បម្រាមគោចរ ឬបទបញ្ជា​ស្តីពី​ការបិទស្រុកខ-ណ្ឌ ក្នុងខេត្ត-ក្រុងនានា​នៅ​​កម្ពុជា អំឡុង​ពេល​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ត្រូវ​បាន​កែ​សម្រួល​ឲ្យ​មាន​លក្ខណៈ​ធូរស្រាល​វិញ​ហើយ នៅ​ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ នេះ។ (សូមអានលំអិត ឬទាញយកត្រង់នេះ Download)។

ការកែសម្រួល​បទ​បញ្ជានេះ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី បញ្ជាក់​ខ្លឹមសារ ២ ចំណុច​ដូច​តទៅ៖
១. ភូមិសាស្រ្តរាជធានី​ភ្នំពេញ និង​​ខេត្ត​កណ្តាល ត្រូវបាន​ចាត់​ទុក​ជា​តំបន់​តែមួយ ដែល​មិន​ស្ថិត​ក្រោម​វិសាល​ភាពនៃ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅវិញ​ទៅមក​នោះ​ទេ។
២. លុបចេញ​នូវការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ពី​ស្រុក​មួយ​ទៅស្រុក​មួយ​ទៀត នៅ​ក្នុង​ខេត្ត​តែ​មួយ ដោយ​រក្សា​ទុក​ជា​ធរមាន​នូវ ការហាម​ឃាត់​ការធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត។

បម្រាម​នេះ តម្រូវ​ឲ្យ​ប្រកាស​អនុវត្តបន្ទាន់ ចាប់​ពីក្នុងថ្ងៃទី ១០ ខែ​មេសា រហូត​​ដល់​​កណ្តាល​​អាធ្រាត ថ្ងៃទី ១៦ ខែ​​មេសា នៅ​ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​ថ្មី ដើម្បី​បង្ការ​ការរីក​រាល​ដាល​មេរោគ​កូរ៉ូណា ឬ​កូវីដ១៩

គួររំលឹកថា បម្រាម​គោចរ​របស់លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី ០៩ ​មេសា ម្សិលមិញ មាន​ការ​រឹត​បន្តឹង​ហួស​ហេតុ ដែល​ធ្វើ​ឲ្យ​​ពលរដ្ឋ​ មាន​ប្រតិកម្ម​ទ្រង់​ទ្រាយ​ធំ ដោយ​សារ​តែ​រដ្ឋាភិបាល «ហាម​​ប្រាម​​ពលរដ្ឋ​ មិន​ឲ្យ​ធ្វើដំណើរ​​​ពី​ស្រុក​​មួយ ទៅ​​ស្រុក​​មួយ​ទៀត នៅក្នុង​​ខេត្ត​-ក្រុង​​នីមួយៗ» ប៉ុន្តែ​នៅ​ថ្ងៃទី ១០ មេសា​​នេះ បទបញ្ជានេះ ត្រូវ​បាន​កែសម្រួល​ធូរ​ស្រាល​ឡើងវិញ​ហើយ៕

(CWCI Cambodia /អត្ថបទដោយ នគរ / ១០ មេសា ២០២០)

—————–
មានភ្ជាប់អត្ថបទបម្រាម ពីថ្ងៃទី ០៩ ខែមេសា៖ លោក ហ៊ុន សែន ចេញ​បម្រាម​​គោចរ ហាម​​ប្រាម​​ពលរដ្ឋ មួយ​​សប្តាហ៍ អំឡុង​​ពេល​​ចូល​​ឆ្នាំ​​ថ្មី

.