អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ ត្រូវ​បាន​វិទ្យុ​បារាំង RFI ដក​​ស្រង់​​សំដី​​នៅ​ថ្ងៃទី ២៤ ខែ​​ឧសភា ឆ្នាំ​​២០២០ ថា «ភាគី​វៀតណាម បាន​រុះរើ​តង់​ចេញ​តំបន់​ព្រំដែន​ខ្មែរ​អស់ហើយ មក​ទល់​ថ្ងៃទី ២៤ ខែ​ឧសភា​​នេះ»។ តង់​ដែល​ទាហាន​វៀតណាម បាន​បោះ​ចូល​​ក្នុង​ព្រំដែន​ខ្មែរ​នោះ មាន​ចំនួន ៣១ តង់ បោះទីតាំង​ឈរជើង នៅ​ស្រុក​កោះធំ និង​ស្រុក​លើកដែក ខេត្ត​កណ្តាល តាំង​ពី​ថ្ងៃទី ២៦ មេសា កន្លង​ទៅ ក្រោម​​ហេតុផល​ថា ជួយ​ទប់​ស្កាត់​ការរីករាល​មេរោគ​កូរ៉ូណា និង​ការឆ្លង​ព្រំដែន​ខុស​ច្បាប់។

កាលពីថ្ងៃទី ០១-០២ ខែ​សភា ក្រុម​ការងា​រ១០០​​រាត្រី​របស់ លោក មួង សូនី និង​ ក្រុមការងារ​​របស់​ លោក រ៉ុង ឈុន នៃ​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នាំគ្នា​ចុះ​ទៅពិនិត្យ​ទីតាំង ដែល​​ទាហាន​​វៀតណាម បាន​​បោះ​តង់នោះ ​ប៉ុន្តែ​ពួកគេ​​ត្រូវ​​​ហាម​ឃាត់ ពីអាជ្ញាធរខ្មែរ ក្រោម​ហេតុផល «ខ្លាច​​វៀតណា​ម​ចាប់​​ខ្លួន ពិ​បាក​​ដោះស្រាយ​បញ្ហា​ព្រំដែន និង​ខ្លាច​ឆ្លង​មេ​រោគ​កូរ៉ូណា» ផង។ នេះ​​បើ​តាម​ការផ្សាយ​របស់​វិទ្យុអាស៊ីសេរី នៅ​បីសប្តាហ៍​មុន។

ចំណែកលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី​​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន នៃ​រ​ដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​កិច្ចសម្ភាស​ដោយ​ឡែក​មួយ ជាមួយ​វិទ្យុ​បារាំង RFI នៅថ្ងៃទី ២៤ ឧសភា នេះ​ថា «កម្ពុជា បានស្នើសុំ​ភាគី​វៀតណាម ឲ្យ​រុះរើ​​តង់​​ទាំងអស់ ចេញ​ពីតំបន់ «ព្រំដែន​ដែល​មិន​ទាន់ឯកភាព​គ្នា» តាម​សេចក្តីប្រកាស​​រួម​​រវាង​កម្ពុជា និង​វៀតណាម ថ្ងៃទី ១៧ មករា ១៩៩៥ និង​​គោរពសន្ធិសញ្ញា​បំពេ​ប​ន្ថែម ២០០៥»។ លោក​បន្ថែមថា ក្រសួង​ការបរទេស​របស់លោក ប្រាក់ សុខុន បាន​បញ្ជូ​នកំណត់ទូត តវ៉ាទៅភាគីវៀតណាមរួចហើយ {កាលពីថ្ងៃទី ១៣ ឧសភា}។

លោក វ៉ា គឹមហុង បានបញ្ជាក់ថា «តំបន់ដែលវៀតណាម ចូល​មក​បោះតង់​នោះ ជា​តំបន់​ស្មុគស្មាញ និងមាន​ការលំបាក​ក្នុង​ដោះស្រាយទាំងបច្ចេកទេស និងទាំងផ្លូវច្បាប់»។ លោក​បន្តថា «យើង​ស្នើ​ទៅ​ប្រទេស​បារាំង ជួយ​បម្លែង​​ផែនទី​បោន (Bonne) ខ្នាត ១/១០០.០០០ មក​ខ្នាត​ យូធីអឹម (UTM) ១/៥០.០០០ វិញ ដើម្បី​ដោះស្រាយ​ជាមួយ​ភាគី​​វៀត​ណាម»។ លោកបន្ថែមថា «បើតាម​ប្រវត្តិ​ការគូសខ្សែ​ព្រំដែន គឺត្រូវគូស​ចែក​ព្រំដែន នៅ​ពាក់​កណ្តាល​​ទន្លេ​បាសាក់។ ប៉ុន្តែខ្សែបន្ទាត់ព្រំដែន​ក្នុងផែនទី​ហ្នឹង វាខុស គឺខុស​ពី​សេចក្តីសម្រេច​​របស់អគ្គទេសាភិបាល​​បារាំង នៅឆ្នាំ​ ១៩៣៥។ ប៉ុន្តែ​​នៅ​ពេល​​សម្តេចព្រះ នរោត្តម សីហនុ យក​ផែនទី ទៅ​តម្ក់ល់​នៅ​​អង្គ​ការ​សហប្រជាជាតិ (អ.ស.ប) ក្នុង​ឆ្នាំ ១​​៩៦៣ ឆ្នាំ ១៩៦៤ ហ្នឹង បាន​​​កែប្រែខ្សែ​បន្ទាត់ព្រំដែន ទៅតាម​សេចក្តី​ម្រេចរបស់​អគ្គទេសាភិបាលបារាំង ឆ្នាំ​ ១៩៣៥»

ក្រុមអ្នកជំនាញព្រំដែន និង​អ្នកធ្វើ​កិច្ចការ​ព្រំដែន បាន​​​ច្រាន​​​ចោល​​​ការលើក​​​ឡើង​​​​របស់​លោក វ៉ា គឹមហុង ដែលនិយាយ​​​​​បន្លិ​ម​បន្លំប្រវត្តិសាស្ត្រ​ក្នុង​ការ​កំណត់ «ខ្សែ​បន្ទាត់​ព្រំដែន​​នៅ​​លើផែនទី» ក្នុង​​​បំណង​​​ផ្តល់​​«ផល​វិជ្ជមាន» ទៅ​​​ខាង​​​ភាគី​​​វៀតណាម។

ក្រុមអ្នកធ្វើកិច្ចការព្រំដែនឯករាជ្យ មកពី​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅប្រទេស​បារាំង និង​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ក្រើន​រំលឹក​ទៅរដ្ឋាភិបាល​ លោក ហ៊ុន សែន ជា​ញឹក​ញាប់​ថា «ឲ្យដាក់មោក្ខភាព នូវរាសល់ឯកសារព្រំដែនទាំងអស់ ដែល​បាន​ធ្វើ​ឡើង​ជាមួយ​​វៀត​ណាម រួមទាំង​សេចក្តី​ប្រកាសរួម ថ្ងៃទី ១៧ មករា ១៩៩៥ និង​សន្ធិសញ្ញា​ព្រំដែនបំពេញបន្ថែមថ្មីៗផង ពីព្រោះឯកសារទាំងនោះ ធ្វើឡើង​ដោយ​ចាញ់ប្រៀប​​ភាគី​វៀត​ណាម ហើយ​​ផ្ទុយ​ទាំងស្រុង​ពី​ខ្លឹមសារ​នៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញា​របស់​កម្ពុជា ឆ្នាំ​១៩៩៣»។ ពួកគេ បាន​អំពាវនាវ​​ច្រើន​លើក​​ច្រើន​​​សា​​ហើយ​​​ថា រដ្ឋាភិបា​លោក ហ៊ុន សែន មិន​​ត្រូវ​ចរចា​ដោះស្រាយ​​បញ្ហា​ព្រំដែនដោយបង្ខំ​ «ដោយ​​​​​ទ្វេភាគី» ​អ្វីទាំងអស់​ជាមួយ​​វៀតណាម​ ​​ខណៈ​​​ពេល​​កម្ពុជា មិន​​​ទាន់​​មាន​​ឯកភាព​ផ្ទៃក្នុង​ជាតិ​​នៅ​​​ឡើយ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ត្រូវ​​បាន​​​សារព័ត៌មាន The Cambodia Daily​ ​ដក​ស្រង់​សំដី​ចុះ​ផ្សាយ​​នៅ​ថ្ងៃទី ២២ ឧសភា ថា​ «គណបក្ស​​​ប្រជាជន​​កម្ពុជា ត្រូវ​​​​បាន​ក្រុម​​​លោក ហ៊ុន សែន កូរ​ឡើង​​វ៉ល់ ដែល​​​នាំ​​​ឲ្យ​ប្រទេស​​ជិត​ខាងមាក់​ងាយ​​​កម្ពុជា ដោយសារ​​​តែ​​​មេដឹកនាំ​​​កម្ពុជា​ ដូចជា ហ៊ុន សែន មាន​​ចំណេះដឹង​​ទាប គ្មាន​​​សមត្ថភាព​​​ថ្នាក់​​​​អន្តរ​ជាតិ​​ ដូច​​​គេឯង ហើយ​​​ដឹង​​តែ​​​​ពី​បំបែក​​បំបាក់​​​ជាតិ​ ដើម្បី​​​តែ​​រក្សា​​​អំណាច​​ខ្លួនឯង ជាពិសេស​​ល្បិច​​​ល្បែង ​ត្រៀម​​លើក​​អំណាច​ ឲ្យ​​កូន​​ប្រុស​​របស់​ខ្លួន​​តែ​ប៉ុណ្ណោះ»

ចំពោះ​លោក ម៉ែន ណាត ប្រធាន​​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា ត្រូវ​បាន​​សារព័ត៌មាន The Cambodia Daily ​​​ដកស្រង់​សំដី​ចុះ​ផ្សាយ​ នៅ​​ថ្ងៃទី ២២ ឧសភា ដែរ​​ថា «ក្រុមប្រឹក្សា​​​ឃ្លាំមើល​​កម្ពុជា ​បាន​​ស្នើ​​រដ្ឋាភិបាល​​​​កម្ពុជា​ ឲ្យ​ប្រកាស​​​​លុប​ចោល​​​​សេចក្តី​ថ្លែងការណ៍រួម ថ្ងៃទី ១៧ មករា ​១៩៩៥ ដែល​​​ជា​​សេចក្តីថ្លែង​ការណ៍​​មួយ ធ្វើ​​ឲ្យ​​ខាត​​ប្រយោជន៍​​ខែ្មរ ពីព្រោះ​«សេចក្តីថ្លែងការណ៍​​នេះ ត្រូវ​បាន​​វៀតណាម​ តម្រូវ​​ឲ្យ​​មាន​​ការបង្កើត តំបន់ស ក្នុង​ទឹកដី​​របស់​កម្ពុជា​​ខ្លួន​ឯង»។ ជាង​​នេះ​​​ទៅ​​​ទៀត​ លោក ​ស្នើ​ឲ្យ​​កម្ពុជា​ លុប​​ចោល​រាល់​​សន្ធិសញ្ញា​​ព្រំដែន​​ទាំង​​អស់​ ដែល​​ធ្វើ​​ឡើង​​ផ្ទុយ​​ពី​​កិច្ចព្រមព្រៀង​​សន្តិភាព​​​ទីក្រុង​​ប៉ារីស និង​​ផ្ទុយ​​ពី​មាត្រា២ និង​មាត្រា៥៥ នៃ​រដ្ឋធម្មនុញ្ញ នៃ​​ព្រះ​រាជា​ណាចក្រ​​កម្ពុជា។ ប្រធាន​​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​​​រូប​នេះ ចង់​​ឃើញ​​រដ្ឋាភិបាល​ លោក ហ៊ុន សែន មាន​​សេចក្តី​ក្លាហាន​​​ដាក់​​ពាក្យ​​បណ្តឹង​​ តាម​​យន្តការ​​អន្តរជាតិ​ ដោយ​​​​ប្រើ​ប្រាស់​​កិច្ច​​ព្រមព្រៀង​​​សន្តិភាព​​ទីក្រុង​ប៉ារីស និង​​​ប្តឹង​​ទៅ​​​តុលាការ​​​យុត្តិធម៌​​​អន្តរជាតិ ទាំង​ព្រំដែន​​គោក និង​​​ចង្កោម​​កោះត្រល់៕

(អត្ថបទ / CWCI Cambodia / 25-5-2020)

.

Advertisements