លោកស្រី អ៊ែណា ស៊ុលប៊ែក (Erna Solberg) នាយករដ្ឋមន្រ្តីប្រទេស​ន័រវេស៍ (Norway) នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០ នេះ បានប្រកាសដាក់​ប្រទេស​ទាំងមូល​ក្នុងភាពអាសន្ន និង​បិទប្រទេស ១៤ ថ្ងៃជាបណ្តោះអាសន្ន ដែល​ជាវិធានការដំបូង ក្នុងការទប់ស្កាត់​ការរីករាល​ដាល​មេរោគកូរ៉ូណា (Covid-19)។ នេះបើតាម​ការផ្សាយ​ផ្ទាល់​របស់ ទូរទស្សន៍ជាតិ NRK1 នៅរសៀល​ថ្ងៃព្រហស្បតិ៍​នេះ។

សាលារៀន សាលាមតេយ្យកុមារ មណ្ឌលកំសាន្ត ការជួបជុំជាក្រុម ឬកម្មវិធីជួបជុំ និងទីប្រជុំជននានា ត្រូវបានប្រកាសឲ្យផ្អាក និងបិទទ្វារមួយរយៈសិន ចាប់ផ្តើមបិទ នៅថ្ងៃទី ១២ ខែមីនា ពីម៉ោង ០៦:០០ ល្ងាចតទៅ។ វិធានការនេះ តម្រូវឲ្យពលរដ្ឋ នៅក្នុងផ្ទះ ប៉ុន្តែត្រូវ​ទំនាក់ទំនងគ្នា​តាមប្រព័ន្ធទូស័ព្ទ ជាមួយ​​មណ្ឌលសុខភាព នៅតាមសង្កាត់ និង​ទីក្រុងរៀងៗខ្លួន បើសិនមានការចាំបាច់។

ដោយឡែកទីផ្សារលក់ម្ហូបអាហារ, មណ្ឌលសុខភាព និង​ស្ថាប័នរដ្ឋ មិនមានការផ្អាកទេ ពោលគឺនៅដំណើរការជាធម្មតា។

លោកស្រី Erna Solberg បានថ្លែងថា អ្នកដែលបានមកពីក្រៅប្រទេស ឬ​បាន​ចូល​​មក​ដល់​ប្រទេស​​ន័​រវេស៍​រួចហើយ គឺតម្រូវឲ្យដាក់នៅ​កន្លែង​ដោយឡែក​ដើម្បី​តាមដាន​​ជំងឺ ១៤ ថ្ងៃ លើកលែងតែអ្នកចូលមកពី​ក្រុមប្រទេស ពីអឺរ៉ុបខាងជើង «(Nordic countries) ដូច​ជា​ ដាណឺម៉ាក (Denmark), ហ្វាំងឡង់ (Finland), អ៊ីសឡង់ដ៍ (Iceland), ក្នុង​ន័រវេស៍ (Norway) ខ្លួនឯង និង ស៊ុយអែត (Sweden)»។

លោកស្រី Erna Solberg បញ្ជាក់បន្ថែមថា ប្រទេសន័រវេស៍ មិនទទួលអ្នកដំណើរអន្តរជាតិ ទាំងតាមជើងហោះហើរ ផ្លូវគោក និងផ្លូវទឹក នៅក្នុងអំឡុងពេលវិធានការ ២ សប្តាហ៍ដំបូងនេះទេ។

តូលេខអ្នកឆ្លងមេរោគកូរ៉ូណា (Covid-19) ក្នុងប្រទេស កើនឡើង ៨០០ នាក់​ ហើយ​មនុស្ស​វ័យ​ចំណាស់ ១ នាក់ បានស្លាប់ (VG -live) ដោយសារ​មេរោគនេះ។ នេះគិត​មក​ត្រឹម​​ម៉ោង ២៤:០៥ នាទី (ម៉ោង​ក្នុង​តំបន់) ​ត្រូវ​នឹងម៉ោង ០៦:០៥ នាទីព្រឹក ម៉ោង​​នៅកម្ពុជា ថ្ងៃទី ១៣ ខែមីនា។

គួររំលឹកថា កាលពីថ្ងៃទី ២៦ កុម្ភៈ ២០២០ ពលរដ្ឋន័រវេស៍ បានឆ្លង​មេរោគ​កូរ៉ូណា ឬ Covid-19 តែ ១ ករណី​ប៉ុណ្ណោះ។

ប្រទេសន័រវេស៍ (Norway) ជាប្រទេសឧស្សាហកម្មជឿនលឿនមួយ ក្នុង​​​ចំណោម​​ប្រទេស​អឺរ៉ុប។ ប្រទេសនេះ មាន​ពលរដ្ឋ​ជាង ៥,៣ លាននាក់ និង​មានក្រឡា​ផ្ទៃដី ៣៨៥២០៧ គ.ម.ក្រឡា ដែលស្ថិត​នៅប៉ែកអឺរ៉ុបខាងជើង៕
(អត្ថបទដោយលោក ម៉ែន ណាត /ពីប្រទេសន័រវេស៍)

.

Advertisements