នៅព្រឹកថ្ងៃទី ១០ មេសា ២០២០ នេះ រដ្ឋសភាជាតិ បាន​អនុម័ត​ជា​ឯកឆន្ទនូវ​​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន។ ច្បាប់​នេះ ​ត្រូវ​បញ្ជូន​ទៅ​កាន់់​ព្រឹទ្ធសភា ជា​ការ​ប្រញាប់ ដើម្បី​ពិនិត្យ និង​អនុម័ត។ ច្បាប់នេះ មាន ៥ ជំពូក និង ១២ មាត្រា។

—————-

អត្ថបទខាងក្រោម យើងខ្ញុំសូម​ចុះផ្សាយ​ទាំង​ស្រុង ពីប្រភព​​វិទ្យុ​អាស៊ីសេរី (RFA) សម្រាប់​ទុក​ជា​ឯកសារ​​ការងារ​​របស់ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​បាន​ផ្តល់​បទសម្ភាសន៍ ប្រតិកម្ម​ទៅ​នឹង​ដំណើរការ​អនុម័ត​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាពអាសន្ន ក្រោម​លេស​ការរីក​រាល​ដាល​ជំងឺកូរ៉ូណា នៅ​កម្ពុជា។

រដ្ឋសភា​ នឹង​ប្រជុំ​អនុម័ត​​សេចក្ដី​​ព្រាង​ច្បាប់​​គ្រប់​​គ្រង​​​ប្រទេស​​​ក្នុង​​​ភាព​​អាសន្ន ​នៅ​​​ថ្ងៃ​​ទី ១០​ មេសា

(វិទ្យុអាស៊ីសេរី (RFA) ដោយ សុជីរី / ០៩ មេសា ២០២០) 

រដ្ឋសភា​របប​ឯក​បក្ស ​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​ ដើម្បី​អនុម័ត​សេចក្តី​ព្រាងច្បាប់ ​ស្ដីពី​​​ការ​​គ្រប់​​គ្រង​​​ប្រទេស​ជាតិ​​​ស្ថិត​​​ក្នុង​​​ភាព​​​អាសន្ន​​​នៅ​​​ថ្ងៃ​សុក្រ ទី ​១០ មេសា ឆ្នាំ ​​២០២០ ស្អែក​នេះ។ អ្នកឃ្លាំមើល ​ស្នើ​ឱ្យ​រដ្ឋសភា​ ផ្អឹប​​សេចក្ដី​​ព្រាងច្បាប់​​នេះ​​​ទុក​សិន កុំ​​ទាន់​​អនុម័ត ព្រោះ​​សេចក្តី​​ព្រាង​ច្បាប់​​នេះ មាន​​លក្ខណៈ​​រឹតត្បិត​​​ជ្រុល​​ហួស​​ហេតុ។

អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឱ្យ​​អាស៊ីសេរី​​ដឹង​​ថា រដ្ឋសភា​ ​នឹង​​ប្រជុំ​​អនុម័ត​​​សេចក្ដី​ព្រាង​ច្បាប់​​គ្រប់​គ្រង​​ប្រទេស​​ក្នុង​​ភាព​អាសន្ន ដោយ​​គ្មាន​​ការ​បង្អែ​បង្អង់​​ឡើយ​។ លោក​បញ្ជាក់​ថា មតិ​​រិះគន់​​ទាំង​ឡាយ​​ជុំវិញ​​ការ​ធ្វើ​​ច្បាប់​នេះ គឺជា​​សិទ្ធិ​​សេរីភាព​​របស់​បុគ្គល ប៉ុន្តែ​​ខាង​​រដ្ឋាភិបាល និង​​រដ្ឋសភា​​ យល់ថា នេះ​​ជា​​ច្បាប់​​ចាំបាច់​​ដែល​​កម្ពុជា​​ត្រូវ​មាន ដើម្បី​​អនុវត្ត​​នៅ​​ពេល​​ប្រទេស​​ជាតិ​​ប្រឈម​មុខ​​នឹង​​គ្រោះថ្នាក់​។ លោក ​បន្ថែម​ថា ទោះ​ជា​ត្រូវ​​បាន​​អនុម័ត​​ហើយ​ក៏​ដោយ ក៏​ច្បាប់​​នេះ​ ​អាច​​នឹង​​ត្រូវ​​ធ្វើ​​វិសោធនកម្ម​​បាន​​ដែរ ប្រសិន​បើ​​មាន​​ចំណុច​​ខ្វះខាត៖ «យើង​ខ្ញុំ​​យល់​ឃើញ​ថា ច្បាប់​​នេះ​​វា​​ត្រូវ​តែ​​មាន ព្រោះ​រ​ដ្ឋធម្មនុញ្ញ​ ​បាន​​ចែង​​ហើយ ត្រូវតែ​​មាន​​ច្បាប់​​អនុវត្ត ហើយ​​ត្រង់​​ការ​ប្រើ​​ហ្នឹង ប្រើ​​ពេល​ណា គឺថា​​ទាល់តែ​​សភាព​ការណ៍​​តម្រូវ បាន​​យើង​​យក​​មក​​ប្រើ»

លោក ឡេង ប៉េងឡុង ទទួល​ស្គាល់​ថា កន្លង​ទៅ កម្ពុជា​​ធ្លាប់​ជួប​​ស្ថានភាព​​អាសន្ន ដូចជា ព្រឹត្តិការណ៍​​រដ្ឋប្រហារ​​បង្ហូរ​​ឈាម ឆ្នាំ​​១៩៩៧ ជាដើម ហើយ​​ការគ្រប់គ្រង​​ប្រទេស​​នៅ​​គ្រា​នោះ ធ្វើ​ឡើង​​ដោយ​​គ្មាន​​ច្បាប់​​នេះ​​ឡើយ​។ ក៏​ប៉ុន្តែ លោក​ ​ថាពេលនេះ​កម្ពុជា ​មាន​​ស្ថិរភាព​​នយោបាយ​​ហើយ ដូច្នេះ​ច្បាប់​​នេះ​​ចាំបាច់​​ត្រូវ​តែ​​មាន ​ដើម្បី​​ឱ្យ​ស្រប​​ទៅ​​នឹង​​គោលការណ៍​​ប្រជាធិបតេយ្យ។

ទោះជា​បែបនេះ​​ក្តី ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​បាន​​ចេញ​សេចក្តី​ថ្លែងការណ៍​​នៅ​ថ្ងៃ​ទី​ ០៨ មេសា ទាម​ទារ​​ឱ្យ​​រដ្ឋសភា​ ផ្អាក​​នីតិវិធី ឬ​លុបចោល ​សេចក្​តី​ព្រាង​ច្បាប់​​នេះ​​តែម្ដង ពីព្រោះ​​ពង្រាង​​ច្បាប់​នេះ ​មាន​លក្ខណៈ​​រឹតត្បិត​​សេរីភាព​​ពលរដ្ឋ​​ធ្ងន់ធ្ងរ។

លោក ម៉ែន ណាត ប្រធាន​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ប្រចាំ​​ប្រទេស​​ន័រវេស (Norway) ថ្លែង​​ថា «ទោះ​ជា​​មិន​ទាន់​​មាន​​ច្បាប់​​គ្រប់គ្រង​​ប្រទេស​​ក្នុង​​ភាព​អាសន្ន​​ក៏ដោយ ក៏​ជា​ហូរហែ​​មក​នេះ របប​​លោក ហ៊ុន សែន បាន​​ប្រើ​អំណាច​​ដកហូត​​សិទ្ធិ​​សេរីភាព​​ពលរដ្ឋ និង​​បង្ក្រាប​​សំឡេង​​ប្រឆាំង​ តាម​តែ​​អំពើ​ចិត្ត​​រួច​​ទៅ​​ហើយ​​ដែរ​»។ ហេតុដូច្នេះ លោក​ ថាច្បាប់​នេះ​ គ្មាន​ភាព​ចាំបាច់​អ្វី​ ដែល​​ត្រូវ​​ធ្វើ​​នោះ​​ទេ ប៉ុន្តែ​​បើ​​ពិត​ជា​ត្រូវ​​ធ្វើ​​មែន លោក​​ថា ត្រូវ​តែ​​មាន​​ការចូលរួម​​ពិគ្រោះ​​យោបល់​​ពី​គ្រប់​​ភាគី​​ពាក់ព័ន្ធ រូ​ម​ទាំង​​សង្គម​ស៊ីវិល និង​​ប្រជាពលរដ្ឋ​៖ «ប្រទេស​កម្ពុជា យើង​​អត់​ទាន់​​ចាំបាច់​​មាន​​ច្បាប់​​ហ្នឹង​ទេ​។ យក​ល្អ យើង​​ផ្អឹប​​វា​ទុក​ចោល​​សិន​​ទៅ ហើយ​​ត្រូវ​សិក្សា​​ឡើងវិញ ពីព្រោះ​​វា​មាន​​ហានិភ័យ​​ខ្ពស់​ណាស់​ សម្រាប់​​ការអនុវត្ត ហើយ​​​បើ​ច្បាប់​ហ្នឹង ​ចូល​​ជា​ធរមាន​​ហើយ អ៊ីចឹង​អ្វីៗ​​ស្រេច​​តែ​លើ ហ៊ុន សែន។ គាត់ ​យក​​លេស​​ហ្នឹង​ ​ដើម្បី​​បង្ក្រាប​​គ្រប់គ្នា សូម្បី​តែ​​អ្នកប្រឆាំង អ្នក​​រិះគន់​​គាត់ ហើយ​បក្ស​ប្រឆាំង​ ទៅ​ថ្ងៃ​​ខាង​មុខ​​ទៀត នឹង​​ពិបាក​​ធ្វើការ ដូច្នេះ​​វា​​គ្រោះថ្នាក់​ណាស់»។

សេចក្ដី​ព្រាង​ច្បាប់​​ស្ដីពី​​ការគ្រប់គ្រង​​ប្រទេស​ជាតិ​​ក្នុង​​ភាព​​អាសន្ន ​ដែល​​រដ្ឋសភា ​គ្រោង​​ប្រជុំ​​អនុម័ត​​នេះ មាន​​ចំនួន ​៥ ជំពូក ចែក​​ជា​ ១២ មាត្រា​។ សេចក្ដី​ព្រាង​​ច្បាប់​​នេះ ផ្ដល់​​អំណាច​​យ៉ាង​​ច្រើន​​លើសលប់ និង​គ្មាន​​ការ​ត្រួត​​ពិនិត្យ ដល់​​រដ្ឋាភិបាល​​ ក្នុង​​ការ​អនុវត្ត​​វិធានការ​​ព្យួរ​សិទ្ធិ​សេរីភាព​​ជា​មូលដ្ឋាន​ របស់​​ពលរដ្ឋ និង​​ដាក់​​ទោស​ទណ្ឌ​ ​លើ​​ជន​​ទាំងឡាយ​ណា​​ដែល​​មិន​​គោរព​​តាម​​បទបញ្ជា នៅ​​ក្នុង​​កាលៈទេសៈ​​ដែល​​អាជ្ញាធរ​​ចាត់​ទុក​ថា ជា​​ភាព​អាសន្ន។

ពី​ដំបូង​ឡើយ លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​ប្រកាស​ថា លោក ​ធ្វើ​ច្បាប់​នេះ​ ដើម្បី​​ត្រៀម​​ទប់​ទល់​​នឹង​​ការ​​រាត​ត្បាត​​ជា​សាកល​​នៃ​ ​ជំងឺ​​កូវីដ​-១៩ ក៏ប៉ុ​ន្តែ​​ថ្មីៗ​​នេះ ស្រាប់​តែ​​លោក ​ប្រកាស​​ថា ស្ថាន​ភាព​​កម្ពុជា​​មិន​ទាន់​​ដល់​​កម្រិត​​ប្រកាស​​អាសន្ន​​នោះ​ទេ​។ លោក ​បកស្រាយ​​ផ្សេង​​ទៅ​វិញ​​ថា លោក ​ធ្វើ​​ច្បាប់​​នេះ ​ដើម្បី​​ទុក​​ប្រើ​​នៅ​​ពេល​​ស្ថានការណ៍​​ស្រុកទេស​​គ្រប់គ្រង​​លែង​​បាន៖ «អា​អ្នក​​និយាយ​​យប់​មិញ​​ថា ពេល​នេះ​​មិន​មែន​​ជា​ពេលវេលា​​ដាក់​​ប្រទេស​​ក្នុង​​គ្រា​​មាន​​អាសន្ន! អញ​​ដឹង​​តើ​! តែ​អញ​ ត្រូវ​​មាន​​ឧបករណ៍​​ក្នុង​​ដៃ នៅ​ពេល​​ណា​​ត្រួតត្រា​​លែង​កើត គឺ​ដាក់​​ច្បាប់​​ក្នុង​​គ្រា​​មាន​​អាសន្ន​។ អ៊ីចឹង​​ពួក​ឯង ម្តេច​​ក៏​បារម្ភ​​ខ្វល់​​អ្វី​​រឿង​ហ្នឹង​​ខ្លាំង​​ម្ល៉េះ​? ទុក​​អំណាច​​ឱ្យ​​យើង​​បាន​ទេ ក្នុង​​ក្របខ័ណ្ឌ​​របប​​សភា​ ដែល​​អំណាច​​ខ្ពស់​​បំផុត នៅ​​នឹង​នាយក​រដ្ឋមន្ត្រី»

ផ្ទុយ​​ពី​ការ​អះ​អាង​​របស់​​លោក ហ៊ុន សែន អ្នកឃ្លាំ​មើល​​សង្គម និង​មន្ត្រី​ជាន់​ខ្ពស់​​ គណបក្ស​សង្គ្រោះជាតិ យល់​ឃើញ​​ស្រប​គ្នា​​ថា លោក ហ៊ុន សែន កំពុង​​ឆ្លៀត​ឱកាស​​វិបត្តិ​​ជំងឺ​កូវីដ​-១៩ ដើម្បី​​ធ្វើ​​ច្បាប់​​នេះ ទុក​បង្ក្រាប​​សំឡេង​​រិះគន់ និង​​សំឡេង​​ឯករាជ្យ ជាពិសេស​​គឺ​ទុក​​បង្ក្រាប​​អ្នក​​ដែល​ប្រឆាំង និង​​ទុក​លើក​​កូនប្រុស​លោក ​ឱ្យ​​ឡើង​​ស្នង​​តំណែង​​ បន្ត​​ពី​​លោក ​នៅ​​ថ្ងៃ​​ខាង​មុខ​​ទៅវិញ​​ទេ៕

Men Nath -Hun Sen 2020

.