បណ្ឌិត កែម ឡី បានបន្សល់​នូ​ទស្សនៈ​ជាច្រើន សម្រាប់​ដាស់តឿន​ស្មារតី​កូន​ខ្មែរ ឲ្យ​ខំ​រៀនសូត្រូ ឲ្យ​ចេះស្រឡាញ់​ជាតិ ថែរក្សា​ធនធាន​ធម្មជាតិ និង​ចេះ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន។ លោកបណ្ឌិត ធ្វើកិច្ចការ​នេះ​ជាច្រើន​ឆ្នាំ មាន​ឈ្មោះ​បោះ​សម្លេង​លើ​ឆាក​ជាតិ និង​អន្តរជាតិ នៅ​​មុន​ពេល​​លោក​ត្រូវ​​បាន​គេ​ធ្វើ​ឃាត​នៅ​ថ្ងៃទី​១០ កក្កដា ឆ្នាំ​ ២០១៦ ក្នុងទីក្រុង​ភ្នំពេញ។ ឃាតកម្ម​លើ​​រូបលោកបណ្ឌិត មិន​ទាន់​អាច​រក​យុត្តិធម៌ និង​​រក​ឃើញ​​ឃាតក​​ដៃ​ដល់ ព្រមទាំង​​អ្នក​​ជាប់​ពាក់ព័ន្ធ​​នៅ​​​ឡើយ​​ទេ។ កាលនោះ​មាន​មនុស្ស​ប្រមាណ ២ លាន​នាក់ ចូល​រួម​ពិធី​ដង្ហែ​បុណ្យ​សព​របស់លោក ពី​ទីក្រុង​ភ្នំពេញ​ ទៅ​កាន់ស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ។ ភរិយា និងកូនៗ​របស់​លោក​បណ្ឌិត កែម ឡី បាន​ភៀស​ខ្លួន​ទៅ​​រស់នៅប្រទេស​អូស្ត្រាលី មក​ទល់​សព្វថ្ងៃ។

ទស្សនៈលោកបណ្ឌិត​​ចំពោះ​ទឹកដី និង​​ធនធាន​​ធម្មជាតិ

តើការបាត់បង់ទឹកដី និងធនធាន​កន្លងមក ជាកំហុស​អ្នកណា?
ករណី​បាត់បង់ទឹកដី ព្រៃឈើ និង​ធនធាន​សង្គម​ពី​សម័យ​មុន វាមិនមែន​​ជាកំហុស​​របស់​ខ្មែរ​​ជំនាន់​យើង​​{សព្វថ្ងៃ}​​​ទេ។ ប៉ុន្តែ​ ប្រសិន​ណា​យើង​បណ្តោយ​ឲ្យ​បាត់បង់​ទឹកដី ព្រៃឈើ​ក្នុង​សម័យនេះ នោះ​វា​ជា​កំហុសរបស់​យើង​​ក្នុង​ជំនាន់​នេះ។ យើង​ក៏ជា​អ្នក​ទទួល​ខុសត្រូវ​ សម្រាប់​ខ្មែរ​ជំនាន់ក្រោយ ពីព្រោះ​យើង​ពុំ​បានចូល​រួម​យ៉ាងសកម្ម និង​ពេញលេញ ក្នុង​ការ​ការពារ និងថែទាំ​យ៉ាង​ហ្មត់ចត់។

លើសពីនេះ ការដែលឲ្យ​មេដឹកនាំ កាច់ចង្កូត​នយោបាយ​កម្ពុជា និង​ឲ្យប្រទេស ធ្លាក់ផ្លូវ ហើយ​​និង​​បត់​បែន​​តាម​ចិត្តចង់ វាក៏​ជា​​កំហុស​​របស់​យើង​​ទាំង​​អស់គ្នា​​ដែរ ពីព្រោះ​យើង​មិន​ជួយ​ចូលរួម​​តម្រង់​ការដឹកនាំរបស់​ពួក​គាត់​ជាប្រចាំ និង​តាម​​គ្រប់​មធ្យោបាយ។

បរបរ នំបញ្ចុក និង​​គុយទាវ​ ​ក្នុង​ផ្សារ​ តែងតែឆ្ងាញ់​ជាង​តាម​ហាងធំៗ​នានា ក៏ដោយសារ​តែ​មីងៗ​ លក់ក្នុង​ផ្សារ​ តែង​តែ​ផ្តល់​យោបល់ និង​រិះគន់​ស្ថាបនា​ជាប្រចាំ។ ផ្ទុយទៅវិញ ក្នុង​ហាង​ធំៗ ទោះ​ឆ្ងាញ់ និង​មិនឆ្ងាញ់​ក្តី យើង​មិន​ដែល​ហ៊ានរិះគន់​ទេ និង​មិន​ដឹង​រិះគន់​នរណា។

មធ្យោបាយ​តែមួយគត់ គឺចូលរួម​យ៉ាង​សកម្ម​ទាំង​អស់គ្នា គ្រប់​ទិដ្ឋភាព​សង្គម និង​នយោបាយ។

ទស្សនៈលោកបណ្ឌិតចំពោះបូរណភាពទឹកដី

រដ្ឋធម្មនុញ្ញ មាត្រា​ ២​.- «បូរណភាព​​ទឹកដី​​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​​អាច​​រំលោភ​​បាន​​ដាច់​​ខាត​​ក្នុង​​ព្រំដែន​​របស់​​ខ្លួន​​ដែល​​មាន​​កំណត់​​ ក្នុង​​ផែនទី​​ ខ្នាត​ ១/១០០.០០០ ​ធ្វើ​​នៅ​​ចន្លោះ​​ឆ្នាំ​ ១៩៣៣​-១៩៥៣ ហើយ​​ដែល​​ត្រូវ​​បាន​​ទទួល​ស្គាល់​​ជា​អន្តរជាតិ​​ នៅ​ចន្លោះ​ឆ្នាំ ១៩៦៣-១៩៦៩»

លោកបណ្ឌិត កែម​ឡី ផ្តល់ទស្សនៈថា «បើ​ករណី​មានការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ មាត្រា២ មែននោះ អ្វីដែល​នឹង​បាត់បង់គឺ៖
១. បាត់បង់ទាំងស្រុង នូវ​សិទ្ឋិ​ក្នុង​តាវ៉ា​ទៅថ្ងៃអនាគត {ផ្អែក​លើ​ច្បាប់​អន្តរជាតិ}។
២. ផ្តល់​ភាពស្រប​ច្បាប់​ពេញលេញ ដល់​ការបោះ​បង្គោល​ព្រំដែន​កន្លងមក។
៣. កោះត្រល់ និងដែនដីខ្មែរ ដែល​បាន​រំលោភ​ដោយ​វៀតណាម ត្រូវបាត់ជាស្ថាពរ។
៤. អាចបាត់បង់បន្តទៀត ព្រោះនៅឆ្នាំ ១៩៨៥ មិន​មាន​បច្ចេកវិជ្ជាទំនើប ក្នុង​ការកំណត់​​ព្រំដែន និងផែនទី​ មុនយល់​ព្រម​ចុះ​សន្ឋិសញ្ញាបំពេញបន្ថែម។
៥. អនាគតគណបក្សប្រឆាំង {គណបក្ស​សង្គ្រោះជាតិ} មាន​វាសនាអាក្រក់​បំផុត ដែល​ធ្វើ​ឲ្យបាត់​បង់​តល្យភាព​អំណាច ក្នុងសភាជាតិ​ទាំងស្រុង។

ដំណោះស្រាយ
១. សិក្សាស្រាវជ្រាវ​ពីបញ្ហា​ព្រំដែន ឲ្យបានហ្មត់ចត់។
២. រៀបចំមេធាវីល្បីៗ និង​គណៈកម្មការ​ព្រំដែនជាតិ​ចម្រុះ {ឯករាជ្យ}។
៣. ប្តឹង​ទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡេអេ {ប្រទេស​ហូឡង់ដ៍}។
លទ្ឋផល​រំពឹងទុក​​នៃ​​ការប្តឹង​​ទៅ​​តុលាការ​យុត្តិធម៌​អន្តរជាតិ​ គឺ​ទទួល​បាន​ភាពយុត្តិធម៌ខ្ពស់ និង​ផ្តល់ភាពសុខសាន្ត (គ្មាន​ទំនាស់ព្រំដែន) ដល់​មនុស្ស​ជំនាន់ក្រោយ។


ជារួមទស្សនៈរបស់បណ្ឌិត កែម ឡី ស្របគ្នា​ទាំងស្រុង​ជាមួយ​ក្រុម​អ្នកជំនាញ​ព្រំដែន​​​ឯករាជ្យ និងក្រុមសកម្មជន​ព្រំដែន ដែល​​បាន​ចង​ក្រងឯកសារព្រំដែន និងចាប់ផ្តើម​រៀបចំបណ្តាញ​ក្រុម​ការងារ​ឡើងវីញ តាំងពីឆ្នាំ ១៩៩៩ មកដល់បច្ចុប្បន្ន។

នៅប្រទេសបារាំង មានគណៈកម្មាធិការព្រំដែនកម្ពុជា ដែល​មានលោក ស៊ាន ប៉េងសែ អ្នកជំនាញ​ផែនទី​ខ្មែរ ដឹកនាំ​គណៈកម្មាធិការនេះ ពីឆ្នាំ​១៩៩៩ ដល់ឆ្នាំ​២០១៨ ហើយបន្ទាប់មកលោក​បណ្ឌិតច្បាប់ ឌី ការេត ដឹកនាំ​បន្តរហូតបច្ចុប្បន្ន។

គណៈកម្មាធិការព្រំដែនកម្ពុជា​នេះ ធ្វើការងារ​យ៉ាងប្រទាក់ក្រឡាជាមួយ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលសព្វថ្ងៃ​​​មាន​​មូលដ្ឋាន​នៅប្រទេស​ន័រវេស៍។ ក្រុមប្រឹក្សានេះ បានបង្កើតឡើងតាំងពីថ្ងៃទី ១៦ កញ្ញា ឆ្នាំ​២០០២ នៅទីក្រុង​ភ្នំពេញ ដោយបន្តបេសកកម្មការងាររបស់់ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែល​​បង្កើតឡើង ថ្ងៃទី​ ០២ កញ្ញា ១៩៩៨។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដឹកនាំដោយលោក ម៉ែន ណាត តាំង​ពីឆ្នាំ​២០០៦ មកដល់សព្វថ្ងៃ។ នៅ​កម្ពុជា មានលោក រ៉ុង ឈុន ប្រធាន​សហភាពសហជីពកម្ពុជា ជាតំណាង​ក្រុមប្រឹក្សានេះ។ ក្រុមប្រឹក្សានេះ ពីឆ្នាំ​២០០២ ដល់ឆ្នាំ​២០០៥ មានអង្គការសមាគម និង​សហជីព ៥ ជា​សមាជិក ហើយ​តម្រូវ​ឲ្យមាន​លេខាធិការដ្ឋាន​មួយ សម្រាប់សម្រប​សម្រួល​ការងារ​ទូទៅ ដែល​កាល​នោះមាន​លោក មែ៉ន ណាត ជាអ្នកសម្របសម្រួល និង​​ជាប្រធាន​​សមាគមមន្រ្តីរាជការកម្ពុជា​​ផង។

ដោយឡែក លោក អ៊ុំ សំអាន អតីត​ប្រធាន​ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៤ និង​ជាតំណាងរាស្ត្រ​បក្សប្រឆាំង ពីឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ គឺ​ជាមនុស្ស​យ៉ាង​សំខាន់ ជា​សកម្មជន​ព្រំដែន និង​ជាអ្នក​ស្រាជ្រាវផែនទី​ព្រំដែន សព្វថ្ងៃ​រស់នៅ​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​រដ្ឋាភិបាល​ លោក ហ៊ុន សែន ចាប់​ដាក់ពន្ធនាគារ ក្នុង​រឿងព្រំដែន​នេះ ពី​ខែ​មេសា ឆ្នាំ​២០១៦ ដល់​ខែ​សីហា ឆ្នាំ​២០១៨។

(បញ្ចូលអត្ថបទដោយ CWCI Cambodia)

Mr Dy Kareth, CFC France
Mr Dy Kareth, CFC France
Photo 2015: Um Sam An, Cambodia Border Activist and MP
Photo 2015: Um Sam An, Cambodia Border Activist and MP

.