ស្របពេលកម្ពុជា កំពុង​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ ពុំទាន់​អាច​ស្វែង​​រក​​​ដំណោះ​​ស្រាយ តាម​​ការ​ផ្សះផ្សារ​ណា​មួយ​​នៅ​ឡើយ ថែម​ទាំង​​​របប​​ដឹកនាំ​​​របស់លោក ហ៊ុន សែន ដាក់​​ចេញ​​ប្រតិទិន​ ​​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​បុណ្យជាតិ ឆ្នាំ ២០២០ ដោយ​​​លុប​​​ចោល​​​នូវ ទិវាកិច្ច​ព្រមព្រៀង​​​សន្តិភាព​​ក្រុង​ប៉ារីស ពី​ថ្ងៃ​​ឈប់​សម្រាក​បុណ្យ​ជាតិ។ ភ្លាមៗ​នោះ ធ្វើ​ឲ្យ​​មាន​​ប្រតិកម្ម និង​​សម្លេង​​ថ្កោល​ទោស ពីក្រុម​អ្នក​ប្រឆាំង ពី​បញ្ញវន្ត និង​​ពលរដ្ឋ​ក្នុង​បណ្តាញ​សង្គម​​​ផង ចំពោះការលុប​ចោល​នូវ​ ទិវាកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​​ប៉ារីស ដ៏មាន​សារសំខាន់​​សម្រាប់​​ពលរដ្ឋ​ខ្មែរ កាល​ពីថ្ងៃទី ២៣ តុលា ១៩៩១។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១ «Download»

ទោះជាយ៉ាងណាក្តី ពលរដ្ឋខ្មែរ នៅ​តែយល់ថា កិច្ចព្រម​ព្រៀង​សនិ្តភាព​ទីក្រុង​​ប៉ារីស ឆ្នាំ ១៩៩១ ជាកិច្ច​ព្រម​ព្រៀង​មាន​លក្ខណៈ​អន្តរជាតិ ហើយ​​នៅ​តែ​ស្ថិតក្នុង​បះដូង​ខ្មែរ។ ពលរដ្ឋ​ខ្មែរ និង សហគមន៍​អន្តរជាតិ (ខាង​លោកសេរី) បន្ត​ទាមទារ​ឲ្យរបប​លោក ហ៊ុន សែន វិល​ទៅ​រកការ​ស្តារលទ្ធិ​ប្រជាធិបតេយ្យ និង​​សិទ្ធិ​មនុស្ស​ឡើង​វិញ ចាប់​តាំង​ពីរបប​នេះ បាន​ចាប់​ខ្លួន​មេដឹកនាំ​បក្សប្រឆាំង លោក កឹម សុខា ដាក់​ពន្ធនាគារ និង ប្រើប្រាស់​ប្រព័ន្ធ​តុលាការ រំលាយរចនា​សម្ព័ន្ធ​បក្ស​ប្រឆាំង «បក្ស​សង្គ្រោះជាតិ» កាល​ពីចុង​ឆ្នាំ ២០១៧។

ហត្ថលេខី នៃ​កិច្ច​ព្រមព្រៀង​​ក្រុង​ប៉ារីស​ មាន ១៨ ​ប្រទេស បូករួមទាំង ​កម្ពុជា។ មុន​ពេល​ឈាន​ដល់មាន​កិច្ចព្រមព្រៀង​នេះ​ កម្ពុជា មាន​ ៤ ​ភាគី​ គឺរដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្ស​ជាតិ​រំដោះប្រជា​ពលរដ្ឋ​ខ្មែរ របស់​​លោក​ សឺន សាន និង ​ខ្មែរក្រហម។ ភាគីរដ្ឋកម្ពុជា គ្រប់គ្រង​ដោយ វៀតណាម បើទោះ​ជាខ្លួន​ដកកង​ទ័ពចេញ​ហើយក្តី នៅឆ្នាំ ១៩៨៩។ ហើយ ៣ ភាគីទៀត ដឹកនាំ​ដោយ​សម្តេចព្រះ នរោត្តម សីហនុ ជាក្រុម​ប្រឆាំង​របប​រដ្ឋកម្ពុជា របស់​លោក ហ៊ុន សែន ហេង សំរិន និង ជា ស៊ីម។ ពេលមាន​កិច្ចព្រមព្រៀង​ហើយ ភាគីទាំង ៤​ បង្កើត​ជា «ក្រុមប្រឹក្សា​ជាតិ​​ជាន់​ខ្ពស់» ហើយ​ស្នើ​ឲ្យ​ អង្គការសហប្រជាជាតិ (អ.ស.ប) ដែល​ហៅ​កាត់​​ថា អ៊ុនតាក់ (UNTAC) ចូល​មក​កម្ពុជា រៀបចំ​ការបោះ​ឆ្នោត​ជាតិ តាម​គន្លងប្រជាធិបតេយ្យ​​​​សេរីពហុក្ស នៅ​ខែ ឧសភា ឆ្នាំ ១៩៩៣។

ប្រទេស​​ជា​ហត្ថលេខី នៃកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស រួមមាន​៖

  • សមាជិក​អចិន្រ្តៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ ​​អ.ស.ប. (៥ ប្រទេស)៖ អាមេរិក, អង់គ្លេស, បារាំង (សហប្រធាន​សន្និសីទ), ចិន និង ​សហភាព​​សូវៀត។
  • ប្រទេស​​នៅ ​អាស៊ី​អាគ្នេយ៍ (៨ ​ប្រទេស)៖ ​ឥណ្ឌូណេស៊ី (សហប្រធាន​សន្និសីទ), ​វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វ៊ីលីពីន និង​ ប៊្រុយណេ។
  • ក្រុមប្រទេស​មិនចូល​បក្ស​សម្ព័ន្ធ តំណាង​ដោយ យូហ្គោស្លាវី។
  • ប្រទេស ៤ ​ផ្សេង​​ទៀតគឺ ​ឥណ្ឌា, ជប៉ុន, កាណាដា និង អូស្រ្តាលី។

ខ្លឹមសារ​​សំខាន់ៗ​ នៃ​​កិច្ចព្រមព្រៀង​ រួមមាន៖

  • ការឈប់បាញ់​​រវាង​​ភាគី​​ជម្លោះ ក្នុង​​សង្រ្គាម​​ស៊ីវិល​ខ្មែរ
  • ការ​កាត់​រំសាយទ័ព​
  • ការ​ដក​កងទ័ព​​បរទេស​​ចេញ​​ពី​កម្ពុជា (វៀតណាម​ ដាក់​ទ័ព​​នៅ​កម្ពុជា ពីឆ្នាំ ១៩៧៩ ដល់ ១៩៨៩)
  • ការ​រៀបចំ​ការបោះឆ្នោត ​តាម​បែប​​ប្រជាធិបតេយ្យ
  • ការកំណត់​អាណត្តិ​ របស់​ អ៊ុនតាក់ ដើម្បី​​​​ពិនិត្យ​​មើល​​បទឈប់បាញ់ រក្សា​សន្តិភាព និង​រៀបចំ​​ការ​បោះឆ្នោត ទៅ​តាម​​អ្វី​ដែល​​មាន​​ចែង​ក្នុង ​កិច្ចព្រមព្រៀង
  • ការធ្វើ​​មាតុភូមិ​និវត្តន៍​របស់ ​ជនភៀសខ្លួន​ខ្មែរ ជាពិសេសពី​ជំរំ​ជន​ភៀសខ្លួន ​នៅ​​ជាយដែន​​ខ្មែរ-ថៃ ឲ្យ​​វិល​ត្រឡប់​​មក​​កម្ពុជា​វិញ
  • កំណត់​​​​គោលការណ៍​​​នៃ ​រដ្ឋធម្មនុញ្ញ​ថ្មី ​របស់​កម្ពុជា (រួមមាន​ដូចជា ​គោលការណ៍​​ប្រជាធិបតេយ្យ​​សេរី​​ពហុបក្ស, ការគោរព​​សិទ្ធិ​សេរីភាព​​ជាមូលដ្ឋាន ​​របស់​លរដ្ឋ និង​​គោល​ការណ៍​​នីតិរដ្ឋ ជាដើម)។
  • កម្ពុជា​ និង​ប្រទេស​​ជា​​ហត្ថលេខី មាន​កាតព្វកិច្ច ​គោរព​​ឯករាជ្យ អធិបតេយ្យ បូរណភាព​ និង​​អព្យាក្រឹត្យ​​ទៅវិញ​​ទៅមក
  • ​ប្រទេស​ហត្ថលេខី ​សន្យា​ផ្តល់​​ជំនួយ ដើម្បី​​ជួយ​ស្តារ និង​​អភិវឌ្ឍ​​ប្រទេស​​កម្ពុជា​​​ឡើងវិញ។
  • ក្នុងករណី​​​មាន​​ការរំលោភ​​លើ​កិច្ច​ព្រមព្រៀង​នេះ គេ​អាច​​កោះប្រជុំ​​​​ប្រទេស​​ហត្ថលេខី​​​ឡើ​ងវិញ​​បាន ដើម្បី​​ស្វែងរក​​វិធានការ​​សមស្រប តាម​​មាត្រា ២៩ នៃ​​កិច្ចព្រម​ព្រៀង​​ទី១ (ស្តីពី​​ការដោះស្រាយ​​ជម្លោះ​​ផ្ទៃក្នុង​​កម្ពុជា) អ្នក​​ដែល​​អាច​​កោះប្រជុំបា​ន គឺ​​សហប្រធាន​​នៃ​​សន្និសីទ​ ក្រុង​ប៉ារីស (បារាំង និង ​ឥណ្ឌូណេស៊ី) ក៏ប៉ុន្តែ ការ​កោះ​​ប្រជុំនេះ ​អាច​​ធ្វើ​ទៅ​បាន ​លុះត្រា​​តែ​​មាន​​សំណើ​​ពី​អគ្គលេខា​ធិការ ​​អ.ស.ប.។

ចំណែកនៅ​​ក្នុង​កិច្ច​ព្រមព្រៀង​ទី​២ វិញ (ស្តីពី​​​ឯករាជ្យ អធិបតេយ្យ បូរណភាព និង​​អព្យាក្រឹត្យ​​​របស់​​កម្ពុជា) ត្រង់​មាត្រា ៥ ចែងថា៖
១- នៅ​ក្នុងករណី​​មាន​​ការរំលោភ ឬ​គំរាម​​រំលោភ​​​អធិបតេយ្យ, ឯករាជ្យ, បូរណភាព (…) ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ ​ត្រូវ​ធ្វើការ​ប្រជុំ​​ជាបន្ទាន់ ដើម្បី​​ចាត់វិធានការ​​សមស្រប​ (…)។
២- វិធានការ​សមស្រប​​ទាំងនេះ​ ​អាចជា ការ​ប្តឹង​​ទៅ​​ក្រុមប្រឹក្សា​​សន្តិសុខ ​អ.ស.ប. ឬ​វិធានការ​​ផ្សេង​ទៀត ដែល​មាន​​ចែង​​ក្នុង​​មាត្រា ៣៣ នៃ​​ធម្មនុញ្ញ​​សហប្រជាជាតិ (ចរចា, ស៊ើប​អង្កេត, សម្រប​សម្រួល, ផ្សះផ្សា, មជ្ឈត្តកម្ម, ដំណោះ​ស្រាយ​​តាម​ផ្លូវ​តុលាការ, …,)។

(អត្ថបទស្រាវជ្រាវដោយលោក ម៉ែន ណាត ខែតុលា ២០១៩ / អត្ថបទមូលដ្ឋានពីវិទ្យុ Rfi Khmer ដោយ សេង ឌីណា ឆ្នាំ២០១៣ )

 

.