាំងនេះហើយ ដែលធ្វើ ខ្មែរ បាត់បង់ទឹកដី នៅតាមព្រំដែន ជាមួយ យួន និង ឡាវ។ ហើយពលរដ្ឋខ្មែរតាមព្រំដែនតែងតែយំស្រែក រឿងបាត់បង់ដីស្រែចំការ នៅតាមព្រំដែន នៅពេលមានបោះបង្គោលព្រំដែនម្តងៗ ហើយព្រំដែនជាមួយ ថៃ ក៏បាត់បង់ផងដែរ»។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន ក្នុងរបបលោក ហ៊ុន សែន ធ្លាប់បានសារភាពនៅក្នុងសន្និសីទរឿងព្រំដែន កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ថា «កម្ពុជា ប្រើប្រាស់ផែនទីដែលបោះពុម្ពនៅវៀតណាម ក្នុងការបោះបង្គោលព្រំដែន»។
លោក វ៉ា គឹមហុង បានថ្លែងសារភាពនៅក្រសួងមហាផ្ទៃ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ដែរថា «បញ្ហាព្រំដែននៅ ព្រែកវិញតេ ឬព្រែក្របៅ (ខែត្តតាកែវ និងកំពត) ភាគីកម្ពុជា ស្នើសុំប្រើផែនទីបារាំង ដែលកំណត់ព្រំដែន នៅលើមាត់ព្រែក ក៏ប៉ុន្តែភាគីវៀតណាម មិនព្រម»។
បើតាមរបាយការណ៍របស់អតីតគ្គមេបញ្ញាការកងទ័ព លោក កែ គឹមយ៉ាន នៅខែសីហា ឆ្នាំ១៩៩៩ បានសរសេរទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ញាក់ថា «វៀតណាម រំលោភចូលព្រំដែនខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅក្បែរចំណុចច្រកទ្វារ ភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ»។ (សូមអានបន្ថែម៖ កែ គឹមយ៉ាន៖ វៀតណាម រំលោភចូលព្រំដែនខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅស្រុកគីរីវង្ស តាកែវ)
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវេស៍ និងគណៈកម្មាធិការព្រំដែនម្ពុជា ប្រទេសបារាំង តែងតែរំលឹករដ្ឋាភិបាលកម្ពុជាជាហូរហែរ ក្នុងរឿងដោះស្រាយជម្លោះព្រំដែន ជាមួយប្រទេសជិតខាង និងបានថ្កោលទោសថា «ភាគីកម្ពុជា ចាញ់ប្រៀបគេតែរហូត និងបានធ្វើឲ្យបាត់បង់ទឹកដីខ្មែរ»៕