អត្ថបទសារព័ត៌មាន៖ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 10th-2-2020

ក្រុមអ្នកឃ្លាំមើល​សង្គម រិះគន់​ថា ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ លោក ហ៊ុន សែន បាន​ធ្វើ​រដ្ឋប្រហារ​អចិន្ត្រៃយ៍ លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ និង​លើ​ព្រះមហា​ក្សត្រ​ខ្មែរ ខណៈ​មន្ត្រី​រាជាការ​ថ្នាក់​ក្រោម​ នាំ​គ្នា​រំលោភ​សិទ្ធិ​ពលរដ្ឋ​ជា​រៀង​រាល់​ថ្ងៃ។

អ្នកវិភាគ​នយោបាយ​សង្គម និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃនេះ​ថា លោក ហ៊ុន សែន កំពុង​បន្ត​អនុវត្ត​ជា​កល​យុទ្ធ​នយោបាយ​ អំណាច​អាជ្ញា​និយម ឬ​អំណាច​ទំនើង​ជា​ប្រចាំ ដើម្បី​ការពារ​អំណាច​បក្ខពួក​គ្រួសារ​និយម​របស់​គាត់ ​ឲ្យ​បាន​យូរ​អង្វែង។ លោក​ថា អ្វី​ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ព្រួយ​បារម្ភជា​ប្រចាំ​នោះ គឺ​កម្លាំង​ទាម​ទារ​ការ​ផ្លាស់​ប្តូរ​របស់​ប្រជា​ពលរដ្ឋ។ លោក អះអាង​ថា អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ​​គឺ​​ជា​​អំណាច​​ដាច់​បង្ហៀរ​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ ដែល​​ពួក​គេ​បាន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ បំផ្លាញ​ធនធាន​ប្រទេស កាត់​ដី​ឲ្យ​បរទេស រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​រំលោភ​ស្មារតី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស៍ ស្ដីពី​កម្ពុជា ២៣ តុលា ឆ្នាំ​១៩៩១ យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង។

លោក គឹម សុខ បញ្ជាក់​ថា លោក ហ៊ុន សែន អាច​នៅ​កាន់​កាប់​អំណាច​បាន ដោយ​ប្រើ​យុទ្ធវិធី​នយោបាយ​រដ្ឋប្រហារ​អចិន្ត្រៃយ៍ ​ដោយ​ការ​ដឹកនាំ​នយោបាយ យក​ប្រទេស​ជាតិ​ជា​ឧបករណ៍ ប្រជាជន​ខ្មែរ​ជា​ឈ្នាន់ កេង​ប្រវ័ញ្ច​លុយ​ជាតិ ដែល​បណ្តាល​ ឲ្យ​បំណុល​បរទេស​កាន់​តែ​កើន​ឡើងៗ ដោយ​មិន​ខ្វល់​ពី​ការ​លំបាក​វេទនា​របស់​ពលរដ្ឋ​ខ្មែរ​ឡើយ។

លោក​ថា ការ​ធ្វើបែប​នេះក៏​ដើម្បី​បំពេញ​មហិច្ឆតា​បរទេស​ផង​ដែរ ដែល​ចង់​ឲ្យ​ខ្មែរ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​បែប​នេះ​ ដែល​ពួក​គេ​គ្រាន់​តែ​ផ្តល់​អំណាច​ឲ្យ​បក្ខពួក និង​គ្រួសារ​លោក ហ៊ុន សែន ដើម្បី​ជិះ​ជាន់ ​និង​បំផ្លិច​បំផ្លាញ​ខ្មែរ​ជំនួស​ពួក​គេ​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។

ការអះ​អាងនេះ ធ្វើ​ឡើង​ដើម្បី​រិះគន់​លើ​ការ​ឡើង​កាន់​អំណាច និង​ការ​ដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដែល​បាន​ប្រដូច​គ្នា​ទៅ​នឹង​ការ​ឡើង​កាន់​អំណាច​របស់​មេយោធា​ភូមា លោក​ មីន ​អ៊ួង ​ហ្លាំង ដែល​បាន​ធ្វើរ​ដ្ឋាប្រហារ​ទម្លាក់​លោក ស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ ​២០២១ ​នេះ។

កាលពីថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឧត្តសេនីយ៍​​នៃ​​ប្រទេស​​ភូមា លោក មីន អ៊ុងហ្លាំង (Min Aung Hlaing) បាន​ដឹកនាំ​កងទ័ព​ធ្វើ​រដ្ឋប្រហារ​​ទម្លាក់​លោក​ស្រី អ៊ុងសាន ស៊ូជី ដើម្បី​ឡើង​កាន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អំណាច បើ​ទោះបី​ជា​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ ​របស់​អ្នកស្រី​ទទួល​បាន​ការ​គាំទ្រ​ពី​​​​​​​​​​​​​ប្រជា​ពលរដ្ឋ​ភ្លូកទឹក​ភ្លូកដី តាម​រយៈ​ការ​បោះឆ្នោត កាល​ពីខែ​​វិច្ឆិកា ឆ្នាំ​២០២០ យ៉ាង​ណា​ក៏​ដោយ។

ដោយឡែក​នៅ​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ជាង ៣ លាន​នាក់ តាម​រយៈ​ការ​បោះឆ្នោត​ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ​ធម្មនុញ្ញ ​កែ​ច្បាប់​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

នៅថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ផ្អាក​សកម្មភាព​នយោបាយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១៨ រូប រយៈ​ពេល ៥​ឆ្នាំ​ថែម​ទៀត

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ លោក ម៉ែន ណាត ធ្លាប់​បាន​ប្រាប់​សារពត៌មាន The Cambodia Daily ថា អំណាច​របស់​លោក ហ៊ុន សែន គឺ​បាន​មក​ពីការ​ប្លន់​តែ​ប៉ុណ្ណោះ ជាងនេះ​ទៀត អំណាច​នោះ គឺជាអំណាច​ដែល​យល់ព្រម​បម្រើ​ផែនការ​គ្រប់​យ៉ាង​​របស់​របស់​បរទេស​ឈ្លាន​ពាន​ផង​ដែរ។

លោក​ ម៉ែន ណាត បន្ត​​​ថា ក្រោម​​ការ​​ជ្រោម​​ជ្រែង​​របស់​រដ្ឋការ​ក្រុង​ហាណូយ ​លោក ហ៊ុន សែន បាន​ដណ្តើម​អំណាច​ពី​លោក​ ប៉ែន សុវណ្ណ និង​លោក ចាន់ ស៊ី ដើម្បី​ខ្លួន​ឯង​ ឡើង​កាន់​កាប់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី ​ក្នុង​ឆ្នាំ​១៩៨៥។

លើស​ពីនេះ​ទៀត លោក អះអាង​ថា ក្រោយ​ចាញ់​ការ​បោះ​ឆ្នោត​ឆ្នាំ ១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់ (UNTAC) លោក ហ៊ុន សែន បាន​ប្លន់​អំណាច​ម្តង​ទៀត ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ជា​នាយក​រដ្ឋមន្ត្រីទី​១ នា​ពេល​នោះ ដោយ​បាន​បង្កើត​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម កាល​ពី​ថ្ងៃ ៥-៦ កក្កដា ឆ្នាំ​​១៩៩៧ ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​យ៉ាង​​អណោច​អាធម​ទាំង​អយុត្តិធម៌៕

{សម្គាល់៖ ឧត្តមសេនីយ៍​នៃ​ប្រទេស​ភូមា លោក Min Aung Hlaing បាន​ដឹកនាំ​ធ្វើរដ្ឋប្រហារ​យោធា កាល​ពី​ថ្ងៃទី ០១ កុម្ភៈ ឆ្នាំ​២០២១ ចាប់​ឃុំ​ខ្លួន​លោកស្រី អ៊ុងសាន ស៊ូជី និង​អ្នក​នយោបាយ​ជា​ច្រើន​រូប។ ជុំវិញ​ព្រឹត្តិការណ៍​នេះ ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ រួម​ទាំង​អង្គការ​សហ​ប្រជាតិ (អ.ស.ប.) ផង មាន​ប្រតិកម្ម​ទាមទារ​ឲ្យ​ប្រទេស​ភូមា វិល​ទៅ​រក​ប្រក្រតីភាព​ឡើង​វិញ។ ជាមួយ​គ្នា​នេះ​ ពលរដ្ឋ​ភូមា​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស មាន​ស្មារតី​ផុល​ផុស​ចេញ​ទៅ​ធ្វើការ​តវ៉ា​រាប់ម៉ឺន​នាក់ ប្រឆាំង​នឹង​មេដឹកនាំ​រដ្ឋប្រហារ​នោះ។}។

.