រូបថត ឆ្នាំ ២០១៥ ស្តីពីការរំលឹកទិវា កិច្ចព្រមព្រៀង​ក្រុងប៉ារីស
……………………………

ស្របពេលកម្ពុជា កំពុងមានវិបត្តិនយោបាយធ្ងន់ធ្ងរ ពុំទាន់អាចស្វែង​រក​​ដំណោះ​ស្រាយ តាម​ការផ្សះផ្សារណាមួយ​នៅឡើយ ថែមទាំង​របបដឹកនាំ​របស់លោក ហ៊ុន សែន ដាក់ចេញប្រតិទិន​សម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិ ឆ្នាំ ២០២០ ដោយ​លុប​ចោល​នូវ ទិវាកិច្ចព្រមព្រៀង​​សន្តិភាព​ក្រុងប៉ារីស ពីថ្ងៃ​ឈប់​សម្រាកបុណ្យជាតិ។ ភ្លាមៗនោះ ធ្វើឲ្យ​មាន​ប្រតិកម្ម និង​សម្លេង​ថ្កោលទោស ពីក្រុមអ្នកប្រឆាំង ពីបញ្ញវន្ត និងពីពលរដ្ឋក្នុងបណ្តាញសង្គម​​ផង ចំពោះការលុបចោលនូវទិវា កិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស ដ៏មានសារសំខាន់​សម្រាប់​ពលរដ្ឋខ្មែរ កាលពីថ្ងៃទី២៣ តុលា ១៩៩១។

ទោះជាយ៉ាងណាក្តី ពលរដ្ឋខ្មែរ នៅតែយល់ថា កិច្ចព្រមព្រៀងសនិ្តភាពទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១ ជាកិច្ចព្រមព្រៀងមានលក្ខណៈអន្តរជាតិ ហើយវានៅតែស្ថិតក្នុងបះដូងខ្មែរ។ ពលរដ្ឋខ្មែរ និង សហគមន៍អន្តរជាតិ (ខាងលោកសេរី) បន្តទាមទារឲ្យរបបលោក ហ៊ុន សែន វិលទៅរកការស្តារលទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្សឡើងវិញ ចាប់តាំងពីរបបនេះ បានចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារ និង ប្រើប្រាស់ប្រព័ន្ធតុលាការ រំលាយរចនាសម្ព័ន្ធបក្សប្រឆាំង «បក្សសង្គ្រោះជាតិ» កាលពីចុងឆ្នាំ ២០១៧។

ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ មាន ១៨ ​ប្រទេស បូករួមទាំង ​កម្ពុជា។ មុនពេលឈានដល់មានកិច្ចព្រមព្រៀងនេះ​ កម្ពុជា មាន​ ៤ ​ភាគី​ គឺរដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋ​ខ្មែរ របស់​លោក​ សឺន សាន និង ​ខ្មែរក្រហម។ ភាគីរដ្ឋកម្ពុជា គ្រប់គ្រងដោយ វៀតណាម បើទោះជាខ្លួនដកកងទ័ពចេញហើយក្តី។ ហើយ ៣ ភាគីទៀត ដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ ជាក្រុមប្រឆាំងរបប រដ្ឋកម្ពុជា របស់លោក ហ៊ុន សែន ហេង សំរិន និង ជា ស៊ីម។ ពេលមានកិច្ចព្រមព្រៀងហើយ ភាគីទាំង ៤​ បង្កើត​ជា «ក្រុមប្រឹក្សា​ជាតិ​ជាន់​ខ្ពស់» ហើយស្នើឲ្យអង្គការសហប្រជាជាតិ (អ.ស.ប) ដែលហៅកាត់​ថា អ៊ុនតាក់ (UNTAC) ចូលមកកម្ពុជា រៀបចំការបោះឆ្នោតជាតិ តាមគន្លងប្រជាធិបតេយ្យ​​​សេរីពហុក្ស នៅខែឧសភា ឆ្នាំ ១៩៩៣។

ប្រទេស​ជា​ហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រួមមានមាន៖

  • សមាជិក​អចិន្រ្តៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ ​​អ.ស.ប. (៥ ប្រទេស)៖ អាមេរិក, អង់គ្លេស, បារាំង (សហប្រធាន​សន្និសីទ), ចិន និង ​សហភាព​សូវៀត។
  • ប្រទេស​​នៅ ​អាស៊ី​អាគ្នេយ៍ (៨ ​ប្រទេស)៖ ​ឥណ្ឌូណេស៊ី (សហប្រធាន​សន្និសីទ), ​វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វ៊ីលីពីន និង​ ប៊្រុយណេ។
  • ក្រុមប្រទេស​មិនចូល​បក្ស​សម្ព័ន្ធ តំណាង​ដោយ យូហ្គោស្លាវី។
  • ប្រទេស ៤ ​ផ្សេង​​ទៀតគឺ ​ឥណ្ឌា, ជប៉ុន, កាណាដា និង អូស្រ្តាលី។

ខ្លឹមសារ​សំខាន់ៗ​ នៃ​កិច្ចព្រមព្រៀង​ រួមមាន៖

  • ការឈប់បាញ់​រវាង​​ភាគី​ជម្លោះ ក្នុង​សង្រ្គាម​ស៊ីវិល​ខ្មែរ
  • ការ​កាត់រំសាយទ័ព​
  • ការ​ដកកងទ័ព​បរទេស​ ចេញ​ពី​កម្ពុជា (វៀតណាម​ ដាក់​ទ័ព​នៅ​កម្ពុជា)
  • ការ​រៀបចំការបោះឆ្នោត ​តាម​បែប​ប្រជាធិបតេយ្យ
  • ការកំណត់​អាណត្តិ​ របស់​ អ៊ុនតាក់ ដើម្បី​​មក​ពិនិត្យ​មើល​បទឈប់បាញ់ រក្សា​សន្តិភាព និង​រៀបចំ​ការ​បោះឆ្នោត ទៅតាម​អ្វី​ដែល​មាន​ចែង​ក្នុង ​កិច្ចព្រមព្រៀង
  • ការធ្វើ​មាតុភូមិនិវត្តន៍​របស់ ​ជនភៀសខ្លួនខ្មែរ ជាពិសេស ពី​ជំរំ​ជនភៀសខ្លួន ​នៅ​ជាយដែន​ខ្មែរ-ថៃ ឲ្យ​វិលត្រឡប់​មក​កម្ពុជា​វិញ
  • កំណត់​​​គោលការណ៍​​នៃ ​រដ្ឋធម្មនុញ្ញ​ថ្មី ​របស់​កម្ពុជា (រួមមាន​ដូចជា ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស, ការគោរព​សិទ្ធិសេរីភាព​ជាមូលដ្ឋាន ​របស់​លរដ្ឋ និង​គោលការណ៍​នីតិរដ្ឋ ជាដើម)។
  • កម្ពុជា​ និង​ប្រទេស​ជា​ហត្ថលេខី មានកាតព្វកិច្ច ​គោរព​ឯករាជ្យ អធិបតេយ្យ បូរណភាព​ និង​អព្យាក្រឹត្យ​គ្នា​ទៅវិញ​ទៅមក
  • ​ប្រទេស​ហត្ថលេខី ​សន្យា​ផ្តល់​ជំនួយ ដើម្បី​ជួយ​ស្តារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​​ឡើងវិញ។
  • ក្នុងករណី​​មាន​ការរំលោភ​លើ​កិច្ចព្រមព្រៀងនេះ គេ​អាច​កោះប្រជុំ​​​ប្រទេស​ហត្ថលេខី​​ឡើងវិញ​បាន ដើម្បី​ស្វែងរក​វិធានការ​សមស្រប តាម​មាត្រា ២៩ នៃ​កិច្ចព្រមព្រៀង​ទី១ (ស្តីពី​ការដោះស្រាយ​ជម្លោះ​ផ្ទៃក្នុង​កម្ពុជា) អ្នក​ដែល​អាច​កោះប្រជុំបាន គឺ​សហប្រធាន​នៃ​សន្និសីទ​ ក្រុង​ប៉ារីស (បារាំង និង ​ឥណ្ឌូណេស៊ី) ក៏ប៉ុន្តែ ការ​កោះ​ប្រជុំនេះ ​អាច​ធ្វើ​ទៅបាន ​លុះត្រា​តែ​មាន​សំណើ​ពី​អគ្គលេខា​ធិការ ​​អ.ស.ប.។

ចំណែកនៅ​ក្នុង​កិច្ចព្រមព្រៀង​ទី២ វិញ (ស្តីពី​​ឯករាជ្យ អធិបតេយ្យ បូរណភាព និង​អព្យាក្រឹត្យ​​របស់​កម្ពុជា) ត្រង់​មាត្រា ៥ ចែងថា៖
១- នៅ​ក្នុងករណី​មាន​ការរំលោភ ឬ​គំរាម​រំលោភ​​អធិបតេយ្យ, ឯករាជ្យ, បូរណភាព (…) ហត្ថលេខី​នៃ ​កិច្ចព្រមព្រៀង​ ​ត្រូវ​ធ្វើការប្រជុំ​ជាបន្ទាន់ ដើម្បី​ចាត់វិធានការ​សមស្រប​ (…)។
២- វិធានការ​សមស្រប​ទាំងនេះ​ ​អាចជា ការ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ ​អ.ស.ប. ឬ​វិធានការ​ផ្សេងទៀត ដែល​មាន​ចែង​ក្នុង​មាត្រា ៣៣ នៃ​ធម្មនុញ្ញ​សហប្រជាជាតិ (ចរចា, ស៊ើបអង្កេត, សម្របសម្រួល, ផ្សះផ្សា, មជ្ឈត្តកម្ម, ដំណោះស្រាយ​តាមផ្លូវតុលាការ, …,)។

(អត្ថបទស្រាវជ្រាវដោយលោក ម៉ែន ណាត ខែតុលា ២០១៩ / អត្ថបទមូលដ្ឋានពីវិទ្យុ Rfi Khmer ដោយ សេង ឌីណា ឆ្នាំ២០១៣ )

ពីស្តាំ៖ សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ, សម្តេចឪ នរោត្តម សីហនុ, លោក ហ៊ុន សែន

.