សម្រង់ឯកសារ​អំពីរឿង ព្រំដែនខ្មែរ និង កោះត្រល់ ជាមួយវៀតណាម
(ដោយលោក ម៉ែន ណាត «Mèn Nath» ប្រធាន​​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /ឆ្នាំ២០១៩)

ជុំវិញរឿងព្រំដែនគោក

– ព្រះរាជសារសម្តេចតា នរោត្តម ស៊ីហនុ ចុះក្នុង BMD ថ្ងៃ ១៨ ធ្នូ ២០០៤ (ឯកសារ​​ភាសា​អង់គ្លេស និង បារាំង) ថាលោក វ៉ា គឹមហុង ប្រើ «ផែនទីក្លែងក្លាយ» ដោះស្រាយ​បញ្ហាព្រំដែន​ ជាមួយវៀតណាម។ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និង​ជាប្រធាន​គណៈកម្មាធិការព្រំដែន នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

– លោក វ៉ា គឹមហុង កាលពីថ្ងៃទី ០២ កក្កដា ២០១៥ ទទួលស្គាល់​ថា «ផែនទី បោះបង្គោលព្រំដែន ជាមួយ​វៀតណាម គឺជាផែនទី យូធីអឹម (UTM របស់ទាហាន​អាមេរិកាំង ក្នុងសម័យ​សង្គ្រាម​វៀតណាម) ខ្នាត ១/៥០.០០០ មាន ៤០ ផ្ទាំង និង ផែនទី​បោន (Bonne) ១/១០០.០០០ មាន ២៦ ផ្ទាំង ហើយ​ជាផែនទី បោះពុម្ព​នៅប្រទេស​វៀតណាម» ជាផែនទី​អមភ្ជាប់​នឹង​សន្ធិញ្ញាព្រំដែនរដ្ឋ ថ្ងៃទី ២៧ ធ្នូ ១៩៨៥។

– សម្តេចតា នរោត្តម សីហនុ នៅថ្ងៃទី ១៩ កក្កដា ១៩៩៣ សរសេរ​លិខិត​​ទៅ​​សម្តេច​​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក ហ៊ុន សែន ឲ្យប្រាប់​ទៅ​មេដឹកនាំ​វៀតណាម ថាត្រូវ​យក​បង្គោលព្រំដែន សម័យបារាំង ទាំង ១២៤ បង្គោល ទៅដាក់ត្រង់​កន្លែង​ដើមវិញ។ ទ្រង់ រណប្ញទ្ធិ និងលោក ហ៊ុន សែន កាលនោះ ជា​សហនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបណ្តោះអាសន្ន ក្រោយការបោះឆ្នោតជាតិ ខែឧសភា ១៩៩៣។ អ្នកទាំងពីរ មិនបានធ្វើតាម​សម្តេចតាទេ។

– សន្ធិសញ្ញា​ ១៩៨៣ ស្ដីពី​គោល​ការណ៍​​ដើម្បី​ដោះ​ស្រាយ​ព្រំដែន និង​ កិច្ច​ព្រម​ព្រៀង​​ស្ដីពី​​លក្ខន្តិកៈ​​ព្រំដែន ធ្វើឡើង​​នៅ​ថ្ងៃ​ទី​ ២០ ​កក្កដា ​១៩៨៣ រវាង​លោក ហ៊ុន សែន រដ្ឋ​មន្ត្រី​ក្រសួង​​ការ​បរទេស​​កម្ពុជា (របប​ក្រុងភ្នំពេញ) ជា​មួយ​​លោក ង្វៀន កឺ​ថាច់ រដ្ឋ​មន្ត្រី​​ក្រសួង​​ការ​បរទេស​​វៀតណាម។

ព្រះរាជសារសម្តេច នរោត្តម សីហនុ ថ្ងៃ ១៦ មីនា ២០០៥ ចុះ​ផ្សាយ​ព្រឹត្តប័ត្រ BMD ជាភាសា​បារាំងថា​ «សាធារណរដ្ឋ​​​សង្គមនិយម​វៀតណាម បានបង្កើត​ព្រំដែនថ្មី (ចំណេញ​ទៅគេ) ដោយ​​​សាង​​សង់ នៅ​​​ទសវត្ស​​រ៍​ទី ៨០ និង​​ឆ្នាំ​១៩៩០-២០០០ នូវក្លោងទ្វារ ហើយដោយ ​«ជីកប្រឡាយទឹក ដែលស្ថិត​​នៅ​ក្នុងទឹកដី​ប្រទេស​កម្ពុជា ឆ្ងាយ​ពីព្រំដែន​​យើង កាលពី​​ឆ្នាំ​​​១៩៦៣​-​១៩៦៩» «កម្ពុជាយើង​សព្វថ្ងៃ តំណាងដោយ​ក្រុមឯកឧត្តម វ៉ា គឹមហុង យល់ព្រម ​«ធ្វើ​អត្តឃាត​ខ្លួន​ឯង» ដោយទទួលស្គាល់ សូម្បី​តែ​នៅ​ចំពោះមុខច្បាប់​​អន្តរជាតិ​ថា ប្រទេស​កម្ពុជា គ្មានព្រំដែន​ច្បាស់លាស់ទេ»

– សន្ធិសញ្ញាព្រំដែន ឆ្នាំ​ ២០០៥ និងសន្ធិសញ្ញាព្រំដែន ឆ្នាំ ​២០១៩ គឺគ្រាន់​តែ​បន្ថែម​ខ្លឹមសារ​ទៅ​លើ សន្ធិសញ្ញា​កំណត់​ព្រំដែនរដ្ឋ ឆ្នាំ​១៩៨៥ គឺថា​វាសុទ្ធតែ​​យក​​មូលដ្ឋានគ្រឹះ​នៃ សន្ធិសញ្ញាកំណត់​​ព្រំដែនរដ្ឋ (ខុសច្បាប់) ថ្ងៃ ២៧ ធ្នូ ១៩៨៥ (ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន និង ង្វៀន កូថាច់) ដែល​ជាសន្ធិសញ្ញា ធ្វើឡើង​ក្រោមការត្រួតត្រា របស់វៀតណាម ដែលបង្កឲ្យ​មានទំនាស់​ផ្លូវច្បាប់ ត្រូវបាន​ប្រឆាំងងជំទាស់ដោយ​ក្រុមអ្នកជំនាញព្រំដែនខ្មែរ និង​សម្តេចឪ នរោត្តម សីហនុ ព្រមទាំង​សកម្មជនព្រំដែន​ផង។ សន្ធិសញ្ញា​ទាំងឡាយណា ដែល​យក​មូលដ្ឋានសន្ធិញ្ញា ១៩៨៥ គឺបាន​ន័យថា «មិនស្របច្បាប់ទេ»។ វាផ្ទុយ​ពី​មាត្រា២ និង​មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ហើយផ្ទុយ​នឹង​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ១៩៩១ ចំណុច ២.ឃ។

– កំណត់ហេតុប្រជុំ​នៃ​គណៈកម្មាធិការព្រំដែនខ្មែរ (លោក វ៉ា គឹមហុង ប្រធាន) និង​វៀតណាម (លោក វូ យុង) ថ្ងៃទី ០៤-០៧ មេសា ២០០៧ គឺថា«សុំអ្នកបច្ចេកទេស​វៀតណាម, បោះបង្គោល​ព្រំដែន​ តាម ផែនទីយូធីអឹម ខ្នាត 1/50.000 (ផែនទី​អាមេរិកាំង ផ្ទុយពីមាត្រា២ រដ្ឋធម្មនុញ្ញ) និង​ប្រើ ផែនទីបោន 1/100.000 (បោះពុម្ពឡើងវិញ​នៅ​វៀតណាម បើតាម​លោក វ៉ា គឹមហុង ថ្លែងថ្ងៃទី ០២ កក្កដា ២០១៥)។ ហើយ​ឯកសារនានា រឿងព្រំដេន ត្រូវ​រក្សា​ជាការសម្ងាត់»

ប្រវត្តិបោះបង្គោលព្រំដែនគោក (៣ លើក)

– តាមអនុសញ្ញាបារាំង កម្ពុជា និង កូសាំងស៊ីន ឆ្នាំ១៨៧៣ (សម័យ​អាណានិគម​បារាំង) បោះ​បង្គោល​ព្រំដែន ១២៤ បង្គោល ជាមួយ​វៀតណាម។ វាគឺជាមូលដ្ឋានគ្រឹះ​យ៉ាងសំខាន់ ដែល​ទទួលស្គាល់​ដោយ​សន្និសីទ​ នៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ឆ្នាំ​ ១៩៥៤ ក្នុងនោះក៏មាន​វៀតណាម ឡាវ ចូលរួម​ទទួលស្គាល់​ដែរ។ ហើយរឿងនេះ ត្រូវបាន​រំលឹកឡើងវិញ​ជាថ្មី នៅ​ក្នុងកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ឆ្នាំ​១៩៩១។

– តាម​សន្ធិសញ្ញា​កំណត់ព្រំដែនរដ្ឋ ជាមួយ​វៀតណាម ១៩៨៥ ជាសន្ធិសញ្ញា​ខុស​ច្បាប់ ដែលភាគី​ទាំងពីរ បាន​បោះ​បង្គោល​ព្រំដែន ៧២ បង្កោល។ ក្រុមអ្នកជំនាញ​កិច្ចការ​ព្រំដែន និង​សម្តេចតា នរោត្តម សីហនុ ថា «វៀតណាម បោះ​បង្គោល​ព្រំដែន រំកិលចូល​ក្នុងទឹកដីខ្មែរ»

– តាម​សន្ធិសញ្ញា​ព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ រវាង​កម្ពុជា និង​វៀតណាម ត្រូវបោះ​បង្គោល ៣៧៥ បង្គោល ជាបង្គោលថ្មី ដ៏ចម្រូង​ចម្រាស ដែលរងការចោទ​ប្រកាន់បន្ថែម​ថា «ធ្វើឲ្យ​បាត់បង់​បូរណភាព​ទឹកដីបន្ថែម ទៅ​វៀតណាម»។ ប្រទេស​ទាំងពីរ បោះ​បង្គោលបាន ៨៤% (បោះ​បាន ៣១៥ បង្គោល) មកដល់​ដំណាច់​ឆ្នាំ ២០១៩។ រួមជាមួយ​គ្នានេះ ប្រទេស​ទាំងពីរ ធ្វើ​សន្ធិសញ្ញា​បំពេញបន្ថែម​ថ្មី ហៅថា សន្ធិសញ្ញាព្រំដែន​បំពេញបន្ថែម ឆ្នាំ ​២០១៩ គឺបន្ថែម​ខ្លឹមសារ​ទៅលើ សន្ធិសញ្ញាព្រំដែន ១៩៨៥ និង ២០០៥។

ជុំវិញរឿង កោះត្រល់

– កោះត្រល់ និង​ប្រជុំកោះខ្មែរ នៅតែត្រូវ​បានសរសេរ​ក្នុងសៀវសិក្សា «ភូមិវិទ្យា» ថ្នាក់​ទី​៧ ឆ្នាំ​១៩៨៥ នៃ​របបសាធារណរដ្ឋ​ប្រជា​មានិតកម្ពុជា របស់​លោក ហ៊ុន សែន ជាសម័យ​វៀតណាម ត្រួតត្រា​កម្ពុជា។

– លោក ស៊ាន ប៉េងសែ អ្នកជំនាញ​ផែនទីព្រំដែន​ខ្មែរ ថ្ងៃទី ២២ កុម្ភៈ ២០១៦ បញ្ជាក់​ថា បើតាម​ខ្សែ​បន្ទាត់​ប្រេវីយេ (Brévié) គឺ​ កោះត្រល់ (មានផ្ទៃ ៥៧៤ គ.ម.ក្រឡា) ត្រូវស្ថិតនៅ​ក្រោម​​ការគ្រប់គ្រង​​របស់​ប្រទេស​​កម្ពុជា ពីព្រោះវា មានផ្ទៃដីខ្ពង់រា​បាត​សមុទ្រ ជាប់​នឹងឆ្នេរ​សមុទ្រខ្មែរ ខេត្តកំពត។ វាមាន​ចម្ចាយ ១៥ គីឡូម៉ែត្រ ពី​ខេត្តកំពត ហើយ​​មានចម្ងាយ ៤៥ គីឡូម៉ែត្រ ពីតំបន់ហាទៀង ប្រទេស​វៀតណាម (កម្ពុជាក្រោម)។

– សម្តេចតា រោត្តម សីហនុ ផ្ញើព្រះរាជសារ​ពីទី​ក្រុងប៉េកាំង ថ្ងៃទី ១៦ តុលា ២០០៤ ថា «ចំពោះ​ខ្ញុំ ក្រោយពីបារាំង​សែស ថ្វាយ​រាជសម្បត្តិ​ឲ្យខ្ញុំ ខ្ញុំបាន​រារាំង​ប្រទេសថៃ ប្រទេស​វៀមណាម ដែលខ្លាំង​ជាងយើង កុំឲ្យមក​លេបត្របាក់​ពង្រួញ​ទំហំទឹកដីខ្មែរ​យើង​តទៅទៀត​បាន»។ «កើតមកជាខ្មែរ គ្មាន​អ្នកណាម្នាក់ ដែល​មិនស្រលាញ់ជាតិ ស្រលាញ់កម្ពុជាក្រោម និង កោះត្រល់ នោះទេ»។ «ដូច្នេះ ខ្ញុំសូម​ជនរួមជាតិ មេត្តា​បែងចែកឲ្យច្បាស់លាស់​ពី៖ {គឺថា} នរោត្តម សីហនុ មិនដែល​ទទួលស្គាល់ថា ស្របច្បាប់ និង​សមហេតុផល​អំពី កម្ពុជាក្រោម កោះត្រល់ បាន​ទៅបារាំង ឬ វៀតណាម នោះទេ»។

– លោក ប្រេវីយេ (Brévié, ឬឈ្មោះពេញ Jules Brévié) ជាអាណាព្យាបាល​​របស់​បារាំង ប្រចាំ​​​នៅ​​ឥណ្ឌូចិន ថ្ងៃទី ៣១ មករា ១៩៣៩ ត្រូវបាន​​បកប្រែ​​ក្រៅផ្លូវការថា កោះត្រល់ ត្រូវបាន​ដាក់ឲ្យ​​ខាង​កូសាំងស៊ីន «គ្រប់គ្រប់គ្រង​ខាងផ្នែក​រដ្ឋបាល និង​ប៉ូលីស»​ប៉ុណ្ណោះ ប៉ុន្តែ​កោះ​នេះ នៅ​តែ​ជា​កម្មសិទ្ធិ​​របស់​ខ្មែរ។ លោក ប្រេវីយេ បញ្ជាក់យ៉ាង​ច្បាស់ថា «ខ្ញុំសូមជម្រាប​លោក {ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស មហាក្សត្រខ្មែរ}ថា ខ្ញុំទើបនឹង​បាន​​ពិនិត្យមើល​សារ​ជាថ្មី ម្តងទៀត នៅលើចំណោម​រឿងចង្កោម​កោះ ដែល​នៅក្នុង​​ឈូងសមុទ្រ សៀម ដែល​មាន​​ការទាស់ទែង​គ្នា រវាង​ប្រទេស​​កម្ពុជា និង កូសាំងស៊ីន។ ស្ថានភាពនៃ ចង្កោម​កោះ​នេះ ដែល​មានរាយ នៅតាម​បណ្តោយ ឆ្នេរសមុទ្រខ្មែរ ហើយ​ដែល​​មានខ្លះ ស្ថិត​​នៅ​សែនជិត​​ឆ្នេរសមុទ្រ របស់ខ្មែរ ដែលដី(ល្បាប់) ដែល​កំពុងដុះ និង​ចេះតែបន្តដុះនេះ នឹងភ្ជាប់​កោះទំាងនេះ ទៅនឹង​ឆ្នេរសមុទ្រ របស់​ប្រទេស​កម្ពុជា ក្នុង រយៈពេល​ដ៏ខ្លីខាង​មុខ។ តាម​ការសមហេតុសមផល និង តាមរបៀប​ភោគម្ពសាស្រ្ត ជាការចាំបាច់ ត្រូវ​តែ​ដាក់កោះទំាងនេះ ឲ្យនៅក្រោម​ការត្រួតត្រា នៃរាជការ​របស់​​ប្រទេសកម្ពុជា»

– លោក ប្រេវីយេ បញ្ជាក់ក្នុង​លិខិតថា កោះ​​ទំាងឡាយ ដែល​ស្ថិត​​នៅ​​ខាង​ត្បូង ខ្សែ​បន្ទាត់​នេះ សរុប​ទំាង កោះហ្វូកុក​ (កោះត្រល់) ទំាង​​មូល ត្រូវ​នៅ​​ក្រោម​​​ការគ្រប់គ្រង​របស់ កូសាំងស៊ីន តទៅទៀត។ ត្រូវដឹងថា ខ្សែបន្ទាត់​ខណ្ឌ​សីមា ដែល​​​​បាន​​កំណត់នេះ ព័ទ្ធ​កោះហ្វូកុក តាម​ភាគ​​ខាង​ជើង ដោយ​​​​នៅចម្ងាយ ៣ គីឡូម៉ែត្រ ពីចំណុច​​​នានា ដែល​នៅ​​ខាងជើង​បំផុត នៃកោះនេះ។ ក៏ប៉ុន្តែ នេះគ្រាន់តែជា​ការគ្រប់គ្រង​ផ្នែករដ្ឋបាល និង​​ប៉ូលីសប៉ុណ្ណោះ ចំណែក​​​បញ្ហា​​អនិស្សរភាព (ក្រោមចំណុះ) (De pendanco) នៃដែនដី នៃកោះទំាងនេះ នៅទុក​ដោយឡែកដដែល

– មានមតិមួយយល់ច្រឡំថា កោះត្រល់ ត្រូវបានវៀតណាម កាន់កាប់​តាំង​ពីថ្ងៃទី ២៧ កញ្ញា ១៩៤៩ បន្ទាប់ពី​​អាណានិគម​បារាំង ផ្ទេរ ប្រគល់ទឹកដី​កម្ពុជាក្រោម (ឬ ​កូសាំងស៊ីន) ទៅឲ្យ​​វៀតណាម។ ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏ខំ​និយាយ​តាមគេ ជាពិសេស​គឺ​និយាយតាម​​វៀតណាម ដើម្បី​តម្រូវ​ចិត្តរបស់​វៀតណាម។

– លោក ស៊ាន ប៉េងសែ ថ្ងៃទី២២ កុម្ភៈ ២០១៦ បានស្តីបន្ទោស​លោក ហ៊ុន សែន ថា​«មិនចេះ​ស្រឡាញ់​ជាតិ» បាន​កាត់​កង​​ខ្សែបន្ទាត់​ព្រំដែន និង​ដែនសមុទ្រ​មួយភាគ ទៅឲ្យ​វៀតណាម។ លោក ប៉េងសែ បញ្ជាក់ថា កោះត្រល់ ត្រូវបាន​វៀតណាម ចាប់ផ្តើម​កាន់កាប់ បន្ទាប់​ពីមាន​សន្ធិសញ្ញា ឬ ​កិច្ចព្រមព្រៀង​ដែនទឹក​ប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ (ថ្ងៃទី ៧ ខែកក្កដា ១៩៨២) ធ្វើឡើងក្នុងសម័យ វៀតណាម ត្រួតត្រាកម្ពុជា។ កាល​នោះ​លោក ហ៊ុន សែន ជារដ្ឋមន្រី្ត​ក្រសួង​ការបរទេស នៃសាធារណរដ្ឋ​​ប្រជា​មានិត​កម្ពុជា ដែល​ត្រូវបាន​លើកបន្តុប​ដោយ​​វៀតណាម។

– សន្ធិសញ្ញាដែនទឹក ១៩៨២ និង សន្ធិសញ្ញាព្រំដែនគោក ១៩៨៥ ត្រូវ​​បាន​​រដ្ឋាភិបាល​​លោក ហ៊ុន សែន បន្តអនុវត្ត​ដដែល ហើយនៅ​ឆ្នាំ ២០០៥ លោក ហ៊ុន សែន និង​វៀតណាម បាន​ផ្តល់​សច្ចាប័ន​រួមគ្នា ​លើសន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែម​ថ្មី (សន្ធិសញ្ញា​ព្រំដែនគោក) បើទោះជា​វា​ខុសច្បាប់​ក៏ដោយ។ សន្ធិសញ្ញា​ព្រំដែន​ទាំងនេះ វាផ្ទុយនឹង​មាត្រា១​ ចំណុច ២.ឃ​ នៃ​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ឆ្នាំ១៩៩១, វាផ្ទុយ​ពីមាត្រា​២ និង​មាត្រា៥៥ នៃ​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣។

……………….