ដោយ​ប្រើប្រាស់​គេហទំព័រ CWCI Cambodia លោក ម៉ែន ណាត ប្រធា​ន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា សូម​បញ្ជាក់​ជា​ថ្មី​ថា «ដើម្បី​ធានា​នូវ​យុត្តិធម៌​ខាង​ផ្លូវច្បាប់ រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ត្រូវ​តែ​​មាន​សេចក្តីក្លាហាន​ហ៊ាន​​ប្រកាស​លុប​​​ចោល «ដាក់​មោក្ខភាព» នូវ​រាល់​​សន្ធិសញ្ញា កិច្ច​ព្រម​ព្រៀង និង​ឯកសារព្រំដែន​ទាំងអស់ ដែល​បាន​ធ្វើ​ឡើង​ជាមួយ​ប្រទេស​វៀតណាម តាម​រយៈ​ការចាប់​បង្ខំ ដាក់​សម្ពាធ និង​ការសងគុណ ដែល «ជាសន្ធិសញ្ញា និង​ឯកសារ​មិន​ស្មើ​ភាព​គ្នា» រួច​ហើយ​ ត្រូវ​ហ៊ាន​ប្តឹងប្រទេស​វៀតណាម តាម​យន្តការ​អន្តរជាតិ​ជា​មូលដ្ឋាន»

លោក ម៉ែន ណាត ប្រតិកម្ម​តប​ទៅ​កាន់​លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី​ និងជាប្រធាន​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​កម្ពុជា ដែល​តំណាង​ឲ្យ​មុខមាត់​នៃ រដ្ឋាភិបាល​លោក ហ៊ុន សែន ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​វិទ្យុបារាំង RFI នៅ​ល្ងាច​ថ្ងៃទី ២៤ ឧសភា ២០២០ ម្សិលមិញ​ថា «លោក វ៉ា គឹមហុង បានបង្ហាញ​ភាពកំសាក មិន​​ហ៊ាន​ជំរុញ​​ឲ្យ​​រដ្ឋាភិបាល ប្តឹង​​វៀតណាម និង​​​មិន​ទទួល​ខុសត្រូវ​​ចំពោះ​​ប្រទេស​ជាតិ បើទោះ​បី​​ជា​​វៀតណាម គគ្លើន​​​រំលោភ​ឈ្លានពាន​​បូរណភាព​​ទឹកដី​​កម្ពុជា ​ម្តង​​ហើយ​​ម្តងទៀត តាម​​រយៈ​ការអនុវត្ត​​នូវ សន្ធិសញ្ញា​​ព្រំដែន​​បំពេញ​​បន្ថែម​​ថ្មីៗ និង​​ឯកសារ​​មួយ​​ចំនួន​​ទៀត ដែល​​ផ្ទុយ​ពី​​កិច្ចព្រមព្រៀង​​ទីក្រុង​​​ប៉ារីស ឆ្នាំ​១៩៩១ និង​​ផ្ទុយ​​ពី​ខ្លឹមសារ​​រដ្ឋធម្មនុញ្ញ ឆ្នាំ​​​១៩៩៣ មាត្រា២ និង​​មាត្រា៥៥»

លោក វ៉ា គឹមហុង បាន​និយាយថា កម្ពុជា ស្នើសុំ​ភាគី​វៀតណាម ឲ្យ​រុះរើ​​តង់​​​ទាំង ៣១ កន្លែង ចេញ​​ពី​តំបន់ ​«ព្រំដែន​​ដែល​​មិន​​ទាន់​ឯកភាព​គ្នា» ស្រប​តាម​​សេចក្តីប្រកាស​​​រួម​​ រវាង​​កម្ពុជា-វៀតណាម ថ្ងៃទី ១៧ មករា ១៩៩៥ និង​​​គោរព​សន្ធិសញ្ញា​​បំពេ​ញ​ប​ន្ថែម ឆ្នាំ​២០០៥»។ លោក បញ្ជាក់​ថា «តំបន់​ទាំងនោះ ជា​​តំបន់​​ស្មុគស្មាញ និង​​មាន​​ការលំបាក​​ក្នុង​​ដោះស្រាយ ទាំង​ខាង​បច្ចេកទេស និង​ផ្លូវច្បាប់»។ លោក​​បន្តថា «យើង​ស្នើ​ទៅ​ប្រទេស​បារាំង ជួយ​បម្លែង​ខ្នាតផែនទី​បោន (Bonne) ១/១០០.០០០ មក​ខ្នាត​ យូធីអឹម (UTM) ១/៥០.០០០ វិញ ដើម្បី​ដោះស្រាយ​ជាមួយ​ភាគី​​វៀត​ណាម»។ លោក ​​បន្ថែម​ថា «បើ​តាម​ប្រវត្តិ​​ការគូស​ខ្សែ​​ព្រំដែន គឺ​ត្រូវ​គូស​​ចែក​​ព្រំដែន នៅ​​ពាក់​កណ្តាល​​ទន្លេ​​បាសាក់។ ប៉ុន្តែ​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ផែនទីហ្នឹង វាខុស គឺ​ខុស​ពី​សេចក្តី​សម្រេច​របស់​អគ្គទេសាភិបាល​បារាំង នៅ​ឆ្នាំ​ ១៩៣៥។ ប៉ុន្តែ​​នៅ​ពេល​​សម្តេចព្រះ នរោត្តម សីហនុ យក​​ផែនទី ទៅ​តម្ក់ល់​នៅ​​អង្គ​ការ​សហប្រជាជាតិ (អ.ស.ប) ក្នុង​​ឆ្នាំ ១​​៩៦៣ ឆ្នាំ ១៩៦៤ ហ្នឹង បាន​​កែ​ប្រែ​​ខ្សែ​បន្ទាត់​ព្រំដែន ទៅ​តាម​​សេចក្តី​សម្រេច​របស់​អគ្គទេសាភិបាល​បារាំង ឆ្នាំ ១៩៣៥»

អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ ត្រូវ​បាន​វិទ្យុ​បារាំង RFI ដក​​ស្រង់​​សំដី​​នៅ​ថ្ងៃទី ២៤ ខែ​​ឧសភា ឆ្នាំ​​២០២០ ថា «ភាគី​វៀតណាម បាន​រុះរើ​តង់ ទាំង ៣១ កន្លែង ​ចេញ​តំបន់​ព្រំដែន​ខ្មែរ​ ក្នុងស្រុកកោះធំ និងស្រុកលើកដែក អស់ហើយ មក​ទល់​ថ្ងៃទី ២៤ ខែ​ឧសភា​​នេះ»

ឯកសារព្រំដែន៖ អនុក្រឹត្យ​អគ្គទេសាភិបាលបារាំង នៅ​​ឥណ្ឌូចិន ចុះថ្ងៃទី ០៦ ធ្នូ ១៩៣៥

ឧបសម័ន្ធ ១១ ស្តីពីអនុក្រឹត្យ​របស់​អគ្គទេសាភិបាលបារាំង នៅឥណ្ឌូចិន ចុះថ្ងៃទី ០៦ ខែធ្នូ ១៩៣៥ នៅ​ក្នុង​ឯកសារ​ព្រំដែន​របស់​លោក សារិន ឆាត បាន​ឲ្យដឹង​ថា អនុក្រឹត្យ​នោះ បាន​បញ្ជាក់​ពីការ​កំណត់​ព្រំដែន ខេត្ត​កណ្តាល (កម្ពុជា) និង​ខេត្តចូវដុក ឬ​ខេត្តមាត់ជ្រូក (កូសាំងស៊ីន)។ អនុក្រឹត្យ​នោះ មាន ៣ មាត្រា បាន​កំណត់​បង្គោល​ព្រំដែន ចំនួន ៥ បង្គោល (លេខ ៨៤, ៨៥, ៨៦, ៨៧, ៨៨) និង​ចំណុច​តម្រុយ​បង្គោល​ព្រំដែន ៤ ទៀត (A, B, C, D)។ (សូមអានលំអិត – Download)។

តើបង្គោលព្រំដែន​ទាំងនោះ ដែល​បន្សល់​ពី​សម័យ​បារាំង បាន​បាត់​ទៅ​ណា​អស់​ហើយ?

សម្តេចព្រះ នរោត្តម សីហនុ ជា​ប្រធាន​​ក្រុមប្រឹក្សាជាតិ​ជាន់ខ្ពស់​​កម្ពុជា (សម័យ​​អ៊ុនតាក់ – UNTAC) កាល​ពីថ្ងៃទី ១៩ កក្កដា ១៩៩៣ សរសេរ​​ព្រះរាជសារ ពីទីក្រុង​ប៉េកាំង ​​ទៅ​​​សម្តេច​​​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​​លោក ហ៊ុន សែន ឲ្យ​ប្រាប់​​ទៅ​​មេដឹកនាំ​​វៀតណាម ថា​ត្រូវ​យក​​បង្គោល​​ព្រំដែន សម័យ​អាណាបារាំង ទាំង ១២៤ បង្គោល ទៅ​ដាក់​ត្រង់​​កន្លែង​​ដើមវិញ។ បង្គោលព្រំដែន ១២៤ បង្គោល​​នោះ ធ្វើ​ឡើង​តាម​អនុសញ្ញាព្រំដែន បារាំង កូសាំងស៊ីន និងកម្ពុជា ឆ្នាំ ១៨៧៣។ បង្គោល​ព្រំដែន និង ផែនទី របស់​អាណានិគម​បារាំង ត្រូវបាន​ទទួលស្គាល់​ដោយ​សន្និសីទ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ និង​បាន​រំលឹកឡើងវិញ​ដោយ កិច្ច​ព្រមព្រៀង​​​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១។ (សូមអានលំអិត ឬទាញយក – Download ឬ ​ទាញយក ឯកសារដើម ជាភាសា​បារាំង)។

គួរបញ្ចាក់ថា បង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាម សរុបមាន ១២៤ បង្គោល​នោះ ជា​បង្គោល​ព្រំដែន​​រដ្ឋបាល ក្នុង​សម័យអាណានិគមបារាំង ដែល​ត្រួតត្រាកម្ពុជា វៀតណាម និង ឡាវ ប៉ុន្តែ​វា​បាន​ក្លាយ​ជាបង្គោលព្រំដែន រវាង​ប្រទេស​មួយ និង​ប្រទេស​មួយ​ទៀត នៅ​ពេល​សន្និសីទអន្តរជាតិ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ក្នុង​ពេលបារាំង ប្រគល់​ឯករាជ្យពេញ​លេញ​ឲ្យ​កម្ពុជា។ កម្ពុជា ក៏បាន​ប្រកាស​ឯករាជ្យ នៅ​ថ្ងៃទី ០៩ វច្ឆិកា ១៩៥៤។ លុះ​ដល់​ឆ្នាំ ១៩៦៣ ដល់ឆ្នាំ ១៩៦៩ សម័យ​សង្គម​រាស្រ្តនិយម​របស់​សម្តេចព្រះ នរោត្តម សីហនុ យកផែនទី​ខ្មែរ ខ្នាតបោន (Bonne) ១/១០០.០០០ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ដែល​ត្រូវ​បានកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ ទៀតផង។

ចំណែកផែនទីអាមេរិកាំង យូធីអឹម (UTM) ខ្នាត ១/៥០.០០០ ដែល​ធ្វើ​ឡើង​​​ក្នុង​​​ទសវត្សរ៍​​​ទី​​៦០ ​ដោយ​​​ទាហាន​​​អាមេរិក ជាឯកតោភាគី ក្នុង​​​​សម័យ​​​សង្គ្រាម​​​​វៀតណាម​​នោះ គឺ​ជា​​​​ប្រភេទ​​​​ផែនទី​​​​មិន​ត្រឹមត្រូវ និង​​បាន​​គូស​​ចូល​​​មក​​ក្នុង​ទឹកដី​​កម្ពុជា ជា​ច្រើន​​​កន្លែង

សម្រាប់​​ការចរចា​ដោះស្រាយ​បញ្ហា​ព្រំដែន តាម​​សន្ធិសញ្ញាថ្មីៗ​នោះ (សន្ធិសញ្ញា​បំពេញ​បន្ថែម ២០០៥ និង​ឆ្នាំ ២០១៩) រដ្ឋាភិ​បាល​​​លោក ហ៊ុន សែន បាន​​យល់ព្រម​​​តាម​​​ភាគី​​​វៀតណាម បោះ​បង្គោល​ព្រំដែន ដោយ​​​ប្រើផែនទី ប្រភេទ​បោន ចំនួន ២៦ ផ្ទាំង ខ្នាត ១/១០០.០០០ (បោះ​ពុម្ព​​ឡើង​វិញ នៅ​​​វៀតណាម ចុះ​ហត្ថលេខា​​ទទួល​ស្គាល់ នៅ​ថ្ងៃទី ២៧ ធ្នូ ១៩៨៥ ក្នុង​​ថ្ងៃជាមួយ​គ្នា នៃ​​ការ​ចុះ​​​សន្ធិ​សញ្ញា​​កំណត់​​ព្រំដែន​រដ្ឋ ឆ្នាំ​​១៩៨៥) និង ផែនទី​អាមេរិកាំង យូធីអឹម (UTM) ខ្នាត ១/៥០.០០០ ចំនួន ៤០ ផ្ទាំង៕

(ដោយ CWCI Cambodia / ២៥ ឧសភា ២០២០)

Sub-degree 1935 on Border KH-VN -page 1 of 256-257

Sub-degree 1935 on Border KH-VN -page 2 of 256-257

.