លោក ទូច វិបុល បាន​ធំដឹង​ក្តី​ឡើង​ក្នុង​គ្រួសារ​មធ្យម​មួយ នៅ​សង្កាត់​ទឹកថ្លា ទីក្រុង​ភ្នំពេញ ដែល​មាន​ឪពុក​ជា​មន្ត្រី​រាជការ​នៃ ក្រសួង​ប្រៃសណីយ៍ ទូរគមនា​គមន៍ និង​មាន​ម្តាយ ជា​ជាង​កាត់ដេរ។ លោក កើត​ក្នុង​សម័យ​សង្គ្រាម ឆ្នាំ ១៩៧២ នៅ​​ខេត្ត​បាត់ដំបង។ សព្វថ្ងៃ លោក រស់នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​កូនស្រី ២ នាក់ ហើយ​ភរិយា​របស់​លោក​ គឺអ្នកស្រី គឹម កែវកន្និដ្ឋា អតីត​និស្សិត​ប្រវត្តិ​វិទ្យា និង​ជា​អតីត​ថ្នាក់​ដឹកនាំ​នៃ ចលនានិស្សិ​តដើម្បីលទ្ធិ​ប្រជាធិបតេយ្យ (Students’ Movement For Democracy “SMD”)។

លោក ទូច វិបុល បាន​បញ្ចប់​បរិញ្ញាប័ត្រ​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច នៅឆ្នាំ ២០០០ នៅ​​មហា​វិទ្យាល័យ​​នីតិ​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​​សេដ្ឋកិច្ច (បឹង​ត្របែក) ដែល​សព្វថ្ងៃ​ប្តូរឈ្មោះ​ទៅជា សាកល​វិទ្យាល័យ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ ក្រោយ​ពេល​​បាន​​ទៅ​រស់នៅ​សហរដ្ឋអាមេរិក លោក វិបុល បាន​បន្ត​ការសិក្សា​បញ្ចប់​អនុបណ្ឌិត​ផ្នែក ហិរញ្ញវត្ថុ​សហគ្រាស នៅ​ឆ្នាំ ២០០៩។

កាលនៅជានិស្សិត លោក វិបុល ធ្លាប់បាន​ចូលរួម​ជាមួយ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ក្នុង​ការ​ប្រឆាំង​​នឹង​​លទ្ធផល​​នៃ​ការបោះឆ្នោត និង​ប្រឆាំង​បេក្ខភាព​ លោក ហ៊ុន សែន ជានាយក​រដ្ឋមន្រ្តី ​ក្រោយ​ការបោះ​ឆ្នោត​ជាតិ លើក​ទី២ នៅ​ខែ​កក្កដា ឆ្នាំ ១៩៩៨។

នៅដើមឆ្នាំ ១៩៩៩ លោក វិបុល ចូល​រួមយ៉ាង​សកម្ម​ជាមួយ​ចលនានិស្សិត ដែល​កាល​នោះ​ដឹកនាំ​ដោយ លោក សារ៉ូ ស៊ីវត្ថា (បច្ចុប្បន្នប្តូរឈ្មោះ​មកជា សារ៉ូ សុវិជ័យ នៅ​ពេល​ដែល​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក)។ ការចូល​រួមរបស់​លោក ទូច វិបុល ក្នុង​​ក្រុម​ចលនា​នេះ ចំ​ពេល​​ដែល​ចលនា​នេះ ចាប់​ផ្តើម​រៀបចំ​រចនា​សម្ព័ន ​នៅ​តាម​សាកល​វិទ្យាល័យ និង​មហា​វិទ្យាល័យ ក្នុងក្រុង​ភ្នំពេញ ដើម្បី​ប្រឆាំង​​សន្ធិសញ្ញា និង​កិច្ចព្រម​ព្រៀង​ព្រំដែន​ខុសច្បាប់ ជាមួយ​ប្រទេស​ជិតខាង និង​ ប្រឆាំង​ជំទាស់​​ជនអន្តោ​ប្រវេសន៍​ វៀតណាម​ខុស​ច្បាប់ នៅ​កម្ពុជា ហើយ​និង​ចូលរួម​ធ្វើ​យុទ្ធនាការ ទាម​ទារ​យុត្តិធម៌​សង្គម​ផង ដូចជា​ករណី​ទំនិញ​ឡើង​ថ្លៃ ប្រេងឥន្ធនៈ​ឡើង​ថ្លៃ និង​ការកាប់​បំផ្លាញ​​ព្រៃឈើ ជាដើម។

កាលនោះ លោក ទូច វិបុល ជាអគ្គលេខាធិការ​សមាគម​និស្សិត ចន្លោះ​ឆ្នាំ ១៩៩៧-២០០០ នៅ​សាលា​ច្បាប់ (មហា​វិទ្យាល័យ​​នីតិសាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច) ហើយ​បន្តិច​ក្រោយ​មក លោក វិបុល បាន​ទទួល​តួនាទី ជា​អនុប្រធាន​ចលនិស្សិត​​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ឆ្នាំ ១៩៩៩។

នៅចុង​ឆ្នាំ ២០០០ លោក វិបុល បាន​ទទួល​សិទ្ធិ​ជ្រកកោន​ខាង​នយោបាយ ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក កសាង​ជីវិតថ្មី នៅ​​លើ​ទឹកដី​ថ្មី។ ពីរ ឆ្នាំ​ក្រោយ​មក លោក បាន​ទទួល​អ្នកស្រី កឹម កែវកន្និដ្ឋា ក្រោយពេល​រៀប​កា​ររួច ទៅ​រស់នៅ​ជាមូយ នៅ​សហរដ្ឋ​អាមេរិក មក​ទល់​សព្វថ្ងៃ។

ចន្លោះឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ លោក ទូច វិបុល បាន​រៀបចំ​ មូលនិធិ​សង្គ្រោះជាតិ និង ជា​នាយក​​គ្រប់គ្រង​ផង នៅ​សហរដ្ឋ​​អាមេរិក ដើម្បី​ជួយ​រកថវិកា​ជួយ​ផ្គត់ផ្គង់ គណបក្ស​សង្គ្រោះជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​កម្ពុជា។ តាម​រយ:​មូលនិធិ​សង្គ្រោះជាតិ​នេះ លោក វិបុល បាន​ជួយ​ដល់​មេធាវី រីឆាត រ៉ចជ័រ (Richard Rogers) ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ស្តីពី​បទប្រល័យ​ពូជសាសន៏​ និងប្រឆាំងមនុស្សជាតិ ពីជន​មាន​អំណាច ដែល​ពាក់​ព័ន្ធ​នឹង​ការបណ្តេញ​ប្រជា​ពលរដ្ឋ ចេញ​ពីលំ​នៅ​ឋាន​ទាំង​បង្ខំ។

ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ លោក ទូច វិបុល ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្តខ្មែរ-អាមេរិកាំង។ អង្គការ​នេះ ​បាន​ដឹកនាំ​ពលរដ្ឋ​​ក្នុង​សហគមន៍​ខ្មែរ នៅ​សហរដ្ឋ​អាមេរិក ទាមទារ​ឲ្យ​មាន​ការនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ និង​គោរព​សិទ្ធិមនុស្ស នៅ​កម្ពុជា។ លោក វិបុល ក៏បាន​ដឹកនាំ​ក្រុម​ការងារ បញ្ចុះ​បញ្ចូល​​ក្រុម​សមាជិក​សភា​ និង រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក អនុម័ត​ច្បាប់​នានា ដើម្បី​លើក​​កម្ពស់​​សេរីភាព លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស នៅ​កម្ពុជា។

ពីឆ្នាំ ២០១៩ ដល់បច្ចុប្បន្ន លោក ទូច វិបុល ជាប្រធាន​ក្រុម​ការងារ​ពលរដ្ឋនិយម ដែល​ដើរ​តួនាទី​សំខាន់ ក្នុង​ការ​បញ្ជ្រាប​​គោល​​ការណ៍​​លទ្ធិ​ប្រជាធិបតេយ្យ ជុំវិញ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ដឹកនាំ​ប្រទេស និង​ប្រព័ន្ធដឹក​នាំ​​គណ​បក្ស​នយោបាយ នៅ​កម្ពុជា តាម​​ទម្រង់​ថ្មី គឺ​ការជជែក​ដេញ​ដោល ដែល​ភាសា​អង់គ្លេស​ថា «Debate»។ ប្រព័ន្ធ​ដឹកនាំ​របៀប​នេះ ដែល​សហរដ្ឋអាមេរិក និង​​ប្រទេស​មួយ​ចំនួន នៅអឺរ៉ុប កំពុងអនុវត្ត​​សព្វថ្ងៃ៕

អត្ថបទ​ដោយលោក ម៉ែន ណាត អតីត​ស្ថាបនិក​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ

Kim Keo Kanitha - New from 1999

ក្នុងរូបថតនេះ មានលោក ទូច វិបុល, លោក ម៉ែន ណាត និងលោក អ៊ុំ សំអាន /(photo 1999 ៖ Toch Vibol - Men Nath - Um Sam An)
ក្នុងរូបថតនេះ មានលោក ទូច វិបុល, លោក ម៉ែន ណាត និងលោក អ៊ុំ សំអាន /(photo 1999 ៖ Toch Vibol – Men Nath – Um Sam An)

.