អត្ថបទដោយលោក ម៉ែន ណាត / ២៧ ឧសភា ២០២០

លោក សារ៉ូ ស៊ីវត្ថា (សារ៉ូ សុវិជ័យ) ជាមួយគំនិត​ផ្តួច​ផ្តើម​​នៃ​ក្រុម​និស្សិត​វត្តនាគវ័ន 

លោក សារ៉ូ ស៊ីវត្ថា (ក្រោយ​មក​ប្តូរឈ្មោះ​ជា សារ៉ូ សុវិជ័យ ពេល​​​រស់នៅ​សហរដ្ឋ​អាមេរិក ឆ្នាំ​២០០១) គឺ​​ជា​​មេដឹកនាំ​​ស្ថាបនិក​​​នៃ ចលនា​និស្សិត​​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (Students’ Movement for Democracy – SMD) ដែល​​មាន​​កេរ្តិ៍ឈ្មោះ​ល្បីខ្ទរខ្ទារ ចាប់​ពី ខែកញ្ញា ឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០០។ លោក ស៊ីវត្ថា បាន​លេចធ្លោ​ឡើង​ផុត​គេ នៅ​ក្នុង​ចំណោម​ក្រុម​យុវជន និស្សិត បញ្ញវន្ត ព្រះសង្ឃ និងពលរដ្ឋខ្មែរ ដែល​បាន​ចេញ​មក​បង្ហាញ​សុឆន្ទៈ​របស់​ពួកគេ ក្នុង​នាម​ជាម្ចាស់ឆ្នោត តាម​រយៈ​ការធ្វើបាតុកម្ម​តវ៉ា ដែល​មាន​អ្នក​ចូលរួម​ជាង ១០ ម៉ឺន​នាក់ ប្រឆាំ​ងការ​ឡើង​កាន់អំណាច​ជាថ្មី​ របស់​លោក ហ៊ុន សែន ក្នុង​តួនាទី​ជា​នាយករដ្ឋមន្រ្តី ដដែល និង​ប្រឆាំង​ជំទាស់​លទ្ធផល​ការ​បោះឆ្នោត​ជាតិ អាណត្តិទី២ (១៩៩៨​​-​២០០៣) ក្រោយ​ការបោះឆ្នោត ខែ​កក្កដា ១៩៩៨ នោះ ដែលត្រូវបាន​កត់​សម្គាល់​ថា «មាន​ការលួច​បន្លំ​សន្លឹកឆ្នោត ការគំរាម​កំហែង ការសម្លាប់​មនុស្ស​ក្នុង​អំឡុង​ពេល​បោះឆ្នោត និង​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការបោះ​ឆ្នោត គ.ជ.ប មិន​ឯករាជ្យ»។

កាលនោះ លោ សារ៉ូ ស៊ីវត្ថា មាន​ឈ្មោះ​បោះ​សម្លេង​ត្រដាំត្រសង ក្នុង​ចំណោម​មេដឹកនាំ​គណ​បក្ស​​ជាប់​​ឆ្នោត​​ក្នុង​រដ្ឋសភា ដែល​មាន​លោក ហ៊ុន សែន អនុប្រធាន​គណបក្សប្រជាជនកម្ពុជា, សម្តេច​ក្រមព្រះ នរោត្តម រណប្ញទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី។ គណបក្សកាន់អំណាច​របស់​លោក ហ៊ុន សែន ទទួល​បានអាសនៈ​រដ្ឋសភា ៦៤ ក្នុង​ចំណោម​អាសនៈសរុប ១២២។ បក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិច ទទួល​​បាន ៤៣ អាសនៈ។ ហើយ​គណបក្ស​សម រង្ស៊ី ទទួលបាន ១៥ អាសនៈ។ នៅ​ពេលនោះ​ដែរ សម្តេចក្រុមព្រះ និង​លោក សម រង្ស៊ី បាន​បង្កើត​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ ជាមួយ​គណ​បក្ស​​​មិនជាប់​ឆ្នោត​មួយ​ចំនួន​ទៀត ដែលបានធ្វើបាតុកម្មសន្តិវិធី ដោយ​បោះតង់ នៅ «វាលហង្ស» ខា​ងមុខ​អាគារ​រដ្ឋសភា​ ខាង​ត្បូង​របង​ព្រះបររាជវាំង តាំង​ពីដើម​ខែ សីហា ១៩៩៨ មកម្ល៉េះ។

ស្របពេល​វិទ្យុសម្លេង​សហរដ្ឋអាមេរិក VOA លោក ជុន សក្កា រាយ​ការណ៍​អំពី​គម្រោង​ផែនការ​​ធ្វើ​​បាតុកម្ម របស់​ក្រុម​និស្សិត ១០០០០នាក់ ដែល​ផ្សាយ​នៅ​ព្រលប់​ថ្ងៃទី ០១ កញ្ញា ១៩៩៨ ម៉ោង ៨ៈ៣០ ដែលថា «មានការជួបជុំគ្នា ធ្វើមហា​បាតុកម្ម នៅ​ខាង​មុខព្រះ​បរម​រាជវាំង នាព្រឹក​ព្រលឹម នៅថ្ងៃទី ០២ កញ្ញា» ពេលនោះ​ ក្រុមនិស្សិត នៅ​​វត្តនាគវ័ន កុដិ​លេខ​២ និងកុដិលេខ​១៣ សង្កាត់​បឹងកក់ទី២ ខណ្ឌ​ទួលគោក ដែលកំពុង​អង្គុយជជែក​គ្នា​អំពី​​ផែនការផង​ដែរ​នោះ​ នៅលើគ្រែមួយ ខាង​ក្រោម​ដើមក្រខុប ដែល​ពួកគេហៅ​ថា «សភា​ដើមក្រខុប» ក៏បាន​រៀបចំ​ចាត់ចែង​ក្រុម​ការងារ​ដឹកនាំ​បាតុកម្ម​តែ​ម្តង។

តាមឯកសារ​កំណត់ហេតុ​របស់លោក ម៉ែន ណាត សមាជិក​ស្ថាបនិកនៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ ចង​ក្រង​ឆ្នាំ ២០០២ បាន​កត់ត្រា​អំពី​សមាសភាព​ក្រុម​ការងារ​ផ្គូរផ្គង និង​ចាត់ចែង​អ្នក​ទទួល​ខុសត្រូវ ដឹកនាំ​មហា​បាតុកម្ម សម្រាប់​ព្រឹក​ថ្ងៃទី ០២ ខែកញ្ញា​នោះ រួមមាន៖
១. លោក សាន់ សាម៉ុល និស្សិត​មហាវិទ្យាល័យ​អក្សរសាស្ត្រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​សព្វថ្ងៃជា​សាស្ត្រាចារ្យ​អក្សសាស្ត្រ នៅខេត្ត​តាកែវ។
២. លោក អ៊ុំ សំអាន និស្សិត​មហាវិទ្យាល័យ​សង្គមវិជ្ជា ជំនាន់ទី២ នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (ជីវ​ប្រវត្តិ​សង្ចេប​លោក អ៊ុំ សំអាន)។
៣. លោក អន ណន និស្សិត​មហាវិទ្យាល័យ​ជលផល សាកល​វិទ្យាល័យ​ភូមិន្ទ​ចំការដូង ដែល​សព្វថ្ងៃ​ជា​មន្រ្តី​សិទ្ធិ​មនុស្ស នៃ​អង្គការ​សង្គម​ស៊ីវិលមួយ។
៤. លោក សារ៉ូ ស៊ីវត្ថា និស្សិត​ផ្នែក​វិទ្យាសាស្ត្រសេដ្ឋកិច្ច នៃ​មហាវិទ្យាល័យ​និតីសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (បឹង​ត្របែក) ដែលសព្វថ្ងៃ​រស់នៅ​សហរដ្ឋ​អាមេរិក។
៥. លោក ឃុន រ៉ន និស្សិត​ផ្នែក​គីមី​ចំណី​អាហារ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​រិចណូ) ដែល​សព្វថ្ងៃជា​មន្រ្តី​រាជការ ការិយាល័យ​កំណត់ហេតុ រដ្ឋសភា។
៦. លោក ម៉ែន ណាត និស្សិតមហាវិទ្យាល័យ​សង្គមវិជ្ជា ជំនាន់ទី៣ នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (លំអិត៖ លោក​ ម៉ែន ណាត ពីកូនកសិករ ក្លាយជាបញ្ញវន្ត និង​​ជាអ្នក​ជាតិនិយម)។
៧. លោក ធឹម ស៊ា និស្សិតមហាវិទ្យាល័យ​ទស្សនវិជ្ជា ជំនាន់ទី១៦ នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែលសព្វថ្ងៃ​ជាមន្រ្តីរាជការ ការិយាល័យ​កំណត់ហេតុ រដ្ឋសភា។

នៅព្រលប់ថ្ងៃទី ០១ ខែកញ្ញា ដដែលនោះ ពួកគេ​ក៏បាន​ប្រកូក​ប្រកាស​ហៅមិត្តភកត្តិ​ជាច្រើន​ទៀត ក្នុងចំណោម​និស្សិត ប្រមាណ ២០០ នាក់ ស្នាក់​នៅ​ក្នុង​​វត្តនាគវ័ន​នេះ ដើម្បី​ដឹកនាំ​ក្បួន​បាតុកម្ម។ សមាសភាព​និស្សិត​ពី​វត្ត​នាគវ័ន មាន៖
១. លោក សារ៉ូ ស៊ីវត្ថា ដែល​ជាអ្នក​បាន​មាត់បានក​ជាងគេ ពីកុដិលេខ ១៣ ត្រូវ​បាន​ជំរុញលើក​ទឹកចិត្ត ឲ្យ​ធ្វើ​ជាមេ​ដឹកនាំបាតុកម្ម ទទួល​ខុសត្រូវរួម។
២. លោក អ៊ាប សេង និស្សិត​ផ្នែក​គីមីចំណីអាហារ នៃវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) ពីតូប​លេខ៦ កុដិលេ២ វត្តនាគវ័ន ក៏ត្រូវបានជំរុញលើកទឹកចិត្ត ធ្វើជាមេដឹកនាំ​ខាងផ្នែក​ឃោសនិក ស្ថិតក្នុង​ជួរ​មុខ។ (លោក អ៊ាប គឹមសេង ជានរណា?)។
៣. លោក អ៊ុំ សំអាន ត្រូវបាន​ជំរុញ​ទឹកចិត្ត​ដឹកនាំ​ខាងផ្នែកឃោសនិកផង និង​​ខាង​ភាសាអង់គ្លេស​ផង។
៤. លោក ហង្ស សម្បត្តិ និស្សិត​មហាវិទ្យាល័យ​ទស្សនវិជ្ជា ជំនាន់​ទី១៦ នៅខាង​ផ្នែក​ឃោសនិក នៅលើ​ក្បាល​ឡាន​ជួរមុខ។
៥. លោក សួន រដ្ឋា (ក្រោយ​មក​ប្តូរឈ្មោះថា សួន សេរីរដ្ឋា) ស្នាក់​នៅវត្តនាគវ័ន កុដិក្រោម​ព្រះវិហារ ជានិស្សិត​មហាវិទ្យាល័យ​សង្គមវិជ្ជា ជំនាន់ទី៣ នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ក្លាយ​ក្រុម​ការងារឃោសនិក​ ជួរ​មុខ​ផង​ដែរ។
៦. លោក រុន តូ និស្សិត​​សាលា​ពេទ្យ នៃ​មហា​វិទ្យាល័យ​​វេជ្ជសាស្ត្រ ឱសថសាស្ត្រ និង​ទន្តសាស្ត្រ ជួយ​ការងារឃោសនិក​ដែរ។ ហើយ​ក្រោយមក លោក​ រុន តូ ចូល​ទៅ​បម្រើ​គណបក្សកាន់អំណាច និង​ក្លាយសមាជិក​ស្ថាបនិក​នៃ សមាគម​និស្សិត​ក្មេងវត្ត ដែល​ប្រឆាំង​​វាយ​បក​មក​​ក្រុមចលនា​និស្សិត​​វិញ។

សូមបញ្ជាក់បន្ថែមថា ស្រប​ពេលដែល​ក្រុមនិស្សិត​វត្ត​នាគវ័ន រៀបចំ​យុទ្ធសាស្រ្ត​ដឹកនាំ​ក្បួន​មហា​​បាតុកម្ម​​នោះ ខាង​យុវជន​របស់​គណបក្ស​ហ៊្វនស៊ិនប៉ិច និង​យុវជន​គណបក្ស​ សម រង្ស៊ី ដែល​ផ្តួច​ផ្តើម​គំនិត​ដឹក​នាំ​បាតុកម្ម​​ដែរ​​នោះ ក៏​បាន​ជួយ​សម្រួល​ការងារ​​ឲ្យក្រុម​និស្សិត ដែល​​ទៅ​​ពី​វត្តនាគវ័ន ដឹកនាំ​តែម្តង។ មេដឹក​នាំ​​យុវជន​ហ៊ុនស៊ិនប៉ិច មាន​ លោក កូវ វណ្ណៈ (ក្រោយ​មក ជាអនុរដ្ឋលេខាធិការ​ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ) និង លោក កែវ ហុកលី (ក្រោយមក ជាមន្រ្តីជាន់ខ្ពស់​ខុទ្ទការល័យ​សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មាន​ឋានៈ​ស្មើ អនុរដ្ឋលេខាធិការ)។ ចំណែក​ខាង​យុវជន​គណបក្ស សម រង្ស៊ី គឺមាន​ លោក ចៅ យាង, លោក ឈិត សារិទ្ធ (អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ (ទទួលមរណភាព ដោយជំងឺ ឆ្នាំ ២០៣) ក្រោយ​ពេល​លោក ចុះចូល​ជាមួយ​បក្សកាន់​អំណាច ឆ្នាំ ២០០៨)។ យុវជន​របស់គណបក្ស​ លោកតា សឺន សាន គឺមាន លោក ផាន់ ចាន់សាក់ កាលនោះ​ជា​និស្សិត​ផ្នែក​ច្បាប់ នៃ​មហាវិទ្យាល័យ​និតីសាស្ត្រ និងវិទ្យាសាស្ត្រ​សេដ្ឋកិច្ច (បឹងត្របែក) ហើយ​សព្វថ្ងៃជា​មេធាវី ការពារ​ក្តីលោក កឹម សុខា មេដឹកនាំ​បក្សប្រឆាំង នៃ​បក្ស​សង្គ្រោះជាតិ។ ហើយ​ខាង​​សហជីព​សេរីកម្មករ ដែល​ជិតស្និទ្ធ​គណបក្ស សម រង្ស៊ី មាន លោក ជា វិជ្ជា (ត្រូវ​បាន​ធ្វើឃាត ថ្ងៃទី ២២ មករា ២០០៤), លោក រ៉ុង ឈុន (ចេញ​ទៅដឹកនាំ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ឆ្នាំ ២០០០) និងលោក ជា មុន្នី (ប្អូនប្រុសលោក ជា វិជ្ជា) ក៏បាន​ផ្តើម​គំនិត ក្នុងការជំរុញ​ឲ្យ​មាន​ចល​នា​​មហា​ជ​នោះ​​ដែរ។

ចាប់តាំង​ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៨ កញ្ញា ១៩៩៨ ក្រុម​ចលនា​និស្សិត​នេះ បាន​ដឹកនាំ​​បាតុករ​​​ប្រមាណ ១​ម៉ឺន​នាក់ (មួយ​ម៉ឺន) ​នៅ​​ថ្ងៃ​ដំបូង រួច​​កើន​​ឡើង​ដល់​​ជាង ១០ ម៉ឺននាក់​នៅ​ថ្ងៃ​បន្ត​បន្ទាប់ បាន​ដង្ហែ​រ​ក្បួន​បាតុកម្ម ទៅ​កាន់ក្រសួង​សំខាន់ៗ ដូចជា​ក្រសួង​ព័ត៌មាន ទីស្តីការ​គណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួង​ការបរទេស និង​ដង្ហែរ​ទៅ​កាន់ស្ថានទូត​​នានា ដូចជា​ស្ថានទូត​សហរដ្ឋអាមេរិក អង់គ្លេស សភាពអឺរ៉ុប ទូតចិន ទូត​វៀតណាម ទូតថៃ និង​ទូតរ៉ុស្សី ទូតបារាំង និង​ទូត​ឥណ្ឌូនេស៊ី {ដែល​ជា​សហប្រធាននៃ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១}។

មហាបាតុកម្មនេះ ត្រូវបាន​បង្ក្រាប​​ពីអាជ្ញាធរ​រដ្ឋាភិបាល​ចាំផ្ទះ​របស់​លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ០៨ កញ្ញា ១៩៩៨ គឺ​បង្ក្រាប​ទាំង​ក្រុម​និស្សិត ព្រះសង្ស និង​ក្រុមគណបក្ស​សម្ព័ន្ធភាព​​នយោបាយ ដែលបោះ​តង់ នៅ​ខាង​មុខ​រដ្ឋសភា ខាង​ត្បូង​ព្រះបរមរាជវាំង បណ្តាល​ឲ្យ​ក្រុម​បាតុករ ស្លាប់ របួស និង​បាត់ខ្លួន​ជាច្រើន។ សម្រាប់​​របាយការណ៍​ស្រាវជ្រាវ​របស់ ​ចលនាស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​បាន​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ ឆ្នាំ​២០០២ តាក់តែងដោយ លោក ម៉ែន ណាត ជាសមាជិក​ស្ថាបនិក​នៃ​ចលនានិស្សិត​​ដែរ​នោះ បាន​បញ្ជាក់​ថា «បាតុករ​ចំនួន ៣២ នាក់ បាន​បាត់បង់​ជីវិត​ក្នុង​​ពេល​​អាជ្ញាធរ ​បង្ក្រាប​បាតុកម្ម ចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៦ កញ្ញា ហើយ ១១៤ នាក់ផ្សេងទៀត បាន​រងរបួសធ្ងន់ និង​​បាត់ខ្លួន»

កាលនោះ​ ការធ្វើបាតុកម្ម​ត្រូវបាន​បញ្ឈប់​សកម្មភាព​របស់ខ្លួន​ទាំង​ស្រុង នៅថ្ងៃទី ១៦ កញ្ញា ១៩៩៨ បន្ទាប់​ពី​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ បាន​​​ប្រកាស​​ចូល​​តុ​ចរចា ​ជាមួយ​​លោក ហ៊ុន សែន។ ព្រះអង្គ​បាន​មាន​ព្រះបន្ទូលថា «ទុកលទ្ធភាព​ឲ្យព្រះអង្គ និង​លោក សម រង្ស៊ី ចូល​រួម​តុចរចា​ជាមួយ​ លោក ហ៊ុន សែន»។ នៅទីបំផុត សម្តេចក្រុមព្រះ យល់ព្រម​ចូលរួម​បង្កើត​រដ្ឋាភិបាលចម្រុះ ជាមួយ​លោក ហ៊ុន សែន ហើយ​​គណបក្សសម រង្ស៊ី ក្លាយជាបក្សប្រឆាំង​នៅក្នុងរដ្ឋសភា ក្រោយ​ការចូល​រួម​កិច្ចប្រជុំ​​ដំបូងរបស់​រដ្ឋសភា នៅថ្ងៃទី ២៤ កញ្ញា ឆ្នាំ១៩៩៨ ដដែល​នោះ ស្រប​​តាម​​រដ្ឋធម្មនុញ្ញ និង​ក្រោមការ​សម្រប​សម្រួល​ពី​ព្រះមហាក្សត្រ នរោត្តម សីហនុ។

ក្រោយបញ្ចប់​ចលនា​មហា​បាតុកម្ម លោក សារ៉ូ ស៊ីវត្ថា បាន​​ភៀសខ្លួន​មួយរយៈ ទៅកាន់​​ទីក្រុង​​បាងកក ប្រទេស​​ថៃ ពីថ្ងៃទី ១៥ តុលា ១៩៩៨ និង​វិលត្រឡប់​មក​ ភ្នំពេញវិ​ញ នៅថ្ងៃទី ១៥ មករា ១៩៩៩។ ការវិល​ត្រឡ់ប់​របស់​លោក ស៊ីវត្ថា គឺ​ជា​ការឆ្លើយ​​តប​តាម​«សំបុត្រ​មួយ​ច្បាប់​របស់​​សមាជិក​​ស្ថាបនិក នៃ​ចលនា​និស្សិត​នេះ ចុះហត្ថលេខារួមគ្នា មាន​លោក អ៊ុំ សំអាន, លោក ឃុន រ៉ន, លោក ធឹម ស៊ា, លោក ម៉ែន ណាត និងលោក ស៊ុត ខុន​ (សាច់ញាតិ​ឆ្ងាយ) នៅវត្តនាគវ័ន ដើម្បី​ទប់ទល់​នឹង​ការប្រទាញ​ប្រទង់​ដណ្តើម​ឈ្មោះ «ចលនា​និស្សិត​​ដើម្បី​លទ្ធិ​ប្រជាធិបេតេយ្យ» ពីសំណាក់​យុវជន​គណបក្សន​យោបាយ ដែល​​បាន​ចូលរួម​ដឹកនាំ​បាតុកម្ម​ជាមួយ​គ្នា​ផង និង​ត្រូវរៀបចំ​រចនាសម័ន្ធ​​ឡើងវិញ​ផង។

ចលនានិស្សិត លេច​ធ្លោ​ក្នុង​រឿង​ប្រឆាំង​រដ្ឋាភិបាល លើ​បញ្ហា​ព្រំដែន

ក្រោយរៀបចំរចនាសម័ន្ធដឹកនាំឡើងវិញ ក្រុមការងារ​ចលនា​និស្សិតនេះ បាន​​ដាក់​ទិស​ដៅ​​ប្រឆាំង​​ជំទាស់​​គោល​​នយោបាយ​​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​មិនស្អាតស្អំ និង​មិនគោរព​តាមកិច្ច​ព្រម​ព្រៀងទីក្រុង​ប៉ារីស ក៏​ដូចជា​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ ១៩៩៣។ កម្មវិធី​ការងារ​ជាអាទិភាព​គឺ ១. តវ៉ា​រឿង​ទំនាស់ព្រំដែន​ជាមួយ​ប្រទេសជិតខាង, ២. ជន​អន្​តោប្រវេសន៍​ខុសច្បាប់, ៣. យុត្តិធម៌សង្គម និងការងារ​មួយ​ចំនួនទៀត។

សូមដកស្រង់សមាសភាពថ្នាក់ដឹកនាំ​ក្នុង​រចនាសម័ន្ធថ្មី ពីឆ្នាំ​ ១៩៩៩ ដែល​មាន​ឈ្មោះបោះ​សម្លេងមក​ទល់​សព្វ​ថ្ងៃ​ គឺ​មាន​លោក សារ៉ូ ស៊ីវត្ថា ជាមេដឹកនាំ​ដដែល, លោក ស៊ុត ឌីណា ជា​អនុប្រធានទី១ (ប្រវត្តិ៖ លោក ស៊ុត ឌីណា បាន​ធ្វើការងារ​ជាមួយ​អ្នកណាខ្លះ?), លោក អ៊ុំ សំអាន ជាគ្គលេខាធិការរងទី១, លោកស្រី ស៊ុន សុគន្ធមាលា អគ្គលេខាធិការរងទី២ (ភ្ជាប់ជាមួយ៖ (លោក ស៊ុត ឌីណា បាន​​ធ្វើការងារ​​ជាមួយ​​អ្នកណាខ្លះ?), លោក ទូច វិបុល ទទួលតូនាទី​ជាអនុប្រធាន (លោក ទូច វិបុល ជានរណា?) ក្រោយ​ពេល​លោក ស៊ុត ឌីណា ចាក​ចេញ​​ទៅ​​ដឹកនាំរណសិរ្ស​ប្រជាធិបតេយ្យ​និស្សិត​បញ្ញវន្តខ្មែរ។ លោក ម៉ែន ណាត ប្រធាន​​​រដ្ឋបាល និង​ទំនាក់ទំនង​និស្សិត​​អន្តរ​​មហាវិទ្យាល័យ។ ចំណែក លោក តាំង សារ៉ាដា និស្សិតច្បាប់ នៃមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅដើមឆ្នាំ ២០០០ ត្រូវបានជ្រើស​រើស​ជា អគ្គលេខាធិការរង នៃចលនានិស្សិតនេះ (សព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក និងជានាយកកម្មវិធី នៃសារព័ត៌មាន The Cambodia Daily ភាសាខ្មែរ)។

ការតវ៉ារឿង​ព្រំដែន គឺជាប្រធាន​បទក្តៅគគុក កាល​នោះ លោក សារ៉ូ ស៊ីវត្ថា និង​មិត្ត​ភក្តិក្រុម​​ការងារ​​ទាំង​​អស់ មូល​មតិ​គ្នា និង​​បែង​ចែក​ការទទួល​ខុសត្រូវ​រៀងៗ​ខ្លួន ស៊ីចង្វាក់​គ្នា​សមរម្យ ខណៈ​​ពេល​ចលនា​និស្សិត​មួយ​នេះ ខំពង្រីក​ការ​ចង​ក្រង​បណ្តាញ​​រ នៅ​​តាមសាកល​វិទ្យាល័យ និង​មហាវិទ្យាល័យនានា ក្នុង​ទីក្រុង​ភ្នំពេញ កាន់​តែ​ទូលំទូលាយ​ជាង​មុន ក្នុងឆ្នាំ ១៩៩៩។ ពួកគេ ធ្វើ​កិច្ចការ​នេះ គឺ​ចេញ​ពីទឹកចិត្ត និង​ឧត្តមគតិ​របស់​ពួកគេ ហើយ​ប្រើ​ប្រាស់​លុយ​កាក់ និង​ធនធាន​ដែល​ខ្លួន​មាន ដើម្បី​ធ្វើការងារ។ ប៉ុន្តែ​​​ក្រុមនេះ បាន​​ចាប់​​ផ្តើម​ខ្វែង​​គំនិតគ្នា​ខ្លះៗ ហើយ​អ្នកខ្លះទៀត ​បាក់​ទឹកចិត្ត នៅ​​ក្រោយ​ពេល​មានជំនួប​​ជាមួយ​លោក ហ៊ុន សែន នៅ​ចុង​ខែ​កក្កដា ១៩៩៩។

ក្នុងសៀវភៅកំណត់ បានកត់ត្រានៅថ្ងៃទី ៣០ កក្កដា ១៩៩៩ លោក សារ៉ូ ស៊ីវត្ថា បាន​ដឹកនាំ​និស្សិត ១៨ នាក់ ទៅជួប​ទទួលទានអាហារ ជាមួយ​ឧត្តមសេនីយ៍ ម៉ុល រឿប ប្រធាន​​​នាយកដ្ឋាន​ចារកម្ម និង​ជាទីប្រឹក្សា​​យោធា​របស់​លោក ហ៊ុន សែន នៅភោជនីយដ្ខាន​មួយ ខាងកើតស្ពានជ្រោយចង្វារ។ ក្នុងជំនួបនោះ លោក ម៉ុល រឿប បានណែនាំអំពីពិធីប្រតូកូល (ពិធីការ) មួយចំនួន ដើម្បីត្រៀមខ្លួនជួបនាយករដ្ឋរដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ៣១ កក្កដា នៅថ្ងៃបន្ទាប់។ លុះ​ដល់ថ្ងៃទី ៣១ កក្កដា ១៩៩៩ (ពីម៉ោង ០៩ ដល់ម៉ោង ១២ ថ្ងៃត្រង់) លោក សារ៉ូ ស៊ីវត្ថា ដឹកនាំនិស្សិត ៣០ នាក់ ជួបលោក ហ៊ុន សែន ដែល​ជា​ព្រឹត្តិ​ការណ៍​​មិន​​ធ្លាប់​​មាន​ពីមុន ចាប់តាំង​ពី​បង្កើត​ចលនា​និស្សិត​ដើម្បីលទ្ធិ​ប្រជាធិប​តេយ្យ​នេះ​ឡើង។

បន្ទាប់មក ក្រុមគណៈកម្មាធិការ​នាយក​នៃ ចលនា​និស្សិត​នេះ បាន​​ជំនុំ​គ្នា​​កែ​​សម្រួល​របៀប​​ការងារ​​មួយ​​ចំនួន ហើយ​​​លោក សារ៉ូ ស៊ីវត្ថា ក៏​​​​បាន​​​ផ្ទេរ​សិទ្ធិ​​​ដឹកនាំ​​ធ្វើ​បាតុកម្ម និង​​​ការតវ៉ា​​តាម​​ទីសាធារណៈ​នានា ទៅ​​ឲ្យ​​លោក ទូច វិបុល និង​​លោក អ៊ុំ សំអាន ជា​​អ្នក​ទទួល​ខុសត្រូវ​​ជំនួស ដើម្បី​ប្រឆាំង​​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​​ស៊ុំគ្រលំ​ជាមួយ​​វៀតណាម ក្នុង​​រឿង​​ដោះស្រាយ​​បញ្ហា​​ព្រំដែន។ ហើយ​រឿង​ព្រំដែន​ជាមួយ ថៃ ក៏​ក្រុម​និស្សិត​តវ៉ា​ដូច​គ្នាដែរ។

នៅថ្ងៃទី ០៧ សីហា ១៩៩៩ លោក សារ៉ូ ស៊ីវត្ថា ដឹកនាំ​ក្រុម​ការងារ​ ១៦ នាក់ ជួប​សំណេះ​សំណាល​​ជាមួយ​ស្តេច​ក្រុមឃុន នរោត្តម សិរីវុឌ្ឍ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ដើម្បី​សិក្សា​រៀន​សូត្រ និង​ការផ្ទេរ​បទពិសោទ។ សមាស​ភាព​ក្រុម​និស្សិត មាន​លោក សារ៉ូ ស៊ីវត្ថា (ប្រធាន) លោក ស៊ុត ឌីណា (អនុប្រធានទី១) ភិក្ខ ជិន្នា (អនុប្រធាទី២) លោក ស៊ុត ខុន (អគ្គលេខាធិការ) លោក អ៊ុំ សំអាន (អគ្គលេខាធិការរងទី១) កញ្ញា ស៊ុន សុគន្ធមាលា (អគ្គលេខាធិការរងទី២) កញ្ញា គឹម កែវកន្និដា (និស្សិតប្រវត្តិវិទ្យា) លោក ឃុន រ៉ន (សមាជិកស្ថាបនិក) លោក ធឹម ស៊ា (សមាជិកស្ថាបនិក) លោក ម៉ែន ណាត (សមាជិកស្ថាបនិក) និងលោក ភេម ស៊ីដន (និស្សិត​នៃ​វិទ្យាស្ថាន​ផែនការ និង​ស្ថិតិ) ជាដើម។

នៅថ្ងៃទី ១៤ សីហា ១៩៩៩ លោក សារ៉ូ ស៊ីវត្ថា ដឹកនាំក្រុមនិស្សិត ៥០ នាក់ ទៅ​ជួប​សំណេះ​​សំណាល​​ជាមួយ លោក សុខ អា​ន រដ្ឋម​ន្រ្តីទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី និង​លោក ម៉ុល រឿប ប្រធាន​​នាយកដ្ឋាន​ចារកម្ម នៃ​ក្រសួង​ការពារ​ជាតិ និង​ជាមនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី។ លោក សុខ អាន អានិច្ចកម្ម ខែមីនា ២០១៧ ដោយជំងឺ។ លោក ម៉ុល​ រឿប ទទួលមរណភាព ថ្ងៃទី ១១ មករា ២០១២ ដោយជំងឺ។

នៅថ្ងៃទី ២៦ សីហា ១៩៩៩ លោក សារ៉ូ ស៊ីវត្ថា ដឹកនាំនិស្សិត ៦០ នាក់ ជួប​សំណេះ​សំណាល​ជាមួយ​​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ ប្រធាន​រដ្ឋសភា នៅ​អាគារ​រដ្ឋសភាជាតិ ក្បែរព្រះបរម​រាជវាំង ដើម្បី​ឲ្យរដ្ឋសភា បង្កាញ​ពីដំណោះស្រាយ​បញ្ហា​ព្រំដែន និង​ប្រសិទ្ធភាព​ក្នុងការអនុវត្តច្បាប់​របស់​រដ្ឋាភិបាល។ ក្នុង​ជំនួបនេះ​ដែរ ចលនានិស្សិត បាន​ស្នើ​សមាជិករបស់​ខ្លួន​មួយ​ចំនួន ធ្វើ​ជា​មន្រ្តីរាជការ​​ក្នុង​​រដ្ឋសភា។ ពេល​នោះសម្តេចក្រុមព្រះ បានទទួល​និស្សិត ៦ នាក់ ឲ្យ​ធ្វើ​ការ​នៅខុទ្ធការល័យ​សម្តេចក្រុមព្រះ ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​១៩៩៩ តទៅ។ សមាសភាព​​និស្សិត​​ទាំងនោះ មាន​លោក អ៊ុំ សំអាន, លោក ឃុន រ៉ន, លោក ធឹម ស៊ា, លោក ម៉ែន ណាត, លោក សេង​ រដ្ឋា (ឈប់ធ្វើការរដ្ឋសភា ឆ្នាំ​២០០០), លោក ធី សុផល (ឧត្តម មេត្តា អនិច្ចកម្ម​ដោយ​ជំងឺគ្រុនចាញ់ ឆ្នាំ ២០០៧ នៅ​ខេត្តសៀមរាប)។

នៅថ្ងៃទី ២២ មករា ឆ្នាំ​​២០០០ លោក សារ៉ូ ស៊ីវត្ថា ជាមួយលោក អ៊ុំ សំអាន ដឹកនាំ​​​ក្រុមនិស្សិត ៥០ នាក់ ចូល​​គាល់​​ព្រះមហាក្សត្រ នរោត្តម សីហនុ នៅ​ព្រះបរមរាជវាំង ដើម្បីឲ្យក្រុម​និស្សិត រាយការណ៍​ផ្វាយ​ព្រះអង្គ ជំវិញ​រឿង​ជាក់ស្តៃនៃ បូរណភាទឹកដីខ្មែរ ជាមួយ​វៀត​ណាម។ ជាមួយគ្នានោះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការព្រំដែនចម្រុះ និង​លោក ឡុង វីសាឡូ អនុប្រធាន​គណៈកម្មការនេះ រាយការណ៍​រឿងព្រំដែន ថ្វាយ​ព្រះអង្គ​ដែរ។ 

លោក សារ៉ូ ស៊ីវត្ថា (សារ៉ូ សុវិជ័យ) នៅ​​​បន្តដឹកនាំ​​​ចលនា​និ​ស្សិត​​ដើម្បី​​លទ្ធិ​​ប្រជា​ធិប​តេយ្យ​នេះ រហូត​​ដល់​ឆ្នាំ ២០០១។ ក្រោយ​មក​ លោក អ៊ុំ សំអាន អគ្គលេខាធិការ ត្រូវ​​បាន​​ជ្រើស​​រើស​​ជាប្រធាន​​ចលនានិស្សិត​នេះ ក្នុងឆ្នាំ ២០០១ ជំនួស​លោក សារ៉ូ សុវិជ័យ ខណៈ​ពេល​លោក បាន​​ទទួល​សិទ្ធិជ្រក​កោន​នយោបាយ ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក។

លោក សារ៉ូ សុវិជ័យ បាន​បង្ហាញមុខ​សាជាថ្មី នៅ​ក្នុង​ចលនា​បាតុកម្ម​មួយ ប្រឆាំ​ង​លោក ​ហ៊ុន សែន មេដឹកនាំ​ផ្តាច់ការ​កម្ពុជា កាលពីថ្ងៃទី ១៥ កុម្ភៈ ២០១៦។ ចលនា​​បាតុកម្ម​នោះ ​ដឹកនាំ​ដោយ​ លោក ទូច វិបុល ប្រធាន​​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង ដែល​មាន​អ្នកចូល​រួម​ជាង ១០០០ នាក់ ខណៈ​ពេល​ លោក ហ៊ុន សែន ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា ​ចូលរួមកិច្ច​ប្រជុំ​កំពូល​សហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Summit 2016)។ លុះក្រោយៗមកទៀត លោក សុវិជ័យ បង្ហាញ​​ខ្លួន​​ក្នុងនាម​ជា​អ្នក​គាំទ្រនៃ គណ​បក្សសង្គ្រោះជាតិ ​​មកទល់សព្វថ្ងៃ​​។

អំពីក្រុមគ្រួសារ និង​ការសិក្សា

ក្នុង​អត្ថបទរបស់​លោក សារ៉ូ សុវិជ័យ បាន​ឲ្យដឹងថា លោក​មាន​ឈ្មោះកំណើត «សាវុធ» ប៉ុន្តែ​​ឪពុក​​របស់លោក បាន​ដូរ​ឈ្មោះ​ជា «​ស៊ីវត្ថា» ក្នុង​ពេល​យុវវ័យ និង​បាន​ប្តូរមកជា «សុវិជ័យ» ពេល​​ចូល​​សញ្ជាតិ​អាមេរិកាំង។

ឯកសារប្រវត្តិរូបតម្កល់ក្នុង​ចល់នានិស្សិត​ដើម្បី​លទ្ធិប្រជាធិបេយ្យ ឆ្នាំ​ ១៩៩៩ លោក សារ៉ូ ស៊ីវត្ថា កើតនៅថ្ងៃទី ០៥ មករា ១៩៧៤ ភូមិ​និមិត្ត ឃុំកូប ស្រុកអូជ្រៅ ខេត្ត​បាត់ដំបង (សព្វថ្ងៃ ខេត្ត​បន្ទាយមានជ័យ)។ ឪពុក​​របស់​លោក​ឈ្មោះ ទួត សារ៉ូ (អាយុ ៦៧ឆ្នាំ ឯកសារ ១៩៩៩) ជាកសិករ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមាន​ជ័យ ដែល​មានកំណើត​មកពី​ស្រុក​ស្វាយទង ខេត្ត​មាត់ជ្រូក កម្ពុជា​ក្រោម។ ម្តាយ​របស់លោក ឈ្មោះ ជៀម ហឿង ជា​អ្នក​ស្រុកស្វាយ​ទង មក​ពីកម្ពុជា​ក្រោម​ដូចគ្នា ដែល​គាត់ទទួល​អនិច្ចកម្ម ក្នុងវ័យ ៥៧ ឆ្នាំ (ឯកសារ ១៩៩៩)។ លោក​ ស៊ីវត្ថា ជាកូនទី ៤ ក្នុង​ចំណោម​បងប្អូន​ប្រុសស្រី​ ៨ នាក់។ 

នៅសហរដ្ឋអាមេរិក លោក សារ៉ូ ស៊ីវត្ថា បាន​​រស់​​នៅ​រដ្ឋកាលីហ្វ័នៀ (California) នៅ​ឆ្នាំ ២០០១ រួចបាន​រៀបការ​ជាមួយ​អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) ជា​កូនខ្មែរ​ដែលធំដឹងក្តី​នៅ​សហរដ្ឋអាមេរិក។ អ្នកទាំងពីរ មានកូន ២ នាក់ (ស្រី១ ប្រុស១)។ ភរិយារបស់លោក នៅឆ្នាំ ២០២០ នេះ ឈរឈ្មោះ​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត ជាសមាជិក​ក្រុមប្រឹក្សាក្រុង ឡុងប៊ិច នៃ​រដ្ឋកាលីហ្វ័នៀនេះ។ 

លោក ស៊ីវត្ថា បានសរសេររៀបរាប់ក្នុង​ហ្វេសប៊ុកផ្ទាល់ខ្លួនថា «ពីកុមារភាព រៀននៅបឋមសិក្សា លោក​ជាក្មេង​ក្បាល​ខូច ខ្ចិល​ណាស់ មិន​ចម្លង​មេរៀន មាន​រឿងវ៉ៃគ្នា​​ស្ទើរ​រាល់ថ្ងៃ ដោយ​សា​រឿង​គេ»។ លោក​បានប្រឡង​ឌីប្លូម​ ៣ ដង (៣ឆ្នាំ) ទើប​បានជាប់​កៅអី បន្តរៀន​វិទ្យាល័យ។ លុះដល់ថ្នាក់បាក់ឌុប (Bac. II) លោក បាន​ក្លាយ​ជាសិស្សពូកែ​ ផ្នែក​អក្សសាស្រ្ត និង​ប្រឡង​ជាប់​ផ្នែក​នេះ នៅ​ទូទាំង​​​ខេត្តបន្ទាយមាន​ជ័យ។

លោក សរសេរបន្តថា កាលរៀនត្រៀម​​ប្រឡង​ចូល​មហាវិទ្យាល័យ (ឆ្នាំសិក្សា ១៩៩៣-៩៤) គឺពួកម៉ាក​ ​នាំចូលបា ច្រើនជាងចូលថ្នាក់រៀន។ ឆ្នាំ ១៩៩៤ លោក បានប្រឡង​ជាប់ផ្នែក​វិទ្យាសាស្ត្រសេដ្ឋកិច្ច នៃ​​មហា​វិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (សព្វថ្ងៃ RULE) ហើយ​បាន​បញ្ចប់​បរិញ្ញាប័ត្រ នៅ​ឆ្នាំ​​ ១៩៩៨៕

ឯកសារពិគ្រោះ
– ចលនានិស្សិត​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ ឆ្នាំ១៩៩៩
– សៀវភៅកំណត់ហេតុ អំពី​ការតស៊ូមតិ​របស់​និស្សិតបញ្ញវន្ត​ខ្មែរ ក្នុង​កិច្ចការ​បូរណភាពទឹកដី ឆ្នាំ​២០០២
– ព័ត៌មានបន្ថែមពីលោក អ៊ុំ សំអាន អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ជា​សមាជិកសភា (២០១៣-២០១៨)

Advertisements