លោក ហ៊ុន សែន មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា នៅថ្ងៃទី ០៩ ខែ​មេសា ឆ្នាំ​២០២០ ចេញ​បម្រាម​គោចរ រយៈ​ពេល​​មួយ​សប្តាហ៍ ហាម​ប្រាម​ពលរដ្ឋ​ធ្វើដំណើរ​​ពីស្រុក​មួយ ទៅ​ស្រុក​មួយ នៅ​ខេត្ត​ក្រុង​នីមួយៗ អំឡុងពេល​ចូល​ឆ្នាំថ្មី ប្រពៃ​ណី​ជាតិ​ខ្មែរ។ បម្រាម​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​​អនុវត្ត ចាប់​ពី​ម៉ោង ២៤:០០ ថ្ងៃទី ០៩ ខែមេសា ដល់​កណ្តាល​អាធ្រាត ថ្ងៃទី ១៦ ខែ​មេសា។ (សូមទាញយ Download)

គោលបំណង​នៃ​បម្រាមគោចរ​នេះ កើត​ឡើង​ក្រោយ​ពីមាន​​ក្តីព្រួយរម្ភ ចំពោះ​ការរីក​រាល​ដាល​មេរោគ​កូរ៉ូណា ឬ​កូវីដ១៩ ដែល​កម្ពុជា មាន​អាត្រា​ឆ្លង​កើន​ឡើង ១១៨ នាក់ ក្នុង​នោះ​មាន​ស្រ្តី ៣៥ នាក់​ហើយ គិត​មក​ទល់ថ្ងៃទី ០៩ ខែ​មេសា​នេះ។

ចំណុចទី១ នៃបម្រាមនេះ សរសេរថា «ហាមឃាត់​ការធ្វើដំណើរ នៅ​ផ្ទៃ​ក្នុង​ប្រទេស​រួមមាន ការធ្វើ​ដំណើរ​ឆ្លង​កាត់​ចេញ​-​ចូល​រាជធានីភ្នំពេញ (ដោយ​មិន​ប៉ះពាល់​ ដល់​ការ​ធ្វើ​ដំណើរ​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ), ការធ្វើដំណើរ​ឆ្លង​កាត់​ពីស្រុក​មួយ​ទៅស្រុក​មួយ និង​ការធ្វើដំណើរ​ឆ្លង​កាត់​ពីខេត្ត​មួយ ទៅខេត្ត​មួយ​ទៀត»។

ចំណុចទី២ នៃបម្រាមនេះ ត្រូវ​បាន​​លើក​លែង​ចំពោះ ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ, រថយន្ត និងមធ្យោបាយ​ធ្វើ​ដំណើរ​របស់មន្ត្រីរាជការ​ស៊ីវិល និង​សមត្ថកិច្ច ក្នុង​គោល​ដៅ​បំពេញ​ភារកិច្ច​របស់ខ្លួន។ លើសពីនេះ បម្រាម ក៏​ត្រូវបានលើលែង​ ចំពោះ​រថយន្ត​សង្គ្រោះ​បន្ទាន់ រថយន្ត​ពន្លត់​អគ្គីភ័យ រថយន្ត​បម្រើសេវា​ដឹក​ជញ្ជូន​សំរាម និងការដឹក​ជញ្ជូន​កម្មករ​ទៅកាន់​ទី​កន្លែង​ការងារ។

ករណីពលរដ្ឋ ធ្វើដំណើរ​របស់​ពលរដ្ឋ​ ទៅកាន់​មន្ទីរ​ពេទ្យ ឬ​មណ្ឌលសុខភាព ដែល​នៅជិត​បំផុត ដើម្បី​ទទួលបាន​សេវាសុខភាព​ចាំបាច់ និង​បន្ទាន់ ត្រូវកំណត់​ចំនួន​មនុស្ស ដោយ​មិន​ឱ្យ​លើស​ពី ៤ នាក់ សម្រាប់ករណី​នីមួយៗ ៕

គួរបញ្ចាក់ថា ករណី​ជំងឺ​កូរ៉ូណា ឬកូវីដ១៩ កំពុង​​រីករាល​ដាល​នៅ​ជុំវិញ​ពិភពលោក កើន​ឡើង​ជាង ១,៥ លាន​នាក់ និង​បាន​សម្លាប់​មនុស្សជិត ១០ ម៉ឺន​នាក់​ហើយ មក​ទល់​ថ្ងៃទី ០៩ ខែ​មេសា ដដែល​នេះ៕

(CWCI Cambodia /អត្ថបទដោយ នគរ / ០៩ មេសា ២០២០)

.
.

Advertisements