ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​​នៃ​អង្គការ​​សហ​ប្រជា​ជាតិ​ (UNHRC) និង​​ឧត្តម​ស្នងការ​សិទ្ធិ​​មនុស្ស​​​នៃ​អង្គការ​​សហ​ប្រជា​ជាតិ​ (UNHCR) នៅ​ទីក្រុងហ្សឺណែវ កាល​ពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ​២០២០ បាន​បើក​កិច្ចប្រជុំ​សន្ទនា​​តាម​វីដេអូ​​ខល (Video Conference) សម្តែង​ការ​ព្រួយ​បារម្ភ ចំពោះ​ប្រទេស​មួយចំនួន នៅ​ជុំវិញ​ពិភពេលោក ដែល​​យក​វិធានការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន នៅ​​ក្នុង​ស្ថានភាព​រីក​រាល​ដាល​មេរោគ​កូរ៉ណា ឬ​កូវីដ-១៩ ដើម្បី​គ្រប់​គ្រង​អំណាច​ត្រួតត្រា​​ គ្មាន​ពេល​កំណត់។

សេចក្តីព្រួយបារម្ភនេះ បញ្ជាក់​​ពី​ការឆ្លើយតប​​ចំពោះ​​វិបត្តិ​ជំងឺកូវីដ-១៩ ដែល​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន ភ្លេច​គិត​​ពី​​តួនាទី និង​កាតព្វកិច្ច​របស់ខ្លួន ក្នុង​ការ​គោរព​​សិទ្ធិ​មនុស្ស​​។ (In English: Read more)

លោកស្រី មីស្សែល បាស្សេ​ឡេត (Michelle Bachelet) នាយក​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​ UNHCR ​ថ្លែង​ថា «ជំងឺ​រាត​ត្បាត​កូវីដ-១៩ កំពុង​បង្ក​ការឈឺចាប់​ដល់​មនុស្សជាតិ និង យាយី​នៅ​តាម​តំបន់​នីមួយៗ»។ លោកស្រី បន្ថែមថា «ជំងឺនេះ ធ្វើឲ្យ​មាន​ផល​ប៉ះពាល់​ដល់ ​ប្រទេស​នីមួយៗ រដ្ឋ​នីមួយៗ ឃ្លាត​ឆ្ងាយ​ពីការគោរព​សិទ្ធិ​មនុស្ស»

ចំណែក​ប្រធានក្រុមប្រឹក្សា​សិទ្ធិមនុស្ស UNHRC លោកស្រី Elisabeth Tichy-Fisslberger ថ្លែង​តាម​វីដេអូ​ខល ពី​​ប្រទេស​​អូទ្រីស បាន​អំពាវនាវ​ថា «ប្រទេស​នីមួយៗ មិន​ត្រូវ​​ភ្លេច​កាតព្វកិច្ច​របស់​ខ្លួន គឺការគោរព​សិទ្ធិមនុស្ស នៅ​ក្នុង​ការដោះ​ស្រាយ​​​វិបត្តិ​ជំងឺ​កូវីដ១៩ ហើយ​ត្រូវ​គោរព​សេរីភាព​បញ្ចេញ​មតិ និងសេរីភាព​ក្នុង​ការ​ជួប​ប្រជុំ តាម​ទម្រង់​ដែល​​អាច​ធ្វើបាន ថែរក្សា​សុខភាព​​បាន»។ (In English: Read more)

នៅកម្ពុជា ឯនេះវិញ ប្រឹងប្រែង​ពន្លឿន​អនុម័ត​សេចក្តី​ព្រាងច្បាប់ ស្តីពី​ការ​គ្រប់​គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន ក្រោម​មូលហេតុ​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូរ៉ូណា ដែល​ក្រុម​អ្នក​ឃ្លាំមើល​ជាតិ និង​អន្តរជាតិ បាន​ហៅថា «ជាលេសរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាលទីក្រុងភ្នំពេញ ក្នុង​ផែនការ​ផ្ទេរ​អំណាច​ឲ្យ​កូន​ប្រុស​របស់​លោក គឺលោក ហ៊ុន ម៉ាណែត»

លោក Phil Robertson នាយករង​​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Right Watch ប្រចាំ​អាស៊ី ត្រូវ​បាន​វិទ្យុវីអូឌី ​​ដក​ស្រង់​ចុះ​ផ្សាយ​​ថា «ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មាន​សារៈសំខាន់ ក្នុង​ការដោះស្រាយ​​វិបត្តិ​សុខភាព​សាធារណៈ ពីព្រោះ​ពលរដ្ឋ ត្រូវ​ការ​ព័ត៌មាន ដើម្បី​ការពារ​ខ្លួន និង​វាយ​តម្លៃ​ការឆ្លើយតប របស់​រដ្ឋាភិបាល។ ម្ចាស់ជំនួយ​បរទេស គួរ​តែ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ការ​យាយី និង ការចោទ​ប្រកាន់​​អ្នកសារ​ព័តមាន ព្រម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​គ្រាន់​តែ​បំពេញ [ការងារ]របស់​ខ្លួន ក្នុង​ការ​រាយការណ៍ ​អំពី​អ្វី​ដែល​រដ្ឋាភិបាល កំពុង​និយាយ និង​ធ្វើ​ ក្នុង​​ពេល​​មាន​​វិបត្តិ​កូវីដ-១៩»

វិទ្យុវីអូឌី​ដដែល បាន​ដក​ស្រង់​សម្តី​លោក កត្តា អ៊ន អ្នក​នាំពាក្យ​នៃ គណៈកម្មា​ធិការ​​សិទ្ធិ​​មនុស្ស របស់​រដ្ឋាភិបាល​ថា «​ការ​ផ្ទុះ​​ឡើង​​នៃ​​ជំងឺ​កូវីដ១៩ ​ក្នុង​​ប្រទេស​ ស្ថាន​ភាព​​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា ​គឺ​ពុំ​​មាន​​ការ​ប៉ះ​ពាល់​​នោះ​​ទេ។ ផ្ទុយ​​ទៅ​វិញ ​គឺ​មាន​​ការ​​ជ្រោម​​ជ្រែង​​ឡើង​​នៃ​​សិទ្ធិ​មនុស្ស ទៅ​​វិញ​ទេ»។​

អង្គការសិទ្ធិមនុស្ស​អន្តរជាតិ Human Right Watch បាន​ឲ្យដឹងថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​ឃុំខ្លួន​អ្នក​រិះគន់ ចំនួន ២៣ នាក់ហើយ មក​ដល់​ពេល​នេះ ជុំវិញ​ស្ថានភាព​រីក​រាល​ដាល​ជំងឺ​កូរ៉ូណា ឬ​កូវីដ-១៩។

នៅឆ្នាំ ២០១៩ មាន​របាយការណ៍​​​ស្តីពី​សេរីភាព​​សារព័ត៌​មាន​​ពិភព​លោក ដែល​​បង្ហាញ​​ដោយ​​​អង្គការ​​​អ្នក​​កាសែត​​​គ្មាន​​​ព្រំដែន ឲ្យ​ដឹង​ថា «បាន​​ចាត់​ចំណាត់​​ថ្នាក់​​​សេរីភាព​​​សារព័ត៌​មាន នៅ​​​កម្ពុជា ស្ថិត​​ក្នុង​​លេខរៀង​ ១៤៣ ក្នុង​​ចំណោម​​ប្រទេស ១៨០ ដែល​​ជា​ចំណាត់​​ថ្នាក់​ដ៏​​អាក្រក់ ខាង​​ការ​​រឹត​ត្បិត​​សេរីភាព​ព័ត៌មាន​៕

អត្ថបទដោយលោក ម៉ែន ណាត នៃ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ១៥ មេសា ២០២០

.